Wednesday 1 March 2023

មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចំនួន ២រូប រង​ទណ្ឌកម្ម​ពិន័យ​ពី​គណៈមេធាវី


ដោយ សុជីវី
2023.02.28
មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចំនួន ២រូប រង​ទណ្ឌកម្ម​ពិន័យ​ពី​គណៈមេធាវី 
(ឆ្វេង) លោក​មេធាវី សំ សុគង់ និង​មេធាវី ជូង ជូងី ដែល​គណៈ​មេធាវី​កម្ពុជា ដាក់​ទណ្ឌកម្ម នៅ​ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់​ពី​លោក​​ទាំង២ បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ទាក់ទង​នឹង​សំណុំរឿង​អនុប្រធាន​គណបក្សភ្លើង​ទៀន ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៦ ខែមករា។
រូប៖ RFA

 

មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចំនួន ២រូបរងទណ្ឌកម្មជា​បទ​វិន័យ​ពី​គណៈមេធាវី​កម្ពុជា ក្រោយ​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន ទាក់ទង​នឹង​រឿង​ក្ដី​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា។

គណៈ​មេធាវី​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែកុម្ភៈ ប្រកាស​ថា ស្ថាប័ន​គ្រប់គ្រង​មេធាវី​មួយ​នេះ សម្រេច​ដាក់​ទណ្ឌកម្ម​ជា​បទ​ពិន័យ​លើ​លោក​មេធាវី ជូង ជូងី និង​លោក​មេធាវី សំ សុគង់។

ប្រភព​ដដែល​បញ្ជាក់​ថា គណៈ​មេធាវី​បាន​ចេញ​លិខិត​លាយលក្ខណ៍​អក្សរ​ស្ដីបន្ទោស​មេធាវី​ទាំង ២រូប ដោយ​ចោទ​ប្រកាន់​ថា បាន​រំលោភ​លើ​សុចរិត​ភាព ភាព​ស្មោះត្រង់ ការ​សម្ងាត់​នៃ​វិជ្ជាជីវៈ និងអន្តរាគមន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​ចែង​ក្នុង​ក្រម​សីលធម៌​មេធាវី ព្រមទាំង​រំលោភ​ច្បាប់​សហលក្ខន្តិកៈ​មេធាវី និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​គណៈ​មេធាវី​ទៀត​ផង។

ឆ្លើយតប​នឹង​បញ្ហា​នេះ មេធាវី ជូង ជូងី បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​មុន​ការ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី២៨ កុម្ភៈ​ថា នេះ​ជា​គំនាប ដែល​ពិបាក​ឱ្យ​លោក​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន។ លោក​ពុំ​មាន​ជម្រើស​អ្វី​ក្រៅ​ពី​រិតត្បិត​សេរីភាព​ខ្លួន​ឯង។

មេធាវី ជូង ជូងី៖ «កាល​ណា​យើង​កំហិត​និយាយ អ៊ីចឹង​វា​ប៉ះពាល់​ដល់​ការ​តស៊ូ​មតិ ដើម្បី​យុត្តិធម៌​សង្គម។ ខ្ញុំ​ពិបាក​និយាយ ព្រោះ​វា​មាន​ការ​កំហិត​ក្នុង​ការ​និយាយ។ ឥឡូវ​នេះ​ខ្ញុំ​នៅ​ស្ងប់ស្ងៀម​សិន ចាំ​មើល​ពិចារណា​ត​ទៅ​ទៀត​ថា ត្រូវ​និយាយ​ត្រឹម​កម្រិត​ណា»

 

បើ​តាម​លោក​មេធាវី ជូង ជូងី ការ​ដាក់​ទណ្ឌកម្ម​ជា​បទ​ពិន័យ ដោយ​លិខិត​ស្ដីបន្ទោស​នេះ ជា​ទណ្ឌកម្ម​កម្រិត​ទី២ ក្នុង​ចំណោម​ទណ្ឌកម្ម​ចំនួន ៤ ដែល​គណៈមេធាវី​មាន​អំណាច​ដាក់​ទោស​មេធាវី។ ទណ្ឌកម្ម​ទាំង ៤ នោះ​រួម​មាន ទី១៖ ការព្រមាន ទី២៖ លិខិត​ស្ដី​បន្ទោស ទី៣៖ ផ្អាក​មិន​ឱ្យ​បំពេញ​វិជ្ជាជីវៈ​មេធាវី និងទី៤៖ បណ្ដេញ​ចេញ​មិន​ឱ្យ​ប្រកប​វិជ្ជាជីវៈ​មេធាវី។

ករណី​ដាក់​ទណ្ឌកម្ម​ជា​ពិន័យ​លើ​មេធាវី ជូង ជូងី និង​មេធាវី សំ សុគង់ បន្ទាប់​ពី​អ្នក​ទាំង២ បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ទាក់ទង​នឹង​សំណុំរឿង​អនុប្រធាន​គណបក្សភ្លើង​ទៀន ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៦ ខែមករា។ ក្នុង​នោះ​លោក ជូង ជូងី បាន​ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​បារាំង ដោយ​លោក​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ជា​រឿង​សម្ពាធ​នយោបាយ​របស់​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។ ចំណែក​លោក សំ សុគង់ បាន​ផ្ដល់​សម្ភាស​ឱ្យ​វិទ្យុ​អាស៊ី​សេរី ដោយ​លោក​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ខុស​នីតិវិធី និង​ជា​រឿង​នយោបាយ៕

No comments: