Thursday 17 September 2015

អង្គការ​ខ្មែរ​ក្រោម​ស្នើ​កុំ​ចាប់​បញ្ជូន​ខ្មែរ​ក្រោម​មិន​ទាន់​មាន​លិខិត​រស់នៅ​ត្រឹមត្រូវ​ចេញ​ពី​កម្ពុជា

អង្គការ​ខ្មែរ​ក្រោម​ស្នើ​កុំ​ចាប់​បញ្ជូន​ខ្មែរ​ក្រោម​មិន​ទាន់​មាន​លិខិត​រស់នៅ​ត្រឹមត្រូវ​ចេញ​ពី​កម្ពុជា
ដោយ យាង សុជាមេត្តា rfa
2015-09-16

លោក សឺន ជុំជួន ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ផ្ដល់​បទសម្ភាសន៍​ក្នុង​ឱកាស​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៣ នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ។
RFA/Yang Socheametta

***

School of Vice: The perennial persecution and discrimination of indigenous ethnic minorities in Vietnam is a bleeding reality that is not going to come to an end any time soon so long as Vietnam continues to deny even their status and very existence as ethnic groups and, the rest of the world keeps turning a blind eye to their plight.

***

អង្គការ ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខ្មែរ កុំ​ឲ្យ​ចាប់​បញ្ជូន​ខ្មែរ​ក្រោម​នៅ​កម្ពុជា ត្រឡប់​ទៅ​ទឹក​ដី​កំណើត​កម្ពុជា​ក្រោម​វិញ បើ​ពួក​គាត់​ពុំ​ទាន់​មាន​លិខិត​ស្នាម​រស់នៅ​នៅ​កម្ពុជា ត្រឹមត្រូវ​នៅ​ឡើយ។ ការ​អំពាវនាវ​នេះ ដោយសារ​អង្គការ​ខ្មែរ​ក្រោម​មើល​ឃើញ​ថា អាជ្ញាធរ​ខ្មែរ​មួយ​ចំនួន​នៅ​ចាត់​ទុក​ខ្មែរ​ក្រោម ថា​ជា​ជនជាតិ​វៀតណាម នៅ​ឡើយ បើ​ទោះ​ជា​ច្បាប់​កម្ពុជា បាន​ធានា​ពី​សញ្ជាតិ​ខ្មែរ​របស់​ខ្មែរ​ក្រោម​ជា​ខ្មែរ​តែ​មួយ​ក៏ដោយ។

អង្គការ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា មាន​ប្រហែល ១​លាន​នាក់ ហើយ​ប្រមាណ ៨​លាន​នាក់​ផ្សេង​ទៀត កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ។
ខ្មែរ​ក្រោម បាតុកម្ម​សង្គ្រោះ​ជាតិ ៦១០
ព្រះសង្ឃ និង​ខ្មែរ​កម្ពុជា​ក្រោម ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។

អង្គការ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប៉ាន់​ប្រមាណ​ដែរ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​កម្ពុជា សព្វថ្ងៃ ពលរដ្ឋ​ប្រមាណ ៧០% មាន​លិខិត​ស្នាម​រស់នៅ​ត្រឹមត្រូវ ខណៈ​ដែល​ខ្មែរ​ក្រោម​ប្រមាណ ៣០% ទៀត គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ឡើយ។ ការ​ដែល​មាន​ខ្មែរ​ក្រោម​មួយ​ចំនួន មិន​ទាន់​មាន​លិខិត​ស្នាម​រស់នៅ​ត្រឹមត្រូវ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អង្គការ​ខ្មែរ​ក្រោម​នៅ​កម្ពុជា មាន​ការ​បារម្ភ ស្រប​ពេល​ដែល​អាជ្ញាធរ​ខ្មែរ​កំពុង​ចាត់​វិធានការ​ចាប់​បញ្ជូន​ខ្លួន​ជន​ អន្តោប្រវេសន៍​បរទេស ចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​នោះ​អាច​មាន​ខ្មែរ​ក្រោម​ផង​ដែរ ដោយសារ​ពួក​គេ​មួយ​ចំនួន និយាយ​ភាសា​ខ្មែរ​មិន​សូវ​ច្បាស់ ដែល​អាជ្ញាធរ​ខ្មែរ​អាច​នឹង​ច្រឡំ​ថា​ជា​ជនជាតិ​វៀតណាម។

នាយក ​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ធំ​បំផុត​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា គឺ​បញ្ហា​អត្តសញ្ញាណ​នៃ​ជនជាតិ​ខ្មែរ​របស់​ពួក​គេ ពិសេស​គឺ​ខ្មែរ​ក្រោម​ដែល​ទើប​តែ​ឡើង​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ថ្មីៗ។

នៅ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរ​ទាំងអស់​សុទ្ធតែ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​វៀតណាម។ ពួក​គេ​ក៏​កាន់​លិខិត​ឆ្លង​ដែន​វៀតណាម ដែរ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ឡើង​មក​ប្រទេស​កម្ពុជា។ ត្រង់​ចំណុច​នេះ​ហើយ ដែល​អាជ្ញាធរ​ខ្មែរ​ចាត់​ទុក​ពួក​គេ​ថា​ជា​ជនជាតិ​វៀតណាម ហើយ​កន្លង​មក ក៏​ធ្លាប់​ចាប់​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​កាន់​កម្ពុជា​ក្រោម វិញ​ដែរ។

របាយការណ៍ ​អគ្គនាយកដ្ឋាន​ជន​អន្តោប្រវេសន៍ ឲ្យ​ដឹង​ថា គិត​ត្រឹម ៨​ខែ​ចុង​ឆ្នាំ​២០១៤ ជន​អន្តោប្រវេសន៍​ពុំ​មាន​លិខិត​ត្រឹមត្រូវ​ជិត ២​ពាន់​នាក់ (១.៨០០​នាក់) ក្នុង​នោះ​ជនជាតិ​វៀតណាម ១.៥០០​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា។ នៅ​ដើម​ឆ្នាំ​២០១៥ វិញ អគ្គនាយកដ្ឋាន​ជន​អន្តោប្រវេសន៍ បាន​បណ្ដេញ​ជន​បរទេស​ខុស​ច្បាប់ ១.២០០​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ពី ៩៥% ទៅ ៩៨% ជា​ជនជាតិ​វៀតណាម។ របាយការណ៍​បន្ត​ថា ក្រៅ​ពី​នេះ​វិញ មាន​ជនជាតិ​វៀតណាម ប្រមាណ​ពី ២០% ទៅ ៣០% នៅ​តែ​បន្ត​ឆ្លង​ដែន​ចូល​មក​កម្ពុជា ដោយ​ខុស​ច្បាប់ តាម​រយៈ​ប៉ុស្តិ៍​ព្រំដែន និង​ច្រក​របៀង។

លោក សឺន ជុំជួន បញ្ជាក់​ថា បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ ឬ​លិខិត​ឆ្លង​ដែន​វៀតណាម ក៏ដោយ ប៉ុន្តែ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន​នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្មែរ​ក្រោម​ជា​ជនជាតិ​ខ្មែរ ឬ​មាន​ដើម​កំណើត​ជា​ខ្មែរ។ ដូច្នេះ លោក​ថា​វា​មិន​ពិបាក​សម្រាប់​អាជ្ញាធរ​ខ្មែរ​ក្នុង​ការ​កំណត់​ថា តើ​នរណា​ជា​ខ្មែរ​ក្រោម ឬ​នរណា​ជា​ជនជាតិ​វៀតណាម នោះ​ទេ? យ៉ាង​ណា​ក៏ដោយ លោក សឺន ជុំជួន ថា​មាន​អាជ្ញាធរ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ជនជាតិ​ វៀតណាម នៅ​ឡើយ បើ​ទោះ​ជា​ច្បាប់​បាន​ធានា​ពី​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ​របស់​ពួក​គេ​ក៏ដោយ៖ «ខ្ញុំ​គិត​ថា ក្រសួង​មហាផ្ទៃ ដែល​មាន​សម្ដេច ស ខេង ជា​ប្រមុខ​គួរ​ចេញ​ជា​លិខិត ឬ​សារាចរ​មួយ​ឲ្យ​ច្បាស់លាស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​អ្នក​អនុវត្ត​ ផ្ទាល់​ច្បាប់​អន្តោប្រវេសន៍ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ទទួល​ស្គាល់​បង​ប្អូន​ខ្មែរ​ក្រោម ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ហើយ​មាន​ការ​ចាប់​បញ្ជូន​ទៅ​កម្ពុជា​ក្រោម​វិញ»។

លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ក្រៅ​ពី​បញ្ហា​អត្តសញ្ញាណកម្ម​ខ្មែរ​ក្រោម​នៅ​កម្ពុជា មួយ​ចំនួន ក៏​នៅ​មាន​បញ្ហា​ក្នុង​ការ​កាន់​កាប់​ដីធ្លី​ផង​ដែរ ដោយសារ​ពួក​គេ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ បើ​ទោះ​ជា​ពួក​គេ​មក​រស់នៅ​កម្ពុជា យូរ​មក​ហើយ​ក្តី។

ច្បាប់ ​សញ្ជាតិ​ខ្មែរ​ឆ្នាំ​១៩៩៦ ចែង​ថា ត្រូវ​បាន​ជា​សញ្ជាតិ​ខ្មែរ ទោះ​បី​កើត​នៅ​ទីណា​ក៏ដោយ ឲ្យ​តែ​មាន​ឪពុក ឬ​ម្តាយ​មាន​សញ្ជាតិ​ខ្មែរ។

វិទ្យុ ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​ឆ្លើយ​តប​នឹង​ការ​បារម្ភ​របស់​អង្គការ​ខ្មែរ​ក្រោម​បាន​ទេ នៅ​ថ្ងៃ​ទី​១២ កញ្ញា។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ។ លោក​មាន​ប្រសាសន៍​កាល​ពី​ចុង​ខែ​សីហា ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​សម្រប​សម្រួល​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ដែល​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន អាកាប៉េ (AKP) ដកស្រង់​សម្ដី​ចុះ​ផ្សាយ។ លោក ខៀវ កាញារីទ្ធ ឲ្យ​ដឹង​នៅ​ពេល​នោះ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ដែល​បោះ​បង់​ពលរដ្ឋ​ខ្មែរ​ក្រោម​ចោល​នោះ​ទេ ហើយ​លោក​តែង​ជួយ​គាំទ្រ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម មាន​សាមគ្គី​គ្នា និង​បំពេញ​កិច្ចការ មាន​តួនាទី ព្រម​ទាំង​មាន​ឋានៈ​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​ជួយ​ការពារ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​បាន​សុខ​សប្បាយ និង​រីក​ចម្រើន​ទៅ​មុខ។

ការ​ថ្លែង​របស់ លោក ខៀវ កាញារីទ្ធ បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​សម្រប​សម្រួល​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​អាជ្ញាធរ​ដែនដី ទទួល​ស្គាល់​ខ្មែរ​ក្រោម​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជួយ​ចេញ​លិខិត​ស្នាម ដូចជា​ប័ណ្ណ​ស្នាក់នៅ ប័ណ្ណ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឲ្យ​ខ្មែរ​ក្រោម ជាដើម។

ការ ​លើក​ឡើង​របស់ លោក ខៀវ កាញារីទ្ធ នូវ​សម្ដី​របស់ លោក ហ៊ុន សែន នេះ ត្រូវ​បាន លោក សឺន ជុំជួន សាទរ។ យ៉ាង​ណា លោក សឺន ជុំជួន ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន គួរ​អនុវត្ត​ទៅ​តាម​ប្រសាសន៍​របស់ លោក ហ៊ុន សែន ឲ្យ​សម​ទៅ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក ទៅ​ដល់​ខ្មែរ​ក្រោម៖ «យើង​មើល​ឃើញ​ថា អាជ្ញាធរ​ខ្មែរ​មួយ​ចំនួន​គាត់​នៅ​តែ​ចាត់​ទុក​ខ្មែរ​មក​ពី​កម្ពុជា​ក្រោម ថា​ជា​ខ្មែរ​ទេ គាត់​នៅ​តែ​ចាត់​ទុក​ថា​ជា​ជនជាតិ​វៀតណាម ទៅ​វិញ នេះ​ជា​ចំណុច​ពិបាក​មួយ​សម្រាប់​ខ្មែរ​ក្រោម​នៅ​កម្ពុជា»។

របាយការណ៍ ​ស្រាវជ្រាវ​របស់​ក្រុម​ស្រាវជ្រាវ​សន្តិភាព នៃ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម រស់នៅ​មាន​ភាព​តែលតោល គ្មាន​សិទ្ធិ​សេរីភាព គ្មាន​ទីពឹង​ពាក់ រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច និង​អស់​សង្ឃឹម។ កន្លង​មក គេ​ក៏​ធ្លាប់​ឮ​ខ្មែរ​ក្រោម​រអ៊ូរទាំ​ផង​ដែរ​ថា ពេល​នៅ​កម្ពុជា​ក្រោម វៀតណាម ហៅ​ពួក​គេ​ថា​ខ្មែរ ដល់​ពេល​មក​ដល់​កម្ពុជា ខ្មែរ​បែរ​ជា​ហៅ​ពួក​គេ​ថា​វៀតណាម ទៅ​វិញ។

ទាក់ទង​នឹង​រឿង ​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ​ដែរ ព្រះរាជ​សេចក្តី​ថ្លែងការណ៍​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​នរោត្តម សីហនុ ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០០៦ សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម រដ្ឋាភិបាល​បាន​ផ្តល់​ជូន​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ ក្រោម ឲ្យ​ទទួល​បាន​យ៉ាង​ពេញ​ចិត្ត​ពេញ​ថ្លើម នូវ​រាល់​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ទទួល​បាន​ពី​រដ្ឋាភិបាល​នៃ​របប​សង្គម​រាស្ត្រ​និយម​របស់​ព្រះអង្គ​អ៊ីចឹង​ ដែរ។

ព្រះអង្គ​មាន​ព្រះ​បន្ទូល​បន្ថែម​ថា ព្រះអង្គ​គាំទ្រ​សំណើ​សុំ​ទាមទារ​សិទ្ធិ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា ក្នុង​ការ​ទទួល​បាន​នូវ​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​គ្រួសារ ការ​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន និង​លិខិត​ឆ្លង​ដែន ជាដើម៕

No comments: