Saturday 18 March 2023

សភា​អឺរ៉ុប អនុម័ត​ជា​ផ្លូវការ​សេចក្ដី​សម្រេច​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត​ពី​កម្ពុជា


ដោយ មាន ឫទ្ធិ
2023.03.17
សភា​អឺរ៉ុប អនុម័ត​ជា​ផ្លូវការ​សេចក្ដី​សម្រេច​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត​ពី​កម្ពុជា 

(រូបឯកសារ) ពរលដ្ឋ​នៅ​ខេត្តបាត់ដំបង តម្រង់ជួរ​ចូល​ទៅ​បោះឆ្នោត កាលពីឆ្នាំ២០២២។
រូបពីពលរដ្ឋ


សភាអឺរ៉ុប អនុម័ត​ជា​ផ្លូវការ​សេចក្តីសម្រេច​ថ្មី​មួយ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ពី​កម្ពុជា ប្រសិនបើ​ការបោះឆ្នោត​ជាតិ​ខែកក្កដា ខាងមុខ ប្រព្រឹត្ត​ទៅ​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​មាន​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស។ ការ​អនុម័ត​សេចក្ដី​សម្រេច​នេះ ធ្វើឡើង​ក្រោយ​តុលាការ​ក្រោម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់ទោស​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ឱ្យ​ជាប់គុក ២៧ឆ្នាំ ជំនួស​ដោយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន និង​ការ​ដក​ហូត​សិទ្ធិ​ធ្វើនយោបាយ​អស់​មួយ​ជីវិត។

ការ​អនុម័ត​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១៦ ខែមីនា ដោយ​សំឡេង​គាំទ្រ ៤៩៦ សំឡេង ទល់នឹង​សំឡេង​ប្រឆាំង ១១ សំឡេង និង​សំឡេង​អនុប្បវាទ ៣៦ សំឡេង ក្នុង​ចំណោម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​សរុប ៧៥១ សំឡេង។

សេចក្ដី​សម្រេច​នេះ​ដំបូង​ឡើយ​ស្នើ​ដោយ​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​ជាង ៥០នាក់​នេះ កាលពី​ថ្ងៃទី១៥ ខែមីនា។



សេចក្ដី​សម្រេច​នេះ​មាន ៧ចំណុចធំៗ។ ចំណុច​សំខាន់​មួយ​នៃ​សេចក្ដី​សម្រេច​នេះ គឺ​ការ​អំពាវនាវ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិន​បើ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែកក្កដា​ខាងមុខ​នេះ ធ្វើឡើង​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​បន្ត​កើតមាន​ការរំលោភ​សិទ្ធិមនុស្ស។

ចាប់តាំង​ពី​ខែសីហា ឆ្នាំ២០២០មក សហភាព​អឺរ៉ុប បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា លើ​តម្លៃ​ទំនិញ​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជាង ១ពាន់​លាន​ដុល្លារ។ ការណ៍​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ២០១៧ និង​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ដែល​រង​នូវ​ការរិះគន់​ថា ជា​ការ​បោះ​ឆ្នោត «ក្លែងក្លាយ» ឬ «បង្គ្រប់​កិច្ច» កាលពី​ខែកក្កដា ឆ្នាំ២០១៨​កន្លងទៅ។

សេចក្តី​សម្រេច​ដែល​ទើប​អនុម័ត​ចុងក្រោយ​នេះ​ក្លាយ​ជា​ការព្រមាន​ផ្លូវការ​របស់​សភា​អឺរ៉ុប​ជា​លើក​ទី​ពីរ​ក្រោយ​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​ពី​កម្ពុជា។ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៥ កាលពី​ខែមិថុនា ឆ្នាំ២០២២​កន្លងទៅ សភា​អឺរ៉ុប​ធ្លាប់​បាន​អនុម័ត​សេចក្ដី​សម្រេច​ម្ដង​រួច​មក​ហើយ​ដោយ​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ EBA ទាំងស្រុង​ពី​កម្ពុជា បើ​រក​ឃើញ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រៅពី​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត​នេះ ចំណុច​ទី៦ នៃ​សេចក្ដី​សម្រេច​នេះ​ក៏​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​បុគ្គល​កម្ពុជា​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​ពាក់ព័ន្ធ​នឹង​ការ​រំលាយ និង​ការ​រឹតត្បិត​ជាបន្តបន្ទាប់​មក​លើ​ក្រុម​អ្នក​ប្រឆាំង​នៅ​កម្ពុជា​ផង​ដែរ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ រដ្ឋាភិបាល និង​រដ្ឋសភា​ឯក​បក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​ផ្លូវការ​ណាមួយ​ជុំវិញ​សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​នៅ​ឡើយ​ទេ។

វិទ្យុអាស៊ីសេរី​មិន​អាច​​សុំ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃ​ទី១៦ ខែមីនា ដោយ​ជំនួយ​ការ​លោក​ប្រាប់​ថា លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ។

ទោះ​យ៉ាង​ណា​ក្ដី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៦ ខែមីនា បាន​បញ្ចេញ​ប្រតិកម្ម​ជាបន្តបន្ទាប់​ក្រោយ​តុលាការ​របស់​លោក​បាន​ចេញ​សាលក្រម​កាត់ទោស​លោក កឹម សុខា។ លោក ហ៊ុន សែន ស្ដីបន្ទោស​ទូត​បរទេស​លោក​ខាង​លិច​មួយ​ចំនួន ដោយ​មិន​បញ្ចេញ​ឈ្មោះ ដែល​លោក​ថា ជា​អ្នក​ចូលរួម​ចំណែក «ដាក់ទោស»​លោក កឹម សុខា ដោយសារ​តែ​ពួកគេ​បាន​មាន​ជំនួប​ផ្ទាល់​ជាបន្តបន្ទាប់​ជាមួយ​លោក កឹម សុខា។

    លោក ហ៊ុន សែន៖ «វា​ជា​ការ​ជ្រៀតជ្រែក​មួយ ដែល​មាន​ចរិត​ជា​យុទ្ធនាការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ ហើយ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​លើក​នេះ គឺ​ចំ​ពេល​ដែល​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត។ អ៊ីចឹង​ទេ បាន​ជា​ខ្ញុំ​ប្រាប់​ទូត​មួយ​ថា កន្លងទៅ​នេះ ពួក​អ្នក​ឯង​ធ្វើ​សកម្មភាព​រួមចំណែក​ដាក់ទោស​មនុស្ស ដែល​គេ​ទើបនឹង​កាត់ទោស។ អ្នកឯង​សួរ​សុខ​ទុក្ខ​ចុះ សួរ​សុខ​ទុក្ខ​ឡើង។ បន្តិច​ជួបៗ។ អា​ហ្នឹង​ហើយ​ស្មាន​តែ​តុលាការ​គេ​មិន​យក​ចិត្ត​ទុកដាក់​អា​ហ្នឹង?»។

លោក ហ៊ុន សែន ទម្លាយ​ថា គឺ​ដោយសារ​តែ​រឿង​មន្ត្រី​ទូត​លោក​ខាង​លិច​ជួប​លោក កឹម សុខា បែប​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​មិន​ទុក​ចិត្ត​លើកលែង​ទោស​ឱ្យ​អ្នក​ណា​ទាំង​អស់។

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន ខ្លួនឯង គឺ​ជា​អ្នក​នៅ​ពីក្រោយ​ការ​បញ្ជា​ក្នុង​សំណុំរឿង «ក្បត់ជាតិ» របស់​មេ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នេះ រាប់​ចាប់តាំង​ពី​ការ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ទាំង​កណ្ដាល​យប់ រហូតដល់​ការ​និយាយ​ក្នុង​ន័យ​ឱ្យ​តុលាការ​អូស​បន្លាយ​សំណុំរឿង​លោក កឹម សុខា រហូត​ដល់​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០២៣។

តុលាការ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី០៣ ខែមីនា បាន​កាត់ទោស​លោក កឹម សុខា អាយុ៦៩ឆ្នាំ ឱ្យ​ជាប់គុក​រយៈពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស។ ការ​កាត់​ទោស​ឱ្យ​ជាប់គុក​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន និង​ទោស​បន្ថែម​មួយ​ចំនួន ដូចជា​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ ពេញ​មួយ​ជីវិត។ ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហាមប្រាម​មិន​ឱ្យ​ចេញ​ពី​បរិវេណ​នៃ​លំនៅឋាន និង​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លើកលែង​តែ​សមាជិក​គ្រួសារ។

សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប ក៏បាន​អំពាវនាវ​ឱ្យ​ដោះ​លែង​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​កាត់ទោស ឬ​ឃុំឃាំង​ដោយសារ​តែ​រឿង​នយោបាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ សភា​អឺរ៉ុប ក៏​មិន​ភ្លេច​និយាយ​យោង​ទៅដល់​ការ​កាត់​ទោស​ជា​ក្រុម​ក្នុង​ពេល​តែមួយ​លើ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ការ​កាត់​ទោស​កញ្ញា សេង ធារី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ដទៃ​ទៀត នា​រយៈ​ពេល​កន្លង​មក​នេះ ព្រមទាំង​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ផង​ដែរ។

សភា​អឺរ៉ុប ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធានា​ថា ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣​នេះ នឹង​ប្រព្រឹត្តទៅ​ដោយសេរី និង​យុត្តិធម៌ ដោយ​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​អាច​ធ្វើ​យុទ្ធនាការ​ដោយ​ស្មើភាព​គ្នា ដោយ​សេរី និង​តម្លាភាព ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រូវ​មាន​តម្លាភាព និង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ សេចក្ដី​សម្រេច​នេះ ក៏​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ និង​អាច​ចូលរួម​​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ជា​បន្ទាន់។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ក្នុងឆ្នាំ២០២២ កន្លងទៅ មាន​ទំហំ​ជា​ទឹកប្រាក់​ជាង ៤ពាន់​៨រយ លាន​ដុល្លារ (៤.៨៥៧លាន​ដុល្លារ) គឺ​កើន​ឡើង​ជិត ១៦% បើ​ធៀប​នឹង​ឆ្នាំ២០២១។ ក្នុង​ឆ្នាំ២០២២ ដដែល កម្ពុជា​បាន​នាំចេញ​ទំនិញ​​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ក្នុង​តម្លៃ​សរុប​រហូតដល់​ជាង ៤ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​ទិញ​ពី​អឺរ៉ុប​វិញ បាន​ត្រឹម​តែ​ជាង ៨០០លាន​ដុល្លារ (៨១២លាន​ដុល្លារ) ប៉ុណ្ណោះ។

ខុស​ពី​មិត្ត​ដែកថែប​ចិន សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក នៅតែ​​ជា​ទីផ្សារ​ទិញ​ទំនិញ​ដ៏​ធំ​បំផុត​ចំនួន​ពីរ​របស់​កម្ពុជា ដែល​កម្ពុជា​រកស៊ី​ចំណេញ​ខ្លាំង។ ផ្ទុយទៅវិញ មិត្ត​ដែក​ថែប​ចិន​មិនបាន​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​កម្ពុជា​ឡើយ ដោយ​ចិន​ពូកែ​តែ​ខាង​យក​ទំនិញ​របស់​ខ្លួន​មក​លក់​ឱ្យ​ខ្មែរ គឺ​រហូត​ដល់​ទៅ​ជិត ១ម៉ឺន​លាន​ដុល្លារ ខណៈ​ប្រទេស​នេះ​ទិញ​ទំនិញ​ពី​កម្ពុជា​វិញ​បាន​ត្រឹមតែ​ជាង ១ពាន់​២រយ​លាន​ដុល្លារ​ប៉ុណ្ណោះ៕

1 comment:

Anonymous said...

This is Hun Sen's principal: " Khmer people and Cambodia Oss Ey Oss Touv, Kom Oy Teh Anh Oss Amnach".

Therefore. the loss of EBA and GSP is totally in tune with his principal.

Thank You peace for giving Cambodia an exceptional leader Samdach Maha Chora Hun Sen.