ដោយ ម៉ៅ សុធានី
2024.04.21
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ឧក្រិដ្ឋជនចិនម្នាក់ដែលជាប់ឈ្មោះថា ជាអ្នករកស៊ីបនល្បែងអនឡាញឆ្លងដែនខុសច្បាប់ត្រូវបានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តាំងតែងឱ្យជាទីប្រឹក្សារបស់លោក។
មន្ត្រីគណបក្សប្រឆាំងថា ការតែងតាំងលោក ចេន ហ្ស៊ី (Chen Zhi) ជាទីប្រឹក្សា នឹងធ្វើឱ្យកម្ពុជាសម្បូរទៅដោយអំពើពុករលួយ អំពើនិទ្ទណ្ឌភាព និងមិនអាចជួយដោះស្រាយបញ្ហាប្រឈមបានឡើយ ខណៈ លោក ចេន ហ្ស៊ី ត្រូវតុលាការប្រទេសចិនរកឃើញថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបនល្បែងអនឡាញ (Online) ខុសច្បាប់។
បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បន្តតែងតាំងអ្នកឧកញ៉ា និងប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) លោក ចេន ហ្ស៊ី ជាទីប្រឹក្សារបស់លោក បើទោះបីជាតុលាការប្រទេសចិនរកឃើញថា បុរសជនជាតិចិនរូបនេះ មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបនល្បែងអនឡាញ (Online) ខុសច្បាប់ក្ដី។
មន្ត្រីបក្សប្រឆាំងលើកឡើងថា ការតែងតាំងលោក ចេន ហ្ស៊ី នេះមិនបានជួយឱ្យការអនុវត្តច្បាប់នៅកម្ពុជាមានភាពប្រសើរឡើងទេ ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងផ្ដល់ជម្រកឱ្យឧក្រិដ្ឋជនប្រព្រឹត្តអំពើឆបោកតាមអនឡាញ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែមេសា ថា ការតែងតាំង លោក ចេន ហ្ស៊ី ទីប្រឹក្សាលោក ហ៊ុន សែន នេះគឺជាដើម្បីឱ្យលោក ចេន ហ្ស៊ី ជួយការពារអំណាចក្រុមគ្រួសារត្រកូល«ហ៊ុន» តាមរយៈការផ្ដល់លុយឱ្យទៅលោក ហ៊ុន សែន។ លោកបន្តថា ការតែងតាំងមនុស្សមានកេរ្តិ៍ឈ្មោះមិនល្អជាទីប្រឹក្សានេះគឺប្រៀបដូចជារដ្ឋាភិបាលជួយលាក់បាំងអំពើឧក្រិដ្ឋកម្មឱ្យលោក ចេន ហ្ស៊ី។
លោក អ៊ំ សំអាន៖ «នៅពេលដែលបន្តតែងតាំងឧក្រិដ្ឋជនរបៀបហ្នឹងនឹងធ្វើឱ្យមានអំពើពុករលួយ ហើយបក្ខពួកនិយម គ្រួសារនិយមចាក់ស្រះនៅក្នុងប្រទេសកម្ពុជា។ បទឧក្រិដ្ឋផ្សេងៗនឹងកើតមានបន្ថែមទៀតហើយរដ្ឋាភិបាលនឹងមិនអាចចាត់វិធានការផ្លូវច្បាប់ទៅលើជនល្មើសទាំងអស់នោះទេហើយជនល្មើសទាំងអស់ហ្នឹងនឹងរួចផុតពីការផ្ដន្ទាទោសតាមផ្លូវច្បាប់ដូច្នេះនិទ្ទណ្ឌភាពនឹងកើតមានកាន់តែច្រើននៅកម្ពុជា»។
ស្រដៀងគ្នានេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថា ការតែងតាំងបុគ្គលណាម្នាក់ជាទីប្រឹក្សា គឺទាល់តែបុគ្គលនោះមានភាពស្មោះត្រង់ចំពោះជាតិ និងមិនជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម។ លោកបារម្ភថា ប្រសិនបើរដ្ឋាភិបាលតែងតាំងបុគ្គលដែលមានកេរ្តិ៍ឈ្មោះមិនល្អនោះធ្វើឱ្យបាត់បង់ប្រយោជន៍ជាតិ។
លោក រ៉ុង ឈុន៖ «រដ្ឋាភិបាលត្រូវតែពិនិត្យគិតគូរឡើងវិញពីព្រោះយើងឃើញមកជាច្រើនហើយ ហើយករណីនេះមិនមែនជាករណីថ្មីទេដូចជាជនឧក្រិដ្ឋជនបំផ្លាញព្រៃឈើក៏ត្រូវបានតែងតាំងក្នុងតំណែងទីប្រឹក្សាមន្ត្រីជាន់ខ្ពស់។ តាមការពិតមិនត្រូវផ្ដល់ឋានៈតួនាទីជនដែលមានបាតដៃបំផ្លាញជាតិមិនត្រូវផ្ដល់តំណែងណាមួយជាមន្ត្រីទេ»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនេះគឺក្រោយពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ចេន ហ្ស៊ី (Chen Zhi) ជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តាមការស្នើសុំរបស់លោក ដោយពុំទទួលបានប្រាក់បំណាច់មុខងារ កាលពីថ្ងៃទី១៩ ខែមេសា។ ក្រៅពីនេះ លោក ចេន ហ្ស៊ី ក៏មានតួនាទីជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែរ ខណៈដំបូងឡើងមហាសេដ្ឋីវ័យក្មេងជនជាតិចិនដែលចូលសញ្ជាតិកម្ពុជារូបនេះ ធ្លាប់ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ក្នុងពេលលោកធ្វើជានាយករដ្ឋមន្ត្រី។ កាលពីឆ្នាំ២០១៨ លោក ចេន ហ្ស៊ី ក៏ធ្លាប់កាន់មុខតំណែងជាទីប្រឹក្សាឱ្យក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ មានប្រសាសន៍ថាមិនមែនជារឿងចម្លែកនោះទេ ដែលលោក ហ៊ុន សែន តែងតាំង លោក ចេន ហ្ស៊ី ជាទីប្រឹក្សា ដើម្បីរក្សាអំណាចសន្តតិវង្ស។ លោកបារម្ភថា ស្ថាប័នជាតិនឹងក្លាយជាស្ថាប័នបម្រើឱ្យគ្រួសារលោក ហ៊ុន សែន មិនមែនបម្រើផលប្រយោជន៍ជាតិនោះទេ។
លោក គឹម សុខ៖ «ខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសទូទាំងប្រទេសគួរយល់ច្បាស់ហើយប្រសិនបើពួកគាត់នៅអង្វរសុំយុត្តិធម៌ពី លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អត់មានទេ។ មានតែប្រជារាស្ត្រទូទាំងប្រទេសមើលឃើញច្បាស់ ថាក្រុមគ្រួសារ «ហ៊ុន» កំពុងដឹងនាំជាតិដោយវិធីតែងតាំងឧក្រិដ្ឋជនធ្វើអំពើឧក្រិដ្ឋកម្មចំពោះជាតិ និងប្រជាពលរដ្ឋ»។
ងាកមកប្រវត្តិ លោក ចេន ហ្ស៊ី ដែលត្រូវបានតែងតាំងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លោកគឺជាអតីតជនចំណាកស្រុកមកពីប្រទេសចិន និងជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) ដែលរកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនព្រីនស៍ គ្រុប នេះបង្កើតឡើងក្នុងឆ្នាំ២០១៥ និងរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយៗឆ្នាំ។ ក្រៅពីក្រុមហ៊ុននេះ លោកក៏ជាម្ចាស់កម្មសិទ្ធិមួយភាគបួននៃក្រុមហ៊ុនលក់ស៊ីហ្គារ (Cigar) លំដាប់ជាតិរបស់ប្រទេសគុយបា (Cuba) ដែលមានតម្លៃ ២,៨ ពាន់លានដុល្លារ និងជាម្ចាស់អគារការិយាល័យតម្លៃ ១១៤លានដុល្លារ ស្ថិតក្នុងម្ដុំអ្នកមានបំផុតមួយនៅទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស។
ដោយសារការរីកលូតលាស់យ៉ាងឆាប់រហ័ស និងការផ្ទេរសាច់ប្រាក់ច្រើនខុសប្រក្រតីនៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប បានធ្វើឱ្យការិយាល័យមូលប័ត្រសាធារណៈក្រុងប៉េកាំង (Beijing Municipal Public Security Bureau) កាលពីខែឧសភា ឆ្នាំ២០២០ បានបង្កើតក្រុមមួយដែលគេហៅថា ក្រុមការងារពិសេសលេខ ៥.២៧។ ក្រុមការងារនេះត្រូវបានបង្កើតឡើង «ដើម្បីស៊ើបអង្កេត និងដោះស្រាយសំណុំរឿងនៃក្រុមឧក្រិដ្ឋជនបនល្បែងអនឡាញឆ្លងដែនដ៏អាក្រក់ ដែលគេស្គាល់ថាជា «សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group)» នៅប្រទេសកម្ពុជា។
ទីបំផុតតុលាការប្រទេសចិនបានរកឃើញថា ទឹកប្រាក់ភាគច្រើនដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប បានប្រើដើម្បីកសាងអាណាចក្រពាណិជ្ជកម្មរបស់ខ្លួន គឺបានមកតាមរយៈអំពើឆបោក រួមទាំងលុយរាប់រយលានដុល្លារដែលត្រូវបានគេបង្វិលចេញពីបនល្បែងស៊ីសងខុសច្បាប់ និងបណ្ដាញលាងលុយកខ្វក់ដ៏ទូលំទូលាយផងដែរ។
អ្នកឃ្លាំមើលបញ្ហាសង្គមជំរុញឱ្យរដ្ឋាភិបាលតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងគិតពីផលប្រយោជន៍បក្ខពួកដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងខាតប្រយោជន៍ជាតិ៕
No comments:
Post a Comment