Tuesday 4 April 2023

លោក ហ៊ុន សែន រំឭក​ពី​គ្រួសារ​លោក​ធ្លាប់​ធ្លាក់​ខ្លួន​ក្រ​លំបាក​ដោយសារ​ភាព​អយុត្តិធម៌


ដោយ សេក បណ្ឌិត
2023.04.03

លោក ហ៊ុន សែន រំឭក​ពី​គ្រួសារ​លោក​ធ្លាប់​ធ្លាក់​ខ្លួន​ក្រ​លំបាក​ដោយសារ​ភាព​អយុត្តិធម៌

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ពី​អតីតកាល​ថា ដូនតា​លោក​ធ្លាក់​ខ្លួន​ក្រ​លំបាក​វេទនា​ដោយសារតែ​ភាព​អយុត្តិធម៌​ក្នុង​សង្គម។ បញ្ហា​អយុត្តិធម៌​នេះ​មន្ត្រី សង្គម​ស៊ីវិល​មើល​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​កំពុងតែ​រង​ការឈឺចាប់​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន យកចិត្តទុកដាក់​ដោះស្រាយ។

លោក ហ៊ុន សែន ចាប់ផ្ដើម​រំឭក​ពី​ការ​ឈឺចាប់​ដោយសារ​គ្រួសារ​លោក​ធ្លាក់​ខ្លួន ពី​ជីវភាព​ធូរធារ​ទៅជា​ក្រលំបាក​អស់ទ្រព្យ​សម្បត្តិ​អស់​ដីធ្លី​ដោយសារតែ​អំពើ​អយុត្តិធម៌។

នៅក្នុង​សារ​ជា​សំឡេង​សម្របសម្រួល​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​បែងចែក​វណ្ណៈ​អ្នកមាន និង​អ្នកក្រ​នៅក្នុង​សង្គម នៅ​ថ្ងៃទី​១ ខែ​មេសា លោក ហ៊ុន សែន រំឭក​ថា ពូជ​វង្ស​គ្រួសារ​របស់​លោក​ស្ថិត​នៅ​ក្នុង​ជីវភាព​ធូរធារ​។ ប៉ុន្តែ​លោក​ថា នៅ​ពេល​ដែល​លោក​ចាប់កំណើត​នោះ ជីដូន​របស់​លោក​ត្រូវ​បាន​កម្លាំង​ចលនា​ខ្មែរ​ឥស្សរៈ ចាប់ខ្លួន រួច​តម្រូវ​ឱ្យ​យក​លុយ​ទៅ​បង់​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​លោក​លក់​ដី​អស់។



    លោក ហ៊ុន សែន៖ «ឥស្សរៈ​បាន​ចាប់​ជីដូន​របស់​ពូ (ហ៊ុន សែន) ទៅ​បង្ខំ​ឱ្យ​កូនចៅ​យក​ប្រាក់​ទៅ​លោះ​នៅ​ពេល​ដែល​ពូ​ទើប និង​ចាប់កំណើត​។ ពេលនោះ​កូនចៅ​ប្រមូល​លក់​អស់​ដីធ្លី​ទ្រព្យសម្បត្តិ​ដើម្បី​ទៅ​លោះ​ជីដូន​ម្ខាង ម្ខាង​ទៀត​ដីធ្លី​របស់​យើង​នៅ​តាម​មាត់ទន្លេ​ត្រូវ​បាន​បាក់​ជា​បន្តបន្ទាប់។ អ៊ីចឹង​ធ្វើ​ឱ្យ​ពូ​ក្រុម​គ្រួសារ​របស់​ពូ​ក្លាយជា​ជា​មាន​ជីវភាព​ក្រ​លំបាក​»។

លោក ហ៊ុន សែន បន្ត​ថា នៅក្នុង​ស្ថានភាព​ដែល​គ្រួសារ​អស់ទ្រព្យ​សម្បត្តិ​នោះ លោក​ក៏​ជួប​ការ​លំបាក​ខ្លាំង​ខ្វះខាត​លុយ​ក្នុង​ការ​សិក្សា។

ទោះជា​យ៉ាងណា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​អ្នកនាំពាក្យ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើង​ថា យុត្តិធម៌​សង្គម​មិន​ថា នៅ​កម្ពុជា ឬ​ប្រទេស​ណា ទេ​គឺ​ត្រូវ​ការ​ចាំបាច់​ដូចគ្នា។ លោក​បន្ត​ថា ដំណើរ​ការ​ធានា​យុត្តិធម៌​សង្គម​គឺ ត្រូវ​មាន​ការ​បង្កើត​ច្បាប់​រើស​ក្រុម​អ្នក​ដឹកនាំ​អនុវត្តន៍​ច្បាប់ និង​មាន​ក្រុម​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត។

លោក ស៊ឹង សែនករុណា បន្ត​ថា កាលណា​សង្គម​មាន​យុត្តិធម៌​នោះ នឹង​កាត់បន្ថយ រឿង​មិនល្អ​កើតឡើង។ ប៉ុន្តែ​លោក ស៊ឹង សែន ករុណា ថា ដោយសារ​ដែល​បញ្ហា អយុត្តិធម៌​ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន​ពិសេស​ក្រុម​ដែល​មាន​ជម្លោះដីធ្លី​កំពុង​មាន​ការ​ឈឺចាប់ និង​ធ្លាក់ខ្លួន​ក្នុង​ស្ថានភាព​ក្រលំបាក។

    លោក ស៊ឹង សែន ករុណា៖ «តាំងពី​មាន​ដី​ប្រើប្រាស់​បង្ក​បង្កើន​ផល​រហូត​ដល់​អស់​ដី ហើយ​នៅ​ប្រើ ថវិកា​របស់​ពួកគាត់​ហ្នឹង​ត្រូវ​លក់​គោ​លក់​មាន់​លក់​ទា ឡើង​មក​តតាំង​ក្តី ពីក្រោម​មក​ដល់​លើ​ទៀត ហើយ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​វា​ធ្វើ​ឱ្យ​ជីវភាព​ពួកគាត់​តាំង​ពី​ក្រ​មធ្យម​រហូតដល់​ក្រីក្រ​ខ្លាំង​អី​ជាដើម»។

បច្ចុប្បន្ន​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​លេចធ្លោ​ក្នុង​ការ​រក​យុត្តិធម៌​រួម​មាន​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅក្នុង​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ ពលរដ្ឋ​រងគ្រោះ​ពី​ការ​អភិវឌ្ឍ លុប​បឹងតាមោក និង​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាដើម។

ជម្លោះ​ខ្លះ​អូស​បន្លាយ​រហូតដល់ ១០ ទៅ​២០​ឆ្នាំ ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជីវភាព​កាន់តែ​លំបាក​ខ្វះ​ម្ហូប​អាហារ កូន​មិន​បាន​សិក្សា និង​មិន​មាន​លុយ​ព្យាបាល​ជំងឺ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែង​នៅ​ក្នុង​វេទិកា មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដោយ​លើកឡើង​ពី​សារសំខាន់​នៃ​យុត្តិធម៌​នៅក្នុង​សង្គម។ អ្នកស្រី​ជំរុញ​ឱ្យ​ពលរដ្ឋ​រក​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការ​ចូលរួម​ពង្រឹង​យុត្តិធម៌ នៅក្នុង​សង្គម​ទោះបីជា​មានការ​គាបសង្កត់​យ៉ាង​ណា​ក៏ដោយ។

    អ្នកស្រី ចក់ សុភាព៖ «ព្រឹត្តិការណ៍​ខ្លះ​ដែល​កើត​ឡើងលើ​តារា​អីហ្នឹង​យើង​ឃើញថា នាំគ្នា​ចូលរួម​ផុសផុល នេះ​ល្អ​មែនទែន។ ប៉ុន្តែ​វា​នឹង​ប្រសើរ​ថែមទៀត​បើសិនជា​រាល់​ករណី​ឃាតកម្ម​រាល់​ករណី​មិន​ប្រក្រតី​ជាច្រើន នៅក្នុង​សង្គម​យើង​ចូលរួម ដូចដែល​យើង​ចូលរួម​ក្នុង​ករណី​ជាក់លាក់​មួយ​ចំនួន​ហ្នឹង​។ មិន​ត្រូវ​មើល​បំណាំ​ទាល់តែ​ករណី​ហ្នឹង​មិនសូវ​រសើប​បាន​យើង​ចូលរួម ដល់​ករណី​រសើប​យើង​អត់​ហ៊ាន​អត់​ទេ​ចាស!»។

កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​អាក្រក់​លើ​ប្រព័ន្ធ​យុត្តិធម៌​។ របាយការណ៍ គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០២២​បង្ហាញថា កម្ពុជា​ជាប់​លេខ​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស ហើយ​បើ​ប្រៀបធៀប​នៅ​តំបន់​អាស៊ាន​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់ ក្រោម​គេ​បំផុត។

លោក ហ៊ុន សែន ដែល​រំឭក​ពី​ការ​ឈឺចាប់​ដោយសារ​ភាព​អយុត្តិធម៌ កើតឡើង លើ​គ្រួសារ​លោក​កាល​ពី​អតីត​កាលនោះ បច្ចុប្បន្ន​លោក​ជា​អ្នក​នាំមុខ​ទាំង​ផ្ទាល់ និង​ប្រយោល​ក្នុង​ការ​បំផ្លាញ​យុត្តិធម៌​សង្គម​ទាំង​ការ​ចាប់​មន្ត្រី​បក្ស​ប្រឆាំង រំលាយ​បក្សនយោបាយ និង​បិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ តាមចិត្ត​របស់​លោក​ដោយ​មិន​បាន​ផ្អែក​លើ​ច្បាប់​ឡើយ។

នៅ​តាម​វេទិកា​នានា​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តែងតែ​ណែនាំ​ឱ្យ​មន្ត្រី ថ្នាក់ក្រោម​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​កុំឱ្យ​កើតមាន​ភាព​អយុត្តិធម៌​។ លោក ស ខេង បន្ត​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ត្រូវធ្វើ​កំណែទម្រង់ ដោយ​បញ្ជាក់ ថា​អយុត្តិធម៌​នាំ​ឱ្យ​បែកបាក់​សង្គមជាតិ។

    លោក ស ខេង៖ «សង្គម​តាម​បទពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​មក។ សង្គម​ដែល​បែកបាក់​នៅ​ស្រុក​ណា​ក៏​ដោយ​គឺ​អយុត្តិធម៌​។ អ៊ីចឹង រឿង​នេះ​ក៏​ជា​កម្មវត្ថុ​មួយ​ដ៏​សំខាន់​ដែល​យើង​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ»។

ភាព​អយុត្តិធម៌​ជា​ជំងឺ​របស់​សង្គម ដូច្នេះ​ពេល​ដែល​កើតមានឡើង​វា​ប៉ះពាល់​មនុស្ស គ្រប់គ្នា​នៅក្នុង​សង្គម​មិន​ថា ពលរដ្ឋ​សាមញ្ញ ឬ​អ្នក​មាន​ប្រាក់​មាន​អំណាច​នោះ ទេ​គ្រាន់តែ​វា​កើតឡើង​ក្នុង​វេលា​ខុសគ្នា។

នៅ​៣​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២៣​នេះ អ្នកមាន​ប្រាក់ និង​មាន​អំណាច ៣​រូប បាន​អំពាវនាវ ស្វែងរក​យុត្តិធម៌​ក្នុង​នោះ​រួម​មាន​ឧកញ៉ា សៀង ចាន់ហេង មាន​ជម្លោះ​ជាមួយ​ប្អូនស្រី​លោក ហ៊ុន សែន រឿង​ដី​ជាង ៥០​ហិកតារ នៅ​ខេត្ត​កណ្តាល។ រឿង​មួយ​ទៀត ឧកញ៉ា ឃុនថាវង្ស ផងផាន់ ចំណាយ​លុយ​១២​លាន​ដុល្លារ​កន្លះ​ទិញ​ពី​អ្នក​មាន​អំណាច ចុងក្រោយ​អស់​លុយ​ហើយ​មិន​បាន​ដី​ថែម​ទាំង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ទៀត​ផង។

ករណី​ចុងក្រោយ​គឺ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​លំហ​សមុទ្រ​លោក​ឧត្ដមនាវីឯក គ្រួច គីមថុន ពាក់​ផ្កាយ​៣ នៅលើ​ស្មា​បាន​ឡាយ​វីដេអូ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដោយសារ​ថ្នាក់លើ​ដែល​មាន​អំណាច​ជាង​លោក​ឈូស​ឆាយ​បំផ្លាញ​របង និង​ទន្ទ្រាន​យក​ដី​កម្មសិទ្ធិ​របស់​លោក​ប្រមាណ ១០​ហិកតារ៕

1 comment:

Anonymous said...

Ah King Kouk Hun Sen Luok Thnam Sreng.
Who killed Khmers to please the evil Yuon for power Ah Roleuy Hun Sen ?

How many hundred thousands of Khmer people died from your execution of the Yuoon's plan of the K5 project? The 1997 grenade attack ? Ect....