ដោយ ខែ សុណង
2016-02-13

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយការវាយប្រហារពីមនុស្សមួយក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និងលោក គង់ សភា (កណ្ដាល) ត្រូវបានបញ្ជូនចេញពីទីស្នាក់ការគណបក្សទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥។
RFA/Brach Chev
គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជាផ្លូវការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យការពារសន្តិសុខ សុវត្ថិភាពជូនអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់គណបក្ស។ ការដាក់លិខិតនេះ បន្ទាប់ពីលោក កឹម សុខា ទម្លាយព័ត៌មានប្រាប់សាធារណជនថា លោករងការគំរាមកំហែងរាល់ថ្ងៃ ដែលធ្វើឲ្យលោកឈឺចាប់ ប៉ុន្តែលោកមិនបានតបតរឿងនេះដោយហិង្សា ឬបាតុកម្មដើម្បីវាយបកវិញទេ។
គណបក្សសង្គ្រោះជាតិ កំពុងរង់ចាំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ចំពោះការស្នើឲ្យក្រសួងចាត់ឲ្យមានកងកម្លាំងការពារមន្ត្រីរបស់ខ្លួន។
អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា គណបក្សបានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ដើម្បីស្នើឲ្យចាត់វិធានការការពារសន្តិសុខសុវត្ថិភាពជូនអ្នកតំណាងរាស្ត្រ។ លោកសង្ឃឹមថា ក្រសួងនឹងពិចារណាចំពោះការស្នើសុំនេះ៖ «រាល់ពេលដែលមានករណីចាំបាច់ដូចជាចុងក្រោយនេះ យើងសង្កេតឃើញមានការប្រើប្រាស់អំពើហិង្សាលើអ្នកតំណាងរាស្ត្រ បន្ទាប់មកទៀតមានការគំរាមកំហែង ដូច្នេះទៅតាមករណីចាំបាច់ឯកឧត្ដមប្រធានស្ដីទីលោកយល់ឃើញថា គួរឲ្យមានការការពារឲ្យបានពេញលេញ»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងប្រាប់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ថា លោករងការគំរាមកំហែងរាល់ថ្ងៃ ប៉ុន្តែលោកមិនប្រាប់ថា អ្នកណាដែលជាអ្នកគំរាមកំហែងលោកនោះទេ។ លោក កឹម សុខា អះអាងថា លោកនៅតែបន្តអត់ធ្មត់ ដើម្បីដណ្ដើមជ័យជំនះក្នុងការបោះឆ្នោត ក្នុងឆ្នាំ២០១៨ ខាងមុខ។ លោក កឹម សុខា ថា ការគំរាមកំហែងភាគច្រើនកើតចេញពីហ្វេសប៊ុក។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងមានបាតុកម្មប្រឆាំងបាតុកម្ម ខណៈពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ថានឹងធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ ខែកុម្ភៈ ក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីបំភ្លឺចំពោះការស្នើនេះបានទេ នៅថ្ងៃទី១៣ ខែកុម្ភៈ។ ក៏ប៉ុន្តែកាលពីថ្ងៃទី១២ កុម្ភៈ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់អាស៊ីសេរី ថា ក្រសួងមហាផ្ទៃ មានកងកម្លាំងពិសេសតាមការពារមន្ត្រីបក្សប្រឆាំង ឬលោក កឹម សុខា ប្រសិនបើគណបក្សសង្គ្រោះជាតិ ស្នើសុំជាលាយលក្ខណ៍អក្សរ។
កាលពីចុងខែតុលា ឆ្នាំ២០១៥ នៅពេលមានបាតុកម្មប្រឆាំងរូបលោក ហ៊ុន សែន នៅប្រទេសបារាំង លោកបានប្រកាសថា នឹងមានបាតុកម្មនៅកម្ពុជា ដែរ ដើម្បីទាមទារដកលោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មនោះបានឈានទៅដល់ប្រើហិង្សាវាយលើអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិពីររូបអោយរងរបួសធ្ងន់។ លើសពីនោះ ផ្ទះរបស់លោក កឹម សុខា នៅទួលគោក ត្រូវបានហ៊ុមព័ទ្ធដោយហ្វូងបាតុករជាច្រើនរយនាក់ ដោយមានទាំងការគប់ដុំថ្ម និងដបទឹកចូលបរិវេណផ្ទះទៀតផង៕
No comments:
Post a Comment