Saturday 18 March 2023

លោក ហ៊ុន សែន ជួយ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឡើង​សក្ដិ​មួយ​កម្រិត​ទៀត


ដោយ យ៉ង ចាន់តារា
2023.03.17
លោក ហ៊ុន សែន ជួយ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឡើង​សក្ដិ​មួយ​កម្រិត​ទៀត  
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
RFA File
 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​ហើយ ក្នុង​ផែនការ​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល។ នោះ​គឺ​ការ​ដំឡើង​សក្ដិ​ឱ្យ​លោក ហ៊ុន ម៉ាណែត។ អ្នកវិភាគ​ថា នេះ​ជា​ការ​ផ្ដល់​អំណាច​បន្ថែម​ដល់​លោក ហ៊ុន ម៉ាណែត និង​ជា​ត្រៀម​ប្រគល់​ការងារ​សំខាន់ៗ​ក្នុង​វិស័យ​ការពារ​ជាតិ​ដល់​រូប​លោក​នៅ​ពេល​អនាគត។

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ជា​នាយ​ឧត្តមសេនីយ៍ ឬ​ផ្កាយ ៤ ទៅ​តាម​ការ​ចង់បាន​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី១៧ មីនា។

ព្រះរាជក្រឹត្យ​ដដែល​មិន​បាន​បន្ថែម​តួនាទី​ដល់​លោក ហ៊ុន ម៉ាណែត នោះ​ទេ។ នេះ​មាន​ន័យ​ថា លោក​ឡើង​សក្ដិ ប៉ុន្តែ​បន្ត​កាន់​តំណែង​បច្ចុប្បន្ន​តទៅ​ទៀត។ សព្វថ្ងៃ លោក​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ព្រមទាំង​មាន​តួនាទី​មួយ​ចំនួន​ទៀត​ក្នុង​ជួរ​កងទ័ព។

តួនាទី​ដែល​លោក ហ៊ុន ម៉ាណែត កំពុង​មាន​នេះ ហាក់​ទល់​ដំបូល​ទៅ​ហើយ ព្រោះ​បើ​តាម​ឋានានុក្រម មាន​តែ​អង្គ​ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ប៉ុណ្ណោះ ទើប​ស្ថិត​នៅ​លើ​រូប​លោក។ 

 

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ទោះជា​មិន​មាន​ការ​បន្ថែម ឬ​ដំឡើង​តួនាទី​ក៏ដោយ ក៏​ការ​ដំឡើង​សក្ដិ​ឱ្យ​ក្លាយ​ជា​ឧត្តមសេនីយ៍​ផ្កាយ ៤ នេះ គឺជា​ការ​ផ្ដល់​នូវ​អំណាច​បន្ថែម​ទៀត​ដល់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​បញ្ជា​កងទ័ព។ ម្យ៉ាងវិញទៀត លោក​ថា ករណី​នេះ​ក៏​ងាយ​ស្រួល​ដល់​ការ​ប្រគល់​ភារកិច្ច ឬ​ការងារ​សំខាន់ៗ​នានា​ក្នុង​វិស័យ​ការពារ​ជាតិ​ដល់​លោក ហ៊ុន ម៉ាណែត នៅពេល​អនាគត​ផង​ដែរ។

លោក ឯម សុវណ្ណារ៉ា«ជាឧទាហរណ៍​ថា ប្រសិន​បើ​អ្នក​ផ្សេង​ទៀត​មាន​ឋានៈ​បុណ្យ​សក្ដិ​ផ្កាយ ៤ ឬ​ផ្កាយ ៣ ស្មើគ្នា គាត់​ពិបាក​បញ្ជា​ណាស់។ អ៊ីចឹង​បើ​គាត់​ឡើង​ផ្កាយ ៤ គាត់​អាច​ងាយស្រួល​ក្នុង​ការ​បញ្ជា​អ្នក​នៅ​ក្រោម​ឱវាទ​បាន​បាន​ច្រើន​ជាង ហើយ​មាន​ប្រសិទ្ធភាព​ជាង»

ទោះជា​បែបនេះ​ក្ដី លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​ដំឡើង​សក្ដិ​ឱ្យ​លោក ហ៊ុន ម៉ាណែត នេះ ក៏​អាច​នាំ​ឱ្យ​មាន​ការ​រិះគន់​ពី​សាធារណជន​ដែរ ព្រោះ​មន្ត្រី​យោធា​ខ្លះ​មាន​សមត្ថភាព និង​បទ​ពិសោធន៍​ការងារ​យូរ​ឆ្នាំ ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​យស​សក្ដិ​ខ្ពង់ខ្ពស់​បែប​នេះ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃទី១៧ មីនា។

លោក ហ៊ុន ម៉ាណែត ទំនងជា​នាយ​ទាហាន​ក្មេង​ជាង​គេ ដែល​ទទួល​បាន​ឋានន្តរ​សក្ដិ​ផ្កាយ ៤។ លោក​មាន​អាយុ ៤៥ ឆ្នាំ ខណៈ​មន្ត្រី​យោធា​ផ្កាយ ៤ ប្រមាណ ៦០ នាក់​ផ្សេង​ទៀត សុទ្ធតែ​មាន​វ័យ​ចំណាស់ ក្នុង​នោះ អ្នក​ខ្លះ​ជា​អ្នក​បម្រើ​ស្មោះស្ម័គ្រ​របស់​លោក ហ៊ុន សែន និង​អ្នកខ្លះ​ជា​អ្នក​ធ្លាប់​តស៊ូ​ក្នុង​សម័យ​សង្គ្រាម​ជាមួយ​ឪពុក​របស់​លោក។

ក្នុង​ពេល​កំពុង​កាន់​តួនាទី និង​ឋានន្តរសក្តិ​ជាន់ខ្ពស់​ក្នុង​ជួរ​កងទ័ព​នេះ លោក ហ៊ុន ម៉ាណែត ក៏​បង្ហាញ​មុខ​ក្នុង​វេទិកា​សាធារណៈ​កាន់តែ​ញឹកញាប់ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត អាច​ធ្វើ​បែបនេះ​ទៅ​បាន ដោយសារ​ឪពុក​របស់​លោក​បាន​ត្រួសត្រាយ​ផ្លូវ​ឱ្យ​លោក​រួច​ជា​ស្រេច ក្នុង​បោះ​ជំហាន​ទៅ​រក​ការ​កាន់អំណាច​ត​វង្ស​ត្រកូល។

ទោះជាយ៉ាងណា សារព័ត៌មាន​អន្តរជាតិ Asia Times បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​របស់​ប្រភព​មួយ​ចំនួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ កំពុង​ទប់ទល់ និង​អាច​បំផ្លាញ​ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត។ ប្រភព​ដដែល​បញ្ជាក់​ថា បញ្ហា​នេះ​កើតឡើង​ដោយសារ​តែ​លោក ទៀ បាញ់ សុខ​ចិត្ត​ទទួល​ស្គាល់​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ជា​ថ្នូរ​ទៅ​នឹង​ការសន្យា​ថា កូនប្រុស​របស់​លោក​នឹង​ស្នង​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​បន្ត​ពី​លោក ប៉ុន្តែ​ការសន្យា​នេះ​បែរជា​មិន​ត្រូវ​បាន​គោរព​ឡើយ។

ក្រោយ​ការ​ចេញ​ផ្សាយ​អត្ថបទ​នេះ លោក ទៀ បាញ់ បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក និង​គ្រួសារ​នៅតែ​គាំទ្រ លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ទាក់ទង​នឹង​រឿង​នេះ​ទេ។

ក៏ប៉ុន្តែ​ទំនងជា​ដើម្បី​កុំ​ឱ្យ​បែកបាក់​ផ្ទៃ​ក្នុង លោក ហ៊ុន សែន ក៏​ប្រឹង​តែងតាំង ឬ​ផ្ដល់​តួនាទី​សំខាន់ៗ​ឱ្យ​ទៅ​កូនចៅ​របស់​ក្រុម​មន្ត្រី​គ្រាក់ៗ​នៃ​របប​ដឹកនាំ​របស់​លោក​ជា​បន្តបន្ទាប់​ដែរ ក្នុង​អាណត្តិ​ទី ៦ នេះ។ ការ​តែងតាំង​ថ្មី​ចុងក្រោយ មាន​ជា​អាទិ៍ កូនស្រី​របស់​អគ្គទេសាភិបាល​ធនាគារ​ជាតិ លោក ជា ចាន់តូ ឈ្មោះ ជា សិរី ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ទេសាភិបាល​រង​ធនាគារជាតិ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​កូនប្រុស​របស់​លោក យឹម ឆៃលី ដន្លង​របស់​លោក ហ៊ុន សែន គឺ​លោក យឹម លាង ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​ទីប្រឹក្សា និង​ជា​នាយករង​ខុទ្ទកាល័យ​លោក សាយ ឈុំ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ខណៈ​លោក យឹម លាង កំពុង​កាន់​តួនាទី​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ

No comments: