ដោយ នៅ វណ្ណារិន
2023.03.02
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
Photo: RFA
ប្រជាសហគមន៍តំបន់ព្រៃឡង់សោកស្តាយដែលអាជ្ញាធរមិនបានចាត់វិធានការបង្ក្រាបការបំផ្លាញព្រៃខុសច្បាប់។ ការលើកឡើងនេះ ក្រោយដែលកម្មករក្រុមហ៊ុន ម៉ាឃលឡូជីស្ទីច (MACLELOGISTIC (CAMBODIA) Co.,Ltd) បានកាប់ដើមឈើជាច្រើនដើម ដោយពុំមានស្ថាប័នពាក់ព័ន្ធណាមួយចុះអន្តរាគមន៍ និងទប់ស្កាត់ឡើយ។
ការរកឃើញការកាប់បំផ្លាញព្រៃឈើនេះដោយសារតែកាលពីថ្ងៃទី២៦ ខែកុម្ភៈ ប្រជាសហគមន៍ការពារតំបន់ព្រៃឡង់ដែលគ្នាប្រមាណជាជាង ១០នាក់បានចុះសិក្សាស្រាវជ្រាវ ក្នុងតំបន់ព្រៃឡង់បានឃើញកម្មកររាប់រយនាក់រួមទាំងរណាយន្ត គោយន្តផងដែរបានកំពុងពង្រាយកម្លាំងពាសពេញព្រៃ។ កម្មករទាំងនោះបានលើកឡើងថា ពួកគេទទួលបានការការពារពីសំណាក់ក្រុមហ៊ុន ។
«គេបានប្រាប់ដែរបង! គេប្រាប់ថាបើសិនជាជួបចាំគេអ្នកដោះស្រាយឲ្យ ហើយប្អូនមកនេះមិនមែនមានតែរទេះបីនេះមកជ្រៅជាគេនោះទេ បងទៅមើលមិនខ្វះទេរាប់សិបគ្រឿង យើងមិនអាចរាបអស់ទេបង រទេះ៥០ទៅ៦០មែន តែគេទៅបែកគ្នា ម៉ាចន្លោះ ម៉ាចន្លោះអ៊ីចឹងទៅ»។
ពាក់ព័ន្ធនឹងរឿងនេះជាសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារលោក ខេម សុឃី ប្រាប់វិទ្យុអាស៊ីសេរីថា លោកមានការសោកស្តាយដែលមន្ត្រីអនុវត្តន៍ច្បាប់មិនបានចាត់វិធានការទៅលើក្រុមឈ្មួញដែលរកស៊ីឈើខុសច្បាប់។ លោកបន្ថែមថា មន្ត្រីអភិរក្សនៅតំបន់នោះ មិនបានយកចិត្តទុកដាក់ ទប់ស្គាល់បទល្មើសព្រៃឈើនោះទេ ថែមទាំងបានព្យាយាមរារាំងក្រុមអ្នកការពារ មិនឲ្យចូលទៅក្នុងតំបន់ព្រៃឡង់ ដែលកំពុងតែរងទទួលការកាប់ផ្ដួលរំលំ។
លោកបន្តថា ឈើដែលកម្មករក្រុមហ៊ុនកាប់នោះ មានមុខកាត់ចាប់ពី ៣តឹកឡើងទៅ ហើយត្រូវបានកាប់ផ្តួលរំលំនៅត្រង់ចំណុច ជាំរិទ្ធ ប្រាសាទគោល វាលចាល័យ និងបុស្បូវ ហើយភាគច្រើនជាប្រភេទដើមឈើឈ្លេច និងសុក្រំ ដែលជាតម្រូវការរបស់ក្រុមហ៊ុន។ លោក ខេម សុឃី ថាក្រុមសកម្មជននឹងស្នើរដ្ឋាភិបាលឲ្យមានវិធានការតឹងរ៉ឹងលើការកាប់ព្រៃឈើនេះ។
លោក ខេម សុឃី៖ «ពួកខ្ញុំនឹងធ្វើអ្វីមួយដើម្បីបញ្ជាក់ថា ពួកខ្ញុំមិនរាថយទេ ដើម្បីការពារព្រៃ រក្សាព្រៃឲ្យនៅបានគង់វង្ស គឺធ្វើយុទ្ធនាការមួយ ដើម្បីបំបាត់បទល្មើស ធ្វើការហែកញត្តិ និងធ្វើអ្វីដល់ក្រសួងពាក់ព័ន្ធ ជាពិសេសនោះគឺថ្នាក់ជាតិ ឲ្យបានជ្រាប់ពីការកាប់ឈើនៅក្នុងតំបន់ព្រៃឡង់»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និងតំណាងក្រុមហ៊ុនម៉ាឃលឡូជីស្ទីច (MACLE LOGISTIC CAMBODIA) បានទេ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ធ្វើការកាប់ ប្រមូលផលអនុផលព្រៃឈើក្នុងអនុតំបន់ II អនុតំបន់ III និងអនុតំបន់ IV នៃដីសម្បទានសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន ភី អ៊ិន ធី ខូ អិលធីឌី ។ បើក្នុងករណី ការប្រមូលផលអនុផលព្រៃឈើរបស់ក្រុមហ៊ុន ខាងលើនេះ ធ្វើមិនត្រឹមត្រូវទៅតាមគោលការណ៍អនុញ្ញាត និងច្បាប់ស្តីពីព្រៃឈើនោះ រដ្ឋបាលព្រៃឈើ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)លោក អួត ឡាទីន ចាត់ទុកបទល្មើសព្រៃឈើជាកំហុសដ៏ធំមួយរបស់មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរអនុវត្តច្បាប់ ដែលបិទភ្នែកធ្វើមិនដឹងមិនឮ ចំពោះវិនាសកម្មព្រៃឈើទាំងនេះ។ លោកបន្តថា រូបលោកនិងអ្នកដែលស្រឡាញ់ព្រៃឈើ គ្រោងធ្វើកម្មវិធីមួយចំនួន ដើម្បីបង្ហាញពីក្តីបារម្ភនៃការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់។
លោក អួត ឡាទីន៖ «ក្នុងនាមជាយុវជនកម្ពុជាយើងពិតជាសោកស្ដាយមែនទែន នៅក្នុងតំបន់ការពារមួយទាំងមូល ដែលមានច្បាប់ការពារហើយ នៅតែមានបទល្មើសចូលមកប្រព្រឹត្តិយ៉ាងរលូន»។
នេះមិនមែនជាលើកទីមួយទេដែលប្រជាសហគមន៍ និងសកម្មជនរកឃើញការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃឡង់ពីសំណាក់ក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក ( MACLE LOGISTIC) ខណៈមន្រ្តីអាជ្ញាធរមិនបានអើពើ និងទប់ស្កាត់បទល្មើសទាំងនេះ៕
No comments:
Post a Comment