Friday 10 March 2023

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស អ.ស.ប ជំរុញ​ឱ្យ​ផ្ដល់​សេរីភាព​ឱ្យ​លោក កឹម សុខា ឡើង​វិញ

 

ដោយ មាន ឫទ្ធិ
2023.03.09
ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស អ.ស.ប ជំរុញ​ឱ្យ​ផ្ដល់​សេរីភាព​ឱ្យ​លោក កឹម សុខា ឡើង​វិញ  
(រូបឯកសារ) លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេសងង្គការ​សហប្រជាជាតិ ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុងពេល​​ថ្លែងការណ៍​នៅ​ឯ​កិច្ចពិភាក្សា​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០២៣។
រូប៖ UN Human Rights Council
 

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្កោលទោស​សាលក្រម​កាត់ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា។ ពួកគេ​ព្រមាន​ថា ការ​កាត់ទោស​នេះ​ជះឥទ្ធិពល និង​រារាំង​ដល់​សកម្មភាព​នយោបាយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ ខែកក្កដា​ខាង​មុខ។

នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ មាន​គ្នា​​រហូត​ដល់​ទៅ ៩នាក់ បាន​​រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំណាត់​ការ​របស់​តុលាការ​នៃ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាត់ទោស​លោក កឹម សុខា ក្នុង​សំណុំរឿង​«ក្បត់ជាតិ» «ឃុបឃិត»​ជាមួយ​រដ្ឋ​បរទេស​ដ៏​ចម្រូងចម្រាស។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំងនេះ លើកឡើង​ថា ការ​កាត់​ទោស​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​ចេតនា​នយោបាយ និង​ជា​ការ​បញ្ជាក់​បន្ថែម​អំពី​លំនាំ​ដែល​កំពុង​បន្ត​កើត​មាន​ឡើង​នៃ​ការអនុវត្ត​ខុសច្បាប់​ដោយសារ​ការ​ដាក់​គោលដៅ​ទៅលើ​ដៃគូ​នយោបាយ​ប្រឆាំង និង​ការរិះគន់​នានា មក​លើ​រដ្ឋាភិបាល​កម្ពុជា។

 

ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំង ៩នាក់​នេះ រួមមាន អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​ទស្សនៈ និង​សម្ដែង​មតិ អ្នកស្រី អាយរ៉ីន ខាន (Irene Khan) ក្រុមការងារ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត អ្នករាយការណ៍​ពិសេស​ស្ដីពី​សេរីភាព​នៃ​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​សមាគម និង​អ្នករាយការណ៍​ពិសេស​ស្ដីពី​ឯករាជ្យ​នៃ​ចៅក្រម និង​មេធាវី​ជា​ដើម។

តុលាការ​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី៣ ខែមីនា បាន​កាត់ទោស​លោក កឹម សុខា អាយុ ៦៩ឆ្នាំ ឱ្យ​ជាប់គុក​រយៈពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស។ ការ​កាត់​ទោស​ឱ្យ​ជាប់គុក​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ និង​ទោស​បន្ថែម​មួយ​ចំនួន ដូចជា ដកហូត​សិទ្ធិ​បោះ​ឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ ពេញ​មួយ​ជីវិត។ ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហាមប្រាម​មិន​ឱ្យ​ចេញ​ពី​បរិវេណ​នៃ​លំនៅឋាន និង​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លើកលែង​តែ​សមាជិក​គ្រួសារ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​តប​ណា​មួយ​ជា​ផ្លូវ​ការ​នៅឡើយ​ទេ ជុំវិញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំង​នេះ។ ក៏​ប៉ុន្តែ កន្លងទៅ ក្រសួង​ការបរទេស​កម្ពុជា បាន​គាំទ្រ​ចំណាត់​ការ​របស់​តុលាការ​កម្ពុជា ដោយ​អះអាង​ថា សំណុំ​រឿង​លោក កឹម សុខា នេះ​មិនមែន​ជា​ចេតនា​នយោបាយ​ទេ និង​ថា​ការចោទប្រកាន់​នានា​ចំពោះ​ការ​ផ្ដន្ទាទោស​លោក កឹម សុខា ដែល​ថា ជា «ភាព​បរាជ័យ​នៃ​យុត្តិធម៌» គឺ​ធ្វើ​ឡើង​ដោយ​លម្អៀង និង​មិន​ផ្អែក​លើ​ការ​ពិត។ រីឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក​បាន​ព្រមាន​បរទេស​កុំ​ឱ្យ​គាំទ្រ​នូវ​អ្វី​ដែល​លោក​ហៅ​ថា ជា «ចលនា​បដិវត្តន៍​ពណ៌» នៅ​កម្ពុជា។

ទោះ​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំងនេះ កត់សម្គាល់​ថា សវនាការ​កាត់​ក្ដី​លោក កឹម សុខា ទំនងជា​ត្រូវ​បាន​អូស​បន្លាយ​តាម​របៀប​បែប​សិប្បនិមិត្ត។ ពួកគេ សង្កត់ធ្ងន់​ថា ដំណើរការ​សវនាការ​ទាំងមូល​នៃ​សំណុំរឿង​លោក កឹម សុខា នេះ​ ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ពួកគេ​ថា សវនាការ​សំណុំរឿង​លោក កឹម សុខា ធ្វើ​ឡើង​ផ្ទុយ​ពី​បទដ្ឋាន​ច្បាប់​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​បន្ត​ថា មេ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​ដោយ​គ្មាន​ដីកាចាប់ខ្លួន និង​មិនបាន​គិតគូរ​ពី​អភ័យឯកសិទ្ធិ​សភា​របស់​លោក។ ពួកគេ​ផ្ដល់​អំណះអំណាង​ថា លោក កឹម សុខា ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ជួប​មេធាវី​របស់​លោក ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ឃុំ​ខ្លួន ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ជាប់ឃុំ​មុន​សវនាការ​លើ​អង្គ​សេចក្ដី​ហួស​ពី​រយៈពេល​កំណត់​នៃ​ច្បាប់។ បន្ថែម​ពី​លើ​នេះ ពួក​គេ​ថា សវនាការ​លោក កឹម សុខា ត្រូវ​បាន​រឹតត្បិត​មិន​ឱ្យ​សាធារណជន​អាច​ចូលរួម​បាន​ជា​សាធារណៈ​ឡើយ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កត់​សម្គាល់​ថា ការ​ថ្លែង​នានា​អំពី​សវនាការ​ក្នុង​សំណុំរឿង​ក្តី​នេះ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក្នុង​ពេល​ដែល​សវនាការ​កំពុង​ដំណើរការ នៅឡើយ បាន​បង្កើត​ឱ្យ​មាន​ការសង្ស័យ​អំពី​យុត្តិធម៌​នៃ​​ដំណើរការ​សវនាការ​ទាំងមូល។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ សង្កត់ធ្ងន់​ថា ការ​កាត់ទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខែកក្កដា ខាងមុខនេះ បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប៉ះពាល់​ដល់​ភាព​សកម្មនិយម​ផ្នែក​​នយោបាយ។ ពួកគេ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ផ្ដល់​សេរីភាព​ឱ្យ​លោក កឹម សុខា ឡើង​វិញ និង​ធានា​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​លោក។

ការ​កាត់​ទោស​លោក កឹម សុខា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ធ្វើឡើង​ដើម្បី​បំបិទ​មាត់​លោក​ឱ្យ​នៅ​សម្ងំ​ស្ងៀម​នៅ​មុន​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែកក្កដា​ខាងមុខនេះ។ ក្រុម​អ្នក​តាម​ដាន​និយាយ​ថា ការ​កាត់ទោស​លោក កឹម សុខា នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ធានា​ការ​ផ្ទេរ​អំណាច​ដោយ​រលូន​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក និង​ជា​អ្នក​ស៊ីកេរ​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត។ ស្របពេល​ដែល​លោក ហ៊ុន សែន ត្រៀម​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត គិត​មក​ទល់​ពេលនេះ មាន​អ្នកនយោបាយ​ជើងចាស់​របស់​បក្ស​ប្រឆាំង​ចំនួន​ពីរ​រូប​ហើយ ត្រូវ​បាន​តុលាការ​របស់​លោក ហ៊ុន សែន ដកហូត​សិទ្ធិ​មិន​ឱ្យ​ធ្វើនយោបាយ​អស់​មួយ​ជីវិត ក្នុង​នោះ​គឺ​លោក សម រង្ស៊ី និង​ចុងក្រោយ​នេះ គឺ​លោក កឹម សុខា៕

No comments: