Friday 24 March 2023

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត គោ​ជាច្រើន​ក្បាល​ងាប់​ជា​រៀងរាល់​ឆ្នាំ​នៅ​ខេត្ត​កំពង់ស្ពឺ

 


ដោយ សុជីវី
2023.03.23
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត គោ​ជាច្រើន​ក្បាល​ងាប់​ជា​រៀងរាល់​ឆ្នាំ​នៅ​ខេត្ត​កំពង់ស្ពឺ  
 
គោ​ជាច្រើន​ក្បាល ក្នុង​ឃុំ​តាសាល ស្រុក​ឱរ៉ាល់​ងាប់ កាលពី​ពាក់​កណ្ដាល​ខែ​មីនា ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់​ឱ្យ
 

គោ​អ្នកភូមិ​ជាច្រើន​ក្បាល ងាប់​ជា​បន្តបន្ទាប់​ក្នុង​ព្រៃ បាន​ក្លាយជា​ក្តី​កង្វល់​មួយ ដែល​ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ស្ពឺ​ជាច្រើន​គ្រួសារ​កំពុង​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ។

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត និង​ទប់ស្កាត់​ករណី​នេះ ចៀសវាង​បណ្តែតបណ្តោយ​ឱ្យ​រឿង​នេះ កើត​ឡើង​ដដែលៗ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ។

ពលរដ្ឋ​រស់នៅ​ឃុំ​តាសាល និង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុង​ស្វះស្វែង​ប្រជុំ​ជជែក​គ្នា ដើម្បី​រក​ដំណោះស្រាយ​ករណី គោ​របស់​ពួកគាត់ ងាប់​ជា​បន្តបន្ទាប់​ក្នុងព្រៃ​អស់​រាប់រយ​ក្បាល​នៅ​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ។

អ្នក​ភូមិ​ថា ថ្មីៗ​នេះ គោ​របស់​ពួកគាត់​ជិត ១០​ក្បាល​ទៀត ងាប់​ហើម​ស្អុយ​ក្នុង​ព្រៃ​របោះ ក្នុង​ឃុំ​តាសាល។

ពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ៍មាស ឃុំ​ពាំងជោរ លោក សុខ លី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២២ មីនា​ថា ស្ទើរ​ជា​រៀងរាល់​ឆ្នាំ អ្នកភូមិ​ងាប់​គោ ចន្លោះ​ពី ៣០​ក្បាល ដល់ ៩០​ក្បាល​ដោយ​គោ​ខ្លះ​ស្ទុយ​រលួយ​ងាប់ និង​គោ​ខ្លះទៀត ត្រូវ​គេ​លួច​វះ​យក​សាច់ លក់​ក្នុង​ព្រៃ​ក៏​មាន។

លើស​ពី​នេះ កាលពី​ឆ្នាំ​២០២២ គ្រួសារ​លោក ងាប់​គោ ៧​ក្បាល​ទៀត នៅ​ពេល​លែង​ចូល​ព្រៃ​របោះ​នៅ​រដូវប្រាំង ។ លោក​បញ្ជាក់​ថា អ្នកភូមិ​កំពុង​ពិភាក្សា​រក​ដំណោះស្រាយ ដោយ​គ្រោង​ជួប​អាជ្ញាធរ​ឃុំ ដើម្បី​ពី​គ្រោះ​យោបល់​រឿង​នេះ។

លោក សុខ លី៖ «ចង់​ឱ្យមាន​ការទប់ស្កាត់​បទល្មើស និង​ការបាត់បង់​គោ នឹង​ការ​មាន​ការ​ឈឺ​ងាប់​ក្នុង​ព្រៃ​។ គោ​ងាប់​ឃើញ​តែ​ស្បែក និង​ក្បាល»។

 

កាលពី​ថ្ងៃទី​១០ ខែ​មីនា ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ថ្មី ឃុំ​តាសាល ងាប់​គោ​អស់ ៧​ក្បាល​នៅ​ជិត​ចម្ការ​ដំឡូង​មី របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដោយ​មិនដឹង​មូលហេតុ។ អ្នកភូមិ​ថា គោ​ងាប់​ទាំងអស់​នោះ សាច់​ស្អុយ​ហើមពោះ មិនអាច​វះ​យក​សាច់​ធ្វើ​ម្ហូប​បានទេ។

លោក សុខ លី បន្ថែម​ថា គោមួយ​ក្បាល​តម្លៃ​ចន្លោះ​ជាង ១​លាន​រៀល ដល់​ជាង ២​លាន​រៀល ដែល​អ្នកភូមិ​មាន​ទម្លាប់​ចិញ្ចឹម​លែង​តាម​វាលស្រែ និង​ព្រៃរបោះ​ជា​ប្រពៃណី​។ លោក​ថា ករណី​ក្រុម​ចោរ លួច​ដាក់​អន្ទាក់​វះ​យក​សាច់គោ​លក់​ក្នុង​ព្រៃ ក៏​កំពុង​កើតមាន​ច្រើន​ដែរ ព្រោះ​កន្លង​ទៅ ពួក​លោក​តែងតែ​ប្រទះឃើញ សម្ភារៈ​មួយចំនួន និង សំណល់​សាច់គោ ដែល​ពួក​ចោរ​បន្សល់ទុក។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង និង​ស្នងការ​នគរបាល​ខេត្ត​នេះ លោក សម សាមួន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២២ មីនា​ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​តាសាល លោក ហោ ម៉េងឃាង មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ដោយ​យក​សំណាក​គោ​ងាប់​ទាំងនោះ ធ្វើ​កោសល្យវិច័យ​រួចហើយ ដោយ​រក​ឃើញ​ថា ពុល​ថ្នាំ​ដំឡូង​មី ដែល​គេ​ហាល​សំដិល​ថ្ងៃ​ឱ្យ​ស្ងួត។

លោក​បញ្ជាក់​ថា នៅពេល​ពលរដ្ឋ​ប្រមូល​ផល​ដំឡូង​មី ពួកគាត់​តែងតែ​យក​ដំឡូង​មី​ហាលថ្ងៃ បូក​ផ្សំ​ការ​ប្រើប្រាស់​បាញ់ថ្នាំ​ស្មៅ​ផង ក៏​បណ្តាល​ឱ្យ​ពុល​គោ​របស់​អ្នក​ភូមិ​។

លោក​ថា ពលរដ្ឋ​មាន​ទម្លាប់​លែងគោ​ចូល​ព្រៃ​នៅ​រដូវប្រាំង រហូត​ដល់​រដូវវស្សា ធ្វើស្រែ​ទើប​ស្វែង​រកគោ​របស់​ខ្លួន​មកវិញ។

លោក ហោ ម៉េងឃាង៖ «ដំឡូង​ធម្មតា​គេ​ដាំ​ដំណាំ​គេ​ដាក់​ជី​បាញ់ថ្នាំ​ការពារ ខែ​នេះ​វា​ក្តៅ​ការពារ​សត្វល្អិត ហើយ​គោ​របស់​ពលរដ្ឋ​គាត់​លែង ដោយសារ​ទំនៀមទម្លាប់​គាត់​លែង​ចោល អ្នកខ្លះ​គាត់​លែង​ចោល ៥ ទៅ ៦ ខែ​ក៏​ទៅ​រក​វិញ ខ្លះ​បាត់គោ​ក៏​ចោល។ សារ​នេះ​គោ​គាត់​បាត់ អ្នក​បេះ​ដឹង​រលៀង ក៏​ឃើញ យក​មក​វិញ បើ​អត់​មាន​អ្នក​ឃើញ​ក៏​ចោល»

ជុំវិញ​រឿង​នេះ មន្ត្រី​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ផ្តល់​ទស្សនៈ​ថា អាជ្ញាធរ​គួរតែ​យកចិត្តទុកដាក់ រក​មធ្យោបាយ​ដោះស្រាយ​រឿង​នេះ ដោយ​មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​ករណីនេះ​កើត​ឡើងជា​បន្តបន្ទាប់​ច្រើន​ឆ្នាំ​មក​ហើយ។

លោក ស៊ឹង សែនករុណា៖ «បើសិនជា​របៀប​នេះ ពលរដ្ឋ​លោក​អស់សង្ឃឹម​ប្រព័ន្ធ​នៃ​ការអនុវត្ត​ច្បាប់ និង​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ណាស់ បើសិនជា​មិន​ពង្រឹង​ឱ្យ​បាន​ត្រឹមត្រូវ​ទេ ការរស់នៅ​បញ្ហា​ជីវភាព និង​ទ្រព្យសម្បត្តិ​ពួកគាត់ មិន​ពេញ​ចិត្តនឹង​អាជ្ញាធរ​។ គួរតែ​មាន​ការ​ចាត់​វិធានការ​ឆាប់រហ័ស ចៀសវាង​បណ្តែតបណ្តោយ​ដដែលៗ​កើតឡើង​ទៀត»។

អ្នកភូមិ​បន្ថែម​ថា ពលរដ្ឋ​ក្រីក្រ​មាន​ទម្លាប់​ចិញ្ចឹម​គោ លែង​តាម​វាលស្រែ​ចម្ការ និង​ព្រៃរបោះ តាំងពី​បុរាណកាល​មក ស្ទើរ​ក្លាយជា​ទម្លាប់​ទៅ​ហើយ ក៏ប៉ុន្តែ​នៅ​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​មាន​វត្តមាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ករណី​ងាប់​គោ តែងតែ​កើតមាន​ជា​ញឹកញាប់ ធ្វើ​ឱ្យ​អ្នកភូមិ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន៕

No comments: