ដោយ រដ្ឋា វិសាល
rfa 2015-11-18
![]() |
ផែនទីខេត្តមណ្ឌលគិរី
Photo: RFA
|
រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំដីសម្បទានសង្គមកិច្ច ៣ពាន់ហិកតារ សម្រាប់ជនក្រីក្រ និងជនជាតិដើមភាគតិចគ្មានដីតាំងទីលំនៅ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរ។ ក៏ប៉ុន្តែរហូតពេលនេះ អាជ្ញាធរខេត្តមណ្ឌលគិរី មិនទាន់បែងចែកដីទៅដល់ប្រជាពលរដ្ឋត្រឹមត្រូវតាមគោលការណ៍ណែនាំនោះ នៅឡើយ ជាពិសេសគម្រោងផ្តល់ដីសម្បទាននោះបានបង្កើតឲ្យមានបាតុភាពជាច្រើន ករណី។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្ត អំពាវនាវសុំឲ្យអាជ្ញាធរថ្នាក់ជាតិ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបែងចែកដីសម្បទានសង្គមកិច្ចនៅដែន ជម្រកសត្វព្រៃភ្នំណាមលៀរ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលកើតមានរឿងចម្រូងចម្រាសច្រើនករណី។
ការអំពាវនាវ នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីសិទ្ធិមនុស្សខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កាលពីដើមខែវិច្ឆិកា បានស៊ើបអង្កេតទៅលើករណីបែងចែកដីសម្បទានសង្គមកិច្ចនេះ និងរកឃើញមានភាពប្រក្រតីដូចជា ការបែងចែកដីនៅយឺតយ៉ាវ អ្នកទទួលបានដីសម្បទានសង្គមកិច្ចមួយចំនួនមិនមានលក្ខណៈសម្បត្តិ ទទួលបានដីតាមការកំណត់របស់រាជរដ្ឋាភិបាល ដីសម្បទានខ្លះត្រូវបានគេលក់បន្តពីម្នាក់ទៅម្នាក់ និងដោយឡែកជម្លោះប្រឈមមុខដាក់គ្នារវាងជនជាតិដើមភាគតិចនៅតំបន់ នោះ និងសហគមន៍ជនជាតិចាម ដែលកាប់ទន្ទ្រានព្រៃឈើដើម្បីយកដី៖ «អ៊ីចឹងត្រូវតែចុះអនុវត្តនីតិវិធីហ្នឹងឲ្យបានត្រឹមត្រូវ ឲ្យស្របអនុក្រឹត្យលេខ១៩ ហើយចែកជូនទៅដល់ប្រជាពលរដ្ឋមុខសញ្ញាដែលទទួលបានដី គឺមិនមានជាអ្នកមានទេ គឺអ្នកក្រពិតប្រាកដ»។
របាយការណ៍ អង្កេតរបស់សមាគមអាដហុក (ADHOC) រដ្ឋាភិបាលបានសម្រេចផ្តល់ដី ៣.០០០ហិកតារសម្រាប់សម្បទានសង្គមកិច្ចដល់ពលរដ្ឋមកពីខេត្តកំពង់ចាម ជាង ៥៨៨គ្រួសារ និងសហគមន៍ជនជាតិដើមភាគតិចភូមិពូលុ ១៥០គ្រួសារ បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះបានស្នើសុំដីសម្រាប់ចិញ្ចឹមជីវិត ដោយមូលហេតុពួកគេមិនមានដីតាំងទីលំនៅ និងធ្វើស្រែចម្ការ។
ទាក់ទិន នឹងគម្រោងសុំដីសម្បទានសង្គមកិច្ចនេះ ប្រធានគម្រោង អ្នកស្រី មីត ម៉ាល័យ បញ្ជាក់ថា គម្រោងស្នើសុំដីមានទំហំ ៣ពាន់ហិកតារ ក្នុងនោះមួយគ្រួសារត្រូវទទួលបានដីលំនៅឋាន និងដីចម្ការសរុប ៥ហិកតារ ក៏ប៉ុន្តែទាក់ទិនការស្នើសុំរបស់សហគមន៍ជនជាតិដើម ១៥០គ្រួសារ អាជ្ញាធរខេត្តបានកាត់ដី ៦០០ហិកតារសម្រាប់ចែកជូនប្រជាពលរដ្ឋសហគមន៍។ អ្នកស្រីទទួលស្គាល់ថា ជំហានទី១ នេះ អាជ្ញាធរខេត្តបានចែកដីជូនពលរដ្ឋចំណាកស្រុកប្រមាណ ២០០គ្រួសារ ក៏ប៉ុន្តែមានគ្រួសារខ្លះមិនទាន់មកតាំងទីលំនៅ និងខ្លះបានផ្ទេរដីពីម្នាក់ទៅម្នាក់ ដោយគ្មានការទទួលខុសត្រូវ។ ដោយឡែកមានពលរដ្ឋចំណាកស្រុកខ្លះទៀត បានមកកាប់រានដីតំបន់នោះបែបអនាធិបតេយ្យ ដើម្បីយកដីជាកម្មសិទ្ធិ ជាហេតុធ្វើឲ្យមានទំនាស់កើតឡើងជាមួយពលរដ្ឋជនជាតិដើមព្នង អ្នកអភិរក្សព្រៃឈើនោះ៖ «បងប្អូនមកនៅយូរហើយចេះតែកាប់ព្រៃអ៊ីចឹងទៅ គាត់ទៅចាប់យកម៉ាស៊ីនឲ្យប៉ូលិស អ៊ីចឹងរកដំណោះស្រាយណាមួយក៏មិនទាន់មានដំណោះស្រាយជាក់លាក់ដែរ»។
ផ្ទុយ ពីការលើកឡើងនេះ តំណាងសហគមន៍ពូលុ លោក ថ្លាង ផូ បដិសេធថា រហូតមកទល់នឹងពេលនេះ សហគមន៍មិនបានទទួលដីសម្បទាននោះនៅឡើយ។ ចំណែកដីព្រៃតំបន់នោះ កំពុងរងការកាប់រានយកដីពីអ្នកចំណាកស្រុកជាជនជាតិចាម យកដីលក់។ លោកបន្តថា ជនជាតិចាម បានប្រើកាំបិតពូថៅ ប្រឆាំងតបតជាមួយសហគមន៍ដែលរារាំងពួកគេមិនឲ្យកាប់ព្រៃយកដី៖ «គេអត់ស្តាប់ទេកាន់តែកាប់ខ្លាំងឡើងៗ យើងភាគតិចបើយើងទៅគេគ្នាច្រើន គេតាមកាប់ គេថាចាប់ស្អីកន្លែងពួកខ្ញុំ។ បងប្អូនលក់តៗគ្នាមួយហិកតារប៉ុន្មានរយ»។
យ៉ាងណា ក៏ដោយ អភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន មានប្រសាសន៍ថា លោកបានចុះណែនាំប្រជាពលរដ្ឋមិនឲ្យកាប់រានព្រៃនៅតំបន់នោះទេ។ លោកថា គម្រោងបែងចែកដីនេះ ឋិតក្រោមចំណាត់ការរបស់អាជ្ញាធរខេត្ត៖ «ទេអត់ទាន់បានចែក រង់ចាំខេត្ត យើងបានចុះហើយ បានផ្សព្វផ្សាយហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហ៊ាង សុំបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី១៨ ខែវិច្ឆិកា។
ទោះ ជាយ៉ាងនេះក្តី តំណាងសហគមន៍ដដែលឲ្យដឹងថា ព្រៃនៅតំបន់នោះកំពុងរកកាប់រានអនាធិបតេយ្យយកដីអស់លើសពី ៣ពាន់ហិកតារហើយ៕
No comments:
Post a Comment