2023.04.07
ក្រសួងមហាផ្ទៃត្រៀមកម្លាំងសមត្ថកិច្ចប្រមាណ១០ម៉ឺននាក់ ដើម្បីការពារសន្តិសុខការបោះឆ្នោតថ្នាក់ជាតិ ២០២៣ខាងមុខ។ មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងលើកឡើងថា ដើម្បីធានាសណ្ដាប់ធ្នាប់ក្នុងពេលបោះឆ្នោត កម្លាំងសមត្ថកិច្ចមិនត្រូវបណ្ដោយឱ្យមានការប្រមូលផ្ដុំនៅមណ្ឌលបោះឆ្នោត ឬការស្រង់ឈ្មោះអ្នកដែលបានទៅបោះឆ្នោតក្រៅផ្លូវការនោះឡើយ។
សមត្ថកិច្ចប្រមាណ ១០ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយទូទាំងប្រទេស ដើម្បីការពារសន្តិសុខក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា ក្រសួងមហាផ្ទៃនឹងដាក់កម្លាំងសមត្ថកិច្ចប្រមាណ ១០ម៉ឺននាក់ ដើម្បីការពារសន្តិសុខក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ លោកបន្ថែមថា ដោយសារតែខ្វះកម្លាំងនគរបាល ក្រសួងមហាផ្ទៃ និង គ.ជ.ប បានសម្រេចបន្ថែម កម្លាំងកងរាជអាវុធហត្ថ កងខេមរភូមិន្ទ និងប្រជាការពារបន្ថែម ដើម្បីការពារការបោះឆ្នោត។
សេចក្ដីប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និចហ្វិក (NICFIC) លោក សំ គន្ធាមី គាំទ្រចំពោះការបង្កើនចំនួនកម្លាំងសមត្ថកិច្ច ដើម្បីការពារសន្តិសុខក្នុងការបោះឆ្នោត ព្រោះមណ្ឌលបោះឆ្នោតទូទាំងប្រទេសបានកើនឡើងរហូតដល់ជាង ២ម៉ឺនទីតាំងផងដែរ។ ទោះជាយ៉ាងណា លោកស្នើឱ្យកម្លាំងសមត្ថកិច្ចត្រូវពង្រឹងសណ្ដាប់ធ្នាប់ឱ្យកាន់តែល្អជាងការបោះឆ្នោតក្នុងអាណត្តិមុន ដោយមិនត្រូវឱ្យមានការប្រមូលផ្តុំគ្នាក្នុងមណ្ឌលបោះឆ្នោតនោះឡើយ។ លោក សំ គន្ធាមី បន្តថា សមត្ថកិច្ចក៏ត្រូវហាមឃាត់កុំឱ្យមានការកត់ឈ្មោះអ្នកដែលបានទៅចូលរួមបោះឆ្នោតផងដែរ ព្រោះសកម្មភាពទាំងនេះ អាចធ្វើឱ្យអ្នកទៅចូលរួមការបោះឆ្នោតមានភាពភ័យខ្លាច។
ក្រសួងមហាផ្ទៃបង្កើនចំនួនកម្លាំងសមត្ថកិច្ចប្រមាណ២ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាពក្នុងការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣នេះ ខណៈការបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានដាក់កម្លាំងសមត្ថកិច្ចត្រឹមតែប្រមាណ ៨ម៉ឺននាក់តែប៉ុណ្ណោះ។
បើទោះបីជាការដាក់កម្លាំងសមត្ថកិច្ច ធ្វើឡើងក្នុងគោលបំណងការពារសន្តិសុខការបោះឆ្នោតក្ដី ប៉ុន្តែវត្តមានរបស់កម្លាំងសមត្ថកិច្ចទាំងនោះ ត្រូវបានគេមើលឃើញថា មិនមានភាពឯករាជ្យនោះឡើយ ព្រោះពួកគេទាំងនោះភាគច្រើនមានតួនាទីជា សមាជិកចុះពង្រឹងគណបក្សកាន់អំណាចតាមឃុំ ស្រុក និងបានចេញឃោសនាគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងសកម្ម។ ជាមួយគ្នានេះ វត្តមានប្រជាការពារ និងកងកម្លាំងប្រដាប់អាវុធនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ក៏អាចនាំឱ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោត មានភាពភ័យខ្លាចផងដែរ ព្រោះពួកគេ គឺជាអ្នកធ្វើការងារឱ្យគណបក្សប្រជាជនកម្ពុជានៅតាមសហគមន៍ ក្នុងពេលឃោសនាបោះឆ្នោត។
ជុំវិញរឿងនេះដែរ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ព្រួយបារម្ភចំពោះការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចដែលស្លៀកពាក់ឯកសណ្ធាននៅតាមមណ្ឌលបោះឆ្នោតកាន់តែច្រើនដូច្នេះ ព្រោះក្នុងការបោះឆ្នោតកន្លងមក កម្លាំងសមត្ថកិច្ចខ្លះបានចូលទៅក្នុងការិយាល័យបោះឆ្នោត ដែលនាំឱ្យប្រជាពលរដ្ឋដែលទៅបោះឆ្នោតមានការភ័យខ្លាច។ លោកបន្តថា ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវក្នុងពេលរាប់សន្លឹកឆ្នោត កម្លាំងសមត្ថកិច្ចក៏ត្រូវជំរុញឱ្យប្រជាពលរដ្ឋចូលរួមតាមដានដំណើរការរាប់សន្លឹកឆ្នោតផងដែរ។
ក្រៅពីត្រៀមកម្លាំងសមត្ថកិច្ចដើម្បីការពារសន្តិសុខអំឡុងពេលបោះឆ្នោត ក្រសួងមហាផ្ទៃក៏បានត្រៀមកម្លាំងអន្តរាគមន៍នៅនឹងកន្លែង កងកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត កម្លាំងការពារការរាប់សន្លឹកឆ្នោត រួមទាំងការដឹកជញ្ជូនសន្លឹកឆ្នោតផងដែរ។ បើទោះបីជាវត្តមានកម្លាំងសមត្ថកិច្ចទាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារសណ្ដាប់ធ្នាប់ក្នុងការបោះឆ្នោតយ៉ាងណាក្ដី ប៉ុន្តែប្រជាពលរដ្ឋដែលទៅចូលរួមការបោះឆ្នោត នៅតែមានការភ័យខ្លាច ក្នុងការបោះឆ្នោតឱ្យគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ម្យ៉ាង ពួកគាត់យល់ថា ការដាក់ពង្រាយកម្លាំងទាំងនេះ អាចជារូបភាពគំរាមកំហែងពលរដ្ឋច្រើនជាងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់នៅថ្ងៃបោះឆ្នោត៕
No comments:
Post a Comment