Friday 24 March 2023

មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស នឹង​ធ្វើ​ឱ្យ​អន្តរជាតិ​សង្ស័យ​កាន់​តែ​ខ្លាំង​លើ​វត្ត​មាន​យោធា​ចិន​នៅ​កម្ពុជា


ដោយ មាន ឫទ្ធិ
2023.03.23
មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស នឹង​ធ្វើ​ឱ្យ​អន្តរជាតិ​សង្ស័យ​កាន់​តែ​ខ្លាំង​លើ​វត្ត​មាន​យោធា​ចិន​នៅ​កម្ពុជា 

កងទ័ពរំដោះប្រជាជនចិន នៅក្នុង​សមយុទ្ធយោធាមរួមគ្នា រវាង​កងទ័ព​ចិន និង​កម្ពុជា ឈ្មោះ «នាគមាស ឆ្នាំ២០២៣» នៅ​ទីលាន​បាញ់​គ្រាប់​ពិត​នៃ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅ​តំបន់​ភ្នំ​ជុំ​សែន​រីក​រាយ​ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ច្រក​កូវ ​ឃុំពាម​ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់​ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី ២២ ​ខែ​មីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកក្រសួងការពារជាតិ


 

មន្ត្រី​គណ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ព្រួយ​បារម្ភ​ថា ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​តែ​ជា​មួយ​ចិន​នៅ​ពេល​នេះ នឹង​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរ​ជាតិ ជា​ពិសេស​សហរដ្ឋ​អាមេរិក កាន់​តែ​មាន​ការ​សង្ស័យ​ខ្លាំង​ឡើង​ពី​វត្ត​មាន​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា។ ការ​ព្រួយ​បារម្ភ​នេះ​ធ្វើ​ឡើង ខណៈ​យោធា​កម្ពុជា-ចិន​ជិត​ ៩​រយ​នាក់ បាន​ចាប់​ផ្ដើម​ធ្វើ​សម​យុទ្ធ​នាគ​មាស​ប្រចាំ​ឆ្នាំ២០២៣ ជា​ផ្លូវ​ការ​រួម​គ្នា​រយៈ​ពេល​ជាង ១០ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៣ មីនា​នេះ​ទៅ។
Chinese_Soldiers_in_Neak_Meas_Military_Exercise_2023_1.jpg
 

កងទ័ពរំដោះប្រជាជនចិន នៅក្នុង​សមយុទ្ធយោធាមរួមគ្នា ជាមួយ​កងទ័ព​​កម្ពុជា ឈ្មោះ «នាគមាស ឆ្នាំ២០២៣» នៅ​ទីលាន​បាញ់​គ្រាប់​ពិត​នៃ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ នៅ​តំបន់​ភ្នំ​ជុំ​សែន​រីក​រាយ​ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ច្រក​កូវ ​ឃុំពាម​ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់​ឆ្នាំង​ នៅ​ព្រឹក​ថ្ងៃ​ទី ២២ ​ខែ​មីនា ឆ្នាំ២០២៣។ រូប៖ ក្រសួងការពារជាតិ



កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ពាក់​ផ្កាយ​បួន​លើ​ស្មា​ថ្មីៗ នេះ បាន​ជំនួស​មុខ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​លោក ទៀ បាញ់ ធ្វើ​ជា​អធិបតី​ប្រកាស​បើក​ការ​ធ្វើ​សម​យុទ្ធ​យោធា​នាគ​មាស​ឆ្នាំ២០២៣។ ការ​ចេញ​មុខមាត់​របស់​លោក ហ៊ុន ម៉ាណែត នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក ទៀ បាញ់ ហាក់​ត្រូវ​បាន​គេ​ផាត់ចោល និង​បន្ថយ​ឥទ្ធិពល​គួរ​ឱ្យ​កត់​សម្គាល់។ លោក​បាន​ត្រឹមតែ​ទៅ​ចូល​រួម​កម្មវិធី​បែប​ពិធីការ​តូចតាច​មួយ​ដែល​គេ​មិនសូវ​ចាប់​អារម្មណ៍​នៅ​ឯ​ខេត្ត​កោះកុង​ឯ​ណោះ​ទៅវិញ។

សម​យុទ្ធ​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៣ ខែមីនា​ទៅ​ដល់​ថ្ងៃ​ទី៨ ខែមេសា មាន​កង​ទ័ព​កម្ពុជា​ចូល​រួម​ចំនួន ៥៨៣នាក់ និង​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ចំនួន ២៥៧នាក់។ សមយុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​មហា​អំណាច​កុម្មុយនិស្ត​ចិន បាន​ធ្វើ​ឡើង​ស្រប​ពេល​ប្រទេស​លោក​ខាង​លិច ពិសេស​សហ​រដ្ឋ​អាមេរិក កំពុង​បន្ត​មាន​ការ​សង្ស័យ​ថា​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​មាន​វត្ត​មាន​យោធា​ចិន​ឈរ​ជើង​នៅ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេ​រី​នៅ​ថ្ងៃ​ទី២៣ មីនា​ថា វា​មិន​មែន​ជា​រឿង​ល្អ​ឡើយ ដែល​កម្ពុជា​សម្រេច​ចិត្ត​ធ្វើ​សម​យុទ្ធ​យោធា​ដើម្បី​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​តែ​ជា​មួយ​ប្រទេស​ចិន ហើយ​មិន​បាន​ចាប់​ផ្ដើម​ឡើង​វិញ​ឬ​ធ្វើ​សម​យុទ្ធ​ជា​មួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ទៀត ដូច​ជា​សហរដ្ឋ​អាមេរិក អូស្រ្ដាលី និង​ប្រទេស​បារាំង​ជា​ដើម​។ លោក​យល់​ថា បើ​កម្ពុជា​ធ្វើ​សម​យុទ្ធ​យោធា​ជា​មួយ​ចិន គឺ​ទាល់​តែ​ធ្វើ​សម​យុទ្ធ​ជា​មួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ដែរ ដើម្បី​កុំ​ឱ្យ​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ណា​មួយ​មក​លើ​កម្ពុជា។

    លោក អ៊ំ សំអាន៖ «ធ្លាប់​ធ្វើ​សម​យុទ្ធ​យោធា​ជា​មួយ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ត្រូវ​លុប​ចោល​ ត្រូវ​ធ្វើ​តែ​ជា​មួយ​ចិន។ អ៊ីចឹង! បង្ហាញ​ទៅ​ដល់​ពិភព​លោក​ថា កម្ពុជា គឺ​ធ្វើ​សម​យុទ្ធ​តែ​ជា​មួយ​ចិន មាន​ន័យ​ថា គឺ​ពឹង​ផ្អែក​ទាំង​ផ្នែក​យោធា និង​សេដ្ឋ​កិច្ច​ទៅ​លើ​ចិន​។ ដូច្នេះ! ធ្វើ​ឱ្យ​ប្រទេស​លោក​ខាង​លិច ជា​ពិសេស​សហរដ្ឋ​អាមេរិក កាន់​តែ​មាន​ការ​សង្ស័យ​បន្ថែម​ទៀត ពី​ការ​ដាក់​មូលដ្ឋាន​យោធា​របស់​ចិន នៅ​សមុទ្រ (មូលដ្ឋាន​ទ័ព) រាម និង​ខេត្ត​កោះ​កុង​ជា​ដើម​។ ជា​រឿង​មួយ​មិន​ល្អ​នោះ​ទេ»។

មន្ត្រី​គណ​បក្ស​ប្រឆាំង​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ​បន្ត​ថា នៅ​ពេល​កម្ពុជា​ស្ថិត​ក្រោម​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក ជុំវិញ​បញ្ហា​អាច​អនុញ្ញាត​ឱ្យ​មាន​វត្ត​មាន​យោធា​ចិន​ឈរ​ជើង​នៅ​ទឹក​ដី​របស់​ខ្លួន ដែល​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សន្តិសុខ​នៅ​ក្នុង​តំបន់ នោះ​សហរដ្ឋ​អាមេរិក​នឹង​អាច​ដាក់​ទណ្ឌ​កម្ម​លើ​កម្ពុជា បន្ថែម​ពី​ការ​មិន​បន្ត​ប្រពន្ធ​អនុគ្រោះ​ពន្ធ GSP និង​ការ​ដាក់​ទណ្ឌ​កម្ម​មួយ​ចំនួន​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​។ លោក​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​បញ្ហា​នេះ​ពិត​ជា​កើត​ឡើង​មែន នោះ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ជាតិ​មិន​អាច​រីក​ចម្រើន​ឡើយ​ ហើយ​នឹង​ធ្វើ​ឱ្យ​ពល​រដ្ឋ ពិសេស​កម្ម​ករ​ប្រឈម​ធ្លាក់​ខ្លួន​ក្រី​ក្រ ដោយ​សារ​គ្មាន​ការ​ងារ​ធ្វើ​។ លើស​ពី​នេះ វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ដឹក​នាំ​តាម​បែប​អំណាច​ផ្ដាច់​ការ​ត​វង្ស​ត្រកូល និង​មាន​ការ​ជិះ​ជាន់​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​លោក ហ៊ុន សែន ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​ចិន​កុម្មុយនិស្ត។

ការ​លើក​ឡើង​ពី​មន្ត្រី​គណ​បក្ស​ប្រឆាំង​នេះ បាន​ធ្វើ​ឡើង​ខណៈ​លោក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជា​ការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​បាន​ប្រកាស​ថា សម​យុទ្ធ​នាគ​មាស​ឆ្នាំ២០២៣ ដែល​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​«​ប្រតិបត្តិការ​ការ​ពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ និង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ធម៌ នៃ​កង​ទ័ព​ទាំង​ពីរ​កម្ពុជា-ចិន នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ គាំទ្រ​ដំណើរ​ការ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ឱ្យ​កាន់​តែ​រឹង​មាំ និង​ទទួល​បាន​សមិទ្ធ​ផល​ថ្មីៗ បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​បណ្ដាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ស្និទ្ធ​នឹង​លោក ហ៊ុន សែន (Freshnews)។

ប្រភព​ដដែល​នេះ​បន្ត​ថា លោក ហ៊ុន ម៉ាណែត ក៏​បាន​រំឭក​ពី​គុណ​សម្បត្តិ​នៃ​ការ​ផ្ដើម​ចេញ​ពី​ទស្សន​កិច្ច​របស់​លោក ហ៊ុន សែន ទៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ១៩៩៩ បាន​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ជំនួយ​ផ្នែក​យោធា​ជា​បន្ត​បន្ទាប់​ពី​ចិន និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​ច្រើន​ទៀត ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​គ្នា ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស និង​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ដូច​នៅ​ពេល​នេះ​ជា​ដើម។

កម្ពុជា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​ត​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​លម្អៀង​កាន់​តែ​ខ្លាំង​ទៅ​ប្រទេស​ចិន នៅ​ពេល​លោក​ព្យាយាម​លើក​បន្តុប​កូន​ឱ្យ​ត្រៀម​ដឹក​នាំ​បន្ត តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលា​ការ​បង្ក្រាប​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង​ឱ្យ​ជាប់​ពន្ធ​នា​គារ និង​ខ្លះ​ត្រូវ​រស់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូប​ភាព​លើ​សកម្មជន​បក្ស​នយោបាយ​ប្រឆាំង អ្នក​សារ​ព័ត៌មាន​ឯក​រាជ្យ និង​សង្គម​ស៊ីវិល​ជា​ដើម​។

កម្ពុជា​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​លោក​ខាង​លិច ជា​ពិសេស​សហរដ្ឋ​អាមេរិក កាន់​តែ​មាន​ការ​សង្ស័យ​និង​មិន​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន បាន​សម្រេច​លុប​ចោល​សម​យុទ្ធ​យោធា​រួម​គ្នា​«​ឆ្មាំ​អង្គរ​»​ជា​មួយ​សហ​រដ្ឋ​អា​មេ​រិក​កាល​ពី​ឆ្នាំ​២០១៧ និង​បន្ទាប់​ពី​សារ​ព័ត៌មាន​ឈ្មោះ ឌឹ វ៉រ ស្ទ្រីត ជូណល (The Wall Street Journal) ផ្សាយ​កាល​ពី​ឆ្នាំ២០១៩ ថា កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើ​ប្រាស់​មួយ​ផ្នែក​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​សម្រាប់​រយៈ​ពេល ៣០ឆ្នាំ ​ហើយ​នឹង​មាន​ការ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​រៀង​រាល់ ១០ឆ្នាំ​ម្ដង។ ក្រៅ​ពី​នេះ ការ​វាយ​កម្ទេច​អគារ​ដែល​សាង​សង់​ឡើង​ដោយ​ជំនួយ​សហ​រដ្ឋ​អាមេរិក ដោយ​មិន​ជូន​ដំណឹង​ជា​មុន​កាល​ពី​ឆ្នាំ២០២០ ដើម្បី​សាង​សង់​អគារ​ថ្មី​ដែល​ជា​ជំនួយ​របស់​ចិន។

ទោះ​ជា​យ៉ាង​ណា​កាល​ពី​ថ្ងៃ​ទី​១៦​មីនា លោក ហ៊ុន សែន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​មាន​វត្ត​មាន​យោធា​ចិន​ឈរ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ជា​យុទ្ធ​នា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​។ លោក​បន្ត​ថា កម្ពុជា​មាន​សិទ្ធិ​ដើម្បី​អភិវឌ្ឍ និង​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​ទ័ព​រាម ដើម្បី​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​ជើង​ទឹក​ការ​ពារ​អធិបតេយ្យ​ជាតិ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់​ពន្ធ​មនុស្ស រត់​ពន្ធ​គ្រឿង​ញៀន ការ​នេសាទ​ខុស​ច្បាប់ ឬ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៅ​ក្នុង​សមុទ្រ និង​មិន​មែន​ជា​ការ​គំរាម​កំហែង​ទៅ​ប្រទេស​ណា​មួយ​ឡើយ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ យល់​ឃើញ​ថា វា​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ គួរ​តែ​មាន​ទំនាក់​ទំនង​ល្អ​ខាង​សេដ្ឋ​កិច្ច​និង​យោ​ធា​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​។ លោក​បន្ត​ថា មេ​ដឹក​នាំ​កម្ពុជា គួរ​អនុ​វត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ ចៀស​វាង​ការ​បង្ហាញ​គោល​ជំហរ​ណា​មួយ​ដែល​មាន​ភាព​លម្អៀង ព្រោះ​វា​នឹង​មិន​ផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​កម្ពុជា​ឡើយ​។

    លោក កើត សារ៉ាយ៖ «កម្ពុជា​ហាក់​ដូច​ជា​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ភាគី​ចិន ខ្ញុំ​មិន​បាន​បដិសេធ​ថា វា​មិន​មាន​ផល​ប្រយោជន៍​អី​សម្រាប់​កម្ពុជា​ទេ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ វា​មិន​បាន​នាំ​មក​នូវ​ផល​ចំណេញ​ច្រើន សម្រាប់​កម្ពុជា​ទេ ហើយ​វា​អាច​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ ឬ​ធ្វើ​ឱ្យ​មាន​ការ​អាក់​អន់​ចិត្ត​ពី​ប្រទេស​បណ្ដា​ប្រទេស​លោក​សេរី»។

ចំណែក​អ្នក​វិភាគ​នយោបាយ​បណ្ឌិត សេង សារី លើក​ឡើង​ថា ការ​មិន​ព្រម​បន្ត​ឬ​ពន្យារ​ពេល​ដោយ​ចេតនា​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​យោធា​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្រៅ​ពី​ប្រទេស​ចិន នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​រង​ការ​រិះ​គន់​បន្ថែម​ទៀត​។ លោក​បន្ត​ថា នៅ​ពេល​នេះ វា​អាស្រ័យ​នៅ​លើ​កម្ពុជា ថា​តើ​ត្រូវ​ធ្វើ​នយោបាយ​ការ​បរ​ទេស​បែប​ណា នៅ​ពេល​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ឥទ្ធិ​ពល​នយោបាយ​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​នៅ​ក្នុង​តំបន់​អាស៊ាន។ លោក​បន្ថែម​ថា ប្រសិន​បើ​ចិន ឬ​សហរដ្ឋ​អាមេរិក អាច​ចាប់​យក​កម្ពុជា​បាន នោះ​ស្មើ​នឹង​ការ​ចាប់​យក​បាន​តំបន់​អាស៊ាន​ទាំង​មូល ហើយ​វា​ជា​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កម្ពុជា។

    បណ្ឌិត សេង សារី៖ «កង់​ប្រវត្តិសាស្ត្រ​ហាក់​ដូច​ជា​ត្រឡប់​មក​វិញ បើ​សិន​ដូច​ក្នុង​ករណី កម្ពុជា​ចាប់​យក​ប្រទេស​ណា​មួយ​ដូច​ពី​សម័យ​ក្រោយ​សង្គម​រាស្រ្ដ​និយម គឺ​កម្ពុជា​នឹង​ប្រឈម​ក្លាយ​ទៅ​ជា​សង្វៀន​នៃ​ការ​ប្រកួត​ប្រជែង​អំណាច​របស់​មហា​អំណាច​ពិភព​លោក​ម្ដង​ទៀត​។ ហើយ​លើក​នេះ កម្ពុជា​នឹង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​រ៉ាំ​រ៉ៃ និង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។ ដូច្នេះ សរុប​មក​វិញ ខ្ញុំ​យល់​ថា ការ​ធ្វើ​សម​យុទ្ធ​យោធា​ជា​មួយ​ប្រទេស​ចិន​មិន​មែន​ជា​កំហុស​ទេ ប៉ុន្តែ​ការ​ធ្វើ​តុល្យ​ភាព​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ទេ ដែល​កម្ពុជា​គួរ​តែ​ពិចារណា»។

មន្ត្រី​គណ​បក្ស​ប្រឆាំង​មើល​ឃើញ​ថា មូល​ហេតុ​ដែល​លោក ហ៊ុន សែន បន្ត​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​សហ​រដ្ឋ​អា​មេ​រិក ហើយ​បែរ​ជា​បង្កើន​ភាព​កាន់​តែ​ជិត​ស្និទ្ធ​នឹង​មិត្ត​ដែក​ថែប​ចិន ដោយ​សារ​លោក ហ៊ុន សែន ដឹង​ថា មាន​តែ​ចិន​ទេ​អាច​ជួយ​ការ​ពារ​អំណាច ផ្ដាច់​ការ​ត​វង្ស​ត្រកូល​របស់​លោក​បាន​។ លោក អ៊ំ សំអាន បន្ត​ថា លោក ហ៊ុន សែន ហាក់​មិន​ចង់​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោ​រព​សិទ្ធិ ដើម្បី​ឱ្យ​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ក្រុម​ប្រទេស​លោក​ខាង​លិច​វិញ​ឡើយ ដូច្នេះ! គឺ​លោក ហ៊ុន សែន នឹង​សុខ​ចិត្ត​ឱ្យ​បាត់​ការ​អនុ​គ្រោះ​ពន្ធ EBA បន្ថែម​ទៀត ដែល​នឹង​ឱ្យ​កម្ម​ករ​កាន់​តែ​ប្រឈម​គ្មាន​ការ​ងារ​ធ្វើ៕

No comments: