Wednesday 5 April 2023

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​សម្ដែង​របាំ​ជូន​ពរ​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង


ដោយ នៅ វណ្ណារិន
2023.04.04
មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​សម្ដែង​របាំ​ជូន​ពរ​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង  
ការ​សម្ដែង​របាំ​ជូន​​ភ្ញៀវ​វៀតណាម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​សាលា​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តស្វាយរៀង
 

"មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​តែ​បន្ត​ព្រួយ​បារម្ភ​ជុំវិញ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​របស់​លោក ហ៊ូ ជីមិញ (Ho Chi Minh) ដែល​ព្យាយាម​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​ទាំង​ស្រុង​រួម​ទាំង​ប្រទេស​ឡាវ៕"

មន្ត្រី​គណ​បក្ស​ប្រឆាំង​រិះគន់​ការ​សម្ដែង​របាំ​ជូន​ពរ​របស់​វៀតណាម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​សាលា​ខេត្ត​ស្វាយរៀង និង​ចាត់​ទុក​ថា ជា​ការ​បើក​ឱកាស​ឱ្យ​វៀតណាម​ប្រជ្រៀត​វប្បធម៌​ចូល​មក​កម្ពុជា ហើយ​អាច​ជា​ហានិភ័យ​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ទឹក​ដី​ដូច​កម្ពុជា​ក្រោម។​ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ស្វាយរៀង ចាត់​ទុក​ការ​រាំ​ជូន​ពរ​របស់​វៀតណាម​ថា ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។

មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា ការ​ធ្វើ​ពិធី​អប​អរ និង​ជូន​ពរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ ដែល​រៀប​ចំ​ឡើង​នៅ​ក្នុង​សាលា​ខេត្ត​ស្វាយ​រៀង និង​មាន​ដាក់​បញ្ចូល​ការ​សម្ដែង​របាំ​របស់​វៀតណាម រួម​ទាំង​ការ​ដាក់​តាំង​អក្សរ​ និង​ទង់​ជាតិ​វៀតណាម នៅ​លើ​វេទិកា​ម្ខាង​ម្នាក់​នឹង​អក្សរ និង​ទង់​ជាតិ​ខ្មែរ គឺ​ហាក់​បី​ដូច​ខេត្ត​ស្វាយ​រៀង​កំពុង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម។ មន្ត្រី​គណ​បក្ស​ប្រឆាំង​យល់​ថា បើ​ទោះ​បី​ជា​មាន​គណៈ​ប្រតិ​ភូ​មក​ពី​ភាគី​វៀតណាម​ចូល​រួម​ពិធី​នេះ​ក្ដី គួរ​តែ​អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​រៀបចំ​ឱ្យ​មាន​ត្រឹម​ការ​សម្ដែង​របាំ​ប្រជាប្រិយ​ខ្មែរ ដាក់​តាំង​អក្សរ ទង់​ជាតិ និង​ទង់​សាសនា​របស់​ខ្មែរ​បាន​ហើយ។

 

អតីត​តំណាងរាស្រ្ដ​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤ មេសា​ថា លោក​មិន​ប្រកាន់​ពូជ​សាសន៍​ឡើយ​ក្នុង​ការ​អញ្ជើញ​គណៈ​ប្រតិភូ​វៀតណាម​ចូល​រួម​ក្នុង​ពិធី​អប​អរ និង​ជូន​ពរ​គ្នា​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​សាលា​ខេត្ត​ស្វាយ​រៀង​ ក៏​ប៉ុន្តែ​លោក​យល់​ថា​ការ​រៀប​ចំ​ពិធី​ដែល​មាន​សម្ដែង​របាំ​ប្រជា​ប្រិយ ដាក់​អក្សរ និង​ទង់​ជាតិ​វៀតណាម​នៅ​លើ​វេទិកា គឺ​ហាក់​កម្ពុជា​កំពុង​ក្លាយ​ជា​វៀតណាម​ភាវូបនីយកម្ម​បណ្ដើរៗ ឬ​ការ​បញ្ចូល​ខ្លួន​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​វៀតណាម។

លោក អ៊ុំ សំអាន៖ «លេង​របាំ​ខ្មែរ​ទៅ​ ហើយ​អញ្ជើញ​គណៈ​ប្រតិ​ភូ​វៀតណាម​ចូល​រួម​ទៅ​ អាហ្នឹង​វា​មិន​ជា​បញ្ហា​ វា​មិន​ទៅ​ប្រកាន់​ពូជ​សាសន៍​អី​ទេ។ ​ក៏​ប៉ុន្តែ​រឿង​អី​យើង​ទៅ​ធ្វើ​អ៊ីចឹង មាន​អក្សរ​ខ្មែរ​ អក្សរ​វៀតណាម​ មាន​ទង់​ជាតិ​វៀតណាម​ផង​ មាន​ទង់​ជាតិ​ខ្មែរ​ផង ហើយ​មាន​របាំ​វៀតណាម​ទៀត។​ អាហ្នឹង​មិន​មែន​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ទេ​ វា​ជា​បុណ្យ​ចូល​ឆ្នាំ​យួន​ទៅ​វិញ​ អា​ហ្នឹង​ធ្វើ​ហ្នឹង​ដូច​ជា​ប្រទេស​ឡាវ។​ កម្ពុជា​នឹង​ប្រែ​ក្លាយ​ជា​យួន​ភាវូបនីយកម្ម​ ដូច​នៅ​ប្រទេស​ឡាវ​បណ្ដើរ​ៗ»​

លោក អ៊ុំ សំអាន បន្ត​ថា មូល​ហេតុ​ដែល​លោក​ព្រួយ​បារម្ភ​បែប​នេះ ​ដោយ​សារ​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​បន្សល់​ទុក​រួច​ហើយ ដែល​វៀតណាម​ធ្លាប់​បាន​ប្រ​ជ្រៀត​ជន​ជាតិ​របស់​ខ្លួន រួម​ទាំង​វប្បធម៌ និង​ភាសា​ចូល​ទៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់​ពី​មាន​ការ​ខ្ចី​ដី​រយៈ​ពេល ៥ឆ្នាំ ដើម្បី​បង្ហាត់​កងទ័ព ប៉ុន្តែ​ក្រោម​មក ក៏​មាន​ការ​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​រដ្ឋាភិបាល​បារាំង ប្រគល់​ទៅ​ឱ្យ​វៀតណាម​គ្រប់​គ្រង​មក​ដល់​សព្វ​ថ្ងៃ​នេះ។

លោក​បន្ថែម​ទៀត​ថា កម្ពុជា​អាច​នឹង​ក្លាយ​ជា​ខ្មែរ​កម្ពុជា​ក្រោម​ទី២ ដោយ​សារ​ហេតុផល​មួយ​ចំនួន ដូច​ជា ពលរដ្ឋ​វៀតណាម​កំពុង​ចូល​មក​រស់​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ទឹក​ដី​កម្ពុជា​ការ​សម្រេច​ដាក់​បញ្ចូល​ភាសា​វៀតណាម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​នៅ​តាម​រាជធានី​ខេត្ត​ទាំង២៥ មាន​សមាគម​វៀតណាម​សម្រាប់​បង្រៀន​ភាសា​វៀតណាម រួម​ទាំង​ចុង​ក្រោយ​នេះ វៀតណាម​ហាក់​កំពុង​ព្យាយាម​បញ្ចូល​របាំ​ប្រពៃណី​របស់​ខ្លួន​មក​កម្ពុជា​ថែម​ទៀត។ អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ​អះ​អាង​ថា​លោក ហ៊ុន សែន ដែល​ជា​មេ​ដឹក​នាំ​ត្រូវ​បាន​វៀតណាម​ជួយ​លើក​បន្តុប​ឱ្យ​កាន់​អំណាច​រហូត​មក​នេះ ក៏​ធ្លាប់​បាន​ចុះ​ហត្ថលេខា​ប្រគល់​ទឹក​ដី​តាម​ព្រំដែន​ឱ្យ​វៀតណាម​តាម​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ១៩៨៥។

ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី១ មេសា ធ្វើ​ពិធី​អបអរ និង​ជូន​ពរ​គ្នា​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ រវាង​ថ្នាក់​ដឹក​នាំ​ខេត្ត​ស្វាយ​រៀង ជា​មួយ​ថ្នាក់​ដឹក​នាំ​វៀតណាម​មក​ពី​ខេត្តឡុងអាង (Long Ang) និង​ខេត្ត​តៃនិញ (Tay Ninh) ជា​ខេត្ត​ជាប់​ព្រំដែន​គ្នា និង​មាន​ការ​ចូល​រួម​ពី​លោកស្រី ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា និង​ព្រឹទ្ធសភា។ នៅ​លើ​វេទិកា​នេះ នៅ​ជ្រុង​ម្ខាង​មាន​ដាក់​អក្សរ និង​ទង់​ជាតិ​វៀតណាម និង​ជ្រុង​ម្ខាង​ទៀត​ដាក់​អក្សរ និង​ទង់​ជាតិ​ខ្មែរ រួម​ទាំង​ការ​សម្ដែង​របាំ​ជូន​ពរ​ពី​ភាគី​វៀតណាម និង​របាំ​ក្ងោក​ពី​ភាគី​កម្ពុជា។ នៅ​ក្នុង​ពិធី​នេះ ក្រុម​មន្ត្រី​វៀតណាម បាន​នាំ​យក​ត្រក​ផ្លែ​ឈើ និង​បាច់​ផ្កា ជូន​ក្រុម​មន្ត្រី​កម្ពុជា សម្រាប់​ជា​អំណោយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ និង​ជា​អភិ​បាល​រង​ខេត្ត​ស្វាយរៀង លោក ម៉ែន អេង ដែល​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ អេង រិទ្ធី អតីត​ពិធីករ​ទូរទស្សន៍​បាយ័ន និង​ធ្លាប់​អះអាង​ថា កម្ពុជា​គ្មាន​អន្តោប្រវេសន៍​វៀតណាម​រស់​នៅ​នោះ បាន​លើក​ឡើង​ថា ​វា​ជា​ការ​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ថ្នាក់​ដឹក​នាំ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​នាម​ជា​បង​ប្អូន​ល្អ​ និង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា។ លោក​បន្ត​ថា នៅ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ ភាគី​មន្ត្រី​វៀតណាម​ក៏​បាន​អញ្ជើញ​ក្រុម​មន្ត្រី​ខេត្ត​ស្វាយ​រៀង​ទៅ​ចូល​លេង​កម្សាន្ត​ដូច​គ្នា​នេះ​ដែរ។

លោក អេង រិទ្ធី៖ «នៅ​ពេល​ដែល​គេ​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​របស់​គេ ក៏​គេ​អញ្ជើញ​យើង​ទៅ​ដែរ ហើយ​យើង​ក៏​យក​របាំ​យើង​ទៅ​ដែរ​ដូច​តែ​គ្នា​ហ្នឹង។ ខេត្ត​ស្វាយ​រៀង​មាន​របាំ​គោះ​ត្រឡោក ជា​អត្ត​សញ្ញាណ​របស់​ខេត្ត ហើយ​យើង ក៏​មាន​របាំ​ជូន​ពរ​យក​ទៅ​សម្ដែង​នៅ​ខេត្ត​តៃនិញ និង​ខេត្ត​ឡុងអាង​ដូច​តែ​គ្នា​ដែរ​ទេ។ អ៊ីចឹង! ជម្រាប​ជូន​ថា​នេះ​ជា​កិច្ច​សហ​ប្រតិបត្តិការ ​ជា​ការ​ទំនាក់​ទំនង​ល្អ នៅ​ក្នុង​ការ​កសាង​ព្រំដែន​សន្តិភាព ព្រំ​ដែន​បៃ​តង និង​ព្រំដែន​កិច្ច​សហប្រតិបត្តិការ»

លោក ហ៊ុន សែន បន្ទាប់​ពី​ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ១៩៨៥ មក លោក​បាន​ព្យាយាម​រក្សា និង​ដណ្ដើម​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ក្នុង​ឆ្នាំ១៩៩៧ ការ​សម្លាប់​ក្រុម​បាតុករ​អហិង្សា ការ​ប្រើ​ប្រព័ន្ធ​តុលា​ការ​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង និង​រិះគន់ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ការ​បង្កើត​បក្ខ​ពួក​និយម ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​របប​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ដើម។ មន្រ្តី​គណ​បក្ស​ប្រឆាំង​តែងតែ​លើក​ឡើង​ថា មូល​ហេតុ​ដែល​វៀតណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​បាន​រយៈ​ពេល ៤០ឆ្នាំ​មក​នេះ​ ទើប​របប​លោក ហ៊ុន សែន តែង​តែ​បង្ហាញ​ការ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់ ហើយ​ពេល​ខ្លះ​ហាក់​មិន​ហ៊ាន​និយាយ​រិះ​គន់​ ឬ​ស្នើ​សុំ​អ្វី​មួយ​ទៅ​ភាគី​វៀតណាម ដូច​ដែល​រដ្ឋាភិបាល​វៀតណាម ធ្លាប់​រិះគន់ និង​ស្នើសុំ​កម្ពុជា​នោះ​ទេ។

ជាក់ស្ដែង​កាល​ពី​ឆ្នាំ២០២១ នៅ​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​វិធានការ​ឱ្យ​រុះរើ​ផ្ទះ​បណ្ដែត​ទឹក និង​បែរ​ចិញ្ចឹម​ត្រី ចេញ​ពី​ដង​ទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ ហើយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​ផ្ទះ និង​បែចិញ្ចឹម​ត្រី​របស់​ជន​ជាតិ​វៀតណាម​ជិត ២ពាន់​កន្លែង ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​រិះ​គន់ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​ធានា​ពី​សិទ្ធិ និង​សុខុមាល​ភាព​សម្រាប់​ជនជាតិ​ខ្លួន។ ប៉ុន្តែ​នៅ​ពេល​វៀតណាម​រំលោភ​បំពាន​សិទ្ធិ​ផ្សេងៗ ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រដ្ឋាភិបាល លោក ហ៊ុន សែន តែង​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ហ៊ាន​ហា​ស្ដី ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង និង​ចាត់​ទុក​ថា ការ​រំលោភ​បំពាន​សិទ្ធិ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ ជា​រឿង​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម។

មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​តែ​បន្ត​ព្រួយ​បារម្ភ​ជុំវិញ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​របស់​លោក ហ៊ូ ជីមិញ (Ho Chi Minh) ដែល​ព្យាយាម​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​ទាំង​ស្រុង​រួម​ទាំង​ប្រទេស​ឡាវ៕

No comments: