តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺករណីថ្មីទៀតនៅថ្ងៃ៤ ធ្នូ
ដោយ ប្រាជ្ញ ចេវ
2015-11-20
![]() |
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កាលពីព្រឹកថ្ងៃទី១១ មករា ២០១៤។
RFA/Morm Moniroth
|
ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ វេលាម៉ោង ៨កន្លះព្រឹក ដើម្បីសាកសួរទាក់ទងករណីបង្ហោះឯកសារក្លែង។ ទាក់ទងរឿងនេះ អ្នកនាំពាក្យបក្សកាន់អំណាចថ្លែងថា ការងារនេះជាចំណាត់ការរបស់តុលាការ ខណៈដែលគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកវិភាគថា ជារឿងនយោបាយ។
ភ្លាមៗ បន្ទាប់ពីតុលាការចេញដីកានៅថ្ងៃទី២០ ខែវិច្ឆិកា គណបក្សសង្គ្រោះជាតិ បើកប្រជុំបន្ទាន់មួយដើម្បីស្វែងរកដំណោះស្រាយរួម ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។ ជាលទ្ធផលគណបក្សសង្គ្រោះជាតិ ច្រានចោលការចោទប្រកាន់លើលោក សម រង្ស៊ី ទាក់ទិននឹងករណីបង្ហោះឯកសារក្លែងក្លាយនេះ។
ការ បង្គាប់ឲ្យចូលខ្លួនបំភ្លឺពីសំណាក់មេបក្សប្រឆាំងនៅពេលនេះ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់លោក សម រង្ស៊ី ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០១៥ ទាក់ទងករណី លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា លោក សម រង្ស៊ី មិនជាប់ពាក់ព័ន្ធរឿងបង្ហោះឯកសារក្លែងនោះទេ។ លោកថា ដីការបស់តុលាការជាការជ្រៀតជ្រែកនយោបាយ និងជាការបង្ហាញថា តុលាការកម្ពុជា គ្មានឯករាជ្យភាព៖ «ការប្រើប្រាស់តុលាការមួយដែលគេយល់ឃើញថា មិនទាន់មានឯករាជ្យ និងយុត្តិធម៌ពិតប្រាកដនោះ គឺគ្រាន់តែដាក់សម្ពាធលើលោក សម រង្ស៊ី ប៉ុណ្ណោះ»។
លោក យ៉ែម បុញ្ញឫទ្ធិ ទាមទារឲ្យគណបក្សប្រជាជនកម្ពុជា គិតគូររឿងប្រទេសជាតិដែលត្រូវដោះស្រាយ ជាជាងការរករឿងគ្នាដែលជារឿងតូចតាច។
មេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន និយាយថា ស្ថានការណ៍នៅពេលនេះ តុលាការអាចចេញសេចក្ដីបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនបំភ្លឺក្នុងករណីសង្ស័យអ្វីមួយ។ ចំពោះការជាប់ពាក់ព័ន្ធកម្រិតណារវាងលោក សម រង្ស៊ី និងលោក ហុង សុខហួរ ក្នុងការបង្ហោះឯកសារនោះ លោកមេធាវីមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយ៖ «ធម្មតាទេ តុលាការគេមានសិទ្ធិហៅទៅសួរ»។
ការចោទប្រកាន់ករណី ថ្មីលើរូបលោក សម រង្ស៊ី នៅពេលនេះ តុលាការបានភ្ជាប់ករណីលោក សម រង្ស៊ី ទៅនឹងករណីរបស់លោក ហុង សុខហូរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលបានចាប់ខ្លួនកាលពីថ្ងៃ១៥ ខែសីហា។
លោក ហុង សុខហួរ ត្រូវបានចៅក្រមស៊ើបសួរលោក កោ វណ្ឌី សម្រេចចោទប្រកាន់ ៣បទល្មើស។ ការចាប់ខ្លួន លោក ហុង សុខហួរ កើតឡើងនៅក្រោយពេលដែលលោក ហ៊ុន សែន ប្រតិកម្មភ្លាមៗ ហើយចោទប្រកាន់ថា ក្បត់ជាតិ។ សមាជិកព្រឹទ្ធសភារូបនេះត្រូវប្រឈមមុខនឹងបទចោទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងបទញុះញង់នាំឲ្យមានភាពវឹកវរ និងអសន្តិសុខសង្គម។
អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា លោក ឈឹម ផលវរុណ ថ្លែងការពារចំណាត់របស់តុលាការថា នេះជាការអនុវត្តច្បាប់ ត្បិតអីលោក សម រង្ស៊ី ជាម្ចាស់ហ្វេសប៊ុក (Fecebook) ដែលបង្ហោះឯកសារក្លែង។ អ្នកនាំពាក្យគណបក្សកាន់អំណាចដដែល ទាមទារឲ្យលោក សម រង្ស៊ី ចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់ និងបដិសេធថា រឿងនេះមិនជាប់ពាក់ព័ន្ធរឿងនយោបាយ៖ «កាលណាធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអ្នកប្រឆាំងស្រុកខ្មែរ រឿងខុសត្រូវចំពោះមុខច្បាប់ក៏គេថានយោបាយ អ៊ីចឹងមែនទែនទៅ លោក សម រង្ស៊ី កើតអេដស៍ខ្លួនឯង ក៏គេថា នយោបាយដែរ»។
ការចោទ ប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ នៅពេលនេះ ជាករណីទី២ បន្ទាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឲ្យចាប់ខ្លួនលោក សម រង្ស៊ី ទាក់ទងសំណុំរឿងបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស កាលពី ៧ឆ្នាំមុន។ មុនកើតឡើងរឿងនេះ ក្រោយពេលមានសង្គ្រាមពាក្យសម្ដីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ នយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ថា ការដែលកើតរឿងរ៉ាវបែបនេះ ព្រោះអ្នកនយោបាយខ្មែរគ្មានកម្មវិធីនយោបាយច្បាស់លាស់ ដែលធ្វើឲ្យមានការហែកហួរគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងតាមលទ្ធភាពរៀងៗខ្លួន។ លោកថា ករណីបែបនេះ ធ្វើឲ្យពលរដ្ឋខ្មែរខាតបង់ ប៉ះពាល់សេដ្ឋកិច្ច និងធ្វើឲ្យប្រទេសជិតខាងកាន់តែប្រមាថប្រទេសកម្ពុជា ថែមទៀត៖ «បើអ្នកនយោបាយមិន ជជែកគ្នាទេ នឹងធ្វើឲ្យនយោបាយខ្មែរកាន់តែបែកបាក់រហូតដល់ថ្ងៃបោះឆ្នោត ឆ្នាំ២០១៧ ២០១៨ អ៊ីចឹងទេ ខ្ញុំគិតថា មិនល្អសោះចំពោះពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា»។
ក្នុងពេលកំពុងរងបណ្ដឹងពី តុលាការ លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត កំពុងស្នាក់នៅបណ្ដោះអាសន្ននាប្រទេសហ្វីលីពីន ដើម្បីប្រជុំរកដំណោះស្រាយនយោបាយតាមរយៈវប្បធម៌សន្ទនាដែលមានស្រាប់ និងនយោបាយការទូត។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា ខណៈនេះមានប្រទេសជាមិត្តមួយចំនួនស្នើសុំចូលរួមអន្តរាគមន៍ ដើម្បីបន្ថយកម្ដៅនយោបាយ៕
No comments:
Post a Comment