Sunday 24 April 2016

កញ្ញា ខុម ចាន់តារាទី ប្ដឹង​លោក កឹម សុខា និង​គូកន​ទៅ​តុលាការ

កញ្ញា ខុម ចាន់តារាទី ប្ដឹង​លោក កឹម សុខា និង​គូកន​ទៅ​តុលាការ
ដោយ យន់ សាមៀន
2016-04-22

​ស្រីមុំ ២០១៦ ៨៥៥
កញ្ញា ខុម ចាន់តារាទី ហៅ ​ស្រីមុំ ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA


កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ប្តឹង​លោក កឹម សុខា ប្រធាន​ទី​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក និង​គូកន​តាម​ច្បាប់ និង​សង​ប្រាក់​សំណង​ជំងឺ​ចិត្ត  បី​សែន​ដុល្លារ (៣០០.០០០)។

ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី​២២ ខែ​មេសា ម្សិលមិញ ដោយ​មាន​ស្នាម​មេដៃ​របស់​កញ្ញា ខុម ចាន់តារាទី សរសេរ​ថា នាង​សុំ​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ការ​ខាត​បង់​ពេល​វេលា ការ​បាត់​ការងារ ខាតបង់​សេដ្ឋកិច្ច​គ្រួសារ និង​ការ​ខូចខាត​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​នាង​ចំនួន ៣​សែន​ដុល្លារ ពី​ឈ្មោះ កឹម សុខា និង​គូកន ព្រម​ទាំង​ជន​ពាក់ព័ន្ធ​ដទៃ​ទៀត។

នាង​សរសេរ​ក្នុង​ពាក្យ​បណ្ដឹង​បន្ថែម​ទៀត​ថា នាង​បាន​ខូចខាត​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​លោក កឹម សុខា ដែល​បាន​សន្យា​ជា​ច្រើន​ដូចជា សន្យា​ផ្ដល់​ប្រាក់ ៣.០០០​ដុល្លារ សន្យា​ទិញ​ផ្ទះ និង​ទិញ​របស់របរ​ដែល​នាង​ត្រូវការ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក កឹម សុខា មិន​ទាន់​បាន​ផ្ដល់​តាម​ការ​សន្យា​នៅ​ឡើយ​ទេ។ ពាក្យ​បណ្ដឹង​បន្ត​ថា អំពើ​របស់​លោក កឹម សុខា នេះ បណ្តាល​ឲ្យ​នាង​មិន​អាច​ចេញ​ដើរ​ទៅ​ណា​មក​ណា​បាន​ដូច​ពី​មុន ដោយសារ​ខ្មាស​គេ ជា​ពិសេស​ទៅ​ថ្ងៃ​អនាគត​នាង​មិន​អាច​ស្វែង​រក​គូស្រករ​បាន។



កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា កញ្ញា ខុម ចាន់តារាទី បាន​ឆ្លើយ​បំភ្លឺ​តុលាការ​ករណី​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា។ កាល​នោះ កញ្ញា ខុម ចាន់តារាទី ទាមទារ​តុលាការ​ឲ្យ​រក​យុត្តិធម៌ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យ​លំអិត។ ទោះបី​នាង​មិន​បាន​បញ្ចេញ​ព័ត៌មាន​ពី​ការ​បំភ្លឺ​នៅ​តុលាការ​ក៏ដោយ ព្រះរាជអាជ្ញា​តុលាការ​បាន​អះអាង​ថា នាង​ទទួល​ស្គាល់​ខ្សែអាត់​សំឡេង​ស្នេហា​នឹង​លោក កឹម សុខា ថា ជា​សំឡេង​ពិត​របស់​នាង។

​ក្នុង​បណ្តឹង​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា កញ្ញា ខុម ចាន់តារាទី សរសេរ​ថា មូលហេតុ​ដែល​នាង​ទើប​ដាក់​បណ្តឹង​ថ្មី​ទាមទារ​សំណង​នោះ ដោយសារ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា នាង​មិនទាន់​បាន​ទាមទារ​សំណង​រដ្ឋប្បវេណី។ កាល​ពី​​ថ្ងៃ​ទី​២២ ខែ​មេសា ដែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) សម្រេច​ថា លែង​បន្ត​ផ្ដល់​មេធាវី​ការពារ​ឲ្យ​កញ្ញា ខុម ចាន់តារាទី ទៀត​ហើយ។ សមាគម​នេះ​បញ្ជាក់​ថា មាន​មូលហេតុ​ពីរ ដែល​សមាគម​ឈប់​ផ្តល់​ការ​ការពារ​ក្តី​ឲ្យ។ ទីមួយ​ករណី​នេះ មិន​មែន​ជា​ករណី​បរិហារកេរ្តិ៍ វា​គ្រាន់តែ​ជា​រឿង​វិវាទ​ធម្មតា រវាង​បុគ្គល​សាមញ្ញ និង​ទី​ពីរ កញ្ញា ខុម ចាន់តារាទី អាច​គ្រាន់តែ​ជា​សាក្សី​តែប៉ុណ្ណោះ។

លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​ឆ្លើយ​តប​នឹង​បណ្តឹង​ចុង​ក្រោយ​នេះ​ទេ៕

No comments: