សាលាដំបូងរាជធានីភ្នំពេញចេញដីកាតាមចាប់ព្រះសង្ឃខ្មែរកម្ពុជាក្រោម សឺន ហាយ
ដោយ សាន សែល
rfa 2015-11-18
![]() |
ព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន ហាយ
ធ្វើសន្និសីទកាសែតនាវត្តស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១០ ឧសភា
ឆ្នាំ២០១៥។
RFA/Um Rainsey
|
បន្ទាប់ពីអនុញ្ញាតឲ្យព្រះតេជព្រះគុណ សឺន ហាយ ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នបានជាង ៧ខែ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ វិច្ឆិកា បានប្រកាសឲ្យសមត្ថកិច្ចតាមចាប់ព្រះអង្គ ដើម្បីយកមកឃុំខ្លួននៅក្នុងពន្ធនាគារពីបទប្រើប្រាស់ឯកសារក្លែងក្លាយ និងស្លៀកដណ្ដប់តាមបែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។ តែមន្ត្រីសិទ្ធិមនុស្សមើលឃើញថា ដីកានេះធ្វើឡើងដើម្បីបំបិទមាត់សកម្មជនដែលហ៊ានតវ៉ាពីបញ្ហាទឹកដីកម្ពុជាក្រោម។
ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនព្រះតេជព្រះគុណ សឺន ហាយ ចេញដោយចៅក្រមជំនុំជម្រះ ឃី ឆៃ កាលពីថ្ងៃទី៣ វិច្ឆិកា ហើយដែលត្រូវបានផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា សម្រេចឲ្យកងកម្លាំងសាធារណៈស្រាវជ្រាវស្វែងរកព្រះសង្ឃអង្គនេះ យកមកទទួលទោស។
ព្រះតេជព្រះគុណ សឺន ហាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចាប់ផ្សឹកទាំងបង្ខំ និងដោយតក់ក្រហល់កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក ប៉ុន្តែនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ព្រះសង្ឃខ្មែរកម្ពុជាក្រោមអង្គនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន។
ដីកាចាប់ខ្លួននេះ ធ្វើឡើងតាមសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដែលបានសម្រេចផ្ដន្ទាទោសព្រះតេជព្រះគុណ សឺន ហាយ ដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀល។ សាលាដំបូងរាជធានីភ្នំពេញ បានចោទព្រះតេជព្រះគុណ សឺន ហាយ ពីបទល្មើសព្រហ្មទណ្ឌករណីប្រើប្រាស់ឯកសារក្លែងក្លាយ និងស្លៀកដណ្ដប់តាមបែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។
ករណីនេះ មន្ត្រីសិទ្ធិមនុស្សយល់ថាមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ពន្យល់ថា ប្រសិនបើចាប់ខ្លួនព្រះតេជព្រះគុណ សឺន ហាយ តាមបទចោទខាងលើ វាជាការបំពានសិទ្ធិរបស់ព្រះតេជព្រះគុណយ៉ាងធ្ងន់ធ្ងរ៖ «ទីមួយនៅពេលហ្នឹង ព្រះតេជព្រះគុណនៅគ្រងស្បង់ចីពរនៅឡើយទេ។ ហើយទីពីរ បើយើងមើលលើករណីនេះ វាជាបទល្មើសមជ្ឈិមទេ ហើយបើតាមនីតិវិធី ក៏ទៅព្រះតេជព្រះគុណនៅមានសិទ្ធិប្ដឹងឧទ្ធរណ៍។ លោកគ្រងប្រើឆាយាស្បង់ចីពរខុសច្បាប់ដូចម្ដេច? ពីព្រោះលោកមានគ្រូឧបជ្ឈាដើម្បីបំបួស និងចេញព្រះឆាយាល័ក្ខណ៍ បើគ្មានការអនុញ្ញាតទេ លោកមិនអាចគ្រងស្បង់ចីពរទេ គឺមិនអាចទេ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ វិច្ឆិកា នេះ មិនអាចទាក់ទង លោក ឃី ឆៃ ចៅក្រមជំនុំជម្រះដែលចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនព្រះតេជព្រះគុណ សឺន ហាយ បានទេ។
យ៉ាងណាក៏ដោយ លោក អំ សំអាត អះអាងថា ដីកានេះ គឺធ្វើឡើងដើម្បីគំរាមដល់ជនទាំងឡាយណាដែលធ្វើសកម្មភាពតវ៉ារឿងទឹកដីកម្ពុជាក្រោម និងរឿងដីធ្លី៖ «នេះបង្ហាញពីឆន្ទៈ និងការចង់បំបិទសិទ្ធិសេរីភាពរបស់ព្រះអង្គ សឺន ហាយ នូវបញ្ហាចូលរួម បញ្ហាទាមទារតវ៉ាខ្មែរកម្ពុជាក្រោម និងបញ្ហាផ្សេងៗទៀត ដូចជាការចូលរួមយ៉ាងសកម្មជាមួយសហគមន៍ដីធ្លី»។
កន្លងមក នៅពេលដែលរដ្ឋាភិបាលវៀតណាម ប្រកាសថាទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម យូរលង់ណាស់មកហើយ ព្រះតេជព្រះគុណ សឺន ហាយ បានចេញមុខតវ៉ានឹងការអះអាងនេះ ហើយថែមទាំងបានដុតទង់ជាតិវៀតណាម អស់ជាច្រើនផ្ទាំងទៀតផង៕
No comments:
Post a Comment