Khmer Circle:
When a people have no say over how their lives are led, then there is every chance that their lives would be badly led or worse.
Pol Pot's chilling slogan was: 'The Wheel of History cannot stop turning for anyone'. Now compare that with Hun Sen's and the CPP's slogan: 'Peace at any price'.
Democracy and what it will bring to this long-suffering nation could not be more urgent or relevant, but even the country's affluent elite think it is something of a lost cause and luxuary. After all, their lives are not immediately at stake. At least, not yet...
'Society, at its worst is still a blessing. The state, however, is at its best oppressive, and is frequently intolerant.'
^^^
ដោយ ឡេង ម៉ាលី
2023.04.17
ទីក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
រូបថតឯកសារពីសារមន្ទីរគុកទួលស្លែង
ចាប់តាំងពីល្ងាចថ្ងៃទី១៧ មកដល់ព្រឹកថ្ងៃទី១៨ មេសានេះ ទិដ្ឋភាពនៅរាជធានីភ្នំពេញ មានសភាពអ៊ូអរជាងប៉ុន្មានថ្ងៃមុន ដែលមានសភាពរាងស្ងប់ស្ងាត់ជាង គឺពេលដែលពលរដ្ឋជាច្រើន សម្រុកចាកចេញទៅកម្សាន្តបុណ្យចូលឆ្នាំថ្មីជាមួយសាច់ញាតិ នៅឯស្រុកកំណើតតាមបណ្ដាខេត្ត។ ដោយបានសម្រាកពីការងារមួយរយៈ អ្នកភ្នំពេញហាក់បានសប្បាយរីករាយ មានសេចក្ដីសុខក្នុងចិត្ត ហើយថ្ងៃនេះ នាំគ្នាចាប់ផ្ដើមធ្វើការងារ រកស៊ីលក់ដូរឡើងវិញ។
ផ្ទុយទៅវិញ កាលពី ៤៨ឆ្នាំមុន នៅថ្ងៃដដែលនេះ គឺជាថ្ងៃដែលអ្នករស់នៅទីក្រុងភ្នំពេញ ជួបទុក្ខលំបាកជាខ្លាំង ព្រោះពួកគាត់ត្រូវធ្វើដំណើរដោយថ្មើរជើង ក្រោមកម្ដៅថ្ងៃក្ដៅហែងក្នុងខែចែត្រ ក្រោយពីកងទ័ពខ្មែរក្រហមអាវខ្មៅ បង្ខំឱ្យចាកចេញពីទីក្រុង ទៅតាមទីជនបទ។ ពួកខ្មែរក្រហម បានបង្ខំអ្នកភ្នំពេញឱ្យចាកចេញពីទីក្រុងភ្លាមៗ តែប៉ុន្មានម៉ោង ក្រោយពីពួកគេច្បាំងឈ្នះរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយឡើងគ្រប់គ្រងប្រទេស ដោយបង្កើតរបបកាប់សម្លាប់ពលរដ្ឋអស់រាប់លាននាក់។
បើទោះជាពេលវេលាកន្លងទៅជិតកន្លះសតវត្សហើយក៏ដោយ ក៏របបកាប់សម្លាប់មួយនេះ ហាក់ដូចជានៅថ្មីនៅឡើយ នៅក្នុងអារម្មណ៍ពលរដ្ឋខ្មែរ។ តើទាំងពលរដ្ឋ និងថ្នាក់ដឹកនាំត្រូវរៀនសូត្រអ្វីខ្លះពីរបបខ្មែរក្រហមអាវខ្មៅនេះ?
ព្រឹត្តិការណ៍មួយ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនាំគ្នាឈរទទួលស្វាគមន៍កងកម្លាំងរបស់ខ្មែរក្រហម ដោយសារតែពលរដ្ឋសម័យនោះមួយចំនួនគិតថា នឹងលែងមានសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរទៀតហើយ។
ប៉ុន្តែនៅថ្ងៃដដែល ក្រោយពីសំឡេងស្វាគមន៍បានតែប៉ុន្មានម៉ោងមក សំឡេងសោកសៅចលាចលបានចូលមកជំនួស គឺនៅពេលដែលកម្លាំងកងទ័ពខ្មែរក្រហមចាប់ផ្ដើមជម្លៀសពលរដ្ឋភ្លាមៗ ចេញពីទីក្រុងភ្នំពេញទាំងអស់។ ការជម្លៀសចេញទាំងបង្ខំភ្លាមៗ នេះ បានធ្វើឱ្យមានអ្នកស្លាប់ជាច្រើន ជាពិសេស មនុស្សវ័យចាស់ កូនក្មេង និងអ្នកជំងឺ។
របាយការណ៍របស់សាលាក្ដីខ្មែរក្រហមបង្ហាញថា រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ របបខ្មែរក្រហមបានសម្លាប់មនុស្សអស់ចន្លោះពី ១លាន ៨សែន ទៅ ២លាន ២សែននាក់។ ការសម្លាប់នេះ ក្រោមរូបភាពនៃការធ្វើការហួសកម្លាំង ផ្តល់អាហារឱ្យតិច ឬគ្មានសោះ ការធ្វើទារុណ និងយកទៅសម្លាប់បន្ទាប់ពីការចោទប្រកាន់ផ្សេងៗ។
ទោះជារបបនេះបន្សល់នូវការឈឺចាប់ខ្លាំងដល់ប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់សង្គមក៏ដោយ ក៏មិនមានមេដឹកនាំណាម្នាក់ក្នុងរបបនោះប្រកាសទទួលខុសត្រូវឡើយ។
ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ថ្លែងក្នុងសាលាក្ដីខ្មែរក្រហមថា លោកមិនបានដឹងអ្វីទាំងអស់ ចំពោះការកាប់សម្លាប់នានា នៅក្នុងសម័យខ្មែរក្រហម ដោយលោកបញ្ជាក់ថា លោកក៏រស់នៅក្នុងស្ថានភាពលំបាក ដូចពលរដ្ឋទូទៅដែរ ហើយមានការទទួលខុសត្រូវតិចជាងលោក ហ៊ុន សែន ផង។
លោក ខៀវ សំផន៖ «ហើយខ្ញុំ ក៏មិនអាចទទួលខុសត្រូវអំពើដែលគេចោទនោះដែរ។ ខ្ញុំលើកឧទាហរណ៍ដូចជា លោក ហ៊ុន សែន ជាដើម លោក ហ៊ុន សែន តើលោកទទួលខុសត្រូវ ចំពោះខ្មែរក្រហមទេ? ហើយខ្ញុំវិញ ខ្ញុំរឹតតែមិនដូចលោក ហ៊ុន សែន ទៅទៀត ខ្ញុំអត់ដឹងអីទាំងអស់»។
សម្រាប់មេរៀនជាប្រវត្តិសាស្ត្រ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា លើកឡើងថា ខ្មែរក្រហមអាចប្រើកម្លាំងទ័ពវាយដណ្ដើមយកអំណាចបាន ដោយសាររដ្ឋាភិបាលសម័យសាធារណរដ្ឋខ្មែរចុះខ្សោយខ្លាំង។ មូលហេតុចម្បងមួយ ដែលធ្វើឱ្យរដ្ឋាភិបាលលោក លន់ នល់ ចុះខ្សោយ លោក សំបូរ មាណ្ណារ៉ា មើលឃើញថា ដោយសារអំពើពុករលួយធ្ងន់ធ្ងរ។
លោក សំបូរ មាណ្ណារ៉ា៖ «មន្ត្រីរាជការនៅសម័យលោក លន់ នល់ ហ្នឹងអះអាងថា ខ្លួនឯងមិនពុករលួយទេ ប៉ុន្តែអ្នកដឹងបានដឹង នាំគ្នាលក់សម្បត្តិរដ្ឋ នាំគ្នាលក់អាវុធបានមកពីអាមេរិកាំង នាំគ្នាលក់អ្វីទាំងអស់ ហើយនាំគ្នារត់គេចទៅក្រៅប្រទេស។ អ៊ីចឹង អ្នកគេចខ្លួនទៅក្រៅប្រទេស ខ្ញុំប្រើពាក្យហ្នឹង កុំខឹង!»។
លោកបន្តថា អំពើពុករលួយនេះ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ហើយរងការគាបសង្កត់ ខ្លាំងពីអ្នកមានប្រាក់ មានអំណាច ជាមូលហេតុមួយដែលធ្វើឱ្យពលរដ្ឋងាកទៅគាំទ្រចលនារបស់ក្រុមខ្មែរក្រហមវិញ។
លោក សំបូរ មាណ្ណារ៉ា៖ «យើងមានមេរៀនបទពិសោធន៍ជីវិត គឺការជិះជាន់។ កាលដែលយើងឈ្នានីស ហើយជិះជាន់គ្នា ប្រមាថគ្នា ធ្វើបាបគ្នា រហូតដល់មានបញ្ហា»។
ខ្មែរក្រហមដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ឬ សាឡុត ស ជាប្រធានបានហៅរបបនយោបាយថ្មីថា កម្ពុជាប្រជាធិបតេយ្យ។ របបនេះចាប់ផ្ដើមដឹកនាំប្រទេសបែបផ្ដាច់ការ ហើយអ្វីៗ ដែលតំណាងឱ្យរបបសង្គមចាស់ ត្រូវហាមឃាត់ជាដាច់ខាត។ សិទ្ធិនយោបាយ និងសិទ្ធិសេរីភាពទាំងឡាយរបស់ពលរដ្ឋ ត្រូវបានបំបិទទាំងស្រុង ដូចជា ការគោរពប្រតិបត្តិសាសនា បំបិទសាលារៀន មិនមានអ្នកសារព័ត៌មាន គ្មានតុលាការជាដើម។ រីឯកិច្ចការបរទេសវិញ ខ្មែរក្រហមមានទំនាក់ទំនងជាមួយតែប្រទេសកុម្មុយនិស្ត ដែលមានចិនជាអ្នកជាគាំទ្រដ៏ចម្បង។
ខ្មែរក្រហម ក៏បានអនុវត្តនយោបាយ «ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី» ដោយបានសម្លាប់ទាហាន និងមន្ត្រីរាជការ ព្រមទាំងបញ្ញវន្តនៃរបបមុនៗ ដើម្បីបន្សុទ្ធរបបថ្មី ដែលពួកគេថា ចេញពីវណ្ណៈកសិករ។ ខ្មែរក្រហមបានជំរុញវិស័យកសិកម្មជាធំក្នុងការដឹកនាំប្រទេស ដោយបង្ខំពលរដ្ឋទូទាំងប្រទេសឱ្យរស់នៅបែកខ្ញែកព្រាត់ប្រាសពីក្រុមគ្រួសារ ទៅរស់នៅតាមទីជនបទទៅធ្វើស្រែចម្ការ ដោយគ្មានគិតគូរអំពីមនោសញ្ចេតនា និងសុខុមាលភាពរបស់ពួកគេ។ អ្នកប្រឆាំង ឬអ្នកដែលជាប់សង្ស័យថា មាននិន្នាការផ្សេងពីអង្គការបដិវត្តន៍ ឬបក្សកុម្មុយនិស្តកម្ពុជា ត្រូវចាត់ទុកជាខ្មាំង ដែលត្រូវកម្ទេច ឬសម្លាប់ចោលដោយគ្មានការវិនិច្ឆ័យត្រឹមត្រូវ។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបច្ចុប្បន្ន ធ្លាប់ជាមណ្ឌលធ្វើទារុណកម្មយ៉ាងឃោរឃៅនៅក្នុងរបបខ្មែរក្រហម មានឈ្មោះកាត់ថា មន្ទីរ ស២១។ ជនរងគ្រោះជិត ២ម៉ឺននាក់ ភាគច្រើនជាយោធា និងកម្មាភិបាលខ្មែរក្រហម ហើយមានជនបរទេសផង ត្រូវបានចាប់យកមកធ្វើទារុណកម្មសួរចម្លើយ ដើម្បីរកខ្សែរយៈក្បត់បន្ថែម ហើយយកទៅសម្លាប់នៅវាលពិឃាដបឹងជើងឯក។
ជាលទ្ធផល ក្រោមការដឹកនាំរបស់ខ្មែរក្រហម មនុស្សប្រមាណ ២លាននាក់បានបាត់បង់ជីវិតដោយសារការសម្លាប់ ពលកម្មបាក់កម្លាំង ការអត់អាហារ និងការគ្មានថ្នាំព្យាបាលជំងឺ។ របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយកងទ័ពវៀតណាម ដណ្ដើមកាន់កាប់ក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
មេរៀនប្រវត្តិសាស្ត្រ ដែលធ្វើឱ្យសង្គមខ្មែរបែកបាក់នៅពេលនោះ រួមមាន អំពើពុករលួយ អយុត្តិធម៌សង្គមការគាបសង្កត់លើពលរដ្ឋទន់ខ្សោយ និងឥទ្ធិពលពីបរទេសនេះ ហាក់បន្តលងសង្គមខ្មែរនៅសម័យនេះបន្តទៀត។
របាយការណ៍អង្គការតម្លាភាពអន្តរជាតិ ចេញផ្សាយនៅដើមឆ្នាំ២០២៣ បង្ហាញថា កម្ពុជានៅតែមានស្ថានភាពពុករលួយធ្ងន់ធ្ងរ គឺកម្ពុជាជាប់លេខ១៥០ ក្នុងចំណោម ១៨០ប្រទេស នៅលើពិភពលោក។ ចំណែករបាយការណ៍គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២២ បង្ហាញថា កម្ពុជាជាប់លេខ១៣៩ ក្នុងចំណោម ១៤០ប្រទេស ជាប្រទេសពូកែខាងរំលោភច្បាប់។
ខណៈស្ថានភាពបច្ចុប្បន្នពលរដ្ឋកំពុងរងគ្រោះដោយសារអំពើពុករលួយ និងអំពើអយុត្តិធម៌សង្គមនេះ ប្រទេសលោកសេរីមួយចំនួន រួមមានទាំងសហរដ្ឋអាមេរិកបានចោទថា កម្ពុជាផ្តល់ឆ្នេរសមុទ្ររាមឱ្យចិនបង្កើតជាមូលដ្ឋានទ័ព។
ចំពោះអំពើអយុត្តិធម៌សង្គម លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏យល់ថា ជាមូលហេតុមួយ ដែលនាំឱ្យសង្គមបែកបាក់ របប លន់ នល់ ដួលរលំ ក៏ដោយសារអំពើអយុត្តិធម៌សង្គម ហើយរបបខ្មែរក្រហមដួលរលំ ក៏ដោយសារតែអំពើអយុត្តិធម៌សង្គមកាប់សម្លាប់ពលរដ្ឋតាមអំពើចិត្ត។
លោក ស ខេង ណែនាំដល់មន្ត្រីរបស់លោកកុំឱ្យបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋ ដូចសម័យខ្មែរក្រហម។
លោក ស ខេង៖ «ហើយបើតាមរបៀប ប៉ុល ពត យើងដឹងទាំងអស់គ្នា យើងដឹងហើយ គឺមិនខ្ចីស្តាប់ មិនខ្ចីរវល់ពីប្រជាពលរដ្ឋ គឺគិតតែពីកាប់សម្លាប់ប្រជាពលរដ្ឋអត់ដឹងខ្យល់អី ពលរដ្ឋអត់មានកំហុសហើយរហូតដល់កាប់សម្លាប់គ្នាឯង ថ្នាក់ដឹកនាំកំពូលហ្នឹង។ អ៊ីចឹង បានគេហៅថា កម្មរបស់គាត់។ ទីបំផុត គាត់ត្រូវដួលរលំហើយ បាក់បែកខ្ទេចខ្ទីគ្មានសេសសល់អី»។
ទិដ្ឋភាពនៅក្នុងសម័យខ្មែរក្រហម ក្រៅពីផ្តល់មេរៀនដល់ថ្នាក់ដឹកនាំក្រោយៗ ទៀតឱ្យមានការប្រុងប្រយ័ត្ននោះ ប្រជាពលរដ្ឋក៏គួរយកចិត្តទុកដាក់រៀនសូត្រដែរ។
អ្នកសិក្សាផ្នែកកិច្ចការនយោបាយ និងសង្គម លោក ប៉ោ មករា លើកឡើងថា ជាទម្លាប់មិនល្អមួយ ដែលប្រជាពលរដ្ឋតែងតែផ្ដេកផ្ដួលទាំងស្រុង ហើយទុកឱ្យអ្នកនយោបាយសម្រេចចិត្តលើកិច្ចការដឹកនាំប្រទេសតាមចិត្ត ដល់ពេលរងគ្រោះ គឺពលរដ្ឋជាអ្នករងគ្រោះ។
លោក ប៉ោ មករា ជំរុញពលរដ្ឋឱ្យរៀនសូត្រពីសម័យខ្មែរក្រហម ហើយប្រែខ្លួនទៅជា ប្រជាពលរដ្ឋសកម្មតាមដាន និងចូលរួមសកម្មភាពនយោបាយ។
លោក ប៉ោ មករា៖ «យើងជាប្រជាពលរដ្ឋសកម្ម យើងត្រូវតែតាមដានអ្នកនយោបាយ តាមដានការអនុវត្តគោលនយោបាយរបស់អ្នកនយោបាយ យើងតាមដានការអភិវឌ្ឍន៍ប្រទេសយើងដល់ណា ដល់ណីហើយ។ ជាពិសេស តាមដានខ្លួនឯង និងការអភិវឌ្ឍន៍ខ្លួនឯង ឱ្យក្លាយជាពលរដ្ឋសកម្ម ពលរដ្ឋល្អដែលអាចជួយផ្នែកណាមួយ នៃសង្គមជាតិយើង»។
ស្ថានភាពនៅក្នុងសង្គមបច្ចុប្បន្នប្រជាពលរដ្ឋហាក់មានការភ័យខ្លាច ចំពោះរឿងនយោបាយ ដោយមានការពោលពាក្យថា អ្នកនយោបាយ បើមិនស្លាប់ ក៏ជាប់គុក ឬរត់ចោលស្រុក។
ប៉ុន្តែចំពោះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែន ករុណា វិញ លោកជំរុញពលរដ្ឋឱ្យរៀនសូត្រ និងចូលរួមតាមដានកិច្ចការសង្គមនានា ដែលច្បាប់បានផ្តល់សិទ្ធិឱ្យ។ លោកបន្តថា បើពលរដ្ឋមិនស្វែងយល់មិនចូលរួម ការពារយុត្តិធម៌សង្គម ចូលរួមសកម្មភាពនយោបាយទេ នោះអាចនឹងរងគ្រោះដោយសារតែអ្នកនយោបាយមួយក្រុមដូចសម័យខ្មែរក្រហមទៀត។
លោក ស៊ឹង សែនករុណា៖ «បើសិនជាមិនបានចូលរួមឱ្យបានច្បាស់ទេ មិនបានយល់ដឹងទេ គឺច្បាស់ណាស់ ឱកាសនោះបានដល់អ្នកនយោបាយអ្នកដឹកនាំនយោបាយ ដែលពួកគេទទួលបាននូវអំណាច ឬក៏ទទួលបាននូវទ្រព្យសម្បត្តិ ទទួលបាននូវឱកាសគ្រប់ ដែលគេអាចធ្វើឱ្យប្រជាពលរដ្ឋ អាចធ្វើឱ្យប្រទេសជាតិ ធ្លាក់ចុះ ឬកើនឡើង អាស្រ័យលើអ្នកនយោបាយក្រុមនោះឯង»។
លោក កែម ឡី អតីតអ្នកវិភាគបញ្ហាសង្គមល្បីឈ្មោះមួយរូប លោកលើកឡើងថា បើអ្នកមិនធ្វើអ្វីសោះក្នុងការប្រឆាំងភាពអយុត្តិធម៌សង្គមនោះទេ ថ្ងៃណាមួយ រូបអ្នក ឬគ្រួសារអ្នក គង់តែរងគ្រោះដោយសារតែទង្វើនេះ។ ចំណែកលោក ចាន់ សាវ៉េត អតីតមន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា បើអ្នកមានបាយ ហើយខ្វះសិទ្ធិសេរីភាពនោះពេលណាមួយអ្នកនឹងបរិភោគបាយ នោះមិនកើត។
សរុបមក មេរៀន ដែលរំឭកដល់មេដឹកនាំកុំឱ្យធ្លាក់ខ្លួនជាអ្នកទោសប្រវត្តិសាស្ត្រក្នុងការធ្វើឱ្យសង្គមអន្តរាយនោះ គួរយកចិត្តទុកដាក់ក្នុងការដឹកនាំប្រទេសដោយផ្អែកលើច្បាប់ត្រឹមត្រូវ ពង្រឹងប្រព័ន្ធយុត្តិធម៌ និងទប់ស្កាត់កុំឱ្យមានអំពើពុករលួយ។ ចំណែកពលរដ្ឋត្រូវតាមដាន និងចូលរួមជំរុញមេដឹកនាំឱ្យធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវផ្អែកទៅលើច្បាប់៕
1 comment:
In loving memory of Sod Sad aka Kalonh Chuck a friend of Khmer Circle?,
https://www.youtube.com/watch?v=LJogKhicOkQ
Post a Comment