ដោយ មាន ឫទ្ធិ
2023.04.13
អាជ្ញាធរខេត្តសៀមរាបរៀបចំតាក់តែងលម្អបេះដូងក្រដាសបត់មានពណ៌ចម្រុះ នៅមុខប្រាសាទអង្គរវត្ត ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៣នេះ។
រូប៖ រដ្ឋបាលខេត្តសៀមរាប
សហភាពសហព័ទ្ធយុវជនកម្ពុជា ដឹកនាំដោយកូនប្រុសរបស់លោក ហ៊ុន សែន សហការជាមួយអាជ្ញាធរ បានចំណាយធនធានដ៏ច្រើន ដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ ក្នុងក្រុងសៀមរាប។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ព្រឹត្តិការណ៍នេះ ជាគំនិតផ្ដួចផ្ដើមរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ហើយសង្ស័យថា ប្រើកញ្ចប់ថវិកាជាតិ ខ្ជះខ្ជាយ ដើម្បីកេងចំណេញនយោបាយ នៅមុនពេលបោះឆ្នោត។
នៅរយៈពេលជាង ១សប្ដាហ៍កន្លងទៅនេះ កៀកពិធីបុណ្យចូលឆ្នាំខ្មែរ មានមនុស្សរាប់ម៉ឺននាក់ទៅទស្សនា ខេត្តសៀមរាប ជាបន្តបន្ទាប់ ដែលភាគច្រើនជាភ្ញៀវទេសចរជាតិ មកពីខេត្តនានា។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល មានមន្ទិលចំពោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយ កូនប្រុស លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី។ ក្រុមយុវជនទាំងនេះ ភាគច្រើនជាសិស្ស និស្សិត និងមន្ត្រីរាជការ ដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជា បានចូលរួមជួយកម្លាំងពលកម្ម សម្របសម្រួលកម្មវិធី និង ជាអ្នកចាត់ចែងព្រឹត្តិការណ៍តាមជំនាញរៀងៗ ខ្លួន។
ពលរដ្ឋរស់នៅខេត្តសៀមរាប លោក សៀម វ៉ាន់ យល់ថា ព្រឹត្តិការណ៍នេះគ្រាន់តែសប្បាយរីករាយបានមួយគ្រាប៉ុណ្ណោះ នឹងមិនជួយអ្វីដល់ជាតិជាដុំកំភួននោះឡើយ ខណៈដែលពលរដ្ឋខេត្តនេះកំពុងជួបបញ្ហាសេដ្ឋកិច្ច ជំពាក់បំណុលធនាគារ និង ចំណាកស្រុកកាន់តែកើនឡើង។ លោកគិតថា ប្រសិនបើរដ្ឋាភិបាល មានឆន្ទៈជួយប្រជាជនឱ្យមានជីវភាពធូរធារ គួរតែរកទីផ្សារកសិផល និងដោះស្រាយវិបត្តិនយោបាយជាដើម។
លោក សៀម វ៉ាន់៖ «លើកលទ្ធិប្រជាធិបតេយ្យវិញល្អឱ្យពលរដ្ឋមានសិទ្ធិសេរីភាព យកប្រាក់ប្រើប្រាស់ចំគោលដៅ ដែលប្រជាជនខ្វះខាតក្រីក្រគ្រប់ប្រភេទ តាមតំបន់នានា។ ជាប់ប្រាក់នានាច្រើនណាស់ ខាតបង់ដល់ជាតិដែរ»។
ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ ដែលរៀបចំដោយក្រុមគ្រួសារត្រកូលហ៊ុន និងអាជ្ញាធរខេត្តសៀមរាប ក៏មានការចូលរួមពីលោក ហ៊ុន សែន លោក ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននាក់ទៀត។ កម្មវិធីនេះ អាជ្ញាធរបានរៀបចំភ្លើងពណ៌ ផ្ទះបុរាណ នៅតាមប្រាសាទនានា ដោយមានភ្លើងពណ៌ ផ្កាបេះដូងក្រដាស ពិធីតាំងពិព័រណ៍លក់វត្ថុអនុស្សាវរីយ ម្ហូបអាហារ កន្លែងប្រកុំតន្ត្រីបុរាណសម័យ ផ្សារបណ្ដែតទឹក និងស្តង់ជាច្រើនសម្រាប់លក់ នៅអមសងខាងស្ទឹងសៀមរាប។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ថ្លែងប្រាប់កាសែតក្នុងស្រុកថា ការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្តនេះ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី និងរចនាបថរបស់ខ្មែរ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ក្រោមប្រធានបទក្ដីស្រមៃ និងក្ដីសង្ឃឹម ដែលជាការបញ្ជ្រាបខ្លឹមសារនយោបាយ។
ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា លោក គៀន សាវង្ស ថ្លែងថា ចូលឆ្នាំ ថ្ងៃទី២ មនុស្សរាប់ពាន់នាក់ នឹងចូលរួមវិធីរាំ ចង្វាក់ម៉ាឌីហ្សូន ដើម្បីបំបែកកំណត់ត្រាពិភពលោក ក្នុងនោះពួកលោកក៏ចូលរួមដែរ។ លោកថា សិស្សនិស្សិតគ្រប់សកលវិទ្យាល័យទាំងអស់ក្នុងខេត្តសៀមរាប នឹងចូលរួមដើរដង្ហែក្បូនខ្នាតធំមួយ ដើម្បីអបអរឆ្នាំថ្មី។
លោក គៀន សាវង្ស៖ «ការរៀបចំនៅហ្នឹង ភាគច្រើនជារបស់ច្នៃប្រឌិត វាអត់សូវចំណាយប៉ុន្មានទេ ដូចជា មានក្រុមរបាំខ្លះគាត់ស្ម័គ្រចិត្តមក»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី សំរិទ្ធិ បាននៅឡើយទេ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ប៉ុន្តែអភិបាលខេត្តរូបនេះ បានប្រាប់កាសែតក្នុងស្រុកថា អាជ្ញាធរ គ្រោងប្រើកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជិត ១ម៉ឺននាក់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ លោកថា នឹងអាចកើតមាន ការកកស្ទះ ប្រសិនបើមនុស្សចូលរួមច្រើន។
ទាក់ទងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសណ័រវ៉េសន៍ លោក ម៉ែន ណាត គិតថា កម្មវិធីនេះក្រុមគ្រួសារត្រកូល ហ៊ុន ជាអ្នករៀបចំចៀសមិនផុតឡើយ ប្រើកញ្ចប់ថវិកាជាតិខ្ជះខ្ជាយ ដើម្បីកេងចំណេញនយោបាយ របស់គណបក្សកាន់អំណាច។
លោកថា រដ្ឋាភិបាលគួរតែគិតរឿង ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ការស្ដារប្រជាធិបតេយ្យ និងដោះស្រាយជម្លោះដីធ្លី ប្រសើរជាងប្រើថវិកាជាតិរៀបចំព្រឹត្តិការណ៍ដែលមិនចំទិសដៅ។
លោក ម៉ែន ណាត៖ «ការចំណាយលុយជាតិ យើងដាក់ពិន្ទុថា ជាការចំណាយលុយជាតិយ៉ាងខ្ជះខ្ជាយបំផុត ក្នុងខណៈពេលដែលកម្ពុជាកំពុងរងវិបត្តិនយោបាយ សង្គម វិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងររ ក្នុងខណៈពេលដែលបងប្អូនកម្មករ ៥០ភាគរយកំពុងអត់ការងារធ្វើ»។
អាជ្ញាធរខេត្តសៀមរាប មិនបានបង្ហាញកញ្ចប់ថវិកា ពីប្រភពណានោះឡើយ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ក៏ប៉ុន្តែក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាបង្ហើបថា ថវិកាផ្គត់ផ្គង់ព្រឹត្តិការណ៍នេះ មានប្រភពមកពី ក្រុមឧកញ៉ា មន្ត្រីរាជការធំៗ ម្ចាស់សណ្ឋាគារ ក្រុមឈ្មួញដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា និងថវិការដ្ឋ។
ពលរដ្ឋនិងអ្នកឃ្លាំមើលយល់ថា ការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្តទ្រង់ទ្រាយធំ ដែលចំណាយធនធានដ៏ច្រើននេះ ជារឿងមិនចាំបាច់ឡើយ ព្រោះកម្ពុជាកំពុងរវល់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅពេលដ៏ខ្លីខាងមុខនេះ៕
No comments:
Post a Comment