Friday, 28 April 2023

វៀតណាម​បរាជ័យ​ស្នើ​វេទិកា​អចិន្ត្រយ៍​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​បណ្ដេញ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​ពី​វេទិកា

Khmer Circle:

It's much easier and almost hassle-free for the Vietnamese when they need to pull their magic puppet strings inside Cambodia where their loyal and subservient stooges are firmly entrenched in power.

^^^

ដោយ យន់ សាមៀន
2023.04.26
វៀតណាម​បរាជ័យ​ស្នើ​វេទិកា​អចិន្ត្រយ៍​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​បណ្ដេញ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​ពី​វេទិកា  
កិច្ចប្រជុំនៅអង្គការ​សហប្រជាជាតិ នៅខែ​មេសា ២០២៣។
Photo courtesy of UN

តំណាង​រដ្ឋាភិបាល​វៀតណាម​បាន​បរាជ័យ​ស្នើ​ឲ្យ​សមាជិក​វេទិកា​អចិន្ត្រយ៍ ស្ដីពី​បញ្ហា​ជនជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​បណ្ដេញ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ចេញ​ពី​កិច្ច​ប្រជុំ​នៅ​បុរី​ញូវយ៉ក(New York)។ វេទិកា​អចិន្ត្រយ៍​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​ឆ្នាំ​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២៨ មេសា ដោយ​ផ្ដោត​លើ​ប្រធាន​បទ «ពលរដ្ឋ​ជន​ជាតិ​ដើម សុខភាព​មនុស្ស​ ផែនដី និង​បរិស្ថាន ដោយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស​ជា​បំណង»

តំណាង​រដ្ឋាភិបាល​វៀតណាម ​បាន​ចោទ​ប្រកាន់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា បាន​ធ្វើ​របាយការណ៍​ប្រឌិត​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​វៀតណាម និង​គ្មាន​សិទ្ធិ​ធ្វើ​ជា​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​វៀតណាម​ចាត់​ទុក​ថា ជា​ជន​ជាតិ​ភាគ​តិច​ឡើយ។

តំណាង​រដ្ឋាភិបាល​វៀតណាម «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​បំរើ​នយោបាយ​របស់​ពួកគេ ហើយ​មាន​ចេតនា​ដើម្បី​បំបែក​បំបាក់​ជនជាតិ​ភាគតិច​នៅ​វៀតណាម ​បំផ្លាញ​ការ​ឯកភាពជាតិ និង​សន្តិភាព។ ទង្វើ​ទាំងនេះ ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ ​ហើយមិន​គួរ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ក្នុង​វេទិកា​នេះ»

 

តំណាង​រដ្ឋាភិបាល​វៀតណាម ​ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា វៀតណាម​ជំទាស់​នឹង​វត្តមាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ និង​ស្នើ​ឲ្យ​វេទិកា​បញ្ចប់​វត្តមាន​របស់​សហព័ន្ធ​ដើម្បី​កុំ​ឲ្យ​មាន​ការ​បំពាន​ដល់​អធិបតេយ្យភាព និង​បូរណភាព​វៀតណាម។

«វៀតណាម​ជា​ប្រទេស​ដែល​មាន ​ជន​ជាតិ​ភាគ​តិច​ដល់​ទៅ​៥៤ ​ដែល​ពួកគេ​រីករាយ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សេចក្ដី​សុខ និង​សន្តិភាព​ជា​យូរ​យារ​ណាស់​មក​ហើយ ​និង​មានការ​លើក​កម្ពស់​សិទ្ធិ​ជនភាគតិច ​រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។ ​នេះ​ជា​អាទិភាព​របស់​វៀតណាម»

ឆ្លើយតប​នឹង​សំណើ​របស់​វៀតណាម ​សមាជិក​វេទិកា​អចិន្ត្រយ៍ ស្តី​ពី​បញ្ហា​ជនជាតិ​ដើម ​បាន​ថ្លែង​ការពារ​វត្តមាន​របស់​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​បាន​ចូល​រួម​វេទិកា​ជន​ជាតិ​ដើម​ ដើម្បី​បញ្ចេញ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស ​សិទ្ធិ​ជនជាតិ​ដើម និង​សាសនា​ខ្មែរ​កម្ពុជា​ក្រោម។ អ្នកស្រី​ ថូវី សូដាស ហ្គេន (Tove Søvndahl Gant) សមាជិក​វេទិកា​អចិន្ត្រយ៍ ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​ថ្លែង​ថា ​ការ​ចោទ​​ប្រកាន់​របស់​វៀតណាម ទៅ​លើ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​ការពារ​សិទ្ធិ​មនុស្ស​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម ​ជា​ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរ។

អ្នកស្រី​ ថូវី សូដាស ហ្គេន៖ «ខ្ញុំ​សូម​រំលឹក​ដល់​ប្រតិភូ​វៀតណាម​ថា វេទិកា​នេះ បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ពី​សមាជិក​ឯករាជ្យ​ដើម្បី​ផ្ដល់​យោបល់​ដល់​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​សមាជិក​ជុំវិញ​បញ្ហា​ជន​ជាតិ​ដើម​។ រាល់​បំណង​ណា​ដែល​ចង់​រឹតត្បិត​ការ​ចូល​រួម​តំណាង​ជន​ជាតិ​ដើម ​និង​សិទ្ធិ​ដើម្បី​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដោយ​សេរី​រួម​ទាំង ការ​បង្ហាញ​យោបល់​ នយោបាយ ទស្សនៈ ​វា​ការ​ធ្វើ​ផ្ទុយ​នឹង​អាណត្តិ​​របស់​វេទិកា​នេះ និង​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិ​មនុស្ស​និង​ការ​បញ្ចេញ​មតិ»

អ្នកស្រីបន្ត​ថា វេទិកា​រីករាយ​នឹង​ធ្វើ​ការងារ​នឹង​រដ្ឋាភិបាល​វៀតណាម ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​ជាតិ​ដើម​ ដែល​វៀតណាម​ចាត់​ទុក​ថា ​ជា​ជន​ជាតិ​ភាគតិច។

វេទិកា​អចិន្ត្រយ៍ ស្តី​ពី​បញ្ហា​ជន​ជាតិ​ដើម​ជា​ស្ថាប័ន​ផ្ដល់​ប្រឹក្សា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ របស់​អង្គការ​សហប្រជាជាតិ ​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០០០​ ដែល​មាន​អាណត្តិ​ពិនិត្យ​បញ្ហា​ប្រឈម​របស់​ជន​ជាតិ​ដើម ទាក់ទង​នឹង​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​សង្គម​ វប្បធម៌ ​អប់រំ ​សុខភាព ​និង​សិទ្ធិ​មនុស្ស​។ ​វេទិកា​នេះ ជា​កន្លែង​សំខាន់ ​ដើម្បី​ជម្រាប​លើក​ឡើង​ឲ្យ​មាន​ការ​ដឹង​លឺ និង​ការ​តស៊ូ​មតិ​នឹង​អាជ្ញាធរ​រដ្ឋាភិបាល ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​ដើរ​ថយ​ក្រោយ និង​ការ​អនុវត្ត​ជា​វិជ្ជមាន​ជុំ​វិញ​សិទ្ធិ​ជន​ជាតិ​ដើម​ស្ត្រី​កុមារ និង​យុវជន។

ពាក់ព័ន្ធ​នឹង​សំណើ​របស់​វៀតណាម​ឲ្យ​មាន​សមាជិក​វេទិកា​បណ្ដេញ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចេញ​ពី​អង្គ​ប្រជុំ​នេះ​ អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​លោក ម៉ៅ មុន្នី ដែល​ដឹកនាំ​ប្រតិភូ​ខ្មែរ​ក្រោម​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មាន​ប្រសាសន៍​ថា សហព័ន្ធ​ទទួល​បាន​ជោគជ័យ ​ដែល​សមាជិក​វេទិកា​ស្តី​ពី​ជន​ជាតិ​ដើម​ មិន​បណ្ដេញ​សហព័ន្ធ​ចេញ ហើយ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​តំណាង​ខ្មែរ​កម្ពុជា​ក្រោម ​ថ្លែងការណ៍ និង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ជន​ជាតិ​របស់​វៀតណាម​សព្វ​ថ្ងៃ។

លោក ម៉ៅ មុន្នី៖ «គោលដៅ​របស់​សហព័ន្ធ​យើង​ចង់​ថា ​កន្លែង​នេះ​ជា​កន្លែង​ប្រជុំ​របស់​ជនជាតិ​ដើម គេ​បញ្ជាក់​ថា​ យើង​ជា​ជនជាតិ​ដើម​ទើប​គេ​ឲ្យ​យើង​ចូល។ វៀតណាម​ខំ​ចោទ​យើង​យ៉ាង​ម្ដេច​ក៏​មិន​បាន​ដេញ​យើង​បាន​ដែរ»។

ក្នុង​កិច្ច​ប្រជុំ​នៃ​វេទិកា​អចិន្ត្រយ៍ ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​កញ្ញា ម៉ៅ ​សុគន្ធា ​និង ​ហង្ស អ៊ីមេលី បាន​ស្នើ​ឲ្យ​វេទិកា​ចាប់​អារម្មណ៍​លើ​ទង្វើ​របស់​វៀតណាម ​ដែល​បាន​ចាប់​បង្ខំ​ឲ្យ​ខ្មែរ​ក្រោម​ឲ្យ​សារភាព​ទោស​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ និង​ចាប់​ឃុំឃាំង ពួកគេ ដោយសារ​តែ​ពួកគេ​បាន​ចែក​ចាយ​ឯកសារ​សេចក្ដី​ប្រកាស​សកល​ស្ដីពី​ជន​ជាតិ​ដើម ​របស់​អង្គការ​សហប្រជាជាតិ និង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​។ យ៉ាង​ហោច ​ក៏​មាន​យុវជន​ខ្មែរ​ក្រោម​ដប់​រូប​ត្រូវ​បាន​វៀតណាម ​ហៅ​ទៅ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ច្រើន​ម៉ោង​ អ្នក​ខ្លះ​ដល់​២៤​ម៉ោង។​ កញ្ញា  ហង្ស អ៊ីមេលី ​បញ្ជាក់​ថា ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ខ្មែរ​ក្រោម​កាន់​ឲ្យ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​តែ ​វៀតណាម​បាន​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ។ កញ្ញា​ស្នើ​សុំ​ឲ្យ​កិច្ច​អន្តរាគមន៍​ឲ្យ​វៀតណាម ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ និង​បញ្ឈប់​កោះហៅ​យុវជន​ខ្មែរ​ក្រោម​ទៅ​សួរ​ចម្លើយ​រឿង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ជា​ដើម​។ អនុប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ​ម៉ៅ មុន្នី រំពឹង​ថា  សមាជិក​វេទិកា​អចិន្ត្រយ៍ ស្តី​ពី​បញ្ហា​ជន​ជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​នឹង​យក​សំណូមពរ និង​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ​ទៅ​ជម្រាប​ជូន​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ចុង​ឆ្នាំ​២០២៣​នេះ៕

1 comment:

Anonymous said...

Sound like the American President is working for foreign governments too. He must of learned it from Hun Sen, as his prime example and is doing a very good job. So if you want to be very rich join politic and promote puppet agenda and get paid very handsomely.

To say you are right just hand your agenda to big corporate media and tell them to tell your opponents to shut-up and trump up very credible facts and back them up with more lies to cast them aside as heaps of trash -- bingo.

Truth is very convincing when corporate media is able to have dominant over opposing voices. OK, shall we have the next war please.