Saturday 11 March 2023

អ្នកវិភាគ​និង​មេដឹកនាំ​បក្ស​ប្រឆាំងថា ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​កំពុង​បែកបាក់​ផ្ទៃក្នុង


ដោយ ទីន ហ្សាការីយ៉ា
2023.03.11
អ្នកវិភាគ​និង​មេដឹកនាំ​បក្ស​ប្រឆាំងថា ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​កំពុង​បែកបាក់​ផ្ទៃក្នុង  
រដ្ឋមន្ត្រី​ក្រសួង​​ការពារជាតិ លោក ទៀ បាញ់។
រូប៖ ហ្វេសប៊ុក​លោក ទៀ បាញ់

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ច្រាន​ចោល​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ដែល​ប្រកាស​គាំទ្រ​កូនប្រុស​របស់​លោក ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​។ ទន្ទឹម​នឹង​លោក ទៀ បាញ់ ចេញមុខ​បដិសេធ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី នេះ ស្ថាប័ន​កង​យោគ​ពល​ខេមរភូមិន្ទ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ ចេញ​ញត្តិ​ថ្កោលទោស លោក សម រង្ស៊ី ព្រោងព្រាត។

រីឯ​អ្នកវិភាគ​វិញ​អះអាង​ថា ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​បែក​បាក់​ផ្ទៃក្នុង ដោយសារតែ​ពួកគេ​មួយចំនួន មិន​គាំទ្រ លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ត​ពូជ។

អ្នកវិភាគ​នយោបាយ អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​បែកបាក់​ផ្ទៃក្នុង ដោយសារតែ​ពួកគេ​មិន​គាំទ្រ លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​មក​នេះ មិនមែន​មាន​តែ​ប្រជាពលរដ្ឋ​ទេ ដែល​រង​ការ​ឈឺចាប់ ទទួល​ទុក្ខទោស សូម្បីតែ​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​ជួរ​គណបក្ស​កាន់អំណាច ក៏​មិន​ពេញចិត្ត​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែរ។ លោក​បន្ថែម​ថា កម្ពុជា​មិន​មាន​បដិវត្តន៍​ពណ៌​កើត​ចេញ​ពី​ប្រជាពលរដ្ឋ ឬ​ក្រុម​ណាមួយ​នៅ​ក្រៅ​រដ្ឋាភិបាល​នោះ​ឡើយ។ លោក​អះអាង​ថា បដិវត្តន៍​ពណ៌​អាច​កើតឡើង ផុស​ចេញ​ពី​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្ដង​។ លោក​អះអាង ទៀត​ថា ឥលូវ​នេះ ក្រុម​លោក ស ខេង និង លោក ទៀ បាញ់ មិន​ពេញចិត្ត​លោក ហ៊ុន សែន ដែល​គ្រោង​ចែក​កេរ្តិ៍​ឲ្យ​កូន​ដឹកនាំ​កម្ពុជា​បន្ត​ឡើយ។

លោក គឹម សុខ៖ «លោក ទៀ បាញ់ តតាំង​ជាមួយ​លោក ហ៊ុន សែន តាំងពី​អាណត្តិ​ទី​១​មក​ម្ល៉េះ នេះ​ជា​សញ្ញា​ដែល​អាច​ផ្ទុះ​បដិវត្តន៍​នៅក្នុង​គណបក្ស។ មួយ​វិញ​ទៀត លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ហើយ លោក​នៅតែ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល រីឯ​កូន​របស់​លោក ជា​នាយករដ្ឋមន្ត្រី។ បញ្ហា​នេះ ទំនងជា​កំពុងតែ​បែកបាក់​ផ្ទៃក្នុង​ហើយ ពីព្រោះ​ទាំង​លោក ស ខេង និង លោក ទៀ បាញ់ មិន​ព្រម​ឲ្យ​កូន​ឡើងជា​នាយករដ្ឋមន្ត្រី ហើយ​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​នោះ​ទេ»

 

ការ​លើកឡើង​របស់​លោក គឹម សុខ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ចលនា​បដិវត្តន៍​ពណ៌ ហើយ​នាំគ្នា​ការពារ​សន្តិភាព​របស់​លោក​។

លោក ហ៊ុន សែន៖ «សូមកុំ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ជំរុញ​ឲ្យ​មាន​សង្គ្រាម​ឬ​បដិវត្តន៍​ពណ៌​ឲ្យ​សោះ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ យើង​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ធ្វើ​សកម្មភាព​បដិវត្តន៍​ពណ៌​ទាំង​នៅក្នុង​ស្រុក ឬ​បរទេស​ក្រោម​រូបភាព​សិទ្ធិមនុស្ស​នោះ​ឡើយ យើង​មិន​ឲ្យ​មាន​សង្គ្រាម​ឡើងវិញ​នោះ​ទេ»

ទោះបីជា​យ៉ាងនេះ​ក្ដី លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​លើក​ឡើង​ជា​សាធារណៈ​ថា ចលនា​បដិវត្តន៍​ពណ៌​គឺ​កើត​ចេញ​ពី​ផ្ទៃ​ក្នុង របស់​រដ្ឋាភិបាល​ខ្លួនឯង​តែម្តង ដែល​មាន​មន្ត្រី​អសកម្ម​មិន​យកចិត្តទុក​ដាក់​បម្រើ​រាស្ត្រ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​ប្រយោជន៍​របស់​ពលរដ្ឋ។

ការ​លើកឡើង​របស់​លោក ស ខេង នេះ ត្រូវ​បាន​អ្នកវិភាគ​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ប្រេះស្រាំ។

ទាក់ទង​នឹង​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯង​វិញ ក៏បាន​អះអាង​អំពី​មូលហេតុ​នៃ​ការ​បិទ​សារព័ត៌មាន​វីអូឌី (VOD) កាល​ពី​ពេល​ថ្មីៗ​នេះ ថា ជា​ការ​ផ្សាយ​ធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​នេះ​ដែរ​។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា វិទ្យុ​វីអូឌី ផ្សាយ​ថា លោក ហ៊ុន ម៉ា​ណែ​ត ចុ​ហត្ថលេខា​ផ្ដល់​ជំនួយ​ឲ្យ​ប្រទេស​តួគី (Turkey) ជំនួស​លោក​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក និង​កូនប្រុស​របស់​លោក​។ លោក​អះអាង​ទៀត​ថា ការផ្សាយ​បែបនេះ គឺ​ធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ កាសែត Asia Time បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​អំពី​ជម្លោះ​ដណ្តើម​អំណាច​រវាង​គ្រួសារ​លោក ទៀ បាញ់ និង​លោក ហ៊ុន សែន នៅ​ក្រសួង​ការពារ​ជាតិ។ កាសែត​ផ្សាយ​ថា លោក ទៀ បាញ់​ព្រម​ទទួលយក ហ៊ុន ម៉ាណែត ដោយសារតែ​លោក ហ៊ុន សែន បាន​សន្យា​ថា កូនប្រុស​លោក ទៀ បាញ់ លោក ទៀ សីហា សព្វ​ថ្ងៃជា​អភិបាលខេត្ត​សៀមរាប នឹង​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។ កាសែត​ក៏​បន្ត​ទៀត​ថា ចិន​ប្រហែលជា​មិន​ពេញ​ចិត្តនឹង​បេក្ខជន​នាយករដ្ឋមន្ត្រី របស់​លោក ហ៊ុន ម៉ាណែត នោះ​ទេ ដោយសារតែ លោក​ទទួល​បាន​ការ​អប់រំ​ពី​ប្រទេស​លោក​ខាងលិច។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកថា ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទទួល​សំឡេង​សន្លឹកឆ្នោត ៤៤% (​សល់​ពី​គេ​លួច​) ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ ២០១៣ និង​ថ្នាក់​ឃុំ​-​សង្កាត់ ឆ្នាំ ២០១៧​។ លោក​សូម​គាំទ្រ​បេក្ខភាព​លោក ទៀ សីហា ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​រដ្ឋសភា​ទី ៧ គឺ​ពី​ឆ្នាំ ២០២៣ ដល់ ២០២៨។

លោក សម រង្ស៊ី បន្ត​ថា ប្រជារាស្ត្រ​ខ្មែរ ដែល​ចង់​បាន​សេរីភាព និង​យុត្តិធម៌ ត្រូវតែ​រួបរួម​គ្នា ជុំវិញ​ករណី លោក ទៀ សីហា លោក ទៀ បាញ់ និង​លោក ទៀ វិញ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ តាម​បែប​បទ​ប្រជាធិបតេយ្យ គឺ​ដោយ​អហិង្សា និង​សន្តិវិធី តាមរយៈ​ការបោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​។ ការ​ផ្លាស់ប្ដូរ​បែបនេះ នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា មាន​អ្នកដឹកនាំ​ថ្មី ដែល​មិនមែន​ជា ឃាតក ជា​ជន​មហា​សែន​ពុករលួយ​បំផ្លាញ​ជាតិ និង​ជន​ក្បត់ជាតិ ដូច​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​នោះ​ឡើយ។

ឆ្លើយតប​នឹង​ចំពោះ​គាំទ្រ​របស់​លោក សម រង្ស៊ី នេះ លោក ទៀ បាញ់ និង​ស្ថាប័ន​កងទ័ព​ផ្សេងទៀត នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការពារជាតិ​នោះ បាន​ចេញ​លិខិត​បដិសេធ និង​ថ្កោលទោស លោក សម រង្ស៊ី។ លោក ទៀ បាញ់ ហៅ​ខ្លឹមសារ លោក សម រង្ស៊ី លើក​ឡើង​បែប​នេះ​ថា ជា​រឿង​ញុះញង់ និង​បំបែកបំបាក់​ទៅវិញ។ លោក ទៀ បាញ់ សរសេរ​ទៀត​ថា លោក និង​ក្រុមគ្រួសារ​នៅតែ​គាំទ្រ លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដដែល។

ទោះបីជា​យ៉ាងនេះ​ក្ដី ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ចេញ​លិខិត​បដិសេធ​របស់​លោក ទៀ បាញ់ នេះ មិន​អាច​សន្មត​ថា ជា​រឿង​ធ្វើឡើង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​របស់​លោក ហ៊ុន សែន ឡើយ​។ អ្នកវិភាគ​នៅតែ​មើល​ឃើញ​ថា ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាកដ​ជា​មាន​អ្នកជំទាស់​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នេះ បើ​មិន​អីចឹង​ទេ មិនមែន​លោក ហ៊ុន សែន ដាក់​ផែនការ​បន្សុទ្ធ​អំណាច​ខ្សែស្រឡាយ​លោក ជា ស៊ីម នោះ​ទេ។ លោក ហ៊ុន សែន ធ្លាប់​ចាប់​ប្រធាន​អង្គរក្ស និង​ជំនួយការ​ផ្ទាល់​លោក ជា ស៊ីម ដាក់​ពន្ធនាគារ កាល​លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មាន​ជីវិត ដែល​បញ្ហា​នេះ អ្នកវិភាគ​មើល​ឃើញ​ថា ជា​ផែនការ​របស់​លោក ហ៊ុន សែន គ្រោងទុក​តាំងពី​យូរ​មក​ណាស់​ហើយ ចំពោះ​អ្នកណា​ហើយ ដែល​លោក​មើល​ឃើញ​ថា ជា​ឧបសគ្គ​ដល់​ផែនការ​ផ្ទេរអំណាច​របស់​លោក។ មក​ទល់​ពេល​នេះ ត្រកូល​លោក ជា ស៊ីម សឹងតែ​បាត់​នៅក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ។

អ្នកវិភាគ​មើលឃើញ​ថា មាន​តែ​លោក ទៀ បាញ់ និង លោក ស ខេង ប៉ុណ្ណោះ ដែល​ជា​ឧបសគ្គ​របស់​លោក ហ៊ុន សែន ដោយសារតែ​លោក ស ខេង គ្រប់គ្រង​ក្រសួង​មហាផ្ទៃ ហើយ​លោក ទៀ បាញ់ កាន់កាប់​ក្រសួង​ការពារជាតិ មាន​កង​កម្លាំង​នៅ​ក្នុង​ដៃ។ ក្រុម​អ្នកវិភាគ​លើកឡើង​ថា នៅ​ពេល​ខាងមុខ ប្រសិនបើ​មាន​ចលនា​ងើបឡើង​ប្រឆាំង​នឹង​លោក ហ៊ុន សែន នោះ មិន​មែន​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​កើត​ចេញ​ពី​ផ្ទៃក្នុង​របស់​គណបក្ស​កាន់អំណាច ដែល​កំពុងតែ​រង្គោះរង្គើ​ស្រាប់​នេះ៕

No comments: