ក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុបយល់ព្រមរុះរើសំណង់ផែកប៉ាល់ចេញពីតំបន់ឆ្នេរអូរត្រេះ
ដោយ ដែន អយុធ្យា
rfa 2016-01-29
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បើកិច្ចប្រជុំមួយជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group) ដើម្បីស្វែងរកទីតាំងថ្មីសម្រាប់សង់ផែថ្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហ្គ្រុប ទៅកាន់ទីតាំងផ្សេងពីឆ្នេរអូរ ត្រេះ។
តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប ឲ្យដឹងថា មិនជំទាស់នឹងផែនការអភិវឌ្ឍឆ្នេរនោះទេ ហើយសន្យាថា នឹងអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្នុងការរក្សាឆ្នេរអូរត្រេះ ជាឆ្នេរគំរូសម្រាប់បម្រើដល់វិស័យទេសចរណ៍នាខេត្តព្រះសីហនុ។
តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប លោកឧកញ៉ា ឈុន ប៊ុនថា មានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំរវាងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជាមួយតំណាងក្រុមហ៊ុនរ៉ូយ៉ាល់ ហ្គ្រុប នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា បានសម្រេចជ្រើសរើសទីតាំងផ្សេងពីឆ្នេរអូរត្រេះ សម្រាប់សង់ផែទូក ឬកប៉ាល់ របស់ក្រុមហ៊ុនជំនួសវិញ។ ក្នុងនោះក្រុមហ៊ុនបានស្នើសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីប្រើប្រាស់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ជាបណ្ដោះអាសន្ន សម្រាប់បម្រើឲ្យការអភិវឌ្ឍកោះរុង។ ប៉ុន្តែលោកថា ករណីនេះត្រូវរង់ចាំសេចក្ដីសម្រេចពីរាជរដ្ឋាភិបាល៖ «»។
ទាក់ទិនបញ្ហានេះ រដ្ឋលេខាធិការក្រសួងដែនដី និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោក ប៉ែន សុផល បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយកិច្ចប្រជុំថា នឹងដាក់លទ្ធផលនៃកិច្ចប្រជុំនេះជូនរដ្ឋាភិបាលជាអ្នកសម្រេចចុងក្រោយក្នុងការរកទីតាំងសង់ផែថ្មីជូនក្រុមហ៊ុនរ៉ូយ៉ាល់ ហ្គ្រុប សម្រាប់បម្រើដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុននេះនៅលើកោះរុង៖ «»។
លោក ប៉ែន សុផល បន្តថា ក្រុមហ៊ុនរ៉ូយ៉ាល់ ហ្គ្រុប បានគាំទ្រគោលការណ៍ ឬសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា និងអភិវឌ្ឍឆ្នេរសមុទ្រនាខេត្តព្រះសីហនុ ឲ្យស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការអភិវឌ្ឍឆ្នេរសមុទ្រខេត្តព្រះសីហនុ សម្រាប់បម្រើដល់វិស័យទេសចរណ៍។
យ៉ាងណាក៏ដោយចុះ លោក ប៉ែន សុផល មិនបានបញ្ជាក់ថា តើនៅពេលណា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប នឹងរុះរើសំណង់ផែថ្មរបស់ខ្លួនចេញពីឆ្នេរអូរត្រេះ ឬបែបណានោះទេ ទោះបីគណៈកម្មាធិការជាតិគ្រប់គ្រងឆ្នេរសមុទ្រ បានបញ្ជាឲ្យក្រុមហ៊ុននេះរុះរើសំណង់ផែថ្មចេញពីឆ្នេរអូរត្រេះ និងសំអាតឆ្នេរនេះឲ្យទៅសភាពដើមវិញបែបណាក្ដី។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បង្ហាញទស្សនៈថា រដ្ឋាភិបាលត្រូវផ្អាកសកម្មភាពសង់ផែទូក ឬកប៉ាល់ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហ្គ្រុប ទាំងនៅលើឆ្នេរអូរត្រេះ និងកំពុងរស់នៅលើកោះរុង ព្រោះសកម្មភាពសង់ផែនៅលើកោះរុង ក្រុមហ៊ុននេះបានដឹកថ្មធំៗចាក់ចូលទៅឆ្នេរសមុទ្រប៉ះពាល់ដល់បរិស្ថានឆ្នេរកោះរុង ធ្ងន់ធ្ងរ៖ «»។
ចំណែកប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ ស៊ីអិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ដែលបានចុះដល់ទីតាំងឆ្នេរអូរត្រេះ ដែលក្រុមហ៊ុនរ៉ូយ៉ាល់ ហ្គ្រុប សង់ផែថ្ម នៅថ្ងៃទី២៩ ខែមករា។ លោកបានឲ្យដឹងថា ក្រុមហ៊ុននេះបានផ្អាកការសាងសង់សំណង់ផែថ្មរបស់ខ្លួនជាបណ្ដោះអាសន្នរួចហើយ ប៉ុន្តែមិនទាន់រុះរើសំណង់ផែថ្មចេញពីឆ្នេរអូរត្រេះ ឲ្យមកសភាពដើមវិញទេ៖ «»។
យ៉ាងណាក៏ដោយចុះ តាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ផ្ញើជូនលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន រាជរដ្ឋាភិបាល បានឯកភាពលើស្មារតីនៃអង្គប្រជុំ ៥ចំណុច ដើម្បីឈានដល់អភិវឌ្ឍឆ្នេរសមុទ្រខេត្តព្រះសីហនុ មានដូចជា ករណីបឹងព្រែកទប់ ដែលមានទីតាំងក្នុងសង្កាត់៣ ក្រុងព្រះសីហនុ គឺត្រូវដាក់បឹងនេះជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យ។ ចំណែកឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ វិញត្រូវអភិវឌ្ឍ និងអភិរក្សសម្រាប់សាធារណជនលំហែ និងកម្សាន្តឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិជាធរមាន ដោយនៅចំពោះមុខតម្រូវឲ្យធ្វើការរុះរបាំង របង និងរៀបចំកែសម្រួលឲ្យសាធារណជនអាចចេញ ឬចូលទៅកម្សាន្តឆ្នេរខ្សាច់នៅក្នុងតំបន់ឆ្នេរនេះ។
លិខិតរដ្ឋាភិបាលសង្កត់ធ្ងន់ថា ផ្អែកលើលទ្ធផលនៃការសិក្សានៃស្ថានភាពបច្ចុប្បន្ននេះ នៅឆ្នេរឯករាជ្យ គឺឃើញមានរបាំងរារាំងមិនអាចឲ្យសាធារណជនចូលទៅលំហែ និងកម្សាន្តតំបន់ឆ្នេរខ្សាច់បានទូលំទូលាយទេ។
ចំពោះឆ្នេរអូរត្រេះ មានទីតាំងក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វិញ ត្រូវសិក្សាអំពីវិធានការរុះរើសំណង់អនាធិបតេយ្យនៅតាមដីចំណីឆ្នេរ និងចាប់ផ្ដើមធ្វើការអប់រំ និងផ្សព្វផ្សាយ ព្រមទាំងកំណត់ពេលវេលា និងកិច្ចសន្យាច្បាស់លាស់ជាមួយអាជីវករ និងអ្នកមានទីតាំងនៅតំបន់នេះ ឲ្យរុះរើសំណង់ទាំងនោះចេញ ដើម្បីរៀបចំជាឆ្នេរគំរូសាធារណៈសម្រាប់បម្រើសេវាកម្មទេសចរណ៍ និងការលំហែ ឬការកម្សាន្ត ឲ្យសក្ដិសមជាឆ្នេរគំរូ ព្រមទាំងសិក្សាកំណត់ឲ្យមានអ្នកអភិវឌ្ឍតំបន់ឆ្នេរអូរត្រេះ ឬអ្នកគ្រប់គ្រង ដើម្បីធានាការគ្រប់គ្រងឆ្នេរឲ្យមាននិរន្តរភាព៕

No comments:
Post a Comment