លោក ហ៊ុន សែន អំពាវនាវ ឲ្យវិនិយោគិនបរទេសមករកស៊ីនៅកម្ពុជា
ដោយ សាន សែល
rfa 2015-11-20
![]() |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានជ្រោយចង្វារទី២ កាលពីថ្ងៃទី២២ តុលា ឆ្នាំ២០១៥។
RFA/Brach Chev
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ប្រកាសអំពាវនាវដល់វិនិយោគិនបរទេស ឲ្យមករកស៊ីនៅប្រទេសកម្ពុជា ដោយលោកអះអាងថា ប្រទេសកម្ពុជា ជាកន្លែងផ្ដល់អំណោយផលច្រើនដល់វិនិយោគិនបរទេស។ លោកថ្លែងបែបនេះនៅប្រទេសម៉ាឡេស៊ី ក្នុងវេទិកាពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងវិនិយោគិនពិភពលោក។
លោក ហ៊ុន សែន ជំរុញឲ្យវិនិយោគិនបរទេស ធ្វើការសិក្សាស្រាវជ្រាវពីលទ្ធភាពដើម្បីវិនិយោគនៅកម្ពុជា ទាំងក្រោមទម្រង់នៃភាពជាដៃគូវិស័យសាធារណៈឯកជន (PPP) ទាំងក្នុងទម្រង់ដទៃទៀត។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងប្រាប់វេទិកានេះថា បច្ចុប្បន្ន កម្ពុជាមានតម្រូវការច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសគម្រោងប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស ដែលលោក ហ៊ុន សែន ថា ខេត្តនេះនឹងក្លាយជាសក្ដានុពលដ៏ធំនៅក្នុងវិស័យឧស្សាហកម្មធុនស្រាល ឧស្សាហកម្មកម្មន្តសាល និងកសិ-ឧស្សាហកម្ម។
លោក ហ៊ុន សែន គូសបញ្ជាក់ថា ភាគីរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍ពិភាក្សា និងជួយជ្រោមជ្រែងដល់វិនិយោគិនបរទេសទាំងឡាយណាដែលមានបំណងមកបោះទុនរកស៊ីនៅកម្ពុជា៕
No comments:
Post a Comment