Friday, 28 April 2023

លោក សៅ សុខា បញ្ជា​ឱ្យ​សមត្ថកិច្ច​បាញ់​កម្ទេច​ក្រុម​អ្នក​កាង​បទល្មើស​ដឹកឈើ​ចេញពី​ព្រៃឡង់


Khmer Circle

 

We have heard similair rhetoric before about taking tough measures against illegal loggings; in fact, since Rannariddh was Funcinpec Co-PM in the early 1990s. Since most - if not all - these trucks have to go through border check-points somewhere along the frontier with Vietnam, is it that difficult to stop the culprits there and prosecute them legally rather than wasting arms and manpower that way?


$$$

 

ដោយ នៅ វណ្ណារិន
2023.04.28

លោក សៅ សុខា បញ្ជា​ឱ្យ​សមត្ថកិច្ច​បាញ់​កម្ទេច​ក្រុម​អ្នក​កាង​បទល្មើស​ដឹកឈើ​ចេញពី​ព្រៃឡង់ 

សកម្មភាព​អាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបបទល្មើសព្រៃឈើ ចន្លោះពីថ្ងៃទី២៦-២៨ មេសា ២០២៣។
រូប៖ ហ្វេសប៊ុកGRK News


លោក សៅ សុខា មេ​ប៉េអិម​លើ​ផ្ទៃ​ប្រទេស បញ្ជា​ឱ្យ​កម្លាំង​ចុះ​ចាប់ ឬ​បាញ់​កម្ទេច ក្រុម​អ្នក​កាង ឬ​ក្រុម​មន្ត្រី​រត់ការ​បើក​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​នៅ​ព្រៃឡង់ ប្រសិនបើ​ពួកគេ​ប្រើ​អាវុធ​បាញ់​តដៃ​នឹង​សមត្ថកិច្ច​។ លោក​ថា ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន ដោយសារ​អាជ្ញាធរ​ថ្នាក់​ខេត្ត​អសកម្ម និង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ។ សកម្មជន​ព្រៃឈើ​យល់ឃើញ​ថា សំដី​របស់​លោក សៅ សុខា នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ពីព្រោះ​លោក​ធ្លាប់​សន្យា​ស្រដៀង​គ្នា​នេះ តែ​គ្មាន​អ្នក​អនុវត្ត។

សកម្មជន​នៅតែ​គ្មាន​ជំនឿ​ថា ការ​ចេញ​បញ្ជា​ជាថ្មី​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លោក សៅ សុខា មិនអាច​ការពារ​ព្រៃឈើ​ឡើយ ព្រោះ​កន្លងមក មេ​ប៉េអិម​រូប​នេះ ក៏​ធ្លាប់​បាន​ប្រកាស​ដាក់​ទាំង​ជីវិត​ដើម្បី​ការពារ​ព្រៃឈើ ប៉ុន្តែ​ក្រោយ​មក ព្រៃឈើ​នៅតែ​រង​ការ​វិនាស​ធ្ងន់ធ្ងរ​ដដែល។



អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ មេសា ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ភ្លាម កាល​ពី​យប់​ថ្ងៃទី ២៤ មេសា លោក សៅ សុខា បាន​បញ្ជា​ឱ្យ​កង​អន្តរាគមន៍​ថ្នាក់​ជាតិ​ចំនួន ១៥​ក្រុម បំពាក់​កាំភ្លើង​គ្រប់​ដៃ​រួម​ទាំង​បេ​៤០ ចុះទៅ​បង្ក្រាប និង​ឃាត់​បាន​ជនល្មើស​ជាច្រើន​នាក់​។ លោក​បន្ត​ថា គិត​មក​ដល់​ពេលនេះ កងកម្លាំង​រឹបអូស​បាន​ឈើ​ជាង​៧៣​ម៉ែត្រ​គីប ឈើ​ហ៊ុប​មិនទាន់​វាស់វែង​ចំនួន ៤​រថយន្ត រថយន្ត​សណ្ដោង ៧​គ្រឿង គោយន្ត​កន្ត្រៃ​១៣​គ្រឿង ម៉ូតូ​មួយ​គ្រឿង និង​ឃាត់ខ្លួន​ជនល្មើស​បាន ១៤​នាក់​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាត់​វិធានការ​តាម​នីតិវិធី។ លោក​ថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​បន្ត​សាកសួរ​ជនល្មើស​ទាំង ១៤​នាក់​នោះ ដើម្បី​ស្វែងរក​មេខ្លោង​នៅ​ពីក្រោយ។

    លោក អេង ហ៊ី៖ «យើង​ឃើញថា ភាគច្រើន​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត ហើយ​ក្នុង​អ្នក​ដែល​ប្រព្រឹត្ត​នេះ យើង​កំពុង​សួរនាំ​បន្ត​ទៀត តើ​មាន​អ្នកណា​កាង អ្នកណា​នៅ​ពីក្រោយ»។

ការ​លើកឡើង​ពី​អ្នកនាំពាក្យ​រូប​នេះ​ធ្វើឡើង បន្ទាប់ពី​សារ​សំឡេង​មួយ​របស់​លោក សៅ សុខា ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី២៦ មេសា។ លោក សៅ សុខា បាន​បញ្ជា​ឱ្យ​កងកម្លាំង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជម្រាយ ចំនួន​១៥០​នាក់ បែង​ចែក​ជា ១៥​ក្រុម ដោយ​មួយ​ក្រុម​ត្រូវ​មាន​បេ​៤០ មួយ​ដើម និង​ត្រូវ​បំពាក់​ដោយ​កាំភ្លើង​គ្រប់​ដៃ ចុះទៅ​ឡោមព័ទ្ធ​ចាប់ខ្លួន ឬ​អាច​បាញ់​កម្ទេច​ចោល​តែម្ដង ប្រសិនបើ​មានការ​បាញ់​តដៃ ពី​សំណាក់​ក្រុម​អ្នក​កាង ឬ​មន្ត្រី​រត់ការ​បើក​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ជាពិសេស​ស្ថិត​នៅ​ក្នុង​ខេត្តក្រចេះ ដោយ​មិន​ចាំបាច់​ប្រាប់​ដំណឹង​ទៅ​អភិបាល​ខេត្ត ឬ​អភិបាល​ស្រុក​ណា​ឡើយ ព្រោះ​លោក​ថា ពួកគេ​ជា​មន្ត្រី​អត់​បានការ និង​មិន​ដែល​ខ្វល់​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ឡើយ។

    លោក សៅ សុខា៖ «ឥឡូវ​បើ​អា​ស្រុក​វា​មិន​ធ្វើ អា​ខេត្ត​វា​មិន​ធ្វើ យើង​ធ្វើ មិន​បាច់​ហៅ​ពី​ណា​ទៅ​ច្រើន​ទេ អាវុធហត្ថ​ទៅ​ធ្វើ ហើយ​បើ​មាន​កាំភ្លើង​តដៃ​បាញ់​គ្នា​ទេ បាញ់​តែម្ដង​ទៅ មិន​បាច់​និយាយ​ច្រើន​ទេ យក​បេ​ទៅ​តែម្ដង បំពាក់​១០​ដើម​តែម្ដង បើ​ថា​វា​បាញ់​ត បាញ់​វា​តែម្ដង បាញ់​កម្ទេច​ក្រវាត់​ចោល។ ស្អី​ក៏​វា​សម្បើម​ម្ល៉េះ​ហា៎ មក​ដល់​ម៉ោង​ហ្នឹង នៅ​បំផ្លិចបំផ្លាញ មិន​ឮ​នាយករដ្ឋមន្ត្រី​បញ្ជា​យ៉ាងម៉េច​ទេ​អី ហើយ​អា​មន្ត្រី​អស់ហ្នឹង គឺ​ដេក​ងាប់​អស់​តែម្ដង»។

លោក សៅ សុខា ក៏​ព្រមាន​ដក​ស័ក្ដិ​ចេញពី​ស្មា​ក្រុម​មន្ត្រី​កងរាជអាវុធហត្ថ ប្រសិនបើ​ពួកគេ​មិនអាច​តាម​ចាប់ខ្លួន​ក្រុម​មន្ត្រី​ក្បាល​រឹង ឬ​ក្រុម​ជើង​កាង​បទល្មើស​ព្រៃឈើ ខណៈ​លោក​បញ្ជាក់​ថា ក្រុម​ទាំងនោះ កំពុង​ឆ្លៀតឱកាស​ដែល​រដ្ឋាភិបាល​ជាប់ដៃ​រៀបចំ​ប្រកួត​កីឡា​ស៊ីហ្គេម និង​រៀបចំ​ការ​បោះឆ្នោតជាតិ​ខាងមុខនេះ លួច​ចូល​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​អាច​ដឹក​ចេញពី​ព្រៃ​ឡង់​យ៉ាង​រំភើយ ឆ្លង​កាត់មុខ​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន និង​ស្នាក់​ការ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ។ លោក​យល់ឃើញ​ថា ការ​បណ្ដែតបណ្ដោយ​ការ​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​បែបនេះ ដោយសារ​ក្រុម​មន្ត្រី​ជំនាញ​ទាំងនោះ គប់គិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​សកម្មជន និង​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​លើកឡើង​ថា បទល្មើស​ព្រៃឈើ​បាន​កើត​ឡើង​យ៉ាងសកម្ម ដោយសារ​គ្មាន​មន្ត្រី​ចុះ​បង្ក្រាប ដែល​អាច​ធ្វើ​ឱ្យ​ព្រៃ​ដ៏​ធំ​មួយ​នេះ វិនាស​បាត់បង់​ទាំងស្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ដ៏​ខ្លី​ខាងមុខ។ ក្រុម​សកម្មជន​បញ្ជាក់​ថា ដើមឈើ​ធំៗ ក្នុង​តំបន់​ការពារ ត្រូវ​បាន​អារ​ផ្ដួល​រួច​ដឹក​តាម​ម៉ូតូ គោយន្ត និង​រថយន្ត​ធំៗ លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​រកស៊ី​ឈើ ដូចជា​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech (Cambodia) Co., Ltd.) នៅ​ខេត្តក្រចេះ និង​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.) នៅ​ក្នុង​ខេត្តព្រះវិហារ។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​អ្នកស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​លោក អូត ឡាទីន ចាត់ទុក​ចំណាត់ការ​របស់​មេ​ប៉េអិម​លើ​ផ្ទៃ​ប្រទេស​នៅ​ពេល​នេះ ថា​ជា​រឿង​ចម្លែក និង​មិន​ស៊ីចង្វាក់​គ្នា​នឹង​ការ​លើកឡើង​ពី​មន្ត្រី​ក្រសួង​បរិស្ថាន ដែល​តែង​ដោះសា​គេចវេះ​មិន​ទទួលខុសត្រូវ នៅពេល​សកម្មជន ឬ​ប្រជាពលរដ្ឋ នាំគ្នា​ផ្សព្វផ្សាយ​ពី​បទ​ល្មើស​ព្រៃឈើ​កើត​ឡើង ដូច​អ្វី​ដែល​មេ​ប៉េអិម​បាន​លើកឡើង​នៅ​ពេល​នេះ។

លោក​បន្ត​ថា កាលពី​ឆ្នាំ​២០១៩ ក៏​មាន​ការប្រកាស​ចុះ​បង្ក្រាប​ដូចគ្នា​នេះ​ដែរ និង​បាន​ឃាត់​អ្នក​កាង​បទល្មើស​ព្រៃឈើ និង​ឧកញ៉ា​មួយចំនួន រួម​ទាំង​ការ​ដុត​បំផ្លាញ​រថយន្ត​ដឹកឈើ ប៉ុន្តែ​វិធានការ​ក្ដៅ​នៅ​ពេល​នោះ អនុវត្ត​បាន​ត្រឹម​រយៈពេល​ខ្លី ហើយ​ចាប់ពី​ឆ្នាំ​២០១៩​ដដែល ក៏​បាន​ស្ងប់ស្ងាត់​ទៅវិញ រហូត​បណ្ដាល​ឱ្យ​មាន​បទ​ល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ឡើង​រហូត​មក​ដល់​ពេល​នេះ​។ លោក អូត ឡាទីន យល់ឃើញ​ថា ការប្រកាស​របស់​លោក សៅ សុខា នៅ​ពេល​នេះ ហាក់ដូចជា​ការ​បង្កើត​ព្រឹត្តិការណ៍ ទាក់ទាញ​ប្រជាប្រិយ​នៅមុន​ការបោះឆ្នោត ដែល​វា​មិន​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​ម៉ឺងម៉ាត់​ឡើយ។

    លោក អូត ឡាទីន៖ «​វា​ហាក់បីដូចជា​ចម្លែក នៅ​សុខៗ ស្រាប់តែ​គាត់​ចេញ​មក​ធ្វើការ​ប្រតិកម្ម ហើយ​គាត់​លើកឡើង​ដូច​អ្វី​ដែល​ពួក​យើង​តែង​ធ្វើការ​ផ្សព្វផ្សាយ​។ អ៊ីចឹង​! បាន​ខ្ញុំ​យល់​​ឃើញ​ថា ពេលខ្លះ​ការ​បង្ក្រាប​បទល្មើស​នៅក្នុង​ស្ថានភាព​ដូចនេះ វា​ទំនងជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំពេញចិត្ត​ប្រជា​ពលរដ្ឋ នៅមុន​រដូវ​កាល​បោះឆ្នោត​ក៏​ថា​បាន អានេះ​គ្រាន់តែ​ជា​ការ​យល់ឃើញ​របស់ខ្ញុំ»។

សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​យល់​ឃើញ​ថា ដើម្បី​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវ​បើកចំហ​ឱ្យ​ពលរដ្ឋ និង​សកម្មជន អាច​ចូលរួម​ការពារ​ព្រៃឈើ​ឡើង ខណៈ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​រឹតត្បិត​ពី​ក្រសួង​បរិស្ថាន។ លើស​ពី​នេះ លោក អូត ឡាទីន លើកឡើង​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវ​ចេញ​អន្តរាគមន៍​ជា​បន្ទាន់ នៅ​ពេល​មាន​សេចក្ដីរាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​ពី​ក្រុម​សកម្មជន​ឬ​ប្រជាពលរដ្ឋ ខណៈ​លោក​បញ្ជាក់​ថា អ្នក​ដែល​អាច​កាង​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​សេរី​នៅ​ពេល​នេះ មិនមែន​ជា​បុគ្គល​ធម្មតា​ឡើយ សុទ្ធតែ​ជា​អ្នក​មាន​អំណាច និង​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ក្រសួង​បរិស្ថាន។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ទេ នៅ​ថ្ងៃទី​២៧​មេសា នេះ។

លោក អេង ហ៊ី បន្ត​ថា លោក សៅ សុខា ក៏​ដាក់ចេញ​ផែនការ​ច្បាស់លាស់​បន្ថែម​ទៀត ដោយ​តម្រូវ​ឱ្យ​បណ្ដា​រាជធានី​ខេត្ត​មាន​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ ត្រូវ​រៀបចំ​កងកម្លាំង​ត្រៀម​នៅ​តាម​គោលដៅ​មួយចំនួន ដែល​អាច​មាន​បទល្មើស​កើតឡើង ហើយ​ត្រូវ​អន្តរាគមន៍​ភ្លាមៗ នៅពេល​ទទួល​បាន​ព័ត៌មាន ឬ​បញ្ជា​ពី​ថ្នាក់លើ​។ លោក​សង្ឃឹម​ថា ការ​ដាក់​ចេញ​ផែនការ​នេះ នឹង​អាច​ធ្វើ​ឱ្យ​បទល្មើស​ព្រៃឈើ​ចុះថយ។

ទោះជា​យ៉ាងណាក៏ដោយ កន្លង​មក លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​កាត់​ក​ក្រវាត់​ចោល ប្រសិនបើ​លោក​មិនអាច​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ និង​ក្រោយ​មក​ទៀត លោក​ក៏បាន​បញ្ជា​ឱ្យ​បាញ់​គ្រាប់​រ៉ុកកែត​ពី​ឧទ្ធម្ភាគចក្រ​កម្ទេច​ក្រុម​ជនល្មើស​កាប់​ព្រៃឈើ​ជាដើម ហើយ​កាលពី​ឆ្នាំ​២០១៩ លោក សៅ សុខា ក៏​ធ្លាប់​បាន​ប្រកាស​ដាក់​ជីវិត​របស់​លោក​ដែរ ប៉ុន្តែ​ព្រៃឈើ​នៅតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បន្ត​បាត់បង់​ដោយ​គ្មាន​ការ​ទប់ស្កាត់​មក​ដល់​ពេល​នេះ៕

2 comments:

Anonymous said...

Applying the draconian measure against these perpetrators and stop fooling people.

Anonymous said...

I bet they painted the logs with stealth bomber coat of arm so at the border the inspectors could not see the logs as the trucks roll through. Now that is very stealthy of disguised.