Thursday 23 March 2023

មន្ត្រី​សិទ្ធិ​មនុស្ស​ថា ការ​ចាប់​ខ្លួន​អ្នកគាំទ្រ​លោក កឹម សុខា ពីរ​នាក់​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ


ដោយ យ៉ង ចាន់តារា
2023.03.21
មន្ត្រី​សិទ្ធិ​មនុស្ស​ថា ការ​ចាប់​ខ្លួន​អ្នកគាំទ្រ​លោក កឹម សុខា ពីរ​នាក់​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ  
(ឆ្វេង) លោក យឹម ស៊ីណន អតីតជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង និង​ស្ដាំ លោក ហ៊ុន កុសល ជាអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​គាំទ្រ​លោក កឹម សុខា ហើយ​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល
 
 

អ្នកការពារ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់ គឺ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល គឺ​ជា​រូបភាព​នៃ​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ។

ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ទី២១ មីនា​ថា ព្រះរាជ​ពិធី​ជ័យ មិន​គួរ​កើត​មាន​ករណី​ចាប់​ខ្លួន​អ្នក​នយោបាយ​បែបនេះ​ទេ ហើយ​ព្រះ​មហាក្សត្រ​ក៏​ទំនងជា​មិន​ចង់​ឱ្យ​កូនចៅ​ព្រះអង្គ​ជាប់​គុក​ច្រវាក់​នោះ​ដែរ។ លោក​ថា ប្រមុខ​រដ្ឋាភិបាល​គួរ​ត្រឹម​បកស្រាយ​រឿង​នេះ ជាជាង​ប្រើ​វិធានការ​ចាប់​ចង ព្រោះ​នេះ​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ។

លោក រស់ សុដ្ឋា៖ «ក្នុង​និយមន័យ​សិទ្ធិ​បញ្ចេញ​មតិ​ទេ វា​អត់​មាន​ដល់​បទឧក្រិដ្ឋ​អ្វី​ទេ វា​អត់​មាន

ទេ។ សិទ្ធិ​បញ្ចេញ​មតិ បុគ្គល​ណា​មួយ​អាច​បញ្ចេញ​មតិ​ទៅ​តាម​មនសិការ​របស់​ខ្លួន​ដោយ​គ្មាន​ការ​រារាំង​គ្រប់​មធ្យោបាយ​ទាំង​អស់។ ប្រសិនបើ​មាន​ការ​ប្រមាថ​វិញ​នោះ ជា​រឿង​ផ្សេង។ បើ​ប្រមាថ​ចំៗ ដល់​ព្រះមហាក្សត្រ​នោះ ជា​រឿង​ពាក់ព័ន្ធ​ច្បាប់»

 

មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​បែប​នេះ ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​អ្នក​នយោបាយ​និយម​លោក កឹម សុខា ពីរ​នាក់ គឺ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល កាល​ពី​ល្ងាច​ថ្ងៃ​ទី២១ ខែ​មីនា ក្រោយ​ពី​ពួក​លោក​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Facebook) ទាក់ទង​នឹង​រូបភាព​ព្រះ​មហាក្សត្រ​ព្រះរាជទាន​ព្រះ​អគ្គី​ជ័យ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម នៅ​ខេត្ត​សៀមរាប។ រូបភាព​ព្រះ​មហាក្សត្រ​នោះ មាន​មួយ​មើល​ទៅ​ហាក់​ដូចជា​លោក ហ៊ុន សែន អង្គុយ​ស្មើ​នឹង​ព្រះមហាក្សត្រ​នៅ​លើ​វេទិកា​កិត្តិយស ហើយ​មួយ​ទៀត​មើល​ឃើញ​អ្នក​បាំង​ក្លស់ ឬ​ឆត្រ ខំ​ប្រឹង​កាន់​ឆត្រ​ដ៏​ធ្ងន់ បាំង​ឱ្យ​លោក ហ៊ុន សែន ផង បាំង​ថ្វាយ​ព្រះមហាក្សត្រ ផង ខណៈ​ព្រះមហាក្សត្រ​យាង​បណ្ដើរ និង​មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​លោក ហ៊ុន សែន បណ្ដើរ។

ទាំង​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល មិន​បាន​បង្ហោះ ឬ​ចែក​ចាយ​រូបភាព​ទាំងនោះ​ទេ ប៉ុន្តែ​ពួក​លោក​បាន​សរសេរ​សារ​ផ្សេងគ្នា​លើ​ទំព័រ​ហ្វេសប៊ុក។ លោក យឹម ស៊ីណន បាន​សរសេរ​ថា «បើ​តាម​សំឡេង​ពលរដ្ឋ​តាម​ហាង​កាហ្វេ៖ ថ្ងៃនេះ​យើង​អាច​ឃើញ​ច្បាស់​ថា នរណា​ជា​ស្ដេច​ផែនដី​ពិតប្រាកដ»។ ជាមួយ​គ្នា​នេះ លោក ហ៊ុន កុសល បាន​សរសេរ​ថា «លោក​នឹង​ប្រើ​សមត្ថភាព​ចូលរួម​ពូន​ផ្ដុំ​ជាមួយ​លោក កឹម សុខា ដើម្បី​ការពារ​ព្រះចេស្ដា​ក្សត្រ និង​ព្រះរាជ​បល្ល័ង្ក ក្រោយ​ពី​ឃើញ​គេ​ធ្វើ​បាប​ព្រះទ័យ និង​បន្ទាប​ព្រះចេស្ដា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ច្រក»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​សារ​ទាំងនេះ​ថា ជា​រឿង​បំភ្លៃ​ការ​ពិត​ដោយ​ចេតនា។ លោក​បាន​ឆ្លើយ​តប​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក យឹម ស៊ីណន ថា ករណី​នេះ​បើ​គ្មាន​ទោស​ទើប​ចម្លែក ព្រោះ​នេះ​មិនមែន​ជា​របៀប​បញ្ចេញ​មតិ​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សាកសួរ​អំពី​ចំណាត់​ការ និង​បទ​ចោទ​លើ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល បាន​ទេ កាល​ពី​យប់​ថ្ងៃ​ទី ២១ មីនា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

លោក យឹម ស៊ីណន គឺជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។ តុលាការ​ក្រុង​ភ្នំពេញ​ធ្លាប់​ចោទ​ប្រកាន់​លោក​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ពាក់ព័ន្ធ​រឿង​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ ២០១៩។ ក្រោយមក​លោក​បាន​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រូប​លោក។ លោក​បាន​វិល​មក​កម្ពុជា​វិញ កាល​ពី​ខែ​មករា ឆ្នាំ២០២២ ហើយ​តុលាការ​ក៏​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រូប​លោក។

ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ទាំង​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល តែង​បង្ហាញ​មុខ​ក្នុង​សវនាការ​រឿង​ក្ដី​លោក កឹម សុខា។ អ្នកនយោបាយ​ទាំងពីរ​រូប​នេះ​ជា​អ្នក​គាំទ្រ​ដ៏​សកម្ម​របស់​លោក កឹម សុខា និង​បាន​ងាក​មក​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ទៅ​លើ​លោក សម រង្ស៊ី វិញ៕

No comments: