Wednesday, 26 April 2023

លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​ឪពុក ​និង​ប្អូន​ថ្លៃ​លោក ស៊ន តារា បើលោក ស៊ន តារា ​បន្ត​រិះគន់​លោក​ទៀត​

 

Khmer Circle

They say a little knowledge in a small mind is dangerous, but monopolised power in a mad man?

^^^

ដោយ សេក បណ្ឌិត
2023.04.25
លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​ឪពុក ​និង​ប្អូន​ថ្លៃ​លោក ស៊ន តារា បើលោក ស៊ន តារា ​បន្ត​រិះគន់​លោក​ទៀត​  
(ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ន តារា អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម និងជាអ្នកគាំទ្រគណបក្សប្រឆាំង។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងលោក ស៊ន តារា
 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដក​តំណែង​ឪពុក ​និង​ប្អូន​ថ្លៃស្រីរបស់​លោក ស៊ន តារា ចេញ​ពី​ក្របខណ្ឌ​ការងារ​រដ្ឋ​ បើ​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម និងជាអ្នកគាំទ្រគណបក្សប្រឆាំង ​រូប​នេះ​បន្ត​រិះគន់​លោក​តទៅទៀត។ មន្ត្រី​សង្គមស៊ីវិល​រិះគន់​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ​ជា​ការ​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស​។

ត្រឹម​រយៈ​ពេល​ពីរ​ខែ​ប៉ុណ្ណោះ​ លោក​នាករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្បត់​សម្ដី​របស់​ខ្លួន​។ កាល​ពី​ខែ​កុម្ភៈ​ មេដឹកនាំ​រូប​នេះ​អះអាង​ថា បើ​ទោះ​ជា​លោក​ ស៊ន តារា ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិក្ដី តែលោក​មិន​ដក​តំណែង​ឪពុក​ និង​សាច់ញាតិ​របស់​លោក ស៊ន តារា ទេ។ ដោយឡែកនៅ​ពេល​នេះ​លោក ហ៊ុន សែន ក្រឡាស់​សំដី​របស់​ខ្លួនហើយ ​ដោយ​ព្រមាន​ដក​តំណែង​ឪពុក ​និង​ប្អូន​ថ្លៃ​ស្រីលោក ស៊ន តារា ចេញពីការងាររដ្ឋ។

លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា លោក ស៊ន តារា ជា​ក្មេង​ពាល ហ៊ាន​ដាក់​លក្ខខណ្ឌ​ចរចា​ជាមួយ​លោក​ និង​រិះគន់​លោក រឿង​កម្ពុជាមិន​យក​លុយ​គណៈប្រតិភូកីឡាស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទៃ​នៃ​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ។​ លោក ហ៊ុន សែន ​ព្រមានទៀតថា នឹងយកឪពុកម្ដាយ​ និងសាច់ញាតិរបស់​លោក ស៊ន តារា មក​ប្រដៅចេញម្ដង​។

​​​លោក ហ៊ុន សែន៖ «អ្ហែង​ចង់​សាក់​មើល​! ឪ​ម៉ែ​អ្ហែង​មិន​ប្រដៅ​ទេ។​ ថ្ងៃ​ក្រោយ​អញ​ដក​ឪ​ម៉ែ​អ្ហែង​ចេញ​ បង​ប្អូន​អ្ហែង​ចេញ​ពី​ការងារ​ទាំង​អស់​ កុំ​ឱ្យ​អ្ហែង​ឈ្លើយ​ពេក​មើល។ ​វា​ឈ្លើយ​ហួស​ អា​មួយ​ហ្នឹង​។ ពេលណា​មួយ​ អញ​ហៅ​ឪ​ម៉ែ​មក​ប្រដៅ​ អញ​​ហៅ​ប្អូន​ថ្លៃ​អ្ហែង​ពាក់​ស័ក្ដិ​បួន​ទៀត​ ឪ​អ្ហែង​ពាក់​ស័ក្ដិ​កន្លះ​ អ្ហែង​កុំ​ភ្លេច​! អញ​ដក​គ្រវាត់ចោល​ទាំង​អស់ ​ហើយ​តាំង​ស្រែក ​កុំ​យក​ឪ​ម៉ែ​ខ្ញុំ​ បង​ប្អូន​ខ្ញុំ​មក​ធ្វើ​ចំណាប់​ខ្មាំង»

 

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​គរុសិស្ស​គរុនិស្សិត ​និស្សិត និង​បុគ្គលិក​អប់រំ​ជាង ២ពាន់នាក់​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២៥ ខែ​មេសា។

​​​នៅ​ពេល​​មាន​សារ​ព្រមាន របស់​លោក ហ៊ុន សែន ​ដូច្នេះ ក៏​បាន​បង្ហោះ​វីដេអូ​ម្ដាយ​ និង​ប្អូន​ប្រុស​របស់​លោក ស៊ន តារា តាម​តេឡេក្រាម​របស់​លោក ហ៊ុន សែន ដែរ​ថា ដោយ​អ្នក​ទាំង​ពីរ បាននិយាយ​ថា ​ពួកគាត់​សោកស្ដាយ​ព្រោះ​​លោក ស៊ន តារា មិន​ព្រម​មក​បម្រើ​គណបក្ស​​ប្រជាជនកម្ពុជា។

ប្អូន​របស់​លោក ស៊ន តារា គឺ​លោក ស៊ន សារ៉ាត មានមុខរបរជាអ្នកសារព័ត៌មាន (ខេមបូចា) លើកឡើង​តាម​រយៈ​វីដេអូ​នោះ​ថា លោក​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​បង​ប្រុស​របស់​លោក​យូរ​ណាស់​មក​ហើយ។ លោក​អះអាង​ទៀត​ថា​ លោក​​នឹង​ព្យាយាម​អូសទាញ​បង​ប្រុស​របស់​លោក​​ឱ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​បក្ស​ប្រឆាំង ​ហើយ​វិល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​វិញ។

លោក ​ស៊ន សារ៉ាត៖ «ព្យាយាម​នឹង​ពន្យល់​ណែនាំ​បង​ប្រុស​របស់​ខ្ញុំ​លោក ស៊ន តារា ឱ្យ​បញ្ឈប់​សកម្មភាព​វាយ​ប្រហារ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​រដ្ឋាភិបាល សម្ដេច​ព្រម​ទាំង​ក្រុម​គ្រួសារ​​ឱ្យ​គាត់​ចាកចេញ​ក្រុម​ឧទ្ទាម​ក្បត់​ជាតិ​មក​រួមរស់​ជាមួយ​ក្រុម​គ្រួសារ​និង​ប្រទេស​ជាតិ​វិញ»។

លោក ស៊ន តារា ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ប្រទេស​បារាំង។ សព្វថ្ងៃ​លោក​ជា​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និយាយ​ពី​បញ្ហា​នយោបាយ និង​រិះគន់​ការ​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន នៅ​ពេល​លោក​ផ្សាយ​ផ្ទាល់​ម្ដងៗ មាន​គាំទ្រ​ចាប់​ពីរ​បី​ពាន់​នាក់ ទៅ​ប្រាំ​ពាន់​នាក់​តាមដាន។ លោក​មាន​សាច់ញាតិ​ពីរ​នាក់​កំពុង​បម្រើ​ការងារ​រដ្ឋក្នុង​ជួរ​កង​ម្លាំង​។ ឪពុក​របស់​លោក ស៊ន តារា គឺ​លោក​ សុខ ស៊ុនណារ៉េត ជា​មន្ត្រី​យោធា​ពាក់​ស័ក្កិ​បួន​កន្លះ​ នៅ​ក្រសួង​ការពារជាតិ​ ចំណែក​ប្អូន​ថ្លៃ​ស្រី​ របស់​លោក គឺ​អ្នកស្រី ព្រំ សុគន្ធារី ជា​ប្រពន្ធ របស់ លោក ស៊ន សារ៉ាត ជា​មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ​ ពាក់​ស័ក្កិ​បួន។

នេះ​មិន​មែន​ជា​លើក​ទី១ ទេ នៅ​ពេល​លោក ហ៊ុន សែន ខឹង​ច្រឡោត​នឹង​ការ​បញ្ចេញ​ទស្សនៈ​របស់​លោក ស៊ន តារា គឺមាន​ការ​រៀបចំ​ឱ្យ​ឪពុកម្ដាយ របស់​លោក ស៊ន ចេញ​វីដេអូ​ មកបន្ទោស​កូន​និង​សុំ​ទោស​លោក ហ៊ុន សែន។

កាល​ពី ថ្ងៃ​ទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន វាយ​ប្រហារ​លោក ស៊ន តារា ថា ជា​កូន​មិន​ស្ដាប់​ឪពុកម្ដាយ ព្រោះ​លោក ស៊ន តារា មិន​ព្រម​បែរ​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ តាម​ការ​ចង់​បាន​របស់​ឪពុក​របស់​ខ្លួន។ នៅ​ពេល​នោះ​លោក ហ៊ុន សែន ក៏​បាន​រៀបចំ​ឱ្យ​ឪពុក​របស់​លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត ផ្ដល់​បទ​សម្ភាស​ដល់​ប្រព័ន្ធឃោសនា​របស់​លោក ហ៊ុន សែន គឺ​ហ្វ្រែសញូ​ថា កូន​របស់​លោក​បាន​តាំង​ខ្លួន​ជា​អ្នក​ចេះ​ជាង​ឪពុក ហើយ​លោកថា លោក​អប់រំ​លោក ស៊ន តារា លែង​បាន​ហើយ។ ​​

ឆ្លើយតប​ការ​ព្រមាន​ជា​ថ្មី​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ លោក ស៊ន តារា សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២៥ ខែ​មេសាថា ​​យោង​តាម​ច្បាប់​កម្ពុជា ច្បាប់​សកលលោក ​និង​ច្បាប់ធម្មជាតិ នរណា​ប្រព្រឹត្តិ​អ្នក​នោះ​ទទួល។ លោក​ស្នើ​ទៅ​លោក ហ៊ុន សែន គួរ​មាន​សីលធម៌ សេចក្តី​ថ្លៃថ្នូរ​ជា​ចាស់ទុំ​គំរូ។ លោក ស៊ន តារា ក៏​ប្រកាស​កាត់​កាល​ក្រុម​គ្រួសារ​របស់​លោកចាប់ពីពេលនេះតទៅ។ លោក​លើកឡើង​ទៀត​ថា ​ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​លោក​បាន​ឡើយ ​ហើយ​លោក​ក៏​មិន​អាចទៅ​បម្រើ​មនុស្ស​អគុណ​ធម៌​ដូច​លោក ហ៊ុន សែន ដែរ។

​​ប្រធាន​អង្គការ​សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅ​កាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា នេះជា​ជម្រើស​របស់​លោក ហ៊ុន សែន ក្នុង​ទប់​ស្កាត់​លោក ស៊ន តារា កុំ​ឱ្យរិះគន់​លើ​រូប​លោក​ខ្លាំង​ពេក។ បន្ត​ទៀត​ថា សារ​ព្រមាន​របស់​លោក ហ៊ុន សែន ពេល​នេះ​ជា​ទង្វើ​ខឹង​គោ​វាយ​រទេះ។ ទោះ​យ៉ាងណា​មន្ត្រី​សិទ្ធិមនុស្ស រូប​នេះ យល់​ថា លោក ហ៊ុន សែន គួរ​មាន​ការ​អត់ធ្មត់​ខ្លាំង​នេះ ​ដើម្បី​កុំ​ឱ្យទង្វើរបស់លោក ហ៊ុន សែន ក្លាយជាការ​រំលោភ​សិទ្ធិមនុស្ស​ រំលោភ​ច្បាប់​។

លោក ​រស់ សុដ្ឋា៖ «ចង់​និយាយ​ថា​ អ្នកណា​ដែល​យើង​មាន​បញ្ជា​ជាមួយ​អ្នកណា​គឺ​យើង​ប្រឈម​មុខ​ជាមួយ​បុគ្គល​នោះ​ទេ យោបល់​ខ្ញុំ​មិន​គួរ​ណា​យើង​ទៅ​លូកលាន់​ដល់​ជីវិត​អ្នក​ដទៃ​ដែល​គេ​កំពុង​តួនាទី​របស់​គេ​ដោយ​គ្មាន​កំហុស​ឆ្គង​ហើយ​មួយ​ទៀត​ក៏​យើង​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​​ថា លោក ស៊ន តារា ហ្នឹង​ឪពុក​ម្ដាយ​ហ្នឹង​ត្រូវ​រ៉ូវ​គ្នា​ក្នុង​ការ​វាយប្រហារ​សម្ដេច​នាយក​អី​ក៏​អត់​មាន​អី​ចេញ​មក​អ៊ីចឹង​ដែរ​ណា»។​

លោក រស់ សុដ្ឋា លើកឡើង​ទៀត​ថា ក្នុង​នាមលោក​ហ៊ុន សែន ជា​ដឹកនាំ​ប្រទេស​ និង​ជាមេដឹកនាំ​នយោបាយ​ផង​នោះ​ មិន​គួរ​ខ្លាច​មតិ​រិះគន់​​ឡើយ។ ចំណែក ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ ​មន្ត្រី​រាជការ​ស៊ីវិល​គ្មាន​មាត្រា​ណាមួយ​ចែង​ដាក់​ទោសទណ្ឌ ឬ​បញ្ឈប់​មុខ​ដំណែង​មន្ត្រី​រាជការ ដោយ​សារ​មាន​សាច់ញាតិ​ជា​មន្ត្រី​បក្ស​ប្រឆាំង ឬ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​នោះ​ឡើយ។

រីឯ​​រដ្ឋធម្មនុញ្ញ​មាត្រា៣១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការនយោបាយ​ឡើយ៕

No comments: