Sunday 12 March 2023

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រូវ​បាន​ថៅកែ​កូរ៉េ​គំរាម​បណ្ដេញ​ចេញ​ពី​ការងារ

rfa

ដោយ ឡេង ម៉ាលី
2023.03.11

ពលករ​ខ្មែរ​នៅ​កូរ៉េ​អំពាវនាវ​ដល់​ស្ថាន​​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ ឱ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ពលករ​ដែល​មក​ធ្វើ​ការ​នៅ​កូរ៉េ​កំពុង​ជួប​ទុក្ខ​លំបាក​ដោយសារ​ថៅកែ​កូរ៉េ​រំលោភ​សិទ្ធិ​ការងារ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី​ថៅកែ​ជន​ជាតិ​កូរ៉េ​ម្នាក់​ស្តី​បន្ទោស និង​គំរាម​បណ្ដេញ​ពលករ​ខ្មែរ​ម្នាក់​គឺ កញ្ញា ថៃ ស្រីឡែន ចេញ​ពី​ការងារ​ទាំង​បំពាន។

ពលករ​ខ្មែរ​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង តែងតែ​ប្រឈម​ការ​រើសអើង ការ​ជេរ​ប្រមាថ និង​ការ​រំលោភ​សិទ្ធិ​ការងារ​ផ្សេងៗ ពី​ថៅកែ​ជនជាតិ​កូរ៉េ​ខាងត្បូង។ ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី៩ មីនា មាន​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ា រតនា បាន​បង្ហោះ​វីឌីអូ (Video) បង្ហាញ​ពី​ថៅកែ​ស្រី​ជនជាតិ​កូរ៉េ​ម្នាក់ បាន​យក​ប្រអប់​បាយ​របស់​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ឈ្មោះ ថៃ ស្រីឡែន ទៅ​បោះចោល​តាម​ផ្លូវ និង​បាន​ប្រើ​ពាក្យ​សំដី​សម្លុត ​ចាប់​អូស​ដៃ ស្ដីបន្ទោស​ខ្លាំងៗ នៅ​ក្នុង​កសិដ្ឋាន​របស់​ខ្លួន ដោយសារ​នាង​មិន​សូវ​យល់​ការងារ។ បង​ប្រុស​របស់​កញ្ញា ថៃ ស្រីឡែន និង​ជា​ពលករ​នៅ​កូរ៉េ​ដែរ​នោះ គឺលោក ថៃ បូរី ឱ្យ​ដឹង​ថា ប្អូន​ស្រី​របស់​លោក ត្រូវ​បាន​ថៅកែ​ជនជាតិ​កូរ៉េ​ស្ដី​បន្ទោស​ខ្លាំងៗ និង​គំរាម​បណ្ដាញ​ចេញ​ពី​ការងារ​ជា​ច្រើន​លើក​មក​ហើយ និង​ជូន​កាល​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៀត​ផង​ដោយ​ថា នាង​ធ្វើ​ការ​មិន​សូវ​បាន​ល្អ។ លោក​បន្ត​ថា ប្អូន​របស់​លោក​ធ្វើ​ការ​នៅ​ទីក្រុង​មីលរាំង (Miryang) ក្នុង​ចម្ការ​ដាំ​ស្លឹក​គីនីត (Perilla leaves )

 

លោក ថៃ បូរី សោកស្ដាយ​នៅ​ពេល​ឃើញ​ប្អូន​ស្រី​របស់​លោក​ត្រូវ​ថៅកែ​ធ្វើ​បាប​ហើយ​បែរ​ជា​មិន​អាច​ជួយ​អ្វី​បាន។ លោក​បន្ត​ថា​ប្អូន​ស្រី​របស់​លោក មក​ធ្វើ​រយៈ​ពេល៣ខែ​នេះ​មិន​ទាន់​មាន កាត​សំគាល់​ខ្លួន​ដែល​អាច​ដើរ​ហើរ​បាន​ដោយ​សេរី​នៅ​ឡើយ​ទេ។ ម្យ៉ាង​លោក​ថា​នៅ​ពេល​មាន​បញ្ហា​កន្លែង​ធ្វើ​ការងារ​ម្តងៗ ប្អូនស្រី​លោក​តែង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ឡើយ ។

លោក ថៃ បូរី៖ «ខាង​ក្រសួង​ឬ​ក៏​ស្ថានទូត​គួរតែ​យក​ចិត្ត​ទុក​ចំពោះ​ពលករ​ចំណាក​ស្រុក​ពីព្រោះ​មិន​ត្រឹម​តែ​ប្រទេស​កូរ៉េ​នៅ​ប្រទេស​នានា​ក៏​រង​សម្ពាធ​បែប​នឹង​ដែល ប៉ុន្តែ​នេះ​នៅ​ប្រទេស​កូរ៉េ​សុំ​ឱ្យ​ស្ថានទូត​កូរ៉េ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលករ ដែល​គ្នា​មាន​បញ្ហា​ទី១ គឺ គ្នា​ខល​ទៅ​មិន​រក​ដំណោះស្រាយ​ឱ្យ​ទេ ឱ្យ​យើង​ទ្រាំ​ឱ្យ​សម្រប​សម្រួល​ពេល​ខ្លះ​ដំណោះស្រាយ​ឱ្យ​គ្នា​សម្របសម្រួល​គ្នា​ចង់​តែ​ស្រួល​នឹង​ឯង​ប៉ុន្តែ​បើ​មាន​បញ្ហា​ឱ្យ​គ្នា​ស្រួល​យ៉ាង​ម៉េច»

មក​ទល់​ពេល​នេះ លោក ថៃ បូរី មិន​ទាន់​ទទួល​ដំណឹង​ពី​ប្អូនស្រី​របស់​ថា​ត្រូវ​ថៅកែ​បណ្ដេញ​ចេញ​ឬ​ក៏​បន្ត​ធ្វើ​នៅ​កន្លែង​ដដែល​នោះ ដោយសារ​គ្មាន​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង​គ្នា ចំណែក​ព័ត៌មាន​ដែល​លោក​ទទួល​បាន​នោះ​គឺ​មិត្ត​រួម​ការងារ​របស់​ប្អូន​លោក​ផ្ញើ​ឱ្យ។

ទាក់​ទិន​រឿង​នេះ​វិទ្យុអាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានទេនៅថ្ងៃទី១០ មីនា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​អង្គការ​វេទិកា​សន្តិភាព​កម្ពុជា​នៅ​ប្រទេស​កូរ៉េ លោក ស សុខេម មាន​ប្រសាសន៍​ថា ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ គួរតែ​ចុះ​ត្រួត​ពិនិត្យ​កន្លែង​ធ្វើ​ការ​របស់​ពលករ ដើម្បី​អាច​ជួយ​ដល់​ពលករ ដែល​ត្រូវការ​ជំនួយ​ឱ្យ​បាន​ទាន់​ពេល​វេលា។ លោក​បន្ត​ថា ប្រសិន​ជា​ស្ថានទូត​មិន​អើពើ​ជាមួយ​ពលករ​ខ្មែរ​នោះ​ទេ ពួកគេ​អាច​ប្រឈម​នឹង​ការ​បាក់​ទឹក​ចិត្ត ដោយសារ​មាន​ថៅកែ​មួយ​ចំនួន​ឆ្លៀត​ឱកាស​កេង​ចំណេញ​កម្លាំង​ពលកម្ម​ដោយ​មិន​ឱ្យ​ឈប់​សម្រាក និង​ការ​រំលោភបំពាន​សិទ្ធិ​ផ្សេងៗ។

លោក ស សុខេម៖ «ខ្ញុំ​មិន​ត្រឹមតែ​ថា កម្រ​ទេ សឹង​តែ​មិន​ដែល​ឃើញ​ផង​ថា ជា​វ៉ឹបសៃត៍ (website) របស់​ស្ថានទូត ដែល​ឃើញ​បើក​បង្រៀន​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ​អី វា​អត់​មាន។ មាន​តែ​អ្នក​ធម្មតាៗ ដែល​គាត់​បើក​បង្រៀន​លក់​ដូរ​អី​នាយ​អាយ​អ៊ីចឹង​ទៅ។ តែ​បើ​ជា​ស្ថានទូត គឺ​មិន​មាន​ទេ»

ពលករ​នៅ​កូរ៉េ​មួយ​ចំនួន ឲ្យ​ដឹង​ថា កន្លង​មក​មាន​ពលករ​ជា​ច្រើន​នាក់​ត្រូវ​បាន​ថៅកែ​គំរាមកំហែង​ប្រើ​ហិង្សា ហើយ​ជួនកាល​ឈាន​ដល់​ការ​បៀតបៀន​ផ្លូវ​ភេទ​ដែល​ផ្ទុយ​ពី​ច្បាប់​ការងារ ប៉ុន្តែ​ពួកគេ​មិន​អាច​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ស្ថាន​ទូត​កម្ពុជា​បាន​ឡើយ។ ពលករ​អះអាង​ថា មន្ត្រី​ស្ថានទូត​ទាំងនោះ​ចុះ​ទៅ​ម្ដងម្កាល​ដែរ ប៉ុន្តែ​មិនមែន​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ឱ្យ​ពលករ​ឡើយ ផ្ទុយ​វិញ​បែរ​ជា​បង្ខំ​សម្លុត​ពលករ​ឱ្យ​សម្រួល​ជាមួយ​ថៅកែ ហើយ​លុប​រូបថត ឬ​វីឌីអូ​ដែល​ថៅកែ​ធ្វើ​បាប​នោះ​ចោល។

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​មួយ​ចំនួន​ដូចជា កូរ៉េ (S-Korea) ថៃ (Thai) និង​ម៉ាឡេស៊ី (Malaysia) ជាដើម រង​ការ​រិះគន់​ជា​យូរ​មក​ហើយ​ថា អសកម្ម និង​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​តែង​ចុះ យក​មុខ​មាត់ ឬ​ចុះ​ឃោសនា​ពង្រឹង​នយោបាយ​ឲ្យ​គណបក្ស​កាន់​អំណាច ដោយ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​អំពី​សុខទុក្ខ​របស់​ពលករ​រស់​នៅ​ក្រៅ​ប្រទេស​ដូចជា​ស្ថានទូត​ប្រទេស​ដទៃ​ឡើយ។ របាយការណ៍​ក្រសួង​ការងារ បង្ហាញ​ថា មក​ទល់​ពេល​នេះ ពលករ​កម្ពុជា កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជាង ១លាន ៣សែន​នាក់ (.៣២១.៥០៦) ក្នុង​នោះ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ចំនួន​ជិត ៥ម៉ឺននាក់ (៤៩.៧៣៨) ។ ប៉ុន្តែ​របាយការណ៍​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បង្ហាញ​ថា ពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​អាច​មាន​ច្រើន​ជាង​នេះ ដោយ​គ្រាន់តែ​នៅ​ប្រទេស​ថៃ មាន​ជាង ២លាន​នាក់។ ថ្វីត្បិត​តែ​រដ្ឋាភិបាល លោក ហ៊ុន សែន បង្ហាញ​មោទនភាព​ចំពោះ​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​កើន​ឡើង​ជា​បន្តបន្ទាប់​ក្តី ក៏​ពលករ​ខ្មែរ​ជា​ច្រើន តែង​ត្អូញត្អែរ​ពី​បញ្ហា​ទុក្ខ​លំបាក​ជា​ច្រើន​ដែល​ពី​ថៅកែ​បរទេស​ធ្វើ​បាប ដូចជា ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​រើសអើង ការ​ប្រើ​អំពើ​ហិង្សា ការ​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្រួសារ ការ​បណ្ដេញ​ចេញ​ពី​ការងារ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​មិន​បើក​ប្រាក់ខែ និង​មាន​ពលករ​ខ្លះ​ទទួល​រង​ការ​ធ្វើ​បាប​រហូត​បាត់បង់​ជីវិត​ទៀត​ផង៕

No comments: