Tuesday 28 March 2023

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា ដំណើរ​ទស្សនកិច្ច​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


ដោយ ទីន ហ្សាការីយ៉ា
2023.03.27
មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា ដំណើរ​ទស្សនកិច្ច​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា 

លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Awar Ibrahim) នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ចាប់ដៃ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ដែល​​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៣២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន



មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Awar Ibrahim) មក​កម្ពុជា​នៅ​ពេល​នេះ នឹង​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ទៅ​ដល់​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​មេ​ដឹកនាំ​ម៉ាឡេស៊ី​រូប​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​នយោបាយ​ម្នាក់ ដែល​មាន​ការ​តស៊ូ និង​លះបង់​ខ្ពស់ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។

អតីត​អ្នក​ទោស​នយោបាយ និង​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៧ មីនា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ តប​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។



អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខហួរ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោកស្រី​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម មក​កម្ពុជា​នៅ​ពេល​នេះ ខណៈ​លោកស្រី​ចាត់​ទុក​លោក​ថា ជា​មេ​ដឹកនាំ​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​រូប សម្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី ហើយ​អ្នកស្រី​ក៏​សង្ឃឹម​ថា លោក អ៊ីប្រាហ៊ីម នឹង​អាច​ជួយ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​តំបន់​អាស៊ាន។

អ្នក​នយោបាយ​ប្រឆាំង​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ​បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ម៉ាឡេស៊ី​រូប​នេះ ជា​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​ងើប​ឡើង​តស៊ូ​ប្រឆាំង​នឹង​អំពើ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដោយសារ​លោក អ៊ីប្រាហ៊ីម ជា​អ្នក​នយោបាយ​ម្នាក់ ដែល​ធ្លាប់​ឆ្លងកាត់​ការ​ជាប់​ពន្ធនាគារ​រាប់​សិប​ឆ្នាំ ដោយសារ​ការ​តស៊ូ​លើក​កម្ពស់​សេរីភាព និង​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ។ អ្នកស្រី មូរ សុខហួរ បន្ថែម​ថា លោក អ៊ីប្រាហ៊ីម នឹង​មិន​ទុក​ចោល​ការ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​អាស៊ាន​ឡើយ ខណៈ​បញ្ហា​សិទ្ធិមនុស្ស គឺ​ជា​រឿង​សកល។

    អ្នកស្រី មូរ សុខហួរ៖ «ជា​ការ​លើក​ទឹក​ចិត្ត ឱ្យ​យើង​ជា​អ្នក​ស្រឡាញ់​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ជា​ពន្លឺ​ជ័យជំនះ​នៃ​អ្នក​ប្រជាធិបតេយ្យ យូរ និង​ឆាប់ អ្នក​ប្រជាធិបតេយ្យ​នឹង​ឈ្នះ និង​ទទួល​បាន​សេរីភាព ដូច​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែរ»។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នេះ នៅ​ស្រប​ពេល​មេ​ដឹកនាំ​ម៉ាឡេស៊ី និង​លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ។ នៅ​មុន​ពេល​ភាគី ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា នៅ​រសៀល​ថ្ងៃ​ទី២៧ មីនា​នេះ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ពីរ គឺអនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​ជ្រើសរើស ការប្រើប្រាស់ និង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពលករ​ការងារ​ផ្ទះ និង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​ជ្រើសរើស ការ​ប្រើប្រាស់ និង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពលករ។

លោក ហ៊ុន សែន លើកឡើងថា ការងារ​ផ្ទះ លោក​បាន​បន្ត​អនុវត្ត​នូវ​យន្តការ ដែល​មាន​ស្រាប់ ដើម្បី​លើក​កម្ពស់​ការ​ការពារ​សិទ្ធិ​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ក្រៅ​ពី​ការ​ចុះហត្ថលេខា​ព្រមព្រៀង​គ្នា​ទាំង​ពីរ​ចំណុច​នេះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ភាគី​ម៉ាឡេស៊ី​ទទួល​យក​ការ​នាំ​អង្ករ គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ម៉ាឡេស៊ី និង​ស្នើ​ឲ្យ​មាន​អ្នក​វិនិយោគ​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត។

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ឆ្លើយ​តប​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ពិចារណា​លើ​សំណើ​ទាំង​នេះ ក៏ប៉ុន្តែ​លោក​បាន​លើក​អំពី​ជនជាតិ​ម៉ាឡេស៊ី​ជា​ច្រើន​រង​គ្រោះ នៅ​ប្រទេស​កម្ពុជា ដោយសារ​តែ​ជន​ឆបោក​តាម​អនឡាញ ហើយ​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​កន្លង​មក។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី។ លោក​បាន​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ដង​ដោយសារ​តែ​រឿង​នយោបាយ។ បន្ទាប់​ពី​លោក​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​នៅ​ក្នុង​ឆាក​នយោបាយ​អស់​រយៈ​ពេល​ប្រហែល ៤០ឆ្នាំ​មក​នេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវ​បាន​ព្រះមហាក្សត្រ​ម៉ាឡេស៊ី តែងតាំង​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយ​ពី​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​របស់​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត។ ការ​តែងតាំង​នេះ អំឡុង​ពេល​ប្រទេស​នេះ កំពុង​ប្រឈម​បញ្ហា​ជាប់​គាំង​នយោបាយ​ដោះ​ស្រាយ​មិន​ចេញ។ ការ​តែងតាំង​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ស្ទើរតែ​ត្រូវ​បាន​បោះ​ឆ្នោត​ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ចំនួន ២លើក​រួច​មក​ហើយ។ ជីវិត​នយោបាយ​អស់​រយៈ​ពេល​ប្រហែល ៤ទស្សវត្សរ៍ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ចំនួន ២លើក និង​ត្រូវ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​អស់​ជិត​មួយ​ទសវត្សរ៍ ខណៈ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ត្រូវ​បាន​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ថា ជា​រឿង​នយោបាយ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​មាន​អាយុ ៧៥ឆ្នាំ ធ្លាប់​បាន​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​មួយ កាល​ពី​ឆ្នាំ១៩៩៨ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ចាប់​ផ្ដើម​ចលនា​កំណែ​ទម្រង់​ដ៏​មាន​ឥទ្ធិពល​សម្រាប់​សកម្មជន​ប្រជាធិបតេយ្យ​ម៉ាឡេស៊ី​ជំនាន់​ក្រោយ។

កាល​ពី​អំឡុង​ពេល​ឆ្នាំ២០១៩ នៅ​ពេល​លោក សម រង្ស៊ី ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​បណ្ដា​ប្រទេស​ជិត​ខាង​ឱ្យ​លោក សម រង្ស៊ី ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ ប៉ុន្តែ​ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​បើក​ទ្វារ​ប្រទេស​ទទួល​ស្វាគមន៍​មេដឹកនាំ​គណបក្ស​ប្រឆាំងកម្ពុជា គឺ​លោក សម រង្ស៊ី។ កាល​ណោះ លោក សម រង្ស៊ី ថែម​ទាំង​បាន​ជួប​ពិភាក្សា​ជាមួយ​កូន​ស្រី​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម គឺ​អ្នកស្រី នូរុលអៃសះ អាន់វ៉ា (Nurul Izzah Anwar) តំណាងរាស្រ្ត​ម៉ាឡេស៊ី និង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ម៉ាឡេស៊ី គឺ​លោក សៃហ្វូឌីន អាប់ឌុលឡោះ (Saifuddin Abdullah)។ លោកស្រី មូរ សុខហួរ បញ្ជាក់​ថា លោក សម រង្ស៊ី និង​លោក អាន់វ៉ា អ៊ីប្រាហ៊ីម មាន​ទំនាក់ទំនង​គ្នា​តាំង​ពី​លោក អាន់វ៉ា ជាប់ពន្ធនាគារ ដោយ​លោក សម រង្ស៊ី តែងតែ​ទៅ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​លោក អាន់វ៉ា ក្នុង​នាម​ជា​អ្នក​មាន​ទំនាក់ទំនង​យល់​ចិត្ត​គ្នា ដែល​មាន​ការ​តស៊ូ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ សង្គ្រោះ​ប្រទេសជាតិ​ដូច​គ្នា។

ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី យល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​ដំណើរ​ទស្សនកិច្ច​មាន​គោល​បំណង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ហើយ​លោក​មើល​ឃើញ​ថា មិន​សូវ​ជា​មាន​ផល​ប្រយោជន៍​ច្រើន ក្នុង​ការ​ធ្វើ​ឱ្យ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ឡើយ។ លោក​បន្ត​ថា នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​បណ្ដា​សមាជិក​នោះ​ដែរ។ ដូច្នេះ ម៉ាឡេស៊ី​អាច​មាន​លទ្ធភាព​តិចតួច​បំផុត ក្នុង​ការ​មក​ជជែក​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជាបច្ចុប្បន្ន។

    លោក​ថា៖ «ទោះជាយ៉ាងណាក៏ដោយ គំរូភាព​ក្នុង​ការ​តស៊ូ​ក្នុង​ឆាក​នយោបាយ​របស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅតែ​ជា​កម្លាំង​ចលករ​ផ្នែក​ខាង​ចិត្តសាស្ត្រ​សម្រាប់​ជំរុញ​លើក​ទឹក​ចិត្ត​ទៅ​ដល់​អ្នក​តស៊ូ​ក្នុង​ឆាក​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល បន្ត​មាន​ក្ដី​សង្ឃឹម​ទៅ​មុខ​ទៀត»។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម វិញ បើទោះបីជា​លោក​មិន​បាន​លើក​ឡើង​ជា​សាធារណៈ​អំពី​បញ្ហា​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្ដី ប៉ុន្តែ​លោក​បាន​ស្នើ​តាម​រយៈ​អ្នក​បកប្រែ ឱ្យ​លោក ហ៊ុន សែន ចូលរួម​ចំណែក​ផ្ដល់​ទស្សនៈ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ ដែល​ឥណ្ឌូនេស៊ី​ជា​ម្ចាស់​ផ្ទះ ដើម្បី​ស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា តាម​រយៈ​ការ​ពន្យល់​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​យោធា​ថា មិន​ត្រូវ​អូស​បន្លាយពេល ទុក​ចោល​បញ្ហា ដែល​មិន​ត្រូវ​បាន​ដោះ​ស្រាយ​បន្ត ដូច​សព្វថ្ងៃ​នេះ​ដែរ។

មេដឹកនាំ​ម៉ាឡេស៊ី​ក៏​បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ទៀត ដូចជា បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ជា​ដើម។

ក្រោយ​ពី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ជួប​លោក ហ៊ុន សែន នោះ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ពិធី​ស្រាយ​បួស​រួម​គ្នា លើកទី៧ តាម​បែប​សាសនា​ឥស្លាម នៅ​ក្នុង​ខែបួស រ៉ម៉ាឌន នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ អូស៊ីអាយស៊ី​ (OCIC)៕

No comments: