Saturday 19 March 2016

មតិ​​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ចំពោះ​វត្តមាន​លោក ហ៊ុន ម៉ាណែត

មតិ​​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ចំពោះ​វត្តមាន​លោក ហ៊ុន ម៉ាណែត
ដោយ ឆោម ចក្រា
2016-03-19

ហ៊ុន ម៉ាណែត ៨៥៥ ២០១៥
លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Brach Chev


មតិ​ចម្រូងចម្រាស​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តែ​កើត​មាន​សម្រាប់​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត និង​លោក គិត ម៉េង ខណៈ​ដែល​លោក​ទាំង​ពីរ រួម​និង​ប្រតិភូ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​សភា​សង្គម​ខ្មែរ (CAM.CC) អញ្ជើញ​ឲ្យ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​ដង្ហែ​ក្បួន​ទាក់ទង​នឹង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​នៅ​ពេល​ខាង​មុខ​នេះ។ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ប្រកាស​ថា នឹង​ចូល​រួម​តាម​ការ​អញ្ជើញ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ការ​ឯកភាព​គ្នា។

​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តែ​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  គឺ​លោក ហ៊ុន ម៉ាណែត និង​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និង​មន្ត្រី​រដ្ឋាភិបាល ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ដែល​គ្រោង​ចូល​រួម​ក្នុង​កម្មវិធី​វប្បធម៌​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ខាង​មុខ​នេះ។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​ក្រុម​ការងារ​ចាត់​តាំង​យុវជន​ក្រៅ​ប្រទេស និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក ទទូច​ដល់​គណៈកម្មាធិការ​បុរី​កម្ពុជា ឲ្យ​អញ្ជើញ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ក្នុង​កម្មវិធី​នោះ​ដែរ ដោយ​លោក​អះអាង​ថា ជា​ប្រយោជន៍​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​រវាង​គ្នា​នឹង​គ្នា។



នៅ​ក្នុង​សារ​របស់​លោក ហ៊ុន ម៉ាណែត ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក​កាលពី​ទី​១២ ខែ​មីនា បាន​ទទួល​ស្គាល់​ពី​ការ​ខ្វែង​គំនិត និង​ការ​បាក់​បែក​សាមគ្គី​រវាង​ខ្មែរ​និង​ខ្មែរ និង​អំពាវនាវ​ឲ្យ​លើក​ស្ទួយ​ជាតិ​តាម​រយៈ​ការ​រួម​គ្នា​បង្ហាញ​ពី​វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ។

លោក​សរសេរ​ថា៖ "នឹង​សម្រេច​ចិត្ត​យល់​ព្រម​ចូល​រួម​ក្នុង​កម្មវិធី​នោះ​តាម​ការ​អញ្ជើញ​របស់​គណៈកម្មាធិការ​បុរី​កម្ពុជា ​និង​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​រួប​រួម​គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា"។

​ជាមួយ​គ្នា​នេះ "សមាគម​សំឡេង​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ" មាន​មូលដ្ឋាន​នៅ​ទីក្រុង​តាកូម៉ា (Tacoma) រដ្ឋ​វ៉ាស៊ីនតុន (Washington State) ក៏​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ដែរ ហើយ​សមាគម​នេះ​អះអាង​ថា នឹង​ប្រមែប្រមូល​អ្នក​ចូលរួម​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​សារ​បង្ហាញ​ពី​ការ​មិន​គាំទ្រ​ចំពោះ​វត្តមាន​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​ ហឿន ឆាយវឿក ប្រធាន​សមាគម​នេះ​បន្ត​អះអាង​ថា លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​បុគ្គល​ផ្ដាច់ការ​ដែល​តែង​បង្ក​វិនាសកម្ម​ដល់​ប្រទេស​ជាតិ​និង​សម្បត្តិ​ធនធាន​ធម្មជាតិ ដូច្នេះ​លោក ម៉ាណែត ពុំ​គួរ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​ប្រជាធិបតេយ្យ​ឡើយ៖ «លោក ហ៊ុន ម៉ាណែត នេះ​ជា​កូន​របស់ ហ៊ុន សែន ដែល​ជា​កូន​អ្នក​ផ្ដាច់ការ ដូច្នេះ​ផ្ដាច់ការ​នៅ​ក្នុង​ស្រុក​ខ្មែរ។ ដូច្នេះ​ដូច​យើង​ដឹង​ហើយ​ទាំង​ពី​ព្រំ​ប្រទល់ កោះ ដីធ្លី​ហ្នឹង​បាត់​អស់ បណ្ដោយ​ឲ្យ​យួន​ចូល​ពេញ​ស្រុក ព្រៃឈើ រ៉ែ​ភ្នំ ហើយ​ធ្វើ​ឲ្យ​ផលិតផល​ជាតិ​គីមី​ពី​បរទេស​ចូល​សម្លាប់​ខ្មែរ...»។

ចំណែក​លោក ទូច  វិបុល ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា ថា អង្គការ​របស់​លោក​នៅ​តែ​រក្សា​ឆន្ទៈ​ប្រឆាំង​វត្តមាន​លោក ហ៊ុន  ម៉ាណែត និង​បក្សពួក ហើយ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ខាង​មុខ​នេះ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ប្រមាណ ៣០០ ទៅ ៤០០​​នាក់ នឹង​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាក្រុង​ឡុងប៊ិច ក្នុង​គោលបំណង​ពន្យល់​អំពី​មូលហេតុ​ដែល​ពួកគេ​ចង់​បាន៖ «ហើយ​បើសិនជា​លោក ហ៊ុន ម៉ាណែត និង​ក្រុម​បក្សពួក​របស់​គាត់​នៅ​តែ​នាំ​គ្នា​មក​ទៀត គឺ​ថា បង​ប្អូន​នឹង​រៀបចំ​បាតុកម្ម​នៅ​ថ្ងៃ​ដែល​ធ្វើ parade (ព្យុហយាត្រា)»។

ដោយ​ឡែក ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) ក៏​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់ ហ៊ុន ម៉ាណែត ដែរ។

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង លោក ម៉ែន វណ្ណៈ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​រយៈ​កិច្ច​សម្ភាសន៍​កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា ថា លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​អះអាង​ថា ជា​ក្រុម​បាតដៃ​ប្រឡាក់​ឈាម។

លោក​បន្ត​ថា  លោក ហ៊ុន ម៉ាណែត ជា​អ្នកបញ្ជា​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​បាតុករ​ដែល​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​នា​គ្រា​កន្លង​មក៖ «លោក ហ៊ុន ម៉ាណែត នេះ​ជា​អគ្គ​មេ​បញ្ជាកា​នៃ​កង ៩១១ ដែល​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាប់​បាតុករ កម្មករ នៅ​ផ្លូវ​វ៉េងស្រេង ថ្ងៃ​ទី​១ ទី​២ ខែ​មករា ឆ្នាំ​២០១៣។ មាន​វត្តមាន ហ៊ុន ម៉ាណែត នៅ​ទី​ណា នៅ​កន្លែង​ណា គឺ​មាន​បាតុកម្ម​នៅ​ទី​នោះ​គ្រប់​ទីកន្លែង​ទាំង​អស់ ទូទាំង​សហរដ្ឋអាមេរិក»។

​ផ្ទុយ​ពី​នេះ ក៏​មាន​ពលរដ្ឋ​ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​សហគមន៍​ខ្មែរ-​ឥស្លាម ចំនួន ១៨៥​គ្រួសារ​នៅ​រដ្ឋ​វ៉ាស៊ីនតុន គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​នេះ​តាម​រយៈ​ការ​ចែកចាយ​ញត្តិ​គាំទ្រ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ការ​ចែក​រំលែក​តៗ​គ្នា​ពី​មួយ​ទៅ​មួយ។ ញត្តិ​គាំទ្រ​ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា សរសេរ​ថា៖ "ពួកគេ​សម្ដែង​ការ​គាំទ្រ​ទាំង​ស្រុង​នូវ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន​អង្គការ​ចាត់តាំង​យុវជន​នៅ​ក្រៅ​ប្រទេស ព្រមទាំង​គណៈ​ប្រតិភូ​អម​ដំណើរ​មក​កាន់​រដ្ឋ​វ៉ាស៊ីនតុន ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជាតិ​ខ្មែរ​នៅ​ថ្ងៃ​ទី​១១ និង​ទី​១២ ខែ​មេសា ខាង​មុខ​នេះ"។

​ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​រដ្ឋ​មីនីសូតា (Minnesota) មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង ២០​នាក់ ក៏​សំដែង​ការ​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត និង​លោក គិត ម៉េង នេះ តាម​រយៈ​លិខិត​របស់​ពួកគេ​ដែល​ចុះ​ថ្ងៃ​ទី​១២ មីនា ដោយ​មាន​លោក អ៊ិន សុខគុណ ជា​ប្រធាន។

​កាល​ពី​សប្ដាហ៍​មុន នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា មាន​ជំនួប​ប្រជុំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សភា​សង្គម​ខ្មែរ ចូល​រួម​ដោយ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ប្រមាណ ២០០​នាក់ និង​តំណាង​មន្ត្រី​របស់​ទីក្រុង​ខ្មែរ​នៅ​ទី​នោះ រហូត​មាន​ការ​ខ្វែងគំនិត​គ្នា​យ៉ាង​តឹងតែង​ស្ទើរ​កើត​អំពើ​ហិង្សា៖ «ខ្មែរ​រលាយ​រលត់ គេ​យក​ផ្ទះ យក​ដី អត់​ដឹង​ទេ​អី...? ហេតុ​អ្វី​បាន​អញ្ជើញ​អ្នក​ទាំង​ពីរ​នេះ​មក​ពី​ស្រុក​ខ្មែរ?។ យើង​លើក​ទី​មួយ​ហើយ​ដែល​ទីក្រុង​ឡុងប៊ិច យើង​អញ្ជើញ​ពួកគាត់​មក។ មិន​មែន​លើក​ទី​មួយ​ទេ...។ សុំ​ឲ្យ​ក្មួយៗ​ទាំង​អស់​ពិចារណា​មុន​នឹង​អញ្ជើញ​មក...។ បើ​ពួក​ហ្នឹង​មក​មែន ពួក​ខ្ញុំ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង...។ ពួក​យើង​ជា​ជនរងគ្រោះ​មិន​ចង់​ឃើញ​ពួក​ផ្ដាច់ការ​មក​ជាន់​ឡុងប៊ិច...។ យើង​មិន​ពេញ​ចិត្ត​នឹង​របប​ជិះ​ជាន់​ទេ ហើយ​ខ្មែរ​ទាំង​អស់​គ្នា​យើង​សុទ្ធតែ​ដឹង​ខុស​ត្រូវ យើង​ប្រាកដ​ជា​ធ្វើ​បាតុកម្ម​ប្រឆាំង។ អត់​ដែល​និយាយ​អ៊ីចឹង​ទេ ជំនាន់ ប៉ុល ពត គ្រាន់​តែ​ជេរ គេ​ដាក់​ម៉ាំង មិន​អ៊ីចឹង​ហី? ខ្ញុំ​ធ្វើការ​ជាមួយ​សហប្រជាជាតិ ឲ្យ​គាត់​មកៗ គាត់​រៀន​សូត្រ ឲ្យ​កូន​គាត់​មកៗ...»។

​ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​នេះ លោក ស្ទីវ ម៉េង (Steve Meng) អនុ​ប្រធាន​សភា​សង្គម​ខ្មែរ និង​ជា​អ្នក​រៀបចំ​កម្មវិធី​ដង្ហែ​ក្បួន​ក្នុង​កម្មវិធី​ចូល​ឆ្នាំ បាន​ប្រកាស​លាលែង​ពី​ការងារ​របស់​ខ្លួន​ដែល​ធ្លាប់​ធ្វើ​នា​គ្រា​កន្លង​មក។ នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​មីនា នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​អំពី​ការ​ចាកចេញ​ពី​តួនាទី​ពី​លោក ស្ទីវ ម៉េង បាន​ឡើយ ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ កន្លង​មក​នេះ អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-​អាមេរិកាំង ក៏​បា​កៀរគរ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ជិត ១​ពាន់​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន ខណៈ​ដែល​លោក​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-​អាមេរិក តាម​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​មជ្ឈមណ្ឌល​សាន់នីឡែនដ៍ (Sunnylands) ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា៕

No comments: