Sunday, 31 August 2025

លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេដឹកនាំចិន ខណៈចិនគាំទ្របទឈប់បាញ់កម្ពុជា-ថៃ


លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃទី៣០ ខែសីហា ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ខណៈចិនគាំទ្របទឈប់បាញ់កម្ពុជា-ថៃ។

Prime Minister Hun Manet (left) shakes hands with Chinese President Xi Jinping before talks in Tianjin, China, on August 30, 2025.
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) មុនកិច្ចពិភាក្សានៅទីក្រុងធានជីន (Tianjin) ប្រទេសចិន (China) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ (រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត បាន​ចុះ​ផ្សាយ​ថា ប្រទេស​ចិន​បន្ត​គាំទ្រ​កម្ពុជា​ដើម្បី​ពង្រឹង​សមត្ថភាព​អភិវឌ្ឍន៍​ដោយ​ម្ចាស់​ការ​ខ្លួនឯង និង​ការ​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា។ បន្ថែម​ពី​នេះ ចិន​ក៏​បាន​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ និង​គាំទ្រ​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដឹក​នាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី​ឱ្យ​បាន​ឆាប់។

សារព័ត៌មាន​ចិន Xinhua បាន​ចុះ​ផ្សាយ​ដែរ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រធានាធិបតី​ចិន​បាន​លើកឡើង​ពី​ការ​ប្រឈម​នៃ​ការ​ប្រែប្រួល​ស្ថានភាព​អន្តរជាតិ ហើយ​ថា កម្ពុជា​និង​ចិន ជា​មិត្តដែកថែប គួរ​តែ​រួបរួម​គ្នា​ឱ្យ​បាន​ជិតស្និទ្ធ​បំផុត​សម្រាប់​ការ​ជោគជ័យ​ទៅ​វិញ​ទៅ​មក ដើម្បី​សុខុមាលភាព​នៃ​ប្រជាជន​ទាំង​ពីរ និង​ចូលរួម​ចំណែក​វិបុលភាព ស្ថិរភាព និង​សន្ដិភាព​ក្នុង​តំបន់។

 

ជំនួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន​នេះ បាន​ធ្វើឡើង​ខណៈ​លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ នៅ​ទីក្រុង​ធានជីន (Tianjin) ប្រទេសចិន ពី​ថ្ងៃ​ទី៣០ ខែសីហា ដល់​ថ្ងៃ​ទី១ ខែកញ្ញា។

អង្គការ​សហប្រតិបត្តិការ​សៀងហៃ ត្រូវ​បាន​បង្កើត​​ឡើង​នៅ​ក្នុង​ឆ្នាំ១៩៩៦ ដោយ​ប្រទេស​ចិន (China) ប្រទេស​រុស្ស៊ី (Russia) និង​ប្រទេស​ដែល​មាន​ព្រំដែន​ជាមួយ​គ្នា​ចំនួន​៣​ផ្សេង​ទៀត ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន ក្រោយ​ចប់​សង្គ្រាមត្រជាក់ និង​ក្រោយ​ការ​ដួលរលំ​នៃ​សហភាព​សូវៀត ខណៈ​កម្ពុជា​ជា​ប្រទេស​ដៃគូ​កិច្ច​ពិភាក្សា​មួយ​នៃ​អង្គការ​នេះ។

កាល​ពី​ថ្ងៃ​ទី២២ ខែសីហា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​ថ្លែង​ថា ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ត្រៀម​ខ្លួន ធ្វើ​ជា​អ្នក​សង្កេតការណ៍​ឃ្លាំមើល​បទ​ឈប់​បាញ់ ខណៈ​ប្រទេស​ថៃ​បាន​បដិសេធ​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​អន្តរជាតិ ដែល​មិន​មែន​ជា​សមាជិក​អាស៊ាន ពីព្រោះ​ចាត់ទុក​ថា ជា​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ៕

No comments: