កម្ពុជានៅតែបន្តជំហរអព្យាក្រឹតលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
ដោយ អ៊ូ បាណុង
2016-04-22
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) [ឆ្វេង] និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែងក្នុងសន្និសីទកាសែត នារាជធានីភ្នំពេញ នៅថ្ងៃទី២២ មេសា ឆ្នាំ២០១៦។
RFA/Sorn Chanratha
ស្ថិតក្នុងជំនួបផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២២ ខែមេសា នៅទីស្ដីការក្រសួង លោក ប្រាក់ សុខុន បានបញ្ជាក់ថា ជំនួបនេះគឺដើម្បីពង្រឹង និងពង្រីកចំណងទាក់ទងកម្ពុជា-ចិន ហើយកម្ពុជា នៅតែបន្តគោលជំហរអព្យាក្រឹត លើបញ្ហាជម្លោះសមុទ្រចិន ខាងត្បូង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលជាង ២ម៉ោង ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹងបញ្ហាជម្លោះសមុទ្រចិន ថា កម្ពុជាគាំទ្រអោយភាគីជម្លោះ ស្វែងរកដំណោះស្រាយដោយឈរលើស្មារតីសន្តិភាព និងស្ថិរភាព។ រដ្ឋមន្ត្រីរូបនេះអះអាងថា កម្ពុជានឹងនៅតែបន្តអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ មិនជ្រៀតជ្រែកក្នុងគោលការណ៍ផ្ទៃក្នុងរបស់អ្នកដទៃ ហើយប្រសិនបើប្រទេសផ្សេងទៀតអនុវត្តគោលការណ៍ទាំងនេះដូចកម្ពុជា នោះជម្លោះនឹងមិនអាចកើតមាននោះឡើយ៖ «ហើយជំហររបស់កម្ពុជា គឺថា អំពាវនាវអោយភាគីពាក់ព័ន្ធដោយផ្ទាល់រកវិធីដោះស្រាយដោយសន្តិវិធីតាមរយៈការពិគ្រោះយោបល់ និងការចរចា និងស្របទៅតាមច្បាប់អន្តរជាតិ»។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា កន្លងមកធ្លាប់រិះគន់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន និងកម្ពុជា-សហរដ្ឋអាមេរិក កម្ពុជា ហាក់មិនទាន់បានអនុវត្តពេញលេញនូវគោលការណ៍ឯករាជ្យ អព្យាក្រឹត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឡើយ ដោយជញ្ជីងទំនាក់ទំនងការបរទេសកម្ពុជា ហាក់ផ្អៀងទៅខាងប្រទេសចិន ច្រើនជាង។
លោក ប្រាក់ សុខុន បញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន មកកម្ពុជា នៅពេលនេះ គឺមានគោលដៅសំខាន់៣។ ទី១ គឺការពង្រឹង និងពង្រីកចំណងទាក់ទងប្រទេសទាំងពីរដោយមានគោលការណ៍ បន្តការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ទី២ គឺដើម្បីបន្តកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច យូរអង្វែងនៃប្រទេសទាំងពីរ។ ទី៣ ដំណើរទស្សនកិច្ចនៅពេលនេះ គឺក្នុងគោលបំណងលើកស្ទួយវិស័យអប់រំ សុខាភិបាល និងទេសចរណ៍នៅកម្ពុជា ហើយចិន នឹងជួយឧបត្ថម្ភការបោសសំអាតមីននៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅល្ងាចថ្ងៃទី២២ ខែមេសា ថា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅថ្ងៃទី២៧ ២៨ ខែមេសា ខាងមុខនេះ នៅទីក្រុងប៉េកាំង។
ប្រទេសចិន កំពុងមានជម្លោះដែនសមុទ្រជាមួយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៊ុយណេ បន្ទាប់ពីចិន បានចាប់ផ្ដើមទាមទារគ្រប់គ្រងតំបន់សមុទ្រចិន ខាងត្បូងតែម្នាក់ឯង៕
No comments:
Post a Comment