Wednesday, 16 September 2015

លោក កឹម សុខា គ្រោង​ដាក់​លិខិត​ណាត់​ជួប​បក្ស​ប្រជាជន​សប្ដាហ៍​ក្រោយ

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​ទី១ រដ្ឋសភា លោក កឹម សុខា (ឆ្វេង) និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ស្ដាំ)។
RFA
លោក កឹម សុខា គ្រោង​ដាក់​លិខិត​ណាត់​ជួប​បក្ស​ប្រជាជន​សប្ដាហ៍​ក្រោយ
ដោយ ម៉ម មុនីរតន៍
2015-09-16 rfa


អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រសិន​បើ​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​បន្ត​ជួប​ពិគ្រោះ​យោបល់​ដើម្បី​រក​ច្រកចេញ​ពី​វិបត្តិ​នៃ​ការ​ខ្វែង​គំនិត​គ្នា​ពី​បញ្ហា​ផែនទី និង​ព្រំដែន​នេះ គឺ​ជា​យន្តការ​តែ​មួយ​គត់​ដែល​អាច​បញ្ចប់​ភាព​ប្រេះឆា​នេះ​បាន។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ​ខ្លួន​សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គម្រោង​នៃ​ការ​ជួប​ពិភាក្សា​គ្នា​ពិត​ជា​កើត​ឡើង​ដូច​ការ​គ្រោង​ទុក​មែន​នោះ។

​អ្នក​វិភាគ​លើក​ឡើង​ថា ការ​យក​ជម្រើស​នៃ​ការ​ស្វែង​រក​លទ្ធភាព​ជួប​ពិភាក្សាគ្នា និង​ការ​យោគយល់​ផ្នែក​នយោបាយ​នេះ គឺ​ស្រប​ពេល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ណាត់​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្ដោត​លើ​របៀបវារៈ​ពី​ការ​បោះឆ្នោត និង​អាច​ពិភាក្សា​ដែរ​អំពី​ស្ថានភាព​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន នៅ​សប្ដាហ៍​ក្រោយ​នេះ។

លោក រស់ រ៉ាវុធ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ផ្នែក​នយោបាយ ហៅ​ការ​ប្រកាន់​ជំហរ​របស់​មេដឹកនាំ​កំពូល​នៃ​បក្ស​នយោបាយ​ទាំង​ពីរ​នៅ​ពេល​នេះ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ជួប​ចរចា​​ថា ជា​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​អ្នក​ចំណេញ​គឺ​ប្រជាពលរដ្ឋ។ លើស​ពី​នេះ​ទៀត អាច​ធ្វើ​ឲ្យ​នយោបាយ​ផ្ទៃក្នុង​មាន​ការ​ឯកភាព​គ្នា​ល្អ ហើយ​បង្ហាញ​បរទេស​ថា កម្ពុជា​មាន​ភាព​រឹងមាំ។

ម្យ៉ាង​វិញ​ទៀត អ្នក​នយោបាយ​អាច​នៅ​តែ​រក្សា​បាន​កិច្ចព្រមព្រៀង​ថ្ងៃ​បញ្ចប់​ជម្លោះ​នយោបាយ ២២ កក្កដា ដែល​បក្ស​ទាំង​ពីរ​ប្រកាន់​យក​វប្បធម៌​សន្ទនា​ជា​ធំ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​នោះ៖ «ជជែក​គ្នា​តាម​នីតិវិធី រក​យុទ្ធសាស្ត្រ​ណា​សម្រាប់​ដោះស្រាយ​សម្រាប់​ជាតិ​នោះ គឺ​ប្រជាពលរដ្ឋ​សំដែង​ការ​ពេញ​ចិត្ត បរទេស​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ប្រទេស​កម្ពុជា ឬ​មាន​ការ​ភ័យខ្លាច​ចំពោះ​ខ្មែរ​ដែល​មាន​ការ​ព្រមព្រៀង​គ្នា​ក្នុង​ដំណោះស្រាយ​ជា​អន្តរជាតិ»។

ជុំវិញ​ជម្លោះ​ផ្ទៃ​ក្នុង​នេះ កម្ពុជា​ធ្លាប់​មាន​ពិសោធន៍​ម្ដង​រួច​មក​ហើយ កាល​ពី ៣០​ឆ្នាំ​មុន។ អ្នក​វិភាគ​យល់​ឃើញ​ថា ដោយសារ​មាន​កិច្ច​ព្រមព្រៀង និង​ការ​ចរចា​ជំនួប​កំពូល​ផ្នែក​នយោបាយ កាល​ណោះ គឺ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែល​ជា​ដើម​ចម​នាំ​ឲ្យ​មាន​សន្តិភាព និង​បញ្ចប់​ការ​ប្រេះឆា​ផ្ទៃ​ក្នុង​នយោបាយ​នៅ​កម្ពុជា រហូត​មក​ដល់​ពេល​នេះ​បាន។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​ផង លោក កឹម សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា នៅ​សប្ដាហ៍​ក្រោយ​នេះ គណបក្ស​ជំទាស់​គ្រោង​ដាក់​លិខិត​ណាត់​ជួប​គណបក្ស​កាន់​អំណាច ដើម្បី​ពិនិត្យ និង​ពិភាក្សា​កិច្ចការ​បន្ត​ទៅ​មុខ​ទៀត ជាពិសេស អំពី​ដំណើរ​ការ​នៃ​បោះឆ្នោត។

បើ​ទោះ​ជា​បែប​ណា លោក កឹម សុខា ពុំ​បាន​ឆ្លើយ​តប​ណា​មួយ​ថា តើ​គណបក្ស​សង្រ្គោះជាតិ នឹង​លើក​ពី​របៀបវារៈ​ការ​ចាប់​ឃុំ​សកម្មជន​គណបក្ស​ខ្លួន និង​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​វិញ​​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ៖ «ធម្មតា​យើង​មិន​អាច​ប្រាប់​មុន​ទេ។ កិច្ចការ​ដែល​យើង​ត្រូវ​ជជែក​មាន​ច្រើន​ទៀត។ ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​ពាក់ព័ន្ធ​រឿង​បោះឆ្នោត​ទាំង​អស់»។

បើ​ទោះ​ជា​បែប​ណា ការ​ប្រកាស​ជំហរ​ដូច​នេះ​របស់​លោក កឹម សុខា នៅ​បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​ជំទាស់​ បាន​បង្ហាញ​ភាព​ស្ងប់ស្ងាត់​ក្រោយ​ពី​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ដោយ​មិន​យោគយល់​តាម​ផ្លូវច្បាប់​ ប្រឆាំង​អ្នក​ដែល​ហ៊ាន​រិះគន់​ថា រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ និង​អ្នក​ណា​ដែល​ព្យាយាម​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នោះ គឺ​ត្រូវ​ចាប់​ខ្លួន​នៅ​នឹង​កន្លែង។

បញ្ហា​នេះ ទាំង​លោក សម រង្ស៊ី និង លោក កឹម សុខា ក្រោយ​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​វិញ ក្នុង​ពេល​ខុសៗ​គ្នា បាន​បង្ហាញ​ជំហរ​ស្ងៀមស្ងាត់។ រលក​នយោបាយ​បក្ស​ប្រឆាំង ដែល​មិន​កម្រើក​អ្វី​ទាំង​អស់​នេះ កើត​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​លោក ហ៊ុន សែន ព្រមាន​ធ្ងន់ៗ​ថា នឹង​ចាប់​ដាក់​គុក​អ្នក​ដែល​នៅ​តែ​ចចេស​រិះគន់​អំពី​ផែនទី និង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ទៀត​នោះ។ នេះ​អាច​រាប់​បាន​ថា ជា​លើក​ទី​មួយ​ហើយ ក្រោយ​ពី​ត្រឡប់​ពី​បរទេស​វិញ ដែល​លោក កឹម សុខា បញ្ជាក់​ជំហរ​ស្វែង​រក​មធ្យោបាយ​ណាត់​ជួប​មន្ត្រី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​នេះ នឹង​មិន​ចង្អៀតចង្អល់​ក្នុង​ការ​ណាត់​ជួប​ឡើយ។ ក្រៅពី​នេះ លោក​​ផ្ដល់​ជា​ចម្លើយ​ទៅ​វិញ​ថា បើ​ជំនួប​នយោបាយ​លើក​នេះ​ជា​កិច្ច​ពិគ្រោះ​យោបល់​ធ្វើ​ឡើង​ដោយ​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក​នោះ វា​គួរ​ជា​កិច្ច​ពិភាក្សា​ដែល​មិន​ត្រូវ​លើក​យក​ពី​រឿង​ព្រហ្មទណ្ឌ ជំនួស​ឲ្យ​ការ​អត់​អោន​ផ្នែក​នយោបាយ​ឡើយ ទើប​ចាត់​ទុក​ថា ជា​ជម្រើស​​ដ៏​ប្រសើរ។ យ៉ាង​ណា​លោក សុខ ឥសាន នៅ​តែ​ចាត់​ទុក និង​ឲ្យ​តម្លៃ​ការ​ជួប​ពិគ្រោះ​យោបល់​ថា ជា​ច្រក​ចេញ​ផ្នែក​នយោបាយ​តែ​មួយ ដែល​អាច​ដោះស្រាយ​បញ្ហា​បាន៖ «ខ្ញុំ​យល់​ ថា ការ​ជួប​វា​ប្រសើរ​ជាង​ការ​មិន​ជួប។ កាល​ណា​បាន​ជួប គឺ​យើង​បាន​ពិភាក្សា​គ្នា ហើយ​តែ​យើង​ពិភាក្សា​គ្នា វា​អាច​មាន​ការ​យោគយល់​គ្នា»។

អ្នក​វិភាគ​នយោបាយ​បញ្ជាក់​ថា ជា​ស្តង់ដារ​សកល ការ​ដោះស្រាយ​វិវាទ​ទៅ​បាន មាន​តែ​ភាគី​ជម្លោះ​លើក​យក​បញ្ហា​ដាក់​លើ​តុ​ចរចា​ទេ ទើប​អាច​បញ្ចប់​ជម្លោះ​បាន៕

No comments: