ដោយ ថា ថៃ
2023.04.23
សកម្មជនបក្សភ្លើងទៀនអ្នកស្រី ប៉ីប៉ីលី ដែលមានឈ្មោះពិតថា ធី សុខា ពេលចុះផ្សាយផ្ទាល់កម្មវិធីគណបក្សភ្លើងទៀន នាពេលកន្លងទៅ។
Photo Provided
សកម្មជនបក្សភ្លើងទៀនលេចធ្លោម្នាក់ គឺអ្នកស្រី ប៉ីប៉ីលី ដែលមានឈ្មោះពិតថា ធី សុខា ទាមទារឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតដោយឯករាជ្យ ជុំវិញមូលហេតុដែលជនបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២២ ខែមេសា ព្រោះអ្នកស្រីសង្ស័យថា ករណីនេះជាប់ពាក់ព័ន្ធរឿងការប៉ុនប៉ងសម្លាប់ និងគំរាមកំហែងផ្នែកនយោបាយ លើអ្នកគាំទ្រគណបក្សប្រឆាំងនៅមុនការបោះឆ្នោត។ មន្ត្រីសិទ្ធិមនុស្សជំរុញឲ្យសមត្ថកិច្ចស្រាវជ្រាវ ករណីគ្រោះថ្នាក់ចរាចរណ៍លើសកម្មជននយោបាយរូបនេះ ឲ្យបានត្រឹមត្រូវតាមច្បាប់ និងអាចជឿទុកចិត្តបាន ដើម្បីជៀសវាងការចោទប្រកាន់ និងការរិះគន់ពីសាធារណជនថា ជារឿងនយោបាយ។
ស្ត្រីសកម្មជនគណបក្សភ្លើងទៀនដែលសកម្មជនលើបណ្ដាញសង្គម ចាត់ទុកករណីបង្កគ្រោះថ្នាក់ចរាចរណ៍ប៉ុនដល់អាយុជីវិតរបស់អ្នកស្រីនោះថា ជាការរៀបចំជាប្រព័ន្ធ ឬរៀបចំទុកជាមុនបានយ៉ាងត្រឹមត្រូវ ដើម្បីបំបាក់ស្មារតី និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដាខាងមុខនេះ ដោយសារសកម្មភាពរបស់ជនល្មើស និងបក្ខពួកទាំងនោះ មិនមែនជាពលរដ្ឋសាមញ្ញធម្មតានោះទេ។
ជនរងគ្រោះ គឺអ្នកស្រី ធី សុខា ហៅ ប៉ីប៉ីលី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែមេសាថា ជនបង្កម្នាក់បើករថយន្តទំនើបមួយគ្រឿងម៉ាកឡិចស៊ីស(Lexus) សេរី៤៧០ពណ៌ខ្មៅ ពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 2X-0645 បានជាន់ល្បឿនយ៉ាងលឿនតម្រង់បុកទទឹងរថយន្តរបស់អ្នកស្រីកំពុងធ្វើដំណើរនៅលើដងផ្លូវ បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងស្តាំតែសំណាងល្អលោកស្រី និងប្តីមិនរងរបួសធ្ងន់ធ្ងរនោះទេ។ អ្នកស្រីឱ្យដឹងថា ជនបង្កស្លៀកពាក់ឯកសណ្ឋានអង្គរក្សបិទមុខបានទុកឡានចោល ហើយរត់ចូលឡានបក្ខពួកម៉ាកព្រុសពណ៌ស ដែលចតនៅក្បែរនោះចាំជួយរំដោះ និងបន្ទាប់មកក៏បើកឡានរត់គេចខ្លួនបាត់ ខណៈពលរដ្ឋនៅទីនោះប្រាប់អ្នកស្រីថា ជនបង្កអង្គុយចាំក្នុងឡានមួយសន្ទុះមកហើយមុនពេលកើតហេតុនោះ។
អ្នកស្រី ធី សុខា៖ «បើសិនជីវិតខ្ញុំអត់ថ្លៃទេ ខ្ញុំអត់មានឱកាសនិយាយឡាយ(Live)ជូនប្រជាពលរដ្ឋ ខ្ញុំដូចជាតក់ស្លុតចំពោះរូបភាពគំរាមកំហែងជីវិត ពីព្រោះជីវិតខ្ញុំថ្លៃហើយ ដោយសារខ្ញុំអត់ដែលបានធ្វើបាបគេ ហើយស្រាប់តែមានបញ្ហានេះចេះសំណាងត្រូវនឹងឡាន បើសិនមិនប៉ះកន្លែងកង់ឡានទេ ខ្ញុំគ្មានឱកាសបាននិយាយគ្នាទេ គ្មានឱកាសបន្តសកម្មភាពជាមួយគណបក្សភ្លើងទៀនទៀតទេ»។
1 comment:
According to Hun Sen, killing, torturing, and imprisoning the non CPP's members are part of preserving peace.
Post a Comment