Tuesday 4 April 2023

លោក ហ៊ុន សែន ប្រកាស​បន្ត​តាម​កម្ចាត់​ក្រុម​ប្រឆាំង ដែល​លោក​ចោទ​ថា «ក្បត់ជាតិ»


ដោយ ទីន ហ្សាការីយ៉ា
2023.04.03
 

លោក ហ៊ុន សែន ប្រកាស​បន្ត​តាម​កម្ចាត់​ក្រុម​ប្រឆាំង ដែល​លោក​ចោទ​ថា «ក្បត់ជាតិ»

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពាធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន



លោក ហ៊ុន សែន ប្រកាស​បន្ត​តាម​កម្ចាត់​ក្រុម​ប្រឆាំង​ដែល​លោក​ចោទ​ថា​ក្បត់ជាតិ​កន្លងមក​ចេញ​ពី​ឆាក​នយោបាយ ក្រោម​ហេតុផល​ការពារ​សន្តិភាព និង​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​សារ​នយោបាយ​របស់​លោក ហ៊ុន សែន សា​ជា​ថ្មី​នេះ​ថា គ្រាន់តែ​ជា​លេស​បំបិទ​សំឡេង​ប្រឆាំង​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​តពូជ​របស់​លោក​តែ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន និយាយ​ឌឺដង ដោយ​ប្រើ​ពាក្យ​អសុរោះ​ជេរប្រមាថ​ព្រះសង្ឃ និង​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​រិះគន់​ការដឹកនាំ​របស់​លោក​កន្លងទៅ។ សារ​អសុរោះ​បែបនេះ ទំនង​លោក​ចង់​សំដៅ​លើ​ព្រះអង្គ ប៊ុត ប៊ុនតិញ និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កំពុង​រស់នៅ​ក្រៅ​ប្រទេស។ លើស​ពី​នេះ លោក ហ៊ុន សែន ដែល​ជា​បុរស​ខ្លាំង​ល្បី​ខាង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ខឹង​ច្រឡោត​ខ្លាំង​ចំពោះ​បណ្ដា​បរទេស​មក​ប្រដៅ​លោក​រឿង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សំឡេង​ប្រឆាំង។



លោក ហ៊ុន សែន និយាយ​លើ​វេទិកា​សាធារណៈ​របស់​រដ្ឋ និង​កំពុង​កាន់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ផង​នោះ​ក៏​ឆ្លៀត​ឃោសនា​រក​សំឡេង​ឆ្នោត​មុន​រដូវ​កាល​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​លោក​បន្ត​កាន់​អំណាច​បន្ត​ទៀត ទើប​ប្រទេស​មាន​សន្តិភាព ស្ថិរភាព ការ​អភិឌ្ឍ និង​បញ្ចៀស​ហេតុការណ៍​រត់​ជាន់​ជើង​គ្នា​ដូច​អតីតកាល។

ថ្លែង​ក្នុង​ពិធី​សម្ពាធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី៣ ខែមេសា លោក ហ៊ុន សែន ថា រដ្ឋាភិបាល និង​កងកម្លាំង​មាន​ភារកិច្ច​ការពារ​រាជបល្ល័ង្ក និង​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​ពី​ការ​ប៉ុនប៉ង​របស់​អ្នកខ្លះ។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ខាងមុខ​នេះ​ត្រូវតែ​ដំណើរការ​ធម្មតា ប៉ុន្តែ​លោក​បញ្ជាក់​ថា ដរាប​ណា​លោក​កំពុង​កាន់អំណាច​លោក​ពុំ​អត់ឱន​ដល់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចូល​រួម​ប្រកួត​នោះ​ឡើយ។

    លោក ហ៊ុន សែន៖ «ជន​ណា​ក៏​ដោយ​ដែល​ក្បត់ជាតិ ឬ​បំផ្លាញ​សន្តិភាព គឺ​មិន​ត្រូវ​ធ្វើការ​អត់​ឱន​ឱ្យ​ទេ ហើយ​ចូល​រួម​ដំណើរការ​ប្រជាធិបតេយ្យ ព្រោះ​អ្នកឯង​ចង់​បាន​អំណាច​ដោយ​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ ដូច្នេះ​ខ្ញុំ​ក៏​មិន​ត្រូវ​អត់ឱន​ឱ្យ​អ្នកឯង​ដែរ​នៅ​ពេល​ខ្ញុំ​កាន់​អំណាច។ យប់មិញ​ខ្ញុំ​ឃើញ​អាខ្មៅ​មួយ​នុះ សរសេរ​តែ​ចំណង​ជើង​ទេ វា​កំពុង​ឡាយ (Live) ចូល​មក​តាម​នោះ អាខ្មៅ​នៅ​អាមេរិក​នុះ ខ្ញុំ​ហៅ​អាខ្មៅ​គេ​ដឹង​ហើយ​ថា​អាខ្មៅ​មួយ​ណា វា​ថា​ហ៊ុន សែន ខ្លាច​បាត់​បង់​អំណាច អ្ហែង​និយាយ​ត្រូវ​អាខ្មៅ អញ​ត្រូវ​តែ​ការពារ​ពីព្រោះ​ពួក​អ្ហែង វា​ប៉ុនប៉ង​តែ​សម្លាប់​អញ រឿង​អី​មិន​ឱ្យ​អញ​ការពារ អ្ហែង​គិត​មើល​ឱ្យ​ច្បាស់​ទៅ អញ​គ្រាន់តែ​ការពារ​អំណាច​តើ អ្ហែង​ជា​អ្នក​ដណ្ដើម​អំណាច​មិច​អ្ហែង អាណា​ត្រូវ​អាណា​ខុស អ្ហែង​គិត​មើល»។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន សាជាថ្មី​នេះ ធ្វើឡើង​ដោយសារ​តែ​លោក​ខឹង​សម្បារ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស បន្ត​រិះគន់​លោក​ដែល​យក​ព្រះមហាក្សត្រ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​ត​វង្ស​ត្រកូល។

ជាក់ស្ដែង​ព្រះអង្គ ប៊ុត ប៊ុនតិញ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី២ ខែមីនា​ថា លោក ហ៊ុន សែន នៅតែ​ភ័យខ្លាច​បាត់​អំណាច ហើយ​បន្ត​ប្រើប្រាស់​ល្បិច​ខូច​គ្រប់យ៉ាង​ដើម្បី​ផ្ទេរ និង​រក្សា​អំណាច។ ព្រះអង្គ​រិះគន់​កូនប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ចាំតែ​ត្រៀម​ស្នង​តំណែង​ពី​លោក ហ៊ុន សែន ឬ​ចាំ​ស៊ី​កេរ្តិ៍​ឪពុក ដោយ​ពុំ​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​ធ្វើជា​គម្រូ​ល្អ​សម្រាប់​ការដឹកនាំ​ប្រទេស​នៅ​ឡើយ​ទេ។ ព្រះអង្គ​មាន​ថេរដីកា​ទៀត​ថា​បើ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយក​រដ្ឋមន្ត្រី​ក៏​មិន​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​របស់​ឪ​ដែរ ។

    ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «យើង​មើល ហ៊ុន ម៉ាណែត គឺ​គាត់​ប្រើប្រាស់​សម្ដី​សំដៅ​ជេរ​ប្រមាថ​ដូច​ឪ វា​អត់​ឃើញ​មាន​ស្អី​ប្លែក​ជា​ចំណុច​អស្ចារ្យ ចំណុច​សំខាន់ ដែល​កូន​ហ្នឹង​ធ្វើការ​សិក្សា និង​យក​ចិត្ត​ទុក​ដាក់​ថា ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​មនុស្ស​មួយ​លេចធ្លោ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ល្អ ការពារ​មរតក​ជាតិ​ខ្មែរ​បាន​ទេ»។

ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និយាយ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី កាល​ថ្ងៃ​ទី២១ ខែមីនា ថា លោក ហ៊ុន សែន តែងតែ​រក​លេស​គ្រប់​វិធី ដើម្បី​ចាប់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ព្រោះ​លោក ហ៊ុន សែន ដឹង​អំពី​ទឹកចិត្ត​របស់​ពលរដ្ឋ ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​សម្រាប់​បោះ​ឆ្នោត នៅ​ខែកក្កដា​ខាងមុខ​នេះ។ លោក​ថា ដោយសារ​លោក ហ៊ុន សែន គ្មាន​គុណ​សម្បត្តិ​ក្នុង​ការដឹកនាំ​កន្លង​មក​នេះ​ហើយ ទើប​លោក ហ៊ុន សែន យក​ព្រះមហាក្សត្រ​ធ្វើជា​ខែល​ការពារ​អំណាច​របស់​ខ្លួន។ លោក សម រង្ស៊ី មើល​ឃើញ​ថា ព្រះមហាក្សត្រ​សព្វថ្ងៃ​ខុស​ពី​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ជា​ព្រះរាជ​បិតា​របស់​ព្រះអង្គ​ធ្លាប់​យក​ព្រះទ័យ​ទុកដាក់​អំពី​ទុក្ខ​លំបាក​របស់​រាស្ត្រ។

    លោក សម រង្ស៊ី៖ «ព្រះមហាក្សត្រ​សព្វថ្ងៃ​គាត់​អត់​មាន​គំនិត អត់​មាន​អ្វី​ខ្លួនឯង​ទេ ចេះតែ​ធ្វើ​តាម ហ៊ុន សែន និយាយ​ឱ្យ​ចំ​ទៅ​គឺ​ធ្វើ​តាម​បញ្ជា ហ៊ុន សែន អ៊ីចឹង​ព្រះមហាក្សត្រ ដែល​មិន​ព្រម​បើក​ព្រះនេត្រ​ឃើញ​ពី​ទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ​គឺ​អត់ទេ លោក​អត់​ឆ្ងល់ លោក​សម្ងំ​សុខ លោក​សោយ​សុខ​ក្នុង​ព្រះបរមរាជវាំង ហ្នឹង​ហើយ​ហៅ​ថា​ស្ដេច​អាយ៉ង គឺ​មិនមែន​ជា​ស្ដេច​ចេះ​ឈឺចាប់​ពី​ទុក្ខវេទនា​របស់​ប្រជារាស្ត្រ​ទេ ស្ដេច​ចាំតែ​ស្ដាប់​បញ្ជា​របស់ ហ៊ុន សែន»។

យ៉ាងណា​ប្រព័ន្ធ​តុលាការ​កម្ពុជា​វិញ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ខ្វះ​ឯករាជ្យ និង​មិនទាន់​ទទួល​បាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​នៅឡើយ​ទេ ជាពិសេស ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​មាន​ចរិត​នយោបាយ។ លើស​ពី​នេះ​ចៅក្រម និង​ព្រះរាជអាជ្ញា​សុទ្ធតែ​ជា​សមាជិក​កំពូលៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ស្នាដៃ​ជា​ច្រើន​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​រក្សា​អំណាច តាម​រយៈ​ការ​កម្ទេច​គណបក្ស និង​អ្នក​នយោបាយ​ប្រឆាំង និង​បំបិទ​សំឡេង​រិះគន់ ដោយ​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ថ្លែង​ថា គណបក្ស​ប្រឆាំង​មិន​ដែល​យក​លោក ហ៊ុន សែន ឬ​ខ្មែរ​ណា​ម្នាក់​ធ្វើជា​សត្រូវ​ទេ ប៉ុន្តែ​ពួក​លោក​ចង់​ឃើញ​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​គ្មាន​បំណង​រំលាយ​របប​រាជានិយម ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ឡើយ។ លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​នៅតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជួយ​អន្តរាគមន៍​រឿង​រំលោភបំពាន​សិទ្ធិ​ដោយសារ​ស្នាដៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន កន្លងមក ក្នុងនាម​ជា​ម្ចាស់​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ជា​ម្ចាស់​ជំនួយ​ជួយ​ដល់​កម្ពុជា។

    លោក អ៊ំ សំអាន៖ «នៅ​ពេល​តុលាការ​មិន​ឯករាជ្យ​មិន​អាច​កាត់ទោស​នរណា​ម្នាក់​ថា ជា​ជន​ក្បត់​ជាតិ​បាន​ទេ ហើយ​លោក ហ៊ុន សែន យក​តុលាការ​ធ្វើជា​ឡប់ឡែ​ដើម្បី​កាត់ទោស​គេ​ថា​ជា​ជន​ក្បត់ជាតិ​ តាមពិត​គេ​មិនមែន​ជា​ជន​ក្បត់ជាតិ​ដូច​ជា​លោក កឹម សុខា មាន​ទៅ​ឃុបឃិត​ជាមួយ​បរទេស​ឯណា ហើយ​ឥឡូវ​នេះ​កាត់ទោស​គាត់​ទៀត សួរ​ថា​តើ​បរទេស​ណា​ដែល​ឃុបឃិត​ជាមួយ​គាត់ អត់​ហ៊ាន​និយាយ​ផង​ទៅជា​តាំង​អក្សរ​ឯណា ខ្លាច​គេ​ដែរ ចុះ​មិន​និយាយ​ឱ្យ​ចំៗ ទៅ អា​ហ្នឹង​ជា​ការ​យក​លេស​ដើម្បី​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​លោក កឹម សុខា លោក សម រង្ស៊ី និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ឃុបឃិត​ជាមួយ​បរទេស​ពី​បទ​ក្បត់​ជាតិ​ទេ ផ្ទុយ​ទៅ​វិញ​ពួកគាត់​ជា​ជន​រងគ្រោះ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​លោក ហ៊ុន សែន»។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​ថា លោក ហ៊ុន សែន អាច​រក្សា​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​រយៈ​ពេល​ជិត ៤០ឆ្នាំ ដោយសារ​លោក​ធ្វើ​រដ្ឋប្រហារ រំលោភ​រដ្ឋធម្មនុញ្ញ ជាពិសេស របៀប​ដឹកនាំ​បែប​ផ្ដាច់ការ​តែ​ម្ដង។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្នាដៃ​ដ៏​លេច​ធ្លោ​របស់​លោក ហ៊ុន សែន គឺ​យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ឥត​ស្រាកស្រាន្ត​ដើម្បី​ឱ្យ​លោក​នៅ​បន្ត​គ្រប់គ្រង​អំណាច​តទៅ​ទៀត។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ចាត់​ទុក​លោក ហ៊ុន សែន ថា ជា​មេ​ដឹកនាំ​កាន់​អំណាច​យូរ​ដោយ​ប្រើ​មធ្យោបាយ​សំខាន់ៗ មួយ​ចំនួន រួមមាន ការ​ប្រើ​អំពើ​ហិង្សា ការ​គាប​សង្កត់ ការ​ច្នៃប្រឌិត​ច្បាប់​ធ្វើ​ជា​ឧបករណ៍​នយោបាយ និង​អំពើ​ពុករលួយ។ ជាក់​ស្ដែង​ថ្មីៗ នេះ លោក ហ៊ុន សែន បាន​បន្សល់​ស្នាដៃ​អាក្រក់​មួយ​ទៀត គឺ​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី (VOD) ដើម្បី​បំបាត់​ចោល​ទាំង​ស្រុង​នូវ​សារព័ត៌មាន​ឯករាជ្យ ដែល​ហ៊ាន​និយាយ​រិះគន់​ការ​ដឹកនាំ​អវិជ្ជមាន​របស់​លោក និង​ធានា​នូវ​ជ័យជម្នះ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ។ ស្នាដៃ​អាក្រក់​ទាំង​នេះ​ហើយ​ទើប​អង្គការ​សម្ពន្ធភាព​សកល តាមដាន​សេរីភាព​ជា​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក​ (CIVICUS) បាន​ដាក់​ប្រទេស​កម្ពុជា ចូល​ក្នុង​បញ្ជី​ប្រទេស​ផ្ដាច់ការ និង​គាបសង្កត់ ។ អង្គការ​សកល​មួយ​នេះ អះអាង​ថា លោក ហ៊ុន សែន បាន​រំលោភ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​វាយប្រហារ​ជា​ប្រព័ន្ធ​លើ​លំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​ដែល​ទង្វើ​ទាំង​នេះ គឺ​ជា​ការបំពាន​លើ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កម្ពុជា៕

1 comment:

Anonymous said...

When the worst Khmer traitor in history Hun Sen keeps accusing Khmer patriots as Khmer traitors, his time to go to hell is fast approaching.