Mon, 8 February 2016 ppp
ម៉េច ដារ៉ា
![]() |
លោក ហ៊ុន ម៉ានិត កូនប្រុសលោក ហ៊ុន សែន។ រូបថត ហ្វេសប៊ុក |
ភ្នំពេញៈ លោក ហ៊ុន ម៉ានិត កូនប្រុសទី ២ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ការប៉ុនប៉ងរបស់ក្រុមប្រឆាំងដែលព្យាយាមផ្តាច់ខ្លួនឯងចេញពីការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅអាមេរិកនាសប្តាហ៍ក្រោយនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាមេរិក‑អាស៊ាននៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
សម្ព័ន្ធកម្ពុជាអាមេរិកដែលមានមូលដ្ឋាននៅអាមេរិកបានថ្លែងកាលពីខែមុនថាពួកគេរំពឹងថានឹងមានសមាជិក ១ ពាន់នាក់នឹងចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃ ១៥ កុម្ភៈដែលជាព្រឹត្តិការណ៍លើកទី ១ ដែលលោក ហ៊ុន សែន ត្រូវបានអញ្ជើញដោយប្រធានាធិបតីអាមេរិកទៅទស្សនកិច្ចទីនោះ។
ភ្លាមៗនោះលោក ហ៊ុន សែន បានព្រមានថាការតវ៉ានៅអាមេរិកនឹងធ្វើឲ្យមានការតវ៉ារបស់គណបក្សកាន់អំណាចប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ លោកបានគំរាមស្រដៀងគ្នានេះនៅពេលលោកត្រូវបានស្វាគមន៍ដោយក្រុមអ្នកតវ៉ាប្រឆាំងគណបក្សកាន់អំណាចនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងប៉ារីសកាលពីខែតុលា។ ការតវ៉ាគំាទ្ររដ្ឋាភិបាលជាការឆ្លើយតបនឹងការតវ៉ាប្រឆាំងនោះគឺធ្វើឡើងនៅមុខរដ្ឋសភាហើយតំណាងរាស្រ្តគណបក្សប្រឆាំងពីររូបត្រូវបានវាយឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
កាលពីថ្ងៃសៅរ៍វីដេអូមួយបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថាប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុងវ៉ាស៊ីនតោនដោយអំពាវនាវទៅអ្នកគាំទ្រនៅសហរដ្ឋអាមេរិកមិនឲ្យធ្វើការតវ៉ានយោបាយនៅរដ្ឋកាលីហ្វ័រនីញ៉ាទេ។
លោក សម រង្ស៊ី ថ្លែងថា៖ «បាតុកម្មនេះឥឡូវនេះមិនល្អទេវាធ្វើឲ្យខូចការងាររបស់គណបក្សសង្គ្រោះជាតិ»។ លោកថា គណបក្សសង្គ្រោះជាតិមិនទទួលស្គាល់អ្នកដែលចូលរួមការតវ៉ានេះទេហើយអំពាវនាវឲ្យមានការ «ស្ងប់ស្ងៀម» និង «ភាពអំណត់អត់ធ្មត់» ខណៈគណបក្សស្វែងរកការសម្រេចគោលដៅនយោបាយរបស់ខ្លួន។
ប៉ុន្តែលោក ម៉ានិត ដែលត្រូវបានដំឡើងឋានៈជាប្រធានអង្គភាពចារកម្មនៃកងយោធពលខេមរភូមិន្ទកាលពីឆ្នាំ ២០១៥ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីសប្តាហ៍មុនថាលោកបានស្រាវជ្រាវព័ត៌មានលើអនឡាញមាន «ការប្រាស្រ័យទាក់ទងជាក្រុម» និងមានភ័ស្តុតាងថាគណបក្សសង្គ្រោះជាតិនៅពីក្រោយផែនការតវ៉ាប្រឆាំងនាយករដ្ឋមន្រ្តី។
លោកបន្តថា៖ «បើទោះបីជាលោក សម រង្ស៊ី និងមេដឹកនាំគណបក្សសង្គ្រោះជាតិនាពេលថ្មីៗនេះបានធ្វើការប្រកាសបដិសេធវាក៏ដោយ ក៏ការរៀបចំនៅតែបន្តធ្វើ»។
«លោក សម រង្ស៊ី កំពុងព្យាយាមបង្កើតមុខមាត់ថាពួកគេមិនពាក់ព័ន្ធនឹងការតវ៉ានេះប៉ុន្តែការធ្វើផែនការនៅតែបន្តធ្វើឡើង»។ នៅពេលទាក់ទងកាលពីម្សិលមិញលោក ម៉ានិត បានបដិសេធធ្វើអត្ថាធិប្បាយ។
អ្នកវិភាគនយោបាយ និងស្ថាបនិកវេទិកាអនាគតលោក អ៊ូ វីរៈ បានពិពណ៌នាការឆ្លើយតបរបស់គណបក្សទាំងពីរថា «គួរឲ្យឆ្ងល់» ព្រោះថាព្រឹត្តិការណ៍បែបនេះគឺវាជាលក្ខណៈទូទៅនៅក្នុងការជជែកវែកញែកប្រជាធិបតេយ្យ។
លោកបន្តថា គណបក្សកាន់អំណាចបានក្លាយជាខ្វាយខ្វល់ក្នុងការព្យាយាមទប់ស្កាត់ឱកាសនៃភាពស្របច្បាប់ក្នុងការតវ៉ា។ លោក វីរៈ បន្ថែមថាគណបក្សប្រឆាំងដែលមានបាតុកម្មនយោបាយជាយូរមកហើយនៅក្នុងប្រទេសកម្ពុជាហាក់បីដូចជា «ភ័យខ្លាច» គណបក្សនេះកំពុងស្វែងរកច្រកចេញនយោបាយរយៈពេលខ្លីជាជាងប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍របស់ខ្លួន៕ PS
No comments:
Post a Comment