Tuesday 21 March 2023

អ្នក​ជំនាញ​ថា ចិន​មិន​អាច​ជំនួស​ទីផ្សារ​សហភាព​អឺរ៉ុប និង​អាមេរិក​ក្នុង​ការ​ទទួល​ទិញ​ទំនិញ​កម្ពុជា


ដោយ មាន ឫទ្ធិ
2023.03.20
អ្នក​ជំនាញ​ថា ចិន​មិន​អាច​ជំនួស​ទីផ្សារ​សហភាព​អឺរ៉ុប និង​អាមេរិក​ក្នុង​ការ​ទទួល​ទិញ​ទំនិញ​កម្ពុជា 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី២៩ មេសា​ ២០១៩។
AFP


អ្នក​ជំនាញ​ផ្នែក​នយោបាយ និង​អ្នកវិភាគ​ព្រមាន​ថា ចិន​មិន​អាច​ប៉ះប៉ូវ ឬ​ជំនួស​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​អាមេរិក ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​កម្ពុជា​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ទៅ​លក់​បាន​ទេ ប្រសិន​បើ​កម្ពុជា​បាត់បង់​ប្រយោជន៍​សេដ្ឋកិច្ច​តាមរយៈ​សហគមន៍​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) ដែល​នៅ​សល់ ៨០% នោះ។ ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​កម្ពុជា​ឆ្នាំ២០២២ ក៏​បាន​បង្ហាញ​ដែរ​ថា ចិន​គឺ​ពុំ​មែន​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​លក់​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ទៅ​វិញ​ទេ​ដែល​ខាតបង់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយសារ​តែ​ចិន​នាំចូល​ទំនិញ​មក​លក់​នៅ​កម្ពុជា​កាន់តែ​កើនឡើង​តែ​កម្ពុជា​នាំ​ទៅ​ចិន​តិច។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​ចិន ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ឡើង​លើស ១២​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០២៣។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​មិន​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​កុម្មុយនីស្ត​ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​ល្អ​ប្រសើរ​នោះ​ទេ ដោយសារ​តែ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ខ្លាំង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន កាល​ពី​ឆ្នាំ២០២២ កន្លង​ទៅ។



អ្នកឃ្លាំមើល​ជំរុញ​អ្នក​នយោបាយ​តម្កល់​ប្រយោជន៍​ជាតិ​ឱ្យ​ធំ ជា​ប្រយោជន៍​បក្ស តាមរយៈ​ការ​គិតគូរ​ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី​ជា​ពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែល​ជា​ប្រទេស​អនុគ្រោះ​ពន្ធ​សម្រាប់​ប្រទេស​អ្នក​ក្រ​ដូចជា​កម្ពុជា ក្នុង​ការ​នាំចេញ​ទំនិញ​ទៅ​លក់​ដោយ​មិន​ចាំបាច់​ចំណាយ​លើ​ការ​បង់ពន្ធ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ថា កម្ពុជា​គួរ​ចរចា​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ចិន​ដោយ​សន្តិវិធី ជជែក​ក្របខ័ណ្ឌ​ស្មើ​ភាព ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា ដោយសារ​តែ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ឱនភាព​ខ្លាំង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន កាល​ពីឆ្នាំ២០២២ កន្លង​ទៅ។ លោក​បន្ថែម​ថា មូលហេតុ​ដែល​ចិន​នាំចូល​ទំនិញ​ចូល​កម្ពុជា​បាន​ច្រើន សម្រាប់​ឆ្នាំ២០២២ ដោយសារ​តែ​ចិន​ជា​ប្រទេស​ផលិត ខណៈ​កម្ពុជា​បាន​ទិញ​វត្ថុធាតុដើម​សម្រាប់​ផលិត​ទំនិញ​ពី​ប្រទេស​ចិន ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​តិចតួច​ស្ដួចស្ដើង។

    លោក ឯម សុវណ្ណារ៉ា៖ «យើង​លក់​ចេញ​បាន​តិច តែ​យើង​ទិញ​ច្រើន​ចាយ​ច្រើន។ ក៏ប៉ុន្តែ​យើង​សព្វថ្ងៃ​កម្ពុជា​បាន​ផលប្រយោជន៍​ការ​ផ្លាស់ប្ដូរ​ធ្វើ​ឱ្យ​មាន​តុល្យភាព​សេដ្ឋកិច្ច​ច្រើន​តាមរយៈ​ទីផ្សារ​អឺរ៉ុប ពី​ទីផ្សារ​សហរដ្ឋ​អាមេរិក។ ប្រសិនបើ ទីផ្សារ​ទាំងពីរ​វា​ប្រឈម​នឹង​ការ​បាត់បង់ ឬ​យក​ពន្ធ​ពេញ​លេញ អ៊ីចឹង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​ក៏​វា​ថយ​ដែរ អ៊ីចឹង​វា​មិន​អាច​ទូទាត់​ជាមួយ​ជញ្ជីង​ពាណិជ្ជកម្ម​ជាមួយ​ចិន​បាន​ទេ ព្រោះ​ជាមួយ​ចិន​យើង​មាន​ឱនភាព​ខ្លាំង​ផង អ៊ីចឹង កម្ពុជា​អាច​ឈាន​រក​ការ​ជំពាក់​ចិន​កាន់​តែ​ច្រើន ឬ​ជំពាក់​បរទេស​កាន់តែ​ច្រើន ដោយសារ​តែ​យើង​រក​បាន​តិច តែ​យើង​ចាយ​ច្រើន ដែល​ជា​កង្វល់​ពលរដ្ឋ​ទូទៅ»។

ក្ដី​បារម្ភ​របស់​អ្នក​ជំនាញ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សភា​អឺរ៉ុប​ច្រើន​លើសលប់​កាល​ពីថ្ងៃទី១៦ ខែ​មីនា បាន​អនុម័ត​ជា​ផ្លូវការ នូវ​សេចក្តី​សម្រេច​ថ្មី​មួយ គឺ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិនបើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នា​ខែកក្កដា​ខាងមុខ​នេះ ធ្វើ​ឡើង​មិន​ស្របតាម​ស្តង់ដារ​អន្តរជាតិ ឬ​បើ​នៅ​តែ​បន្ត​កើត​មាន​ការ​រំលោភ​សិទ្ធិមនុស្ស។

ទោះ​ជា​បែប​នេះ​ក្ដី រដ្ឋាភិបាល​ឯក​បក្ស​មិន​បាន​ខ្វាយខ្វល់​អំពី​ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប​ឡើយ ដោយសារ​តែ​កម្ពុជា​ចាត់​ទុក​មិត្ត​ដែកថែប​របស់​ខ្លួន​គឺ​ប្រទេស​ចិន​ជា​ទីផ្សារ​ធំ​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ទៅ​លក់។

ជាមួយ​គ្នា​នេះ កម្ពុជា និង​ចិន ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ឡើង​លើស ១២ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០២៣។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ឈួន ដារ៉ា លើកឡើង​ក្នុង​កម្មវិធី​បើក​វេទិកា​ផ្សព្វផ្សាយ​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​២០ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចំណង​មិត្តភាព​ទ្វេភាគី​រវាង​កម្ពុជា​ចិន​កាន់​តែ​រឹងមាំ ហើយ​បាន​ក្លាយ​ជា​មិត្តភាព​ដែកថែប ដែល​មិន​អាច​កាត់​ផ្តាច់ ដើម្បី​រួមគ្នា​កសាង វឌ្ឍនភាព វិបុលភាព។ លោក​ថា ផលិតផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ភាគច្រើន​ដូចជា អង្ករ ស្វាយចន្ទី ផ្លែ​ចេក និង​ស្វាយ ជាដើម។

របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ថា ត្រឹម​ដំណាច់​ឆ្នាំ២០២២ ចិន​គឺជា​ប្រទេស​ឈាន​មុខ​គេ​ដែល​កម្ពុជា​ទិញ​ទំនិញ ឬ​នាំចូល ក្នុង​ឆ្នាំ២០២២ គឺ​ស្មើ​នឹង​ជិត ៣៥% (៣៤,៩%) ឬ​មាន​តម្លៃ​សរុប​ជាង ១០ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​ចិន​វិញ​បាន​តិចតួច​បំផុត គឺ​ត្រឹមតែ​ជាង ៥% (៥,៥%) ប៉ុណ្ណោះ ក្នុង​ឆ្នាំ​ដដែល​នេះ ពោល​គឺ​ស្មើ​នឹង​តម្លៃ​សរុប​ជាង ១ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ ស្ថិតិ​ដដែល​បង្ហាញ​ថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​តែមួយ​គត់​ដែល​កម្ពុជា​នាំចេញ​ទំនិញ​ពាណិជ្ជកម្ម​ទៅ​ដាក់​លក់​បាន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់ ពោល​គឺ​ស្មើ​នឹង​ជិត​ពាក់​កណ្តាល ឬ៤០% (៣៩,៩%) ដែល​មាន​តម្លៃ​សរុប​រហូត​ដល់​ជាង ៨ពាន់​លាន​ដុល្លារ។ ក៏ប៉ុន្តែ​កម្ពុជា​បាន​ទិញ​ទំនិញ ឬ​នាំចូល​ទំនិញ​ពី​អាមេរិក​មក​វិញ​បាន​ត្រឹមតែ ១% ប៉ុណ្ណោះ ឬ​ស្មើ​នឹង​តម្លៃ​សរុប​ជាង ៣រយ​លាន​ដុល្លារ។ តួ​លេខ​នេះ បាន​បញ្ជាក់​ថា ចិន​ពុំ​មែន​ជា​ទីផ្សារ​ធំ​លើ​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នោះ​ទេ ខណៈ​កម្ពុជា​ទៅ​វិញ​ទេ​ដែល​ជា​ទីផ្សារ​ក្នុង​ការ​នាំចូល​ទំនិញ​របស់​ចិន។

អ្នកឃ្លាំមើល​វាយ​តម្លៃ​ថា តួលេខ​នេះ​បាន​បង្ហាញ​ថា ការ​រកស៊ី​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត​ប្រឈម​នឹង​ការ​ខាតបង់​ច្រើន ហើយ​ប្រទេស​ចិន​ក៏​ពុំ​មែន​ជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា​ក្នុង​ការ​នាំចេញ​ទំនិញ​ដូច​ដែល​រដ្ឋាភិបាល​ឯក​បក្ស​តែងតែ​ប្រកាស​នោះ​ទេ។ អ្នក​តាមដាន​ស្ថានការណ៍​យល់​ថា បើ​កម្ពុជា​ឆ្លើយតប​ជា​វិជ្ជមាន​តាម​ការ​ស្នើ​សុំ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប រឿង​ស្ដារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ និង​ដោះស្រាយ​វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង រួម​ទាំង​បើក​សេរីភាព​បញ្ចេញ​មតិ​ពលរដ្ឋ កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ពី​បណ្ដា​ប្រទេស​លោកសេរី ហើយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ (EBA) ដែល​សហភាព​អឺរ៉ុប​កាត់​ផ្ដាច់ ២០%កន្លងទៅ​ក៏​អាច​នឹង​ទទួល​មក​វិញ និង​មិន​ប្រឈម​នឹង​ការ​បន្ត​បាត់បង់​បន្ថែម​ទៀត​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ​បានទេ​នៅ​ថ្ងៃទី១៩ ខែ​មីនា។

កាល​ពី​ខែសីហា ឆ្នាំ២០២០ សហភាព​អឺរ៉ុប បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA២០% ពី​កម្ពុជា ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ ក្រុម​សហជីព​រក​ឃើញ​ថា ការ​ដក​ហូត EBA ២០ភាគរយ​កន្លង​មក​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធំធេង​ដល់​កម្មករ​វិស័យ​កាត់ដេរ និង​ប្រជា​កសិករ។ ជាក់ស្ដែង បច្ចុប្បន្ន​កម្មករ​រោងចក្រ​ជាច្រើន​រយ​នាក់​កំពុង​បាត់បង់​ការងារ និង​កម្មករ​ខ្លះ​ទៀត​រងទុក្ខ​វេទនា​ក្រោយ​ពី​ថៅកែ​បិទ​ទ្វារ​រោងចក្រ​ដោយ​គ្មាន​ការ​ខុសត្រូវ។ ចំណែក​ឯ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​បាន​ផុត​សុពលភាព​កាល​ពី​ដំណាច់​ឆ្នាំ២០២០ គិត​មក​ដល់​ខែ​មិថុនា ឆ្នាំ​២០២២ នេះ ក៏​សហរដ្ឋអាមេរិក​មិន​ទាន់​បន្ត​ឱ្យ​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ អះអាង​ថា កម្ពុជា​នឹង​មិន​ត្រូវ​បាន​អាមេរិក​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) បន្ត​ទៀត​នោះ​ទេ ប្រសិន​កម្ពុជា​គ្មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​រឿង​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

ទាក់ទង​នឹង​រឿង​ដែរ​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កាល​ពី​ពាក់​កណ្ដាល ខែ​កុម្ភៈ អះអាង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% ដែល​សហភាព​អឺរ៉ុប​កាត់​ផ្ដាច់​ពី​កម្ពុជា គឺ​មិន​អាច​ធ្វើ​ឱ្យ​វិនិយោគិន​ចិន​បញ្ឈប់​បោះទុន​នៅ​កម្ពុជា​ឡើយ។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន រួម​ទាំង​មន្ត្រី​ហែហម​លោក​ធ្លាប់​លើកឡើង​ថា ទោះ​បី​កម្ពុជា គ្មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ អ៊ី.ប៊ី.អេ (EBA) និង​ជី.អេស.ភី (GSP) ក៏​កម្ពុជា​មិន​ស្លាប់​ដែរ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា ចិន​ជា​ទីផ្សារ​ធំ​ព្រោះ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន ប៉ុន្តែ​ចិន​ពុំ​បាន​ជួយ​លើក​តម្កើង​សេដ្ឋកិច្ចជាតិ​កម្ពុជា​ឱ្យ​រីក​ច្រើន​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​នោះ​ទេ ដោយសារ​ចិន​ជា​ប្រទេស​ប្រកួតប្រជែង​ទីផ្សារ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។ លើស​ពី​នេះ លោក​ថា ចិន​ក៏​មិនមែន​ជា​ប្រទេស​អនុគ្រោះ​ពន្ធ ដូច​បណ្ដា​ប្រទេស​លោក​សេរី​នោះ​ដែរ។ លោក​បន្ថែម​ថា ការណ៍​ដែល​កម្ពុជា​បន្ត​រកស៊ី​ជាមួយ​ចិន​ខាតបង់​ច្រើន កម្ពុជា​នឹង​បន្ត​ខ្ចី​បុល​ពី​ចិន​កាន់​តែ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​ដក​ខ្លួន​មិន​រួច។ លោក ជឿជាក់​ថា កម្ពុជា​អាច​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន ប្រសិន​បើ រដ្ឋាភិបាល លោក ហ៊ុន សែន ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​អាមេរិក និង​សហភាព​អឺរ៉ុប តាមរយៈ​ការ​បើក​លំហ​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស។

    លោក គឹម សុខ៖ «បើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​មានៈ​សម្លាប់​ប្រជាធិបតេយ្យ បំបិទ​សិទ្ធិពលរដ្ឋ សង្គម​ស៊ីវិល ហើយ​មិន​សម្រួល​ស្ថានការណ៍​នយោបាយ​មក​វិញ​ទេ កម្ពុជា​មិន​ត្រឹមតែ​រង​សម្ពាធ​ការទូត ការ​ដក​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដូចជា EBA របស់​សហភាព​អឺរ៉ុប​អាច​នឹង​ធ្លាក់​ដល់​ស្ថានការណ៍ គេ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​តែ​ម្ដង យើង​នៅពេល​នោះ​មិន​ត្រឹមតែ​បញ្ហា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទេ អាច​ធ្លាក់​ដល់​វិបត្តិ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ និង​អាច​ធ្លាក់​ក្នុង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ»។

ទោះ​ជា​បែប​នេះ​ក្ដី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​អាង​ចិន​ជា​ខ្នង​បង្អែក​ទាំង​ផ្នែក​ទីផ្សារ​ពាណិជ្ជកម្ម រួម​ធានា​បាន​នូវ​ទទួល​ជំនួយ និង​កម្ចី​ពី​ប្រទេស​ចិន មេ​ដឹកនាំ​ឯកបក្ស​រូប​នេះ​ហាក់​មិន​អើពើ​ស្ដារ​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​លោក​បែរ​ជា​និយាយ​វាយ​ប្រហារ​ទៅ​កាន់​អាមេរិក​ទៅ​វិញ។ ជាពិសេស​ក្នុង​ឆ្នាំ២០២៣ ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ជាតិ​លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ​តាមរយៈ​ការ​បង្ក្រាប​សំឡេង​ជំទាស់ ចាប់​អ្នក​នយោបាយ​ប្រឆាំង​ដាក់​គុក និង​បញ្ជា​ឱ្យ​បិទ​ស្ថាប័ន​សារព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី (VOD) ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ លោក ហ៊ុន សែន ហាក់​ទុក​ប្រទេស​ចិន​ជា​អ្នក​ធានា​រ៉ាប់រង​លើ​ការ​គាំទ្រ​ស្ទើរ​គ្រប់​វិស័យ​នៃ​រដ្ឋាភិបាល​របស់​លោក​រាប់​ទាំង​កម្ចី ជំនួយ​ឥត​សំណង​នានា ការ​គាំទ្រ​ផ្នែក​នយោបាយ ហើយ​សូម្បី​តែ​លោក ហ៊ុន សែន ខ្លួនឯង​ក៏​ធ្លាប់​សារភាព​ត្រង់ៗ​ប្រាប់​ទៅ​ពិភពលោក​ថា «បើ​មិន​ឱ្យ​លោក​ទៅ​ពឹងពាក់​ចិន​តើ​ឱ្យ​លោក​ទៅ​ពឹង​អ្នកណា?»៕

No comments: