Sunday, 14 February 2016

លោក កឹម សុខា ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​កងកម្លាំង​មន្ត្រី​រាជការ​ឃោសនា​ឲ្យ​បក្ស​លោក

លោក កឹម សុខា ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​កងកម្លាំង​មន្ត្រី​រាជការ​ឃោសនា​ឲ្យ​បក្ស​លោក
ដោយ ប្រាជ្ញ ចេវ
2016-02-13

កឹម សុខា ៨៥៥ ២០១៦
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​​វេទិកា​សកម្មជន​មូលដ្ឋាន​គណបក្ស នា​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Hum Chamroeun


លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អនុញ្ញាត​ឲ្យ​កងកម្លាំង និង​មន្ត្រី​រាជការ​ធ្វើ​ជា​ក្រុម​ការងារ​គណបក្ស​ដើម្បី​មក​ឃោសនា​ឲ្យ​គណបក្ស​នោះ​ទេ។ សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​រឿង​បោះ​ឆ្នោត​សាទរ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ថា ជំហរ​បែប​នេះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​កិច្ចការ​នយោបាយ ព្រោះ​កងកម្លាំង និង​មន្ត្រីរាជការ​ក៏​ជា​ពលរដ្ឋ​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា  មិន​ត្រូវការ​កងកម្លាំង ឬ​មន្ត្រី​ឃោសនា​ឲ្យ​ខ្លួន​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ទាំង​នោះ​ស្រលាញ់​គណបក្ស​មួយ​ណា ពួកគេ​អាច​បោះ​ឆ្នោត​គាំទ្រ​បាន។ ការ​លើក​ឡើង​របស់​ប្រមុខ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ហាក់​ចង់​ឌឺដង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ ខណៈ​គណបក្ស​មួយ​នេះ មាន​សមាជិក​នៅ​ក្នុង​ជួរ​បក្ស​ដែល​មាន​តួនាទី​ជា​កងកម្លាំង ឬ​មន្ត្រី​រាជការ ដែល​ជា​ញឹកញាប់​អ្នក​ទាំង​នោះ​តែង​ចុះ​មូលដ្ឋាន​ដើម្បី​ពង្រឹង​បក្ស។



​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវការ​កងកម្លាំង និង​មន្ត្រី​រាជការ​ឲ្យ​បម្រើ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​អ្នក​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​ដោយ​អព្យាក្រឹត ឯករាជ្យ ដើម្បី​ត្រូវ​បម្រើ​ជាតិ បម្រើ​ពលរដ្ឋ មិន​ចាំបាច់​បម្រើ​គណបក្ស​នយោបាយ​ណា​មួយ ឬ​បម្រើ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ៖ «សុំ​ឲ្យ​កងកម្លាំង និង​មន្ត្រី​រាជការ លោក​ស្រលាញ់​គណបក្ស​ណា​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នោះ​ទៅ មិន​បាច់​ឃោសនា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​រាជការ​ត្រូវ​អព្យាក្រឹត»។

​លោក កឹម សុខា លើក​ឡើង​បែប​នេះ ក្នុង​វេទិកា​សកម្មជន​មូលដ្ឋាន​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL)  លោក គល់ បញ្ញា យល់​ថា ការ​លើក​ឡើង​បែប​នេះ ជា​ការ​គោរព្ធ​ច្បាប់ ព្រោះ​កងកម្លាំង មិន​តម្រូវ​ឲ្យ​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​ណា​មួយ​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​តួនាទី​​រក្សា​សន្តិសុខ សន្តិភាព និង​ជា​អ្នក​ឯករាជ្យ។ ប៉ុន្តែ​សព្វថ្ងៃ​នេះ គណបក្ស​កាន់​អំណាច​បាន​យក​កងកម្លាំង មន្ត្រីរាជការ ធ្វើការ​ងារ​ឲ្យ​គណបក្ស​ជា​ប្រព័ន្ធ៖ «តុលាការ​ឲ្យ​ឯករាជ្យ កងយុទ្ធពលខេមរភូមិន្ទ និង​មន្ត្រី​តុលាការ​ត្រូវ​ឯករាជ្យ ព្រោះ​ពួកគាត់​សំខាន់​ណាស់»។

បើ​ទោះ​មាន​ការ​លើក​ឡើង​របស់​គណបក្ស​ប្រឆាំង ប៉ុន្តែ​គេ​កម្រ​ឃើញ​កងកម្លាំង ឬ​មន្ត្រីរាជការ​ហ៊ាន​ចេញ​មុខ​មក​គាំទ្រ ឬ​ឃោសនា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ណាស់។ ទោះ​យ៉ាង​នេះ​ក្ដី​លោក គល់ បញ្ញា យល់​ថា នៅ​ពេល​នេះ គណបក្ស​នយោបាយ​ហ៊ាន​លើក​រឿង​នេះ​មក​និយាយ​ជា​រឿង​ល្អ។

​ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​យល់​ស្រប​ដូច​នេះ​ទេ។ លោក សុខ ឥសាន និយាយ​ថា កងកម្លាំង ឬ​មន្ត្រីរាជការ ក៏​ជា​ពលរដ្ឋ​ដែរ ដូច្នេះ​ពួកគេ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត។ លោក​ពន្យល់​ថា អ្នក​ទាំង​នោះ ធ្វើ​សកម្មភាព​ឃោសនា​ក្រៅ​ម៉ោង​ស្នូល​ការងារ​របស់​រដ្ឋ និង​មិន​មាន​ឯកសណ្ឋាន​ជា​កងកម្លាំង​មក​បម្រើ​ប្រយោជន៍​សម្រាប់​ការងារ​បក្ស៖ «នេះ ​ជា​ការ​ឃោសនា​នយោបាយ​បំភាន់​មតិ​សាធារណជន ព្រោះ​ថា កងកម្លាំងសុទ្ធ​តែ​ជា​ពលរដ្ឋ កន្លង​ទៅ​ច្បាប់​មាន​ចែង​ហើយ កងទ័ព​មាន​ច្បាប់​កងទ័ព ប៉ុន្តែ​ជា​ពលរដ្ឋ​នៅ​តែ​មាន​ដដែល»។

​លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ដែល​ជំរុញ​ឲ្យ​កងកម្លាំង ឬ​មន្ត្រី​រាជការ​នៅ​អព្យាក្រឹត ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព។ លោក​ថា កន្លង​មក​នៅ​ពេល​បោះឆ្នោត​ម្តងៗ កងកម្លាំង​តែងតែ​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ។

​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា មេ​ប៉ូលិស មេ​ទាហាន ឬ​អភិបាល​ខេត្ត នឹង​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត ហើយ​មិន​គោរព​សន្យា​រឿង​រក្សា​តួនាទី៖ «ហ៊ាន​ប៉ះពាល់ នេត សាវឿន ប៉ះ ប៉ុល សារឿន ពួក​នេះ​ទាញ​កម្លាំង​ដាក់​ផឹង ហ្អែង​សន្យា​ថា អត់​ដក​អញ ឥឡូវ​ដក​អញ»។

​លោក ហ៊ុន សែន ថ្លែង​ជា​​សាធារណៈ​ញឹកញាប់​ណាស់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នឹង​មាន​សង្គ្រាម។ ដូច​គ្នា​នេះ​ដែរ មេ​ទាហាន​ផ្កាយ​មាស​៤ នៃ​កងយោធពលខេមរភូមិន្ទ លោក ជា តារា ធ្លាប់​លើក​ឡើង​ថា កងទ័ព​ជាតិ​ជា​កងទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕ ​

No comments: