Wednesday 16 September 2015

និស្សិត​ស្រី​ម្នាក់​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម​ចង់​ក្លាយ​ជា​កសិករ​អាជីព

និស្សិត​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម​ពី​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប កញ្ញា ឈឹម ចាន់ធី អនុវត្ត​ការងារ​ជាក់ស្តែង​ក្នុង​កសិដ្ឋាន​របស់​អង្គការ​សេដាក (CEDAC) ក្នុង​ភូមិ​ព្រៃ​ក្ដួច ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥
RFA/Ouk Savborey

និស្សិត​ស្រី​ម្នាក់​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម​ចង់​ក្លាយ​ជា​កសិករ​អាជីព
ដោយ អ៊ុក សាវបូរី
2015-09-16 rfa


និស្សិត​ជាច្រើន​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន មិន​បាន​ធ្វើ​ការ​តាម​ជំនាញ​សិក្សា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ និស្សិត​ស្រី​មួយ​រូប​បញ្ចប់​បរិញ្ញាបត្រ​ពី​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប បាន​ស្ម័គ្រ​ចិត្ត​គ្រប់គ្រង​កសិដ្ឋាន​មួយ​កន្លែង​របស់​អង្គការ​សេដាក (CEDAC)។ កសិដ្ឋាន​នោះ​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ព្រៃ​ក្ដួច ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឆ្ងាយ​ពី​ផ្លូវ​ជាតិ​លេខ​៣ ជាង ៣០​គីឡូ​ម៉ែត្រ​ស្ថិត​ក្នុង​តំបន់​មិន​សូវ​មាន​មនុស្ស​ចេញ​ចូល​ច្រើន​ឡើយ។

តើ​និស្សិត​ស្រី​នោះ​មាន​គោល​បំណង​អ្វី ដែល​សុខ​ចិត្ត​ស្នាក់នៅ​ថែទាំ​កសិដ្ឋាន​ឲ្យ​អង្គការ​សេដាក?

អង្គុយ​ផ្ចិតផ្ចង់​ពិនិត្យ​មើល​ពូជ​ត្រសក់​ដែល​ទុក​នៅ​ក្នុង​រង​បន្លែ កញ្ញា ឈឹម ចាន់ធី អះអាង​ថា គាត់​បាន​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម​ពី​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប។ គាត់​បាន​ចូល​ទៅ​អនុវត្ត​ជាក់ស្តែង​ក្នុង​កសិដ្ឋាន​របស់​អង្គការ​សេដាក។ កសិដ្ឋាន​នោះ​មាន​ទីតាំង​ក្នុង​ភូមិ​ព្រៃ​ក្ដួច ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

កញ្ញា​បន្ត​ដោយ​ទឹក​មុខ​រីករាយ​ថា ថ្វីត្បិតតែ​គាត់​បញ្ចប់​បរិញ្ញាបត្រ​កសិកម្ម​ពិត​មែន ប៉ុន្តែ​ទ្រឹស្ដី​ដែល​បាន​រៀន​ចប់​នោះ មិន​ស្មើ​នឹង​ការ​អនុវត្ត​ទេ ទើប​គាត់​បន្ត​ស្នាក់នៅ​ក្នុង​កសិដ្ឋាន​លើស ៦​ខែ។ ក្រោយ​ពី​គាត់​សុំ​អង្គការ​នេះ​អនុវត្ត ៦​ខែ​រួច​ហើយ​នោះ គាត់​បន្ត​ស្នាក់​នៅ​ក្នុង​កសិដ្ឋាន​អង្គការ​សេដាក នេះ ដើម្បី​ចង់​ក្លាយ​ជា​កសិករ​អាជីព​ផង និង​រៀន​គ្រប់គ្រង​កសិដ្ឋាន​នេះ​ផង៖ «ខ្ញុំ​ទើប​រៀន​ចប់ ខ្ញុំ​ចង់​ធ្វើ​ការ​រក​ប្រាក់​ចំណូល​សិន។ ទាក់ទង​នឹង​បច្ចេកទេស ដូច​ថា​ប្អូន​រៀន​នៅ​សាលា គឺ​រៀន​តែ​តាម​សៀវភៅ​ទេ ដល់​ពេល​មក​នេះ​អនុវត្ត​ផ្ទាល់ៗ​អ៊ីចឹង ទាល់​តែ​រៀន​បន្ថែម​ទៀត​ពី​បងៗ​អ៊ីចឹង​ទៅ។ រៀន​ពី​ការ​លើក​រង ការ​ដាំ ការ​សង់​ទ្រើង គឺ​លួស​មែក​ឈើ​ដែល​គាត់​កាប់​ហ្នឹង​យក​មក​ធ្វើ។ អា​ដាក់​ទ្រើង​បែប​បុរាណ ដំណាំ​អត់​សូវ​ឡើង​ទេ ហើយ​ផ្លែ​ក៏​អត់​ច្រើន​ដូច​ទ្រើង​ថ្មី​ដែរ។ ទ្រើង​ថ្មី គ្រូ​បង្រៀន គឺ​ដំណាំ​តោង​ឡើង​ច្រើន​ជាង ហើយ​បាន​ផ្លែ​ច្រើន​ទៀត វា​មាន​កម្លាំង​ទប់ ហើយ​ណា​មួយ​ដូចជា​ពេល​យើង​ដាក់​ស្មៅ​អី​គ្រប​ទៅ វា​ត្រជាក់​គល់ ស្មៅ​ដែល​យើង​ចូក​ហើយ​គ្រប»។

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា កសិដ្ឋាន​អង្គការ​សេដាក ត្រូវ​ការ​បណ្ដុះ​សិស្ស​និស្សិត​ដែល​ចង់​ចេះ និង​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​កសិកម្ម​អាជីព។ លោក​ថា សិស្ស និង​និស្សិត​ដែល​បាន​ស្នាក់នៅ គឺ​អនុវត្ត​បច្ចេកទេស​កសិកម្ម​បន្ថែម​លើ​ទ្រឹស្ដី​ពី​សាលា​ដែល​រៀន​រួច។ អង្គការ​នេះ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ពួក​គេ និង​ឲ្យ​ពួក​គេ​ស្នាក់នៅ ព្រម​ទាំង​បណ្ដុះ​ពួក​គេ​ឲ្យ​ចេះ​គ្រប់គ្រង​កសិដ្ឋាន​បន្ត​ទៀត ដើម្បី​ឲ្យ​សិស្ស​និស្សិត​ទាំង​នេះ ចេះ​ជួយ​ពន្យល់​អ្វី​ដែល​គាត់​រក​ឃើញ​ថ្មី​នោះ បង្រៀន​បន្ត​ទៅ​កសិករ​រស់នៅ​ក្បែរ និង​សិស្ស​និស្សិត​ជាច្រើន​ទៀត ដែល​បាន​ស្ម័គ្រ​ចិត្ត​មក​ហាត់​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​អង្គការ​សេដាក នេះ។ លោក​ថា មាន​សិស្ស​និស្សិត​ជាង ១​ពាន់​នាក់ ដែល​បាន​មក​ហាត់​ការ​នៅ​កសិដ្ឋាន​អង្គការ​សេដាក ក្នុង​នោះ​មាន​និស្សិត ៥០​នាក់​ស្ម័គ្រ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​កសិដ្ឋាន។

លោក​បន្ត​ថា បច្ចុប្បន្ន​មាន​និស្សិត​ច្រើន​នាក់​មក​ពី​សាលា​កសិកម្ម​ខេត្ត​កំពង់ចាម និង​សាលា​ក្នុង​ទីក្រុង​ភ្នំពេញ កំពុង​ហាត់​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​អង្គការ​នេះ​រយៈពេល ៦​ខែ ដើម្បី​សរសេរ​និក្ខេបបទ (សារណា) បញ្ចប់​ការ​សិក្សា​ពី​ជំនាញ​ដាំ​ស្រូវ ចិញ្ចឹម​សត្វ ដាំ​បន្លែ ទុក​ដាក់​គ្រាប់​ពូជ​ដំណាំ ជាដើម៖ «យើង​មាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ទៅ​ដល់​យុវជន​ដែល​ចង់​ចាប់​យក​មុខ​របរ​កសិកម្ម ឬ​ក៏​ចង់​ក្លាយ​ទៅ​ជា​អ្នក​ដែល​មាន​អាជីព​ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​ពិត​ប្រាកដ។ ពួក​គាត់​ជាទូទៅ យើង​ឲ្យ​ទៅ​នៅ​រៀន​ហាត់​ធ្វើ​ការ​នៅ​ក្នុង​កសិដ្ឋាន​ផ្ទាល់​នេះ​រយៈពេល ៦​ខែ។ ដល់​ពេល​គាត់​ចប់​សព្វគ្រប់ ៦​ខែ​ហើយ គាត់​មាន​ជម្រើស​ផ្សេងៗ។ ទី​១ គាត់​ទៅ​ចាប់​ផ្ដើម​ធ្វើ​កសិដ្ឋាន​ខ្លួន​ឯង​ទៅ​តាម​ស្រុក​កំណើត ឬ​នៅ​កន្លែង​ណា​ដែល​គាត់​យល់​ថា​សមស្រប។ ទី​២ គាត់​អាច​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេងៗ​តាម​បទពិសោធន៍​នេះ​ទៅ ហើយ​ជម្រើស​មួយ​ទៀត គឺ​អង្គការ​សេដាក ជួយ​គាំទ្រ​គាត់​ដើម្បី​ឲ្យ​គាត់​អាច​ទៅ​គ្រប់គ្រង​កសិដ្ឋាន​នៅ​កន្លែង​ណា​មួយ ដើម្បី​ឲ្យ​គាត់​មាន​មុខ​របរ និង​ប្រាក់​ចំណូល​អ៊ីចឹង»។

កញ្ញា ឈឹម ចាន់ធី អ្នក​គ្រប់គ្រង​សួន​បន្លែ​ក្នុង​កសិដ្ឋាន​ភូមិ​ព្រៃ​ក្ដួច ឃុំ​ត្រពាំង​ក្រញូង ថ្លែង​ថា គាត់​បាន​ដាំ​បន្លែ​ច្រើន​ប្រភេទ​ក្នុង​សួន​ទំហំ​ជាង ២០​អា។ គាត់​បែង​ចែក​ដី​ជា​រង​សម្រាប់​ដាំ​ខ្ទឹម​ស្លឹក ម្រះ ត្រសក់ ត្រប់​វែង ជាដើម ដោយ​គាត់​ចែក​ដាច់​ដោយឡែក​ពី​គ្នា ដើម្បី​ពិសោធ​តាម​ទ្រឹស្ដី​កសិកម្ម។ កញ្ញា ឈឹម ចាន់ធី បន្ត​ថា បច្ចេកទេស​ដាំ​ម្រះ​ថ្មី​ដែល​មិន​ប្រើ​ចំណារ តែ​សង់​រោង​គ្រប​ដោយ​សំណាញ់​ពី​លើ​រង គឺ​ជា​បច្ចេកទេស​ថ្មី​មួយ ដែល​ធ្វើ​ឲ្យ​ដៃ​ម្រះ​តោង​ឡើង​លឿន ហើយ​ផ្តល់​ផ្លែ​ច្រើន ងាយ​ស្រួល​បេះ និង​ងាយ​ថែទាំ៖ «ការងារ​អី​ក៏ដោយ សំខាន់​តាម​ចំណង់​ចំណូល​ចិត្ត ប៉ុន្តែ​គ្រាន់​ថា​ដូច​រក​ដោយ​កម្លាំង កម្លាំង​ចិត្ត ការងារ​អី​ក៏​សុចរិត​ដែរ ជាពិសេស​ដូច​ការងារ​កសិកម្ម​អី យើង​ប្រើ​កម្លាំង​ដើម្បី​ទទួល​ផល​ពី​ដី​ពី​កសិកម្ម​ហ្នឹង។ ឪពុក​ម្តាយ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​រៀន​ហើយ ផ្តល់​ជា​លុយ​ជា​អី ការ​លើក​ទឹក​ចិត្ត ហើយ​បន្ទាប់​មក​ដូច​ថា ខ្ញុំ​ធ្វើ​អី​បាន​លុយ​អ៊ីចឹង គាត់​អត់​មាន​បន្ទោស​ទេ មាន​តែ​អរ​ថែម។ ដូច​ថា​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​យើង​រៀន​កសិកម្ម​ទៅ ដើម្បី​ជួយ​ឲ្យ​ប្រទេស​យើង​រីក​ចម្រើន​ខាង​វិស័យ​កសិកម្ម​អ៊ីចឹង កុំ​ឲ្យ​នាំ​បន្លែ​ពី​ប្រទេស​គេ​មក»។

ក្រៅ​ពី​យុវតី ឈឹម ចាន់ធី មាន​យុវ​និស្សិត​ច្រើន​ទៀត​កំពុង​ហាត់​ធ្វើ​ការ និង​បាន​គ្រប់គ្រង​កសិដ្ឋាន​របស់​អង្គការ​សេដាក ដែរ។ យុវជន​មួយ​រូប​ទៀត​ឈ្មោះ ពៅ សុភា ជំនាញ​ដាំ​ស្រូវ ថ្លែង​ថា គាត់​ពេញ​ចិត្ត​នឹង​ការងារ​ធ្វើ​ស្រែ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​ជំនាញ​កសិកម្ម​របស់​ខ្លួន។ យុវជន​រូប​នេះ​បន្ថែម​ថា គោល​បំណង​ធំ គឺ​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​កសិករ​គំរូ​ផង និង​ជា​ម្ចាស់​លើ​វិស័យ​កសិកម្ម ដែល​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ផង៖ «ធ្វើ​នៅ​ទីនេះ​ពេល​ដែល​យើង​ធ្វើ ប.វ.ស និង​ធ្វើ​តាម​ទម្លាប់ បើ​យើង​ប្រៀបធៀប​គ្នា​ទៅ ប.វ.ស គឺ​ពេល​ដែល​ស្រូវ​វា​ចេញ គឺ​វា​ចេញ​ស្រុះ ហើយ​ទំហំ​កួរ​វា​ប្រហាក់​ប្រហែល​គ្នា វា​ខុស​ពី​ស្រូវ​ធ្វើ​តាម​ទម្លាប់។ ធ្វើ​តាម​ទម្លាប់​កន្លែង​ណា​ល្អ កួរ​វា​រាង​ធំ​ជាង​គេ​ទៅ បើ​កន្លែង​ណា​មិន​ល្អ​វា​តូច ហើយ​នៅ​លើ​ក្រោមៗ ទាប​ខ្ពស់ៗ។ ប៉ុន្តែ​ជាក់ស្តែង ខ្ញុំ​ស្ទូង​នៅ​ទីនេះ ប.វ.ស គឺ​ស្រូវ​ហ្នឹង​ភាគ​ច្រើន​វា​ទុំ​ស្មើ ហើយ​កម្ពស់​ស្រូវ​អី​និយាយ​ទៅ​វា​ខុស​គ្នា​តិចតួច​បំផុត អ៊ីចឹង​វា​ល្អ នៅ​ពេល​វា​ទុំ គឺ​វា​ស្រុះ​ជាង​យើង​ស្ទូង​តាម​ទម្លាប់»។

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ផ្លែង​ថា ការ​ចូល​ហាត់​ធ្វើ​ការ​ក្នុង​កសិដ្ឋាន​អង្គការ​សេដាក នេះ​មាន​លក្ខខណ្ឌ គឺ​នៅ​ពេល​រៀន​ចប់ ត្រូវ​បង្រៀន​ជំនាញ​កសិកម្ម​នេះ​ទៅ​អ្នក​ដទៃ។ អង្គការ​សេដាក បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​កម្រៃ​រក​បាន​ពី​ការ​ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ​ដែល​ពួក​គេ​អាច​លក់។ ក្រោយ​ពី​ចប់​ការ​អនុវត្ត​ការងារ​នៅ​ទីនោះ អង្គការ​សេដាក ទទួល​ពួក​គេ​ឲ្យ​បន្ត​អនុវត្ត​ការងារ​កសិកម្ម និង​គ្រប់គ្រង​ក្នុង​កសិដ្ឋាន ប្រសិន​បើ​សិស្ស​និស្សិត​ដែល​មក​ហាត់​ការ​នោះ ស្ម័គ្រ​ចិត្ត​ចង់​បន្ត​ការ​អនុវត្ត៖ «អ៊ីចឹង​ដូច​នៅ​ត្រពាំង​ក្រញូង នោះ យើង​មាន​ក្រុម​យុវជន ៤​នាក់ ដែល​គាត់​ចប់​បរិញ្ញាបត្រ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ ក្នុង​កសិដ្ឋាន​មាន​ប្រុស ៣​នាក់ និង​យុវនារី​ម្នាក់​នោះ។ អ៊ីចឹង​យើង​គាំទ្រ​ឲ្យ​គាត់​ធ្វើ​ការ​រួម​គ្នា ដើម្បី​ឲ្យ​គាត់​គ្រប់គ្រង​កសិដ្ឋាន​នេះ ហើយ​បាន​ប្រាក់​ចំណេញ​មក ឲ្យ​ពួក​គាត់​យក​មក​ទ្រទ្រង់​ជីវភាព​ខ្លួន​គាត់​ហ្នឹង ហើយ​និង​ជួយ​បង្កើត​ការងារ​នៅ​តាម​តំបន់​នោះ ព្រោះ​មាន​ប្រជាពលរដ្ឋ អ្នក​ភូមិ​នៅ​ក្បែរៗ​ហ្នឹង គេ​មក​ធ្វើ​ការ​ធ្វើ​អី​ជាមួយ​គាត់​អ៊ីចឹង»។

អង្គការ​សេដាក បាន​ប្រកាស​ឲ្យ​យុវជន​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ចង់​សិក្សា​បន្ថែម​ពី​បច្ចេកទេស​កសិកម្ម ឲ្យ​ទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​នៅ​ការិយាល័យ​អង្គការ​សេដាក ឬ​តាម​រយៈ​ទូរស័ព្ទ​លេខ  ០៩២ ២៣២ ៤១៦៕

No comments: