Friday 10 March 2023

សាមណេរ​ខ្មែរ​ក្រោម យឿង ខាយ ប្ដេជ្ញា​សុខ​ចិត្ត​សុគត​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម


ដោយ យន់ សាមៀន
2023.03.09
សាមណេរ​ខ្មែរ​ក្រោម យឿង ខាយ ប្ដេជ្ញា​សុខ​ចិត្ត​សុគត​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម  
សាមណេរ យឿង ខាយ កាល​នៅជាគ្រហស្ថ។
Photo Courtesy of KKF

សមាគម​ពុទ្ធ​សាសនា​វៀតណាម​នៅ​ខេត្ត​លង់ហោរ បាន​បដិសេធ​មិន​ទទួល​ស្គាល់​សាមណេរ យឿង ខាយ ជា​បព្វជិត​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដោយ​សំអាង​ថា​ សាមណេរ​ យឿង ខាយ មិន​បាន​សុំច្បាប់​បួស​និង​មិនមែន​ជា​សមាជិក​សមាគម​ពុទ្ធ​សាសនា​វៀតណាម។ ពាក់ព័ន្ធ​នឹង​រឿង​នេះ ​សាមណេរ​ យឿង ខាយ ប្ដេជ្ញា​បន្ត​បួស​និង​គង់​ក្នុង​វត្ត​​ធ្វើ​ការងារ​តស៊ូ​មតិ ដើម្បី​ទទួល​បាន​សិទ្ធិ​ជា​ជាតិ​ដើម​និង​ការពារ​វត្ត និង​សាលា​ឆទាន​ក្នុង​ខេត្ត​កុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​រឹបអូស​និង​បំផ្លាញ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​​​​​​ថ្កោល​ទោស​ទង្វើ​របស់​សមាគម​ពុទ្ធ​សាសនា​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ដែល​ហ៊ាន​ងើប​ឡើង​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម និង​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា។ សហព័ន្ធ​បាន​ស្នើ​ឲ្យ​សមាគម​ពុទ្ធ​សាសនា​វៀតណាម​ទទួល​ស្គាល់ ​សាមណេរ​ យឿង ខាយ ជា​ព្រះ​សង្ឃ​ស្រប​ច្បាប់ និង​អាច​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​បាន។

ប្រធាន​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ធីធី ធម្មោ មាន​ថេរ​ដីកា​ថា សាមណេរ​ យឿង ខាយ បាន​បួស​ស្រប​តាម​វិន័យ​របស់​ព្រះពុទ្ធ​សាសនា​​ ដូច្នោះ​សាមណេរ​ យឿង ខាយ មាន​លក្ខណៈ​សម្បត្តិ​ជា​ព្រះសង្ឃ​ពេញ​សិទ្ធិ។ ព្រះភិក្ខុ ធីធី ធម្មោ ចាត់​ទុក​ទង្វើ​របស់​ព្រះ​សង្ឃ​វៀតណាម​ថា ​ជា​ការ​ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធ​សេរីភាព​ផ្នែក​សាសនា​របស់​ខ្មែរ​កម្ពុជា​ក្រោម។

ព្រះភិក្ខុ ធីធី ធម្មោ៖ «ព្រះ​សង្ឃ​វៀតណាម​មិន​ទទួល​ស្គាល់​មិន​ទទួល​ស្គាល់​សាមណេរ យឿង ខាយ នៅ​វត្ត​ទ្រនំ​សេក​ហ្នឹង​​ ទង្វើ​នេះ​ជា​ការ​ប្រាសចាក​របស់​ព្រះ​ពុទ្ធសាសនា ក៏​ដូចជា​ការប្រតិបត្តិ​ព្រះពុទ្ធ​សាសនា និង​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជន​ជាតិ​ដើម។​ មើលទៅ​ជា​ការលំអៀង​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ហើយ​ការ​បួស​របស់​សាមណេរ យឿង ខាយ ហ្នឹង​ស្រប​ច្បាប់»

 

ប្រតិកម្ម​របស់​ព្រះភិក្ខុ ធីធី ធម្មោ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​ពុទ្ធ​សាសនា​វៀតណាម នៅ​ខេត្ត​លង់ហោរ កាលពី​ថ្ងៃ​ទី​១ ខែ​មីនា បាន​បដិសេធ​មិន​ទទួល​ស្គាល់​ សាមណេរ យឿង ខាយ ជា​បព្វជិត​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា។ គណៈកម្មាធិការ​សមាគម​ពុទ្ធ​សាសនា​វៀតណាម​អះអាង​ថា ​សាមណេរ​ យឿង ខាយ មិន​បាន​ធ្វើ​លិខិត​ស្ម័គ្រ​ចិត្ត​សុំ​ចូល​បួស និង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​សមាគម​ពុទ្ធ​សាសនា​វៀតណាម។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ព្រះសង្ឃ​វៀតណាម​ដែល​មាន​អាជ្ញាធរ​វៀតណាម​​នៅ​ពី​ក្រោយ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​សាមណេរ យឿង ខាយ ជា​ព្រះសង្ឃ​ស្រប​ច្បាប់។ កាល​ពី​ដើម​ខែ​មករា​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​ខេត្ត​ឃ្លាំង​ ដែល​ជា​ស្រុក​កំណើត​របស់​សាមណេរ យឿង ខាយ ​ក៏​បាន​ប្រាប់​ទៅ​ដល់​ព្រះ​ចៅ​អធិការ ​ទូទាំង​ខេត្ត កុំ​ទទួល​ស្គាល់​សាមណេរ យឿង ខាយ ជា​ព្រះ​សង្ឃ​ស្រប​ច្បាប់​។ ព្រះសង្ឃ​វៀតណាម​ក៏​គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​នឹង​ព្រះចៅ​អធិការ​វត្ត​ណា​ដែល​ហ៊ាន​ទទួល​ស្គាល់​សាមណេរ​យឿង ខាយ និង​ឲ្យ​ព្រះអង្គ​គង់​ក្នុង​វត្ត។ ជុំវិញ​ការ​​ធ្វើ​ទុក្ខបុក​ម្នេញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ​ដែរ​សាមណេរ យឿង ខាយ បញ្ជាក់​ជំហរ​ថា ​ព្រះ​សង្ឃ​នឹង​មិន​ចាក​ចេញ​ពី​វត្ត​ឬ​ក៏​សឹក​នោះ​ទេ ពីព្រោះ​ព្រះអង្គ​បួស​ស្រប​ច្បាប់ ​មាន​ការ​ទទួល​ស្គាល់​ពី​ព្រះចៅ​អធិការ​វត្ត​មង្គល​ទ្របុរីនំសេក

សាមណេរ យឿង ខាយ៖ «សមាគម​សង្ឃ​យួន​ហ្នឹង​ឃុបឃិត​គ្នា​រឹត​ត្បិត​សេរីភាព​សាសនា​ខ្លាំង​ណាស់​បង។ ឃើញ​អាត្មា​បញ្ចេញមតិ ​និង​បង្ហោះ​មាន​ទង់​ជាតិ​អ្វីៗ​ហ្នឹង​គេ​មិន​សប្បាយ​ចិត្ត​ទេ»

សាមណេរ យឿង ខាយ ឲ្យ​ដឹង​​ទៀត​ថា​បច្ចុប្បន្ន​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង ក៏​កំពុង​ធ្វើ​បាប​ឪពុក​ម្ដាយ​ព្រះ​សង្ឃ​ដោយ​បង្ខំ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​​ឈប់​ជួល​ផ្ទះ​ឲ្យ​ពួកគេ​រស់នៅ។ សាមណេរ​យឿង ខាយ ប្ដេជ្ញា​ស៊ូ​សុគត​ដើម្បី​បុព្វ​ហេតុ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា និង​ជនជាតិ​ដើម។

សាមណេរ យឿង ខាយ«កើត​មួយ​ជាតិ​ធាតុ​មួយ​ចាន​ទេ​បង។ ដល់​ណា​ដល់​ទៅ​បង​បើ​គេ​ឃុបឃិត​គ្នា​ធ្វើ​បាប​អាត្មា​ នៅ​ពេល​យើង​ផ្សព្វផ្សាយ​អ្វី​ដែល​ខ្មែរ​យើង​មាន​ហ្នឹង។ គេ​ធ្លាប់​លួច​របស់​យើង ពេល​យើង​បក​អាក្រាត​គេ​ គេ​ខ្មាស​យើង​គេ​ភ័យ»

អាជ្ញាធរ​បាន​ចិញ្ចឹម​ចិត្ត​ធ្វើ​ទុក្ខបុកម្នេញ សាមណេរ យឿង ខាយ ដោយសារ​តែ​ព្រះ​អង្គ​កាល​ពី​នៅ​ជា​គ្រហស្ថ​ ជា​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម។ អាជ្ញាធរ​វៀតណាម​ធ្លាប់​ខ្លួន​ព្រះ​អង្គ ជា​ច្រើន​លើក​និង​ផាក​ពិន័យ​ជាច្រើន​រយ​ដុល្លារ​រឿង​ចែកចាយ​ឯកសារ​ស្ដីពី​សិទ្ធិ​ជន​ជាតិ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​តាម​បណ្ដាញ​សង្គម​។​ពាក់ព័ន្ធ​នឹង​រឿង​សាមណេរ យឿង ខាយ នេះ​ដែរ​ អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ ក៏​ធ្លាប់​សំដែង​ក្តី​បារម្ភ​ករណី​វៀតណាម​ឃាត់​ខ្លួន សាមណេរ យឿង ខាយ កាល​ពី​នៅ​ជា​គ្រហស្ថ ​យក​ទៅ​ឃុំ​សួរ​ចម្លើយ និង​បង្ខំ​ឲ្យ​សារភាព​ទោស ​ដែល​​មិន​បាន​ប្រព្រឹត្ត។ អ្នក​ជំនួញ​អង្គការ​សហ​ប្រជា​ប្រជាជាតិ​បាន​ដាក់​សំណួរ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ឆ្លើយ​ករណី​នេះ​ដែរ​ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ កាល​ពី​ពេល​ថ្មីៗ​ នេះ ​គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋអាមេរិក​ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​កុំ​ធ្វើ​ទុក្ខបុកម្នេញ ​ការ​ប្រតិបត្តិ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។ គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​​អាមេរិក​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ កុំ​បំផ្លាញ​សាលា​ឆ​ទាន​របស់​ពលរដ្ឋ​ក្រោម​ ដែល​បាន​កសាង​សម្រាប់​គោរព​សាសនា ​និង​ជា​កន្លែង​បង្រៀន​អក្សរ​ខ្មែរ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​នៅ​ខេត្ត​លង់ហោរ។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក៏​រក​ឃើញ​ថា​រដ្ឋាភិបាល​វៀតណាម​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ និង​រើសអើង​សហគមន៍​ខ្មែរ​ក្រោម​ជា​ប្រព័ន្ធ។ រដ្ឋាភិបាល​វៀតណាម ក៏​តែងតែ​ជ្រៀតជ្រែក​ប្រតិបត្តិ​ការ​ផ្ទៃ​ក្នុង​របស់​ពុទ្ធសាសនិក​ខ្មែរ​ក្រោម ​និង​ចង់​ត្រួតត្រា​ខ្មែរ​ក្រោម​ បង្អាក់​ការ​អប់រំ​ជា​ភាសា​ខ្មែរ និង​ឃ្លាំមើល​ជា​លក្ខណៈ​ស្អប់​ខ្ពើម​លើ​មេ​ដឹក​នាំ​សហគមន៍​ខ្មែរ​ក្រោម។ មក​ទល់​ហ្នឹង​ថ្ងៃ​ទី៩មីនា សាមណេរ​យឿង ខាយ​បន្ត​គង់​នៅ​វត្ត​មង្គល​ទ្រ​បុរី​នំ​សេក​នៅ​ឡើយ​ហើយ​អាជ្ញាធរ​វៀតណាម​ក៏​មិន​ទាន់​ចាត់​វិធានការ​ប្រឆាំង​នឹង​ព្រះអង្គ​នៅ​ឡើយ​ទេ៕

No comments: