លោក ហ៊ុន សែន ប្រតិកម្មនឹងការរិះគន់គណៈកម្មការតាមដានហ្វេសប៊ុករបស់លោក
ដោយ សាន សែល
2016-02-11 rfa
បន្ទាប់ពីមានការរិះគន់ចំពោះការបង្កើតគណៈកម្មការតាមដានហ្វេសប៊ុក (Facebook) របស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ កុម្ភៈ នេះ លោក ហ៊ុន សែន ថ្លែងការពារជាសាធារណៈថា គណៈកម្មការនេះនឹងជួយបង្កើនប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបនឹងបញ្ហារបស់រាស្ត្រ។ ក៏ប៉ុន្តែអ្នកវិភាគយល់ថា ការដោះស្រាយបញ្ហាតាមមធ្យោបាយនេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បែបនេះក្រោយពីមានការហៅរដ្ឋាភិបាលរបស់លោកថា «រដ្ឋាភិបាលហ្វេសប៊ុក»។
មានប្រសាសន៍ពីខេត្តត្បូងឃ្មុំ ក្នុងពិធីសម្ពោធសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ លោក ហ៊ុន សែន មានប្រសាសន៍ថា ការបង្កើតគណៈកម្មការតាមដានហ្វេសប៊ុកនេះ ដើរស្របនឹងគោលដៅប្រែក្លាយប្រព័ន្ធរដ្ឋបាលការងាររដ្ឋ ទៅជារាជរដ្ឋាភិបាលអេឡិចត្រូនិក (e-government)៖ «ខ្ញុំត្រូវណែនាំឲ្យក្រសួងនានាតាមមើល ព្រោះតែខ្ញុំបង្ហោះទៅ ម្សិលមិញខ្ញុំបង្ហោះមួយ។ ខ្ញុំបានទទួលសារ ហើយផ្ញើទៅឯកឧត្តម ម៉ម ប៊ុនហេង គាត់ធ្វើបានច្រើន។ រដ្ឋាភិបាលអេឡិចត្រូនិកនេះ សូម្បីចុះបញ្ជីពាណិជ្ជកម្ម ក៏ក្រសួងមិនតម្រូវឲ្យអ្នកចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីនៅភ្នំពេញទេ។ ចុះតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់»។
លោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋបាលរបស់លោក មិនបោះចោលប្រព័ន្ធការងារចាស់នោះទេ ដោយមធ្យោបាយបច្ចេកវិទ្យានេះនឹងជួយដោះស្រាយបញ្ហាប្រជាជនបានលឿនជាងមុន៖ «ប្រព័ន្ធ (ចាស់) គេមិនចោលទេ សូមអស់លោកកុំភ័យ។ តែនេះជាប្រព័ន្ធគោលនយោបាយ ប្រព័ន្ធច្បាប់ និងមុខងារដែលត្រូវបានបែងចែក។ ដោយសារមុខងារត្រូវបានបែងចែកឲ្យស្ថាប័ន និងមុខងារដែលបានបែងចែកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនោះហើយ ដែលតម្រូវឲ្យស្ថាប័នទាំងនេះដោះស្រាយការងារឲ្យបានលឿនជាង និងមានប្រសិទ្ធភាពជាង តាមរយៈការទទួលបានព័ត៌មានជាក់លាក់ ក្នុងហ្នឹងមានមួយផ្នែកទទួលពីនាយករដ្ឋមន្ត្រីផង»។
នៅដើមសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរ និងស្ថាប័នរបស់រដ្ឋនានា ឲ្យបង្កើតជាគណៈកម្មការមួយ ដើម្បីតាមដានសំណូមពរ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។
ស្ថាប័នរដ្ឋដែលបានបង្កើតគណៈកម្មការនេះហើយ រួមមាន ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ ក្រសួងយុត្តិធម៌ និងក្រសួងរ៉ែ និងថាមពល ជាដើម។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា ឲ្យដឹងថា មុនពេលមានបង្កើតគណៈកម្មការតាមដានហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនេះ ក្រសួងរបស់លោក បានបង្កើតក្រុមតាមដានព័ត៌មានរួចមកហើយ តែមិនទាន់មានរចនាសម្ព័ន្ធច្បាស់លាស់។ លោក ម៉េង សក្ដិធារ៉ា ដែលជាសមាជិកនៃគណៈកម្មការតាមដានហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីផងនោះ លើកឡើងថា គណៈកម្មការតាមដានហ្វេសប៊ុកដែលទើបបង្កើតថ្មីនេះ ជាក្រុមផ្លូវការ ដែលជួយមន្ត្រីសាធារណៈ អាចយល់ពីបញ្ហារបស់ប្រជាជនបានកាន់តែឆាប់ជាងមុន៖ «ក្រុមការងារដែលបង្កើតនេះ មិនមែនតាមបញ្ហាដែលមានតែក្នុងបណ្ដាញសង្គមហ្វេសប៊ុកប៉ុណ្ណោះទេ យើងតាមដានគ្រប់បណ្ដាញព័ត៌មានទាំងអស់ ពីព្រោះយើងគិតថា គ្រប់បណ្ដាញព័ត៌មានទាំងអស់ រួមទាំងហ្វេសប៊ុក ជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តរបស់យើង។ យើងតាមដានទាំងអស់ សូម្បីតែវិទ្យុអាស៊ីសេរី ក៏យើងតាមដានស្តាប់ដែរ»។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី សាទរចំពោះការបង្កើតគណៈកម្មការតាមដានហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនេះ ក៏ប៉ុន្តែលោកព្រួយបារម្ភពីប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកថា នីតិវិធីនៃការដោះស្រាយបញ្ហារបស់គណៈកម្មការនេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយ និងមិនមានប្រព័ន្ធដោះស្រាយច្បាស់លាស់នៅឡើយ៖ «ព័ត៌មានទាំងអស់ហ្នឹងត្រូវមានការតាមដានជាដំណាក់កាល។ ទីមួយ ត្រូវមានការចងក្រងប្រមូលបញ្ចូល ហើយធ្វើការវិភាគតាមរូបមន្តជាក់លាក់។ ទីពីរ ត្រូវកំណត់អាទិភាពបញ្ហា។ ទីបី ត្រូវរកបទអន្តរាគមន៍ណាដែលសមស្រប បើមិនអ៊ីចឹងទេ នឹងលម្អៀងហើយ នឹងបង្កភាពស្មុគស្មាញ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាធំៗជូនពលរដ្ឋ ថែមទាំងបង្កើតភាពស្មុគស្មាញថែមទៀត»។
លោក កែម ឡី បន្ថែមថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហាណាដែលជាអាទិភាព ដូចជារឿងជម្លោះដីធ្លី បញ្ហាជនអន្តោប្រវេសន៍ អំពើពុករលួយ ដែលប្រជាពលរដ្ឋបានលើកឡើងជាយូរមកហើយ។
កាលពីថ្ងៃទី៥ កុម្ភៈ លោក ហ៊ុន សែន បានថ្លែងថា ប្រជាប្រិយភាពហ្វេសប៊ុករបស់លោកទទួលបានអ្នកចុចចូលចិត្ត (Like) ជាង ២លាននាក់ ហើយ លោក ហ៊ុន សែន ចំអកថា នាយករដ្ឋមន្ត្រីហ្វេសប៊ុកដែលហាក់សំដៅលើ លោក សម រង្ស៊ី ធ្លាក់ពីតំណែងហើយ ខណៈដែលហ្វេសប៊ុករបស់ លោក សម រង្ស៊ី មានអ្នកចុចចូលចិត្តតិចជាងហ្វេសប៊ុករបស់ លោក ហ៊ុន សែន៕
No comments:
Post a Comment