ដោយ អាស៊ីសេរី
2023.04.11
ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង ប្រកបរបររើសអេតចាយពីគំនរសំរាម នៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង ប្រកបរបររើសអេតចាយពីគំនរសំរាមចិញ្ចឹមជីវិត បន្ទាប់ពីពួកគេគ្មានការងារធ្វើ។ សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរគួរតែបង្កើតគណៈកម្មការសិក្សា ពីលទ្ធភាព និងបញ្ហាការងាររបស់ពលរដ្ឋ ដើម្បីបង្កើតការងារឱ្យសមស្របសម្រាប់ពួកគេ។
សំរាមគឺជាកាកសំណល់គេបោះចោល និងលែងប្រើប្រាស់ ប៉ុន្តែសំរាមគឺជាទីពឹង និងមុខរបរដែលចិញ្ចឹមជីវិតចំពោះអ្នកក្រ។ នៅលើបឹងគំនរសំរាមមួយដែលមានផ្ទៃដីប្រមាណជិត ២ហិកតារនៅកណ្ដាលវាលស្រែ ដែលស្ថិតនៅក្នុងភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ក្មេងចាស់ប្រុសស្រី ជាង៣០នាក់ មានទាំងការុង និងដង្កៀបម្នាក់មួយៗ នៅនឹងដៃនាំគ្នាកាយគំនរសំរាមរកលោហៈ និងរបស់ចាស់ៗសម្រាប់លក់។
ពលរដ្ឋរស់នៅឃុំរកា លោកស្រី ឡូញ ភួង ប្រាប់អាស៊ីសេរីថា លោកស្រីបានប្រកបរបររើសអេតចាយនៅលើវាលចាក់សំរាមនេះ រយៈពេលជិត១ឆ្នាំមកហើយ បន្ទាប់ពីលោកស្រីលាឈប់ពីសំណង់ដោយសារថៅកែមិនបើកលុយឱ្យ។ លោកស្រីឱ្យដឹងថា ចំណូលដែលបានមកពីការលក់អេតចាយដែលរើសពីគំនរសំរាមនេះ មិនអាចធ្វើឱ្យជីវភាពលោកស្រីបានធូរធារនោះទេ ប៉ុន្តែរបរនេះសមល្មមអាចដោះស្រាយជីវភាពប្រចាំថ្ងៃបាន។
លោកស្រី ឡូញ ភួង៖ «គេ(ថៅកែ)មិនបើកលុយឱ្យមករើសអេតចាយ។ បាន (កម្រៃ) ប្រចាំថ្ងៃ យើងលក់ថង់ លក់ការុង លក់ក្រដាសអីទៅ»។
រថយន្តបែនដឹកសំរាមរបស់រដ្ឋបាលក្រុងបាត់ដំបង កំពុងថយក្រោយចាក់សំរាមទៅក្នុងរណ្ដៅដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន លៀប លឹម ជួលទៅឱ្យរដ្ឋបាលក្រុងបាត់ដំបង។ អ្នករើសអេតចាយ មានទាំងក្មេងមានទាំងចាស់កាន់ការុង និងដង្កៀបនាំគ្នាម្នីម្នាដណ្ដើមគ្នាចុះទៅកកាយដើម្បីរកលោហៈ សំបកដប សំបកកំប៉ុង និងជ័រប្លាស្ទិកដែលគេទទួលទិញ។ សំរាមដែលប្រមូលមកពីក្រុងបាត់ដំបង មានទាំងកាកសំណល់ផ្ទះបាយ កាកសំណល់បន្លែផ្លែឈើរលួយពីផ្សារ ដែលមានក្លិនស្អុយ និងខ្លះទៀតជាប្រភេទប្លាស្ទិក និងរបស់របរចាស់ៗ ដែលប្រជាពលរដ្ឋរស់នៅទីក្រុងបោះចោល។
បើទោះបីសំរាមទាំងនោះមានក្លិនស្អុយ និងមានផ្សែងហុយប្រៀបដូចជាពពកក្ដី ក៏ក្មេងៗដែលមករើសអេតចាយជាមួយឪពុកម្ដាយនិងមនុស្សវ័យជំទង់ខ្លះមិនបានយកក្រណាត់ឃ្លុំមុខ ឬពាក់ម៉ាស់នោះទេ ព្រោះពួកគេសាំនឹងក្លិនស្អុយនេះទៅហើយ។ ក្នុងចំណោមក្មេងៗទាំងនោះ ខ្លះបានបោះបង់ការសិក្សាតាំងពីកម្រិតបឋម និងមួយចំនួនទៀតនៅបន្តការសិក្សា ទោះបីក្រុមគ្រួសារពួកគេមានជីវភាពខ្វះខាតក្ដី។
មនុស្សចាស់ និងក្មេងៗកំពុងរើសសំរាមក្រោមកម្ដៅថ្ងៃក្ដៅហប់ មួយសន្ទុះក្រោយមកក៏មានភ្លៀងមួយមេបង្អុរមក។ ក្រុមក្មេងៗនាំគ្នារត់ទៅជ្រកក្រោមខ្ទមដែលបាំងដោយកាកសំណល់ប្លាស្ទិកក្នុងសភាពរងាអោបដៃ។ ចំណែកក្រុមមនុស្សចាស់នៅបន្តកកាយរកអេតចាយក្រោមដំណក់ទឹកភ្លៀង។
ពលរដ្ឋនៅឃុំរកាម្នាក់ទៀតគឺ លោកស្រី ឌីន ចិន្តា ឱ្យដឹងថា ដោយសាររៀនបានតិច និងខ្វះជំនាញវិជ្ជាជីវៈ ព្រមទាំងពិបាករកការងារធ្វើ ទើបលោកស្រីសម្រេចចិត្តប្រកបរបររើសអេតចាយនេះ។ លោកស្រីបន្តថា ការងាររើសអេតចាយនេះ ក៏ធ្វើឱ្យលោកស្រីមានបញ្ហាសុខភាពផ្លូវដង្ហើមផងដែរ ដោយសារតែការចំណាយពេលស្ទើរមួយថ្ងៃពេញ នៅលើបឹងប្លាស្ទិកមួយនេះ មានក្លិនស្អុយ និងមានផ្សែងហុយជាប់ជាប្រចាំ។ លោកស្រីប្រាប់ថា មុខរបរមួយនេះមិនអាចធ្វើឱ្យលោកស្រីក្លាយជាអ្នកមានទេ ប៉ុន្តែវាអាចចិញ្ចឹមសមាជិកគ្រួសារលោកស្រីចំនួន ៤នាក់ និងអាចឱ្យកូនលោកស្រីបន្តការសិក្សាបាន។
លោកស្រី ឌីន ចិន្តា៖ «កាលពីមុនខ្ញុំធ្វើការសំណង់ តែគេក្របើកលុយឱ្យពេក។ កាលហ្នឹងធ្វើការគេអត់បានបើកលុយឱ្យ ចាញ់បោកគេ។ ខ្ញុំមនុស្សល្ងង់ មិនងាយបានមុខរបរអីប្រសើរជាងនេះទេ»។
ពលរដ្ឋប្រកបរបររើសអេតចាយ ក្រោកពីព្រលឹមស្រាងៗ ដើម្បីរង់ចាំរថយន្តដឹកសំរាម។ ពួកគាត់សន្សំអេតចាយទុកនៅផ្ទះរហូតដល់កន្លះខែ ទើបលក់ម្ដងដែលទទួលបានប្រាក់ប្រមាណ ២០ម៉ឺនរៀល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមេឃុំអន្លង់វិល លោក ទូច ស្វាង និងអភិបាលស្រុកសង្កែ លោក នាង ច័ន្ទថារ៉ា ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៧ មេសា។
ជំទប់ទី២ ឃុំអន្លង់វិល មកពីគណបក្សភ្លើងទៀន លោក រដ្ឋ សុធី ឱ្យដឹងថា អាជ្ញាធរមូលដ្ឋានមិនទាន់មានគម្រោង ឬបង្កើតគណៈកម្មការដើម្បីជួយដល់ពលរដ្ឋដែលប្រកបរបររើសអេតចាយនៅឡើយទេ។ លោក រដ្ឋ សុធី បារម្ភពីសុខភាពពលរដ្ឋ ជាពិសេសកុមារដែលប្រឈមនឹងការបោះបង់ការសិក្សា ហើយមកទល់ពេលនេះ មិនទាន់មានអង្គការណាមួយជួយដល់ពួកគេឡើយ។
កុមារជួយការងារឳពុកម្ដាយប្រកបរបររើសអេតចាយពីគំនរសំរាម នៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
លោក រដ្ឋ សុធី៖ «អ្នកទទួលខុសត្រូវតាមពិត នៅតាមវិមជ្ឈការ ឬក៏ក្រុមប្រឹក្សាឃុំ មេឃុំអីទេ ប៉ុន្តែធ្វើអត់ចេញ។ អត់ឮថានឹងប្រជុំប្រចាំខែអី ឮនិយាយពីបញ្ហាក្មេងរើសអេតចាយហ្នឹងផង»។
នៅខេត្តបាត់ដំបង មានកន្លែងចាក់សំរាមចំនួន២ គឺនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលមានប្រជាពលរដ្ឋសង់ផ្ទះនៅជាង៤០ គ្រួសារ និងមួយកន្លែងទៀតស្ថិតនៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ប៉ុន្តែមិនមានពលរដ្ឋទៅសង់ផ្ទះសម្រាប់ស្នាក់នៅនោះទេ។
ជុំវិញរឿងនេះ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា អាជ្ញាធរគួរតែបង្កើតគណៈកម្មការសិក្សាពីលទ្ធភាព និងបញ្ហាការងាររបស់ពលរដ្ឋ ដើម្បីបង្កើតការងារឱ្យសមស្របសម្រាប់ពួកគេ។ លោកយល់ឃើញថា ជីវភាពគ្រួសារ គឺមានទំនាក់ទំនងជាមួយការសិក្សារបស់កុមារ ប្រសិនបើប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ នោះពួកគេនឹងមានលទ្ធភាពបញ្ជូនកូនឱ្យទៅរៀនបានផងដែរ។
លោក យិន ម៉េងលី៖ «ប្រទេសមួយមានការរីកចម្រើនវាអាស្រ័យទៅលើបញ្ហាធនធានរបស់ពួកគាត់ហ្នឹងហើយ។ បើសិនជាប្រទេសមួយសម្បូរទៅដោយធនធាន ប្រទេសនោះអាចមានការអភិវឌ្ឍ អាចមានការរីកចម្រើនខ្លាំង។ អ៊ីចឹងបញ្ហាទាំងអស់ហ្នឹង គឺវាមានទំនាក់ទំនងគ្នា រឿងជីវភាពរបស់ឪពុកម្ដាយ ហើយនឹងការបោះបង់(ការសិក្សា)របស់កុមារហ្នឹង។ អ៊ីចឹង នេះជាបន្ទុកមួយដែលរដ្ឋាភិបាលត្រូវគិតគូររឿងបញ្ហារកការងារ (ឱ្យប្រជាពលរដ្ឋ)ធ្វើ»។
គំនរសំរាមបានក្លាយជាទីពឹង ទីស្នាក់អាស្រ័យរបស់ពលរដ្ឋក្រីក្រ និងកុមារជាច្រើននាក់ ដែលមានវាសនាខុសពីកូនចៅមន្ត្រីរដ្ឋាភិបាល ដែលកើតលើគំនរប្រាក់ និងទទួលបានការសិក្សានៅសាលាល្បីៗ។ ក្នុងនោះមានកុមាររើសសំរាមភាគតិចប៉ុណ្ណោះដែលមានភ័ព្វសំណាងត្រូវបានអង្គការក្រៅរដ្ឋាភិបាលជួយទំនុកបម្រុង ប៉ុន្តែមានកុមារជាច្រើននាក់ទៀត បានបាត់បង់អនាគតនៅលើគំនរសំរាម និងប្រើប្រាស់គ្រឿងញៀន។
ប្រជាពលរដ្ឋដែលប្រកបរបររើសអេតចាយ ស្នើឱ្យអាជ្ញាធរជួយបង្កើតការងារនៅតាមមូលដ្ឋាន។ ពួកគេសំណូមពរឱ្យអង្គការក្រៅរដ្ឋាភិបាលជួយដល់កូនៗរបស់ពួកគេឱ្យបានសិក្សារៀនសូត្របន្តទៀត៕
No comments:
Post a Comment