Saturday, 30 January 2016

ទី​កម្សាន្ដ​​ដូន​ម៉ៅ​ពេជ្រនិល​​ក្បែរ​អតីត​បញ្ជរ​បង់​ប្រាក់​ទី ២

ទី​កម្សាន្ដ​​ដូន​ម៉ៅ​ពេជ្រនិល​​ក្បែរ​អតីត​បញ្ជរ​បង់​ប្រាក់​ទី ២



ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ដ​នៅ​ស្ពាន​យោល​ឆ្លង​កាត់​ស្ទឹង​ដែល​មាន​ទេស​ភាព​គួរ​ឲ្យ​គយគន់។ ផា លីណា

ព្រះសីហនុ: សម្រែក​ចេញ​ពី​ពោះ​ពោរពេញ​ដោយ​​ក្ដី​រំភើប​រីក​រាយ​បាន​បន្លឺ​ឡើង​ពេល​កៅអី​ថ្នក់​​រត់​តាម​ខ្សែ​រ៉ត​នាំ​អ្នក​ជិះ​វា​សំដៅ​ចូល​ទឹក​យ៉ាងលឿន​ស្លេវ​ ទាក់ទាញ​ក្រសែ​​ភ្នែក​ដ៏​ភ្ញាក់​ផ្អើល​ពី​អ្នក​អង្គុយ​នៅ​ក្យូស​ជា​ច្រើន​ដែល​សង់​ប្រប​ទឹក​ស្ទឹងច្រាល​។​
ខណៈ​​អាហារ​ថ្ងៃ​ ​មាន់​ដុត ស្ងោរ​ជ្រក់​ត្រី​ និង​ភ្លា​សាច់​គោ​ នៅ​មិន​ទាន់​ចម្អិន​រួច​រាល់ ​ធម្មតា​​ ភ្ញៀវខ្លះ​ជិះ​ទូកទា​ ទូក​ត្នោត​ គយ​គន់​ទេស​ភាព​តាម​ដង​ស្ទឹង​ ហើយ​អ្នក​ខ្លះ​ទៀត​ជិះ​កន្រ្ដក​រ៉ត​ និង​ថត​រូប​លេង​លើ​ស្ពាន​យោល​ឆ្លង​កាត់​ស្ទឹង​ក្រោម​ជំនោរ​ត្រជាក់​ល្ហឹម​បក់​កាត់​កេសា​។
ចំណោម​មុខ​ម្ហូបទាំង​អស់ ​មាន់​ដុត​​មាន​ការ​ពេញ​និយមជាង​​គេ​ ជាមួយ​តម្លៃ​ពី​ ៤ ម៉ឺន ទៅ ៤៥០០០ រៀល​ អាស្រ័យ​លើ​ទំហំ​។ ក្នុង​គោល​បំណង​ផ្ដល់​ជា​ទីកន្លែង​សម្រាក​លម្ហែ​សម្រាប់​ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​ព្រះ​សីហនុ​ និង​រាជ​ធានី​ភ្នំពេញ​ រមណីយ​ដ្ឋាន​ដូន​ម៉ៅ​ពេជ្រនិល​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​ច្រាល ឃុំ​ស្ទឹង​ច្រាល ស្រុក​កំពង់​សិលា ខេត្ដ​ព្រះ​សីហនុ ក្បែរ​អតីត​បញ្ជរ​បង់​ប្រាក់​រថយន្ដ​​ទី​ពីរ មាន​ក្យូ​ស​សង់​ក្បែរ​មាត់​ស្ទឹង​ ទូកកម្សាន្ដ​ គយ​គន់​សួន​បន្លែ និង​ចម្ការ​ម្រេច​ ព្រមទាំង​ផ្ដល់​សេវាកម្ម​អាហារ​កុម្ម៉ង់​ឈ្ងុយ​ឆ្ងាញ់​ពិសា​។
Content image - Phnom Penh Post
ការ​កម្សាន្ដ​ដ៏​រំជើប​រំជួល​ជាមួយ​ការ​ជិះ​កន្រ្ដក​ខ្សែ​រ៉ត​ដែល​នាំ​ភ្ញៀវ​បោះពួយ​ពី​​ដីគោក​ចូល​ក្នុង​ទឹក​​។ ផា លីណា
លោក ប៉ែន ប្រសិទ្ធី ​​ម្ចាស់​រមណីយដ្ឋាន​កែច្នៃដែល​ទើប​បើក​សម្ពោធ​បាន​ជាង ១ ឆ្នាំ​នេះ​ បាន​ឲ្យ​ដឹង​ថា​៖ «កាល​ពីទើប​សង់​ដំបូង​ យើង​មាន​​ក្យូស​តាម​មាត់​ស្ទឹង​ជា​ច្រើន។ ប៉ុន្ដែ​​នៅពេល​ទឹក​ជន់​ខ្លាំង​នា​រដូវ​វស្សា កម្លាំង​ទឹក​បាន​បោក​បក់អស់​​ ១០ ក្យូស​។ ដូច្នេះ សព្វ​ថ្ងៃ ក្យូស​ដែល​អាច​ដំណើរ​ការ​បាន​​មាន​ចំនួន​ ១៦ ក្យូស​ធំៗ​»។ ​


ចំពោះ​សេវាកម្ម​ទូក​កម្សាន្ដ លោក​ ប្រសិទ្ធី បាន​ប្រាប់​ឲ្យ​ដឹង​អំពី​តម្លៃ​របស់​​វា​ថា​ រមណីយដ្ឋាន​របស់លោក​មាន​ទូក​ទា​សម្រាប់​ជួល​ក្នុង​មួយ​ម៉ោង ១ ម៉ឺន​រៀល ទូក​ត្នោត​ ៥ ពាន់​រៀល ព្រមទាំង​មាន​កន្រ្ដក​ខ្សែ​រ៉ត​ពីរ​ខ្សែ​សម្រាប់​​ភ្ញៀវ​ជិះ​ងូត​ទឹក​លេង​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត​ផង​។
Content image - Phnom Penh Post
​កាំ​ប្រមា​ចិញ្ចឹម​ក្នុ​ង​ទ្រុង​​។ ផា លីណា
លោក​បាន​ប្រាប់​ថា ភ្ញៀវ​​ធ្វើ​ដំណើរ​ឆ្លង​​កាត់​ក្រុង​ព្រះ​សីហនុ និង​​ភ្នំពេល​ដែល​គ្រាន់តែ​ចង់​អង្គុយ​លេង ឬ​ទទួល​ទាន​អាហារ​ផ្ទាល់​ខ្លួន​ ពួកគេ​អាច​ជួល​តែ​ក្យូស​ក្នុងតម្លៃ ១៥០០០ រៀល។ លោក ប្រសិទ្ធី បាន​ប្រាប់​ទៀត​ថា៖ «​​យើង​មាន​សេវាកម្ម​ផ្ទះ​សំណាក់​ចំនួន ៨ បន្ទប់​ ដែល​មាន​តម្លៃ​​ចាប់​ពី​ ៨ ទៅ ១០ ដុល្លារ​ក្នុង​មួយ​យប់​»។
ក្រៅពី​សេវាកម្ម​​ខាងលើ រមណីយដ្ឋាន​នៅ​ក្បែរ​បញ្ជរ​បង់​ប្រាក់​ទី ២ នេះ ក៏​មាន​ផ្ទៃ​ដី​ធំ​ល្វឹង​ល្វើយ​សម្រាប់​ដាំ​ដំណាំ​ផ្គត់​ផ្គង់​ដល់​ភ្ញៀវដែល​ប្រាថ្នា​បន្លែ​បង្កា​រសរីរាង្គ​ផង​ដែរ។ទៅបីយ៉ាង​ណា ភ្ញៀវ​ដែល​ហ៊ាន​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ចំពោះ​ការ​កុម្ម៉ង់​អាហារ ជួល​ក្យូស​ ឬ​ជួល​ទូក​កម្សាន្ដ មាន​ការ​ត្អូញ​ត្អែរ​ខ្លះ​ចំពោះ​ការ​បង់​ប្រាក់​ចូល​តំបន់​រមណីយដ្ឋាន​៕

No comments: