Sunday 9 April 2023

យុវជន​បក្ស​ភ្លើងទៀន​២​នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដេញ​វាយ​ឱ្យ​របួសធ្ងន់

 

ដោយ ម៉ៅ សុធានី
2023.04.09
យុវជន​បក្ស​ភ្លើងទៀន​២​នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដេញ​វាយ​ឱ្យ​របួសធ្ងន់  
(ពីឆ្វេង) សមាជិក​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន​ថ្នាក់​ជាតិ​លោក គាត សុខចាន់ និងប្រធាន​ស្តីទី​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន​ថ្នាក់​ជាតិ​លោក ថន ចាន់ថា​ ដែល​រង​ការ​ប្រើហិង្សាពីជនមិនស្គាល់មុខ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 

យុវជន​បក្ស​ភ្លើងទៀន ២​នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់ និង​ព្រួត​គ្នា​ដេញ​វាយ​នឹង​ដំបង​ដែក​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ចាត់ទុក​ករណី​ហិង្សា​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខនេះ​។ មន្ត្រី​សង្គម​ស៊ីវិល​ថ្កោលទោស និង​ជំរុញ​ឱ្យ​សមត្ថកិច្ច​វែកមុខ​ក្រុម​ជន​ដៃដល់​យក​មក​កាត់ទោស​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ស្រាយ​មន្ទិលសង្ស័យ​របស់​មហាជន​ទាក់ទង​រឿង​នយោបាយ​ជាដើម។

ថ្នាក់ដឹកនាំ​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន​ថ្នាក់​ជាតិ​ពីរ​នាក់ ចាត់ទុក​អំពើ​ហិង្សា​នេះ​ថា ជា​ការ​ប៉ុនប៉ង​សម្លាប់ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដើម្បី​បំបាក់ស្មារតី​ចំពោះ​យុវជន និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​សកម្មភាព​ជាមួយ​បក្ស​ភ្លើងទៀន នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ខាង​មុខ។

 

ជនរងគ្រោះ និង​ជា​សមាជិក​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន​ថ្នាក់​ជាតិ​លោក គាត សុខចាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយពេល​លោក​ចូលរួម​លើ​បដា​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែ​មេសា លុះ​ព្រឹក​ឡើង​លោក​ត្រូវ​ជន​មិន​ស្គាល់​មុខ​វ័យ​ចន្លោះ​២០​ទៅ​៣០​ឆ្នាំ មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ពាក់មួក និង​ម៉ាស​ព្រួត​គ្នា​វាយ​លោក​នៅ​ចំណុច​មុខ​វត្ត​តាភេម សង្កាត់​កំបូល រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​០៨ ខែមេសា​។ លោ​កថា​ជន​ដៃដល់​ទាំងនោះ​ប្រដាប់​ដោយ​ដែក​រលាស់​ឆ្មក់​វាយ​ត្រូវ​លោក​ជិត​ដប់​ដំបង​បណ្តាល​ឱ្យដៃ​សងខាង ខ្នង ស្មា និង​ក្បាល​រង​របួស​ខ្ទាំ​សាច់ដុំ និង​ឆ្អឹង​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដែល​ត្រូវ​ការ​តាមដាន​អាការៈ​ពី​គ្រូពេទ្យ​បន្ត​ទៀត ខណៈ​ជីវភាព​គ្រួសារ​របស់​លោក​ខ្វះខាត​ខ្លាំង។

លោក គាត សុខចាន់៖ «បច្ចុប្បន្ន​ដៃ​របស់ខ្ញុំ​កំពុង​ឈឺ​កាន់តែ​ខ្លាំង​ដោយ​ដៃ​ខាងឆ្វេង​ហ្នឹង​គឺ​គេ​វាយ​ខ្លាំង​បណ្តាល​ឱ្យ​លើក​មិន​រួច​ទេ ហើយ​ខ្នង​ចាប់ផ្តើម​ឈឺ​បន្តិចៗ ចំណែក​ដៃស្តាំ​យើង​អាច​លើក​បាន​តិចៗ​។ ក្នុងនាម​ខ្ញុំ​ជា​ជនរងគ្រោះ​ខ្ញុំ​ចង់ឱ្យ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ចាប់​បុគ្គល​ដែល​បង្ក​គ្រោះថ្នាក់​ទៅ​ដាក់​ពន្ធនាគារ​ឱ្យ​បាន ខ្ញុំ​ចង់​ឃើញ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំងអស់​ហ្នឹង​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ជា​ប្រយោជន៍ និង​សេចក្តី​សុខ សុវត្ថិភាព​ដល់​យុវជន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​ឱ្យ​បាន​គ្រប់ៗ​គ្នា»

ស្រដៀង​គ្នា​នេះ​ដែរ ជនរងគ្រោះ​ម្នាក់ទៀត និង​ជា​ប្រធាន​ស្តីទី​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន​ថ្នាក់​ជាតិ​លោក ថន ចាន់ថា រៀបរាប់​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់​បើកបរ​ម៉ូតូ ១​គ្រឿង​បាន​វាយ​លោក​មួយ​ដែក​រលាស់​ពេញ​ទំហឹង​ត្រូវ​ស្មា នៅ​ម្តុំ​បុរី​សំណង់​លំនៅឋាន​វាល​ស្បូវ ស្ថិតនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ នៅ​វេលា​ម៉ោង​៧​ព្រឹក កាលពី​ថ្ងៃទី​០៦ ខែ​មេសា។ លោក​បន្ត​ថា មុន​ពេល​ជនល្មើស​ទាំងពីរ​ជិះ​ម៉ូតូ​គេចខ្លួន​នោះ ពួកគេ​បាន​យក​ដុំ​ថ្ម​ទម្ងន់​ជាង​១​គីឡូក្រាម​ដេញ​តាម​គប់​បំបែក​កញ្ចក់​ឡាន​របស់​លោក ហើយ​ថែមទាំង​ចង្អុលមុខ និង​គំរាម​សម្លាប់​លោក​ទៀត​ផង។

លោក ថន ចាន់ថា៖ «កន្លងមក​ខ្ញុំ​អត់​ដែល​មាន​ទំនាស់​ជាមួយ​អ្នកណា​ទេ និយាយ​រួម​ទៅ​ខ្ញុំ​ជា​មនុស្ស​មិនសូវ​និយាយ​ច្រើន តែ​ចូលចិត្ត​រាប់អាន​អ្នកដទៃ​ឱ្យ​តែ​ឈ្លោះ​អី​ខ្ញុំ​ដើរ​ចេញ​ហើយ​។ ខ្ញុំ​យល់​ថា​អំពើ​ហិង្សា​មក​លើ​រូប​ខ្ញុំ​ហ្នឹង ជា​ការ​គំរាមកំហែង បំភិតបំភ័យ​ផ្នែក​នយោបាយ ដោយសារ​គេ​មើល​ឃើញ​ថា ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​របស់​យុវជន​បក្ស​ភ្លើងទៀន​ផង ហើយ​យើង​មាន​សកម្មភាព​សកម្ម យើង​តែង​មានមុខ​នៅ​តាម​មូលដ្ឋាន​ចុះ​ពង្រឹង បង្រៀន​យុវជន​នៅ​តាម​បណ្តា​ខេត្ត​ផង»

ក្រោយពី​កើត​ហេតុ​ភ្លាមៗ​ជនរងគ្រោះ​ទាំងពីរ​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កំបូល និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​វាល​ស្បូវ​ដែរ តែ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​នៅឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កំបូល​លោក ភិន ភាព ដើម្បី​បកស្រាយ​ជុំវិញ​ហេតុការណ៍​នេះ​បាន​ទេ នៅ​ថ្ងៃទី៨ ខែ​មេសា។ ចំណែក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​វាល​ស្បូវ​លោក ឆេង ចាន់ដារ៉ា ប្រាប់​ថា លោក​ជាប់រវល់។

ទោះ​យ៉ាងណា​ជនរងគ្រោះ​អះអាង​ថា ពួកគាត់​មិន​មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​ផ្តល់​យុត្តិធម៌​បាន​ឡើយ ព្រោះ​កន្លងមក​បើ​ទោះ​ជា​ពួកគាត់ ព្យាយាម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​យ៉ាង​ណា​ក្តី តែ​ជាក់ស្តែង​មក​ទល់​ពេល​នេះ គ្មាន​ករណី​ណាមួយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​គួរ​ឲ្យ​ទុកចិត្ត ដើម្បី​ផ្តល់​ទំនុកចិត្ត និង​បញ្ចៀស​ការចោទប្រកាន់​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​រឿង​នយោបាយ​បាន​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុដ (Adhoc) លោក នី សុខា កត់​ស្គាល់​ថា​រដូវកាល​បោះឆ្នោត​ម្តងៗ​តែង​កើត​មាន​នូវ​អំពើ​ហិង្សា ការវាយប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង ជា​ពិសេស​បក្ស​ភ្លើងទៀន​ជាស​កម្ម​ជា​ហូរហែ​ដែល​បង្ក​បរិយាកាស​នយោបាយ​មិនល្អ​នៅមុន​ការបោះឆ្នោត​។ ទន្ទឹម​នឹង​នេះ​លោក​បញ្ជាក់​ថា ការ​បង្ក​ហិង្សា​បែបនេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​មិន​អាច​លើកលែង ឬ​បណ្តោយ​ឱ្យ​ជន​ប្រព្រឹត្ត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ។

លោក នី សុខា៖ «បើសិនជា​យើង​(​សមត្ថកិច្ច​) មិន​អា​ចរកជន​ប្រព្រឹត្ត ឬ​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​បាន​ទេ នោះ​បញ្ហា​មន្ទិល​សង្ស័យ​កាន់​តែ​មាន​កម្រិត​ខ្ពស់​ទៅៗ ព្រោះ​អ្នក​ដែល​រង​របួស​ដោយសារ​គេ​វាយ​សុទ្ធតែ​ជា​សកម្មជន​បក្ស​ប្រឆាំង ដែល​សកម្មៗ​ទៀត​ផង និង​ធ្វើ​ឱ្យ​មហាជន​កាន់តែ​អស់ជំនឿ​ខ្លាំង​ឡើងៗ​ទៅ លើ​ចំណាត់ការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយ​វា​មិន​ស្រប​ទៅ​នឹង​អ្វី​ដែល​យើង​ថា ប្រទេស​យើង​មាន​សន្តិភាព មាន​សុវត្ថិភាព មាន​សន្តិសុខ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផ្សេងៗ​ហាក់​មិន​អាច​ការពារ ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ​បាន ជាពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល»

គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​សង្គម និង​គណបក្ស​នយោបាយ​ប្រមាណ ៥០​នាក់​ហើយ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បង្ក​ហិង្សា​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ជនរងគ្រោះ​ខ្លះ​បាន​ស្លាប់ និង​ធ្លាក់ខ្លួន​ពិការ​អស់​មួយ​ជីវិត​។ ករណី​ទាំងនោះ​ច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​ព្រួត​វាយ ឬ​លួច​វាយ​ជនរងគ្រោះ​ពីក្រោយ​ខ្នង ឬ​ដេញ​ធាក់​ម៉ូតូ​ផ្តួល ឬ​គប់​ដុំ​ថ្ម​ចូលក្នុង​ផ្ទះ ហើយ​ភាគ​ច្រើន​បំផុត​អាជ្ញាធរ​មិន​បាន​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ ជនរងគ្រោះ​ខ្លះ​មិន​ត្រឹមតែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ តែ​ថែមទាំង​ត្រូវ​បាន​ជនល្មើស​លួច​វាយប្រហារ​ផ្ទួនៗ​គ្នា​ពីរ​លើក ហើយ​អ្នក​ខ្លះទៀត ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ទៀត​ផង។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​អំពើ​ហិង្សា​លើ​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជា​ញឹកញាប់​នេះ។ ពួកគេ​ចាត់ទុក ករណី​ទាំងនេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស និង​នយោបាយ​ដែល​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់៕

1 comment:

Anonymous said...

Thank You peace for allowing the bad people to hurt the innocent people at will, without repercussion.