Wednesday 12 April 2023

ក្រុម​យុវជន​បារម្ភ​ថា ថង់​ប្លាស្ទិក​នឹង​ក្លាយ​ជា​សំរាម​ប៉ះពាល់​ដល់​បរិស្ថាន​ក្រោយ​​ថ្ងៃ​ចូលឆ្នាំ


ដោយ សុជីវី
2023.04.11
ក្រុម​យុវជន​បារម្ភ​ថា ថង់​ប្លាស្ទិក​នឹង​ក្លាយ​ជា​សំរាម​ប៉ះពាល់​ដល់​បរិស្ថាន​ក្រោយ​​ថ្ងៃ​ចូលឆ្នាំ 

សកម្មជន​បរិស្ថាន​ចលនា​មាតាធម្មជាតិ កញ្ញា មាន លីសា ថ្លែង​ក្នុង​យុទ្ធនាការ​​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ កាលពីថ្ងៃទី៩ មេសា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ



ក្រុម​យុវជន និង​សកម្មជន​បរិស្ថាន​បារម្ភ​ថា ការ​លេង​ល្បែង​គប់​ទឹក​ដោយ​ថង់​ប្លាស្ទិក​ក្នុង​អំឡុងពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ នឹង​បន្សល់ទុក​សំរាម​ដ៏​ច្រើន​ដែល​ប៉ះពាល់​ដល់​បរិស្ថាន។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​មាន​វិធានការ និង​ការណែនាំ​ពាក់ព័ន្ធ​នឹង​រឿង​នេះ ដើម្បី​កាត់​បន្ថយ​សំរាម និង​ផល​ប៉ះពាល់​នានា។

ស្រប​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នៅ​ក្នុង​រដូវក្ដៅ​ហួតហែង នឹង​ឈាន​ជិត​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៣ មេសា ខាងមុខនេះ ទឹក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សម្រាប់​លេង​កម្សាន្ត មាន​ដូចជា​ការ​ជះ​ទឹក ច្រក​ថង់​គប់ និង​ប្រើ​កាំភ្លើង​ជ័រ​បាញ់​ទឹកជា​ដើម​។ ក្រុម​យុវជន និង​សកម្មជន​បរិស្ថាន ព្រួយ​បារម្ភ​លើ​ការ​លេង​គប់​ទឹក​របស់​ប្រជាពលរដ្ឋ ដោយ​ប្រើ​ថង់​ប្លាស្ទិក​ក្នុង​អំឡុង​ពេល​នោះ។

យុវជន​នៅ​ខេត្ត​បាត់ដំបង កញ្ញា សា ឌីណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១០ មេសា ថា កញ្ញា​មិន​គាំទ្រ​ឱ្យ​មាន​ការ​លេង​គប់​ទឹក​ឡើយ ដោយសារតែ​កញ្ញា​យល់​ឃើញ​ថា ការ​លេង​បែបនេះ បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ដោយ​មាន​អ្នកខ្លះ​ដួល​ម៉ូតូ ខ្លះ​បែក​ក្បាល ខៀវ​ភ្នែក រហូត​មាន​អ្នក​ខ្លះ​ធ្លាក់ខ្លួន​ពិការ​ទៀត​ផង។ លើស​ពី​នេះ​កញ្ញា​ថា ការ​លេង​គប់​ទឹក​ដោយ​ច្រក​ទឹក​ក្នុង​ថង់​បាន​បន្សល់​សំរាម​ប្លាស្ទិក​ជាច្រើន​ក្រោយ​ពេល​ចូលឆ្នាំ​រួច។



    កញ្ញា សា ឌីណា៖ «ផល​ប៉ះពាល់​មួយទៀត​ធំ​បំផុត​ហ្នឹង​គឺ​សំរាម​។ កាលណា​តែ​លេង​ហើយ​គឺ​ឃើញ​ហើយ ដូច​ផ្កា​រីក​នៅ​តាម​ដងផ្លូវ មិន​ថា​ដងផ្លូវ​សាធារណៈ ឬ​តាម​ភូមិ តាម​ស្រុក​ទេ គឺ​ដូច​ផ្កា​រីក​តែម្ដង​។ មិនមែន​ផ្កា​រីក​ធម្មជាតិ​ទេ គឺ​ថង់​ប្លាស្ទិក​ហ្មង ឡើង​ស​ព្រោង»។

ចំណែក សកម្មជន​បរិស្ថាន​ចលនា​មាតាធម្មជាតិ កញ្ញា មាន លីសា ឱ្យ​ដឹង​ថា ក្រោយ​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ជា​រៀងរាល់​ឆ្នាំ កញ្ញា​តែង​សង្កេតឃើញ​មាន​កាក​សំណល់​ជាច្រើន ជាពិសេស​សំណល់​ថង់​ប្លាស្ទិក​តូចៗ​ដែល​នៅសល់​ពី​ការ​លេង​គប់​ទឹក​។ កញ្ញា​បន្ត​ថា ការ​សម្អាត​ក្រោយ​ពេល​បញ្ចប់​ពិធី​ចូល​ឆ្នាំថ្មី មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ដោយ​អាជ្ញាធរ ក្រសួង​ពាក់ព័ន្ធ​ត្រូវ​បណ្ដុះ​គំនិត​ពលរដ្ឋ​ឱ្យ​ចូល​រួម​ថែរក្សា​បរិស្ថាន និង​បញ្ឈប់​មិន​ឱ្យ​លេង​ល្បែង​គប់​ទឹក​នេះ​តទៅ​ទៀត។

    កញ្ញា មាន លីសា៖ «ខ្ញុំ​គិតថា​សកម្មភាព​លេង​គប់​ទឹក មិនមែន​ជា​ល្បែង​ប្រពៃណី​ខ្មែរ​ទេ។ បើ​យើង​កាត់​បន្ថយ ឬក៏​ឈប់​លេង​តែម្ដង​ក៏បាន​ដែរ ព្រោះ​ការ​លេង​កន្លង​មក​វា​អត់​បាន​ប្រយោជន៍ គ្រាន់តែ​សប្បាយ​មួយ​ពេលៗ​កំឡុង​ពេល​ចូលឆ្នាំ»។

ការ​លេង​ជះ និង​បាចទឹក ជា​ទម្លាប់​មួយ​ដែល​ក្លាយ​មកពី​ការ​ស្រង់​ព្រះ ឬ​ងូតទឹក​ជម្រះ​កាយ​ឱ្យ​អ្នក​មានគុណ ចាស់​ព្រឹទ្ធាចារ្យ នៅ​ថ្ងៃ​ចូលឆ្នាំ​ចុងក្រោយ។ កាលពី​ដើមឡើយ ប្រជាពលរដ្ឋ​នាំគ្នា​ដាក់​ធុង​ទឹក រោយ​ផ្កា និង​បាញ់​ទឹក​អប់​ក្នុង​ពេល​នោះ ហើយ​ជះ​ទៅ​លើ​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវ ដោយ​ពួកគេ​យល់ឃើញ​ថា ទឹក​ជា​ធាតុ​នាំមក​នូវ​ភាព​ត្រជាក់ត្រជំ និង​សក្ដិ​សម​លេង​ក្នុង​ខែ​ចេត្រ​ដែល​ជា​រដូវក្ដៅ។ តែ​មកដល់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យុវជន​មួយ​ចំនួន​ចាប់ផ្ដើម​ប្រែក្លាយ​ជា​លេង​កាន់តែ​អាក្រក់​ជាង​មុន ហើយ​មាន​កាំភ្លើង​បាញ់​ទឹក​តូច​ធំ និង​ការ​ច្រក​ទឹក​ក្នុង​ថង់​តូចៗ​ប៉ុនកដៃ​មនុស្ស​ចាស់​គប់​ទៅលើ​អ្នកដទៃ ដោយ​ជួនកាល​ថែមទាំង​មាន​ដុំ​ទឹកកក ឬ​ដុំ​ថ្ម​ដាក់​ក្នុង​នោះ​ថែម​ទៀត​ផង។ ការ​គប់​ទឹក​នេះ ក៏​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​របួស​ស្នាម ការ​ឆ្លៀតឱកាស​កេងប្រវ័ញ្ច​ផ្លូវភេទ និង​បន្សល់ទុក​សំរាម​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បកស្រាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១០ មេសា។

ពាក់ព័ន្ធ​នឹង​ការរៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាងមុខនេះ ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ មិន​ត្រូវ​បើកបរ​នៅ​ក្នុង​ស្ថានភាព​ស្រវឹង ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើងទៀន ធូប ភ្លើង​ចង្ក្រាន ចរន្តអគ្គិសនី និង​ចៀសវាង​ដាច់ខាត​ការ​លេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ ឬ​ជិះ​ម៉ូតូ​បង្ហោះ​ប្រដេញ​គ្នា​លេង​នៅ​តាម​ផ្លូវ និង​ហាម​លេង​ល្បែង​ស៊ីសង អុជ​ផាវ និង​គ្រឿង​ផ្ទុះ​គ្រប់​ប្រភេទ។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ឃើញ​ថា ការ​លេង​ទឹក​ក្នុង​ពេល​ចូលឆ្នាំ​ខ្មែរ​មិន​អាច​លុប​បំបាត់​បាន​ដោយ​ងាយ​នោះ​ឡើយ ព្រោះ​វា​បាន​ក្លាយ​ជា​ទម្លាប់​របស់​ប្រជាជន​កម្ពុជា​ទៅ​ហើយ។ តែ​យ៉ាងណា​លោក​ថា អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​លើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ ដូចជា​ការ​លេង​គប់​ទឹក​នេះ​ជាដើម និង​បង្កើន​ការ​លេង​ល្បែង​ប្រជាប្រិយ​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ និង​សោកនាដកម្ម​ក្នុង​ឱកាស​សប្បាយ​រីករាយ។

    លោក កើត សារ៉ាយ៖ «ជាពិសេស​សាមី​ក្រសួង ឬ​ក្រសួង​ជំនាញ​ក៏​ត្រូវ​តែ​ធ្វើ​សេចក្ដី​ណែនាំ​ជាមុន ហើយ​សេចក្ដីណែនាំ​នោះ​កុំ​ស្ថិត​នៅ​ក្នុង​ការ​អំពាវនាវ សូម​ឱ្យ​មាន​ជា​វិធានការ​ច្បាប់ ហើយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​មុន​ចូលឆ្នាំ»។

ជា​រៀងរាល់​ឆ្នាំ មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី អាជ្ញាធរ និង​រដ្ឋបាល​ខេត្ត​ក្រុង​នានា តែង​អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​លេង​បាញ់​ទឹក ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ ទះ​គក់​ដោយ​ដៃ ឬ​វាយ​ដោយ​រំពាត់​ដល់​អ្នក​ដំណើរ ឬ​ជិះ​ម៉ូតូ បង្ហោះ​ប្រដេញ​គ្នា​លេង​នៅ​តាម​ផ្លូវ ព្រមទាំង​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង អុជ​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​។ តែ​យ៉ាងណា​ការ​អំពាវនាវ​នេះ នៅតែ​មិន​អាច​លុប​បំបាត់​បាន​នូវ​ការ​ប្រព្រឹត្ត និង​លេងល្បែង​ទាំងអស់​នោះ ជាពិសេស​ការ​លេង​ជះ​ទឹក គប់​ស្បោង​ទឹក និង​ប៉ាត​ម្សៅ​ជាដើម៕

No comments: