Thursday, 7 March 2024

អាជ្ញាធរ​ប្រើ​អាវុធ​ និង​ចាប់ខ្លួន​ពលរដ្ឋ​ប្រមាណ​ ២០​នាក់ ​ក្នុង​ការ​បង្ក្រាប​ជម្លោះដីធ្លី



អាជ្ញាធរ​ប្រើ​អាវុធ​ និង​ចាប់ខ្លួន​ពលរដ្ឋ​ប្រមាណ​ ២០​នាក់ ​ក្នុង​ការ​បង្ក្រាប​ជម្លោះដីធ្លី

ដោយ សេក បណ្ឌិត
2024.03.06

អាជ្ញាធរ​ប្រើ​អាវុធ​ និង​ចាប់ខ្លួន​ពលរដ្ឋ​ប្រមាណ​ ២០​នាក់ ​ក្នុង​ការ​បង្ក្រាប​ជម្លោះដីធ្លី ទិដ្ឋភាពអាជ្ញាធរព្រះវិហារបាញ់គ្រាប់បែកផ្សែង​បំបែក​ការតវ៉ារបស់​ពលរដ្ឋ និងចាប់ពលរដ្ឋ តវ៉ាដីធ្លី នៅឃុំស្រយង់ ស្រុក​គូលែន នៅថ្ងៃទី៦ មីនា ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

អាជ្ញាធរ​ចម្រុះ នៅ​ស្រុកគូលែន ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែមីនា បាន​បាញ់​កាំភ្លើង​រះ​ឡើង​លើ និង​គប់​គ្រាប់បែក​ផ្សែង​ជា​ច្រើន​គ្រាប់​ទៅ​លើ​ប្រជាពលរដ្ឋ និង​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ថែម​ទៀត ខណៈ​ពលរដ្ឋ​ជិត ១០០នាក់ រារាំង​អាជ្ញាធរ​មិន​ឲ្យ​រុះរើ​ដុត​ផ្ទះសម្បែង​របស់​ពួក​គេ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន ដីសម្បទាន​សេដ្ឋកិច្ច សិលា ដាម៉ិច (Seila Damex CO., LTD)។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំស្រយង់ លោកស្រី ណៃ ធួន អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅថ្ងៃទី៦ ខែមីនាថា សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ​រាប់​រយ​នាក់ បាន​ចុះ​ព័ទ្ធ​ចាប់​ប្រជាពលរដ្ឋ រុះរើ​ដុត​ផ្ទះសម្បែង និង​បាញ់​កាំភ្លើង​រះ​ឡើង​លើ និង​គប់​គ្រាប់បែក​ផ្សែង ទៅ​លើ​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​ពួក​គេ​ចេញ​តវ៉ា និង​រារាំង​មិន​ឲ្យ​សមត្ថកិច្ច រុះរើ​ផ្ទះសម្បែង ដីស្រែ​ចម្ការ​របស់​ពួក​គេ ។ លោកស្រី​បន្ថែម​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០នាក់ មក​ពី​ឃុំ​ចំនួន២ គឺ​ឃុំស្រយង់ និង​ត្បែង​ពីរ ស្រុកគូលែន ត្រូវ​បាន​សមត្ថកិច្ច​ខេត្តព្រះវិហារ​ចាប់​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី៦ ខែមីនា។



ពលរដ្ឋ​បន្ថែម​ទៀត​ថា កាល​ពី​កន្លះ​ខែ​មុន អាជ្ញាធរ​ខេត្ត​បាន​ចុះ​គំរាម​កំហែង ប្រជាពលរដ្ឋ​ទាំង ២ឃុំ គឺ​ឃុំស្រយង់ និងឃុំត្បែងពីរ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ៣០០គ្រួសារ ឲ្យ​រុះរើ​ផ្ទះសម្បែង​ចេញ​ពី​តំបន់​នោះ​ដោយ​សំអាង​ថា ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សិលា ដាម៉ិច។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ស៊ូ​ស្លាប់ ក៏​មិន​ព្រម​ចាកចេញ​ពី​ផ្ទះ​សម្បែង និង​ដីស្រែ​ចម្ការ​នោះ​ដែរ ដោយសារ​ពួក​គេ​មិន​មាន​កន្លែង​ផ្សេង​ទៅ​តាំង​ទី​លំនៅ​ឡើយ។

តំណាង​សហគមន៍​រស់នៅ​ឃុំត្បែងពីរ លោកស្រី ញឹម ស្រីនាង បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ឃុំត្បែង​ពីរ មិន​ព្រម​ចេញ​ពី​ដី​ស្រែ​ចម្ការ និង​ផ្ទះ​របស់​ពួក​គេ​នោះ​ទេ បើ​ទោះ​បី​អាជ្ញាធរ​ចាប់​ខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ​យ៉ាង​ណា​ក្ដី។ លោកស្រី​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមរម្យ ពីព្រោះ​ពួក​គេ​មិន​មាន​ដីធ្លី និង​ផ្ទះសម្បែង ដែល​ត្រូវ​ទៅ​តាំង​ទី​លំនៅ​ទៀត​ដែរ។

ពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន សិលា ដាម៉ិច បាន​ក្ស័យធន​ម្ដង​រួច​ទៅ​ហើយ ដោយ​មិន​ឃើញ​មាន​ដាំ​ដំណាំ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ២០២៤ ស្រាប់តែ​មាន​កម្លាំង​សន្តិសុខ​យាមកាម​យ៉ាង​តឹងរ៉ឹង និងរឹតត្បិត​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​នោះ​ទេ។ អ្នក​ភូមិ​បន្ថែម​ថា ពួក​គេ​បាន​ស្នើសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​កំពូលៗ ឲ្យ​ជួយ​អន្តរាគមន៍ និង​រក​ដំណោះស្រាយ​ដល់​ពួក​គេ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​អាជ្ញាធរ​ខេត្តព្រះវិហារ​ចុះ​បង្ក្រាប​ទៅ​វិញ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តព្រះវិហារ លោក សួស សុខដារ៉ា និង​អភិបាល​ខេត្តព្រះវិហារ លោក គីម រិទ្ធី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី៦ ខែមីនា ដោយសារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ ចំណែក​តំណាង​ក្រុមហ៊ុន សិលា ដាម៉ិច ក៏​វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​រង​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា នេះជាករណីទី១ នៅក្នុងអាណត្តិថ្មី ឆ្នាំ២០២៤ ដែល​មាន​ជម្លោះ​ដីធ្លី​រហូត​ដល់​មាន​ការ​ប្រើ​អំពើ​ហិង្សា និង​មាន​ការ​ចាប់​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បែប​នេះ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​រក​ដំណោះស្រាយ​ណា​មួយ​ដោយ​សន្តិវិធី ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ។

ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex CO., LTD) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល នៅ​ឆ្នាំ២០០៩ លើ​ផ្ទៃដី ៩ពាន់ (៩.០០០)ហិកតារ ក្រោម​ហេតុផល ធ្វើ​ការ​អភិវឌ្ឍន៍​ដាំ​ដំណាំ​កៅស៊ូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំស្រយង់ និង​ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និង​បាន​បោះ​បង្គោល នៅ​ឆ្នាំ២០១១ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ជិត ១ពាន់​គ្រួសារ។ ក្រុមហ៊ុន​មួយ​នេះ ក៏​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ ប៉ុន្តែនៅឆ្នាំ២០២២ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្តព្រះវិហារ បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ឲ្យ​ក្រុមហ៊ុន សិលា ដាម៉ិច លើ​ផ្ទៃដី​ជាង ៦ពាន់ (៦.៣៧៨.៤៦)ហិកតារ និង​បន្ត​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៣០០គ្រួសារ​ដល់​បច្ចុប្បន្ន ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​កាត់​ឆ្វៀល​ដី​របស់​ពួក​គេ​ទុក​អាស្រ័យ​ផល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​ដោះ​ស្រាយ​ឱ្យ​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្

No comments: