Saturday 23 April 2016
ព្រៃលិចទឹកជិត៥០០ហិកតារនៅកំពង់ឆ្នាំងត្រូវបានភ្លើងឆេះ
ព្រៃលិចទឹកជិត៥០០ហិកតារនៅកំពង់ឆ្នាំងត្រូវបានភ្លើងឆេះ
ដោយ ជិន ជេដ្ឋា
2016-04-22
សាលាស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
Photo: RFA
ព្រៃលិចទឹកនៅតាមឃុំមួយចំនួន នៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវភ្លើងឆាបឆេះដោយអន្លើរ។ មកដល់ពេលនេះ ព្រៃលិចទឹកជិត ៥០០ហិកតារនៅក្នុងស្រុកនេះត្រូវបានបំផ្លាញដោយអគ្គីភ័យ។ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកអគ្គីភ័យអះអាងថា ត្បិតគេមិនអាចពន្លត់ភ្លើងឆេះព្រៃបានទាំងស្រុង ប៉ុន្តែសមត្ថកិច្ចនឹងឈូសផ្ដាច់ព្រៃធ្វើផ្លូវដើម្បីកុំឲ្យភ្លើងឆេះឆ្លង។
អាជ្ញាធរស្រុកបរិបូរណ៍ និងជំនាញរដ្ឋបាលជលផល បានបង្ហាញរបាយការណ៍ខូចខាតព្រៃលិចទឹកបណ្ដាលមកពីជនល្មើសលួចដុត និងពលរដ្ឋដើររកសត្វបង្កឲ្យភ្លើងឆេះ ដើម្បីការពារទុកដាំដើមឈើឡើងវិញ នៅរដូវធ្លាក់ភ្លៀង។ លទ្ធផលនៃការខូចខាតព្រៃទំហំ ៤៩៥ហិកតារ ដោយសារភ្លើងឆេះនេះ ជំនាញគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែមេសា ស្របពេលដែលអាកាសធាតុឡើងកម្ដៅខ្លាំង។
អភិបាលស្រុកបរិបូរណ៍ និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសនេសាទថ្នាក់ស្រុក លោក ឃួន សៅរុំ ថ្លែងនៅថ្ងៃទី២២ ខែមេសា ថា បច្ចុប្បន្នភ្លើងនៅបន្តឆេះព្រៃដោយអន្លើរក្នុងភូមិសេះស្លាប់ កំពង់ព្រះ និងភូមិឆ្នុកទ្រូ នៅឡើយ។
លោកថា ករណីភ្លើងឆេះរាលដាលនេះ គេមិនអាចពន្លត់ឲ្យរលត់ទាំងស្រុងបានទេ គឺគ្រាន់តែបង្ការក្រែងឆេះដល់កន្លែងលក់ដូរ ឬផ្ទះសម្បែងពលរដ្ឋប៉ុណ្ណោះ៖ «ពីរឆ្នាំមកនេះហួតដីហ្មង អ៊ីចឹងបានវាឆាបឆេះរាលណាស់! បើប្រៀបធៀបពីឆ្នាំ១៩៧៩ មក ដែលច្បាប់ជលផលមិនទាន់មានគ្រប់គ្រាន់ គឺបងប្អូនយើងកាប់បង្គើច្រើនជាងហ្នឹង ហើយដុតច្រើនជាងហ្នឹងទៀត វាអត់ឆេះព្រោះដីវាមានសំណើមឆេះអត់រាល។ ការងារនេះយើងការពារផ្ទៃដីដែលឆេះ ដើម្បីសុំទៅថ្នាក់លើដាំកូនឈើឡើងវិញ ចំពោះត្រង់ណាដែលខូចខ្លាំង»។
ទាក់ទងបញ្ហានេះ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក យឹម សូភាស់ ឲ្យដឹងថា ក្រុមជំនាញពន្លត់អគ្គីភ័យ និងអាជ្ញាធរមូលដ្ឋានបានពិភាក្សាគ្នា និងសម្រេចធ្វើសំណើសុំឈូសព្រៃធ្វើផ្លូវប្រវែងប្រហែល ៥០ម៉ែត្រ នៅអែបផ្សារឆ្នុកទ្រូ ដើម្បីបង្ការភ្លើងឆេះរាលដល់ផ្សារទៅថ្នាក់លើ៖ «ក្រៅពីហ្នឹងយើងមិនដឹងមានវិធានការអីទៀតទេ។ តែយើងចង់ឲ្យធ្វើផ្លូវបញ្ចៀសភ្លើងមួយ ឬពីរកន្លែង ពីអាតំបន់ឆេះលើកមុននេះទៅ ព្រោះពេលឆេះដាច់ខាតចូលអត់រួចទេ។ ដល់អីចឹងយើងមានតែធ្វើវិធានការបង្ការមួយឈូសបញ្ចៀសភ្លើងកុំឲ្យឆេះដល់ផ្ទះប្រជាជន»។
មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) គឺលោក អ៊ុក សុផាត ឲ្យដឹងថា កំពង់ឆ្នាំង គឺជាខេត្តមួយជាប់បឹងទន្លេសាប ហើយមានព្រៃលិចទឹកដែលជាជម្រកត្រីពងកូនច្រើន ប៉ុន្តែព្រៃទាំងនេះកំពុងរងការបំផ្លាញដោយភ្លើងឆេះ និងមនុស្សទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិ។
លោកថា ដើម្បីការពារព្រៃលិចទឹកដែលនៅសល់ឲ្យបានគង់វង្ស គឺទាល់តែមានការចូលរួមពីពលរដ្ឋនៅមូលដ្ឋានផ្ទាល់៖ «ស្ថានភាពព្រៃលិចទឹកមានបញ្ហាភ្លើងឆេះព្រៃ ការឈូសឆាយ និងមានការរំលោភពីសំណាក់ប្រជាពលរដ្ឋមួយចំនួន។ ដូចនៅច្រណូកអ៊ីចឹង ថ្ងៃខាងមុខនេះ ខាងខ្ញុំនឹងចុះទៅដោះស្រាយបញ្ហាបាត់បង់ព្រៃលិចទឹកនៅតំបន់នោះ»។
អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង មិនទាន់អាចបង្ហាញពីតួលេខករណីអគ្គីភ័យឆាបឆេះផ្ទះ និងព្រៃលិចទឹកនៅដើមឆ្នាំ២០១៦ នៅឡើយ។ អាជ្ញាធរអំពាវនាវដល់ពលរដ្ឋ និងប្រជានេសាទឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ ខណៈដែលអាកាសធាតុឡើងកម្ដៅខ្លាំង និងពុំមានភ្លៀងធ្លាក់កក់ខែនៅឆ្នាំនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment