Sunday 24 April 2016
ក្លឹបអ្នកកាសែតកម្ពុជាអំពាវដល់អាជ្ញាធរមានសមត្ថកិច្ចជួយការពារអ្នកសារព័ត៌មាន
Manekseka Sangkum: Independent or non-CPP press community members are effectively viewed as state enemy number one already. So this appeal for protection from the same source of hostility is rather pointless.
<<<
ក្លឹបអ្នកកាសែតកម្ពុជាអំពាវដល់អាជ្ញាធរមានសមត្ថកិច្ចជួយការពារអ្នកសារព័ត៌មាន
ដោយ យ៉ង ចាន់តារា
2016-04-22
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ផ្ដល់បទសម្ភាសន៍នារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
RFA/Yang Chandara
អ្នកសារព័ត៌មានមកពីស្ថាប័នក្នុងស្រុក និងអន្តរជាតិជាង ៨០នាក់ បានមកជួបជុំគ្នានៅព្រឹកថ្ងៃទី២២ ខែមេសា នៅសណ្ឋាគារសាន់វ៉េ ដើម្បីពិភាក្សាគ្នាអំពី “អនាគតនយោបាយកម្ពុជាឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៨”។ អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា ការការពារសុវត្ថិភាពអ្នកសារព័ត៌មានសម្រាប់ការបោះឆ្នោតជារឿងមួយដ៏សំខាន់ ដើម្បីធានាថា ពួកគេនឹងអាចបំពេញមុខងាររបស់ខ្លួនបានដោយពេញលេញ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យជួយការពារអ្នកកាសែត នៅអំឡុងពេលការបោះឆ្នោតជាតិនៅពេលខាងមុខ។ ការថ្លែងរបស់លោក ប៉ែន បូណា នេះ ធ្វើឡើងនៅខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ កាន់តែខិតជិតមកដល់៖ «»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា យល់ឃើញថា ការបោះឆ្នោតនៅពេលខាងមុខនឹងមានលក្ខណៈកាន់តែស្រួចស្រាល់ និងតឹងតែងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ព្រមទាំងគណបក្សដទៃផ្សេងទៀត។ ប្រការនេះទាមទារឱ្យអ្នកសារព័ត៌មានគ្រប់រូប ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចពេលចុះបំពេញមុខងារ។
បន្ថែមពីលើនេះ លោក ប៉ែន បូណា ទទូចឱ្យអាជ្ញាធរ និងតុលាការជួយរកយុត្តិធម៌ជូនអ្នកសារព័ត៌មានដែលរងការវាយប្រហារ និងការសម្លាប់នៅពេលកន្លងទៅ៖ «»។
អតីតអ្នកកាសែតនៃវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) លោក ឡាយ សាមាន ដែលធ្លាប់ត្រូវបានសន្តិសុខសាលារាជធានីភ្នំពេញ វាយដំឱ្យរងរបួសធ្ងន់ កាលពីពាក់កណ្ដាលឆ្នាំ២០១៤ កន្លងទៅ បានថ្លែងថា លោកចង់ឃើញអាជ្ញាធរបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មានពេលចុះបំពេញការងារ ជាពិសេស កុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ រួចប្រើអំពើហិង្សាដូចអ្វីដែលធ្លាប់ធ្វើលើរូបលោក៖ «»។
លោក ឡាយ សាមាន ត្រូវក្រុមសន្តិសុខសាលារាជធានីភ្នំពេញ វាយឱ្យសន្លប់ ដោយរងរបួសក្បាល និងបាក់ឆ្អឹងថ្គាម អំឡុងពេលលោកកំពុងយកព័ត៌មានអំពីការប្រមូលផ្ដុំមួយរៀបចំដោយគណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យ កាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅ។ មិនមានអាជ្ញាធរសមត្ថកិច្ច ឬមន្ត្រីតុលាការរូបណា ចេញមុខទទួលខុសត្រូវ ឬស៊ើបអង្កេតជុំវិញករណីនេះឡើយ ហើយពាក្យបណ្ដឹងទៀតសោត ក៏ត្រូវបានអាជ្ញាធរទម្លាក់ចោលនៅចុងឆ្នាំ២០១៤ ដោយគ្មានការបកស្រាយអ្វីទាំងអស់។
ឆ្លើយតបទៅនឹងការស្នើសុំរបស់អ្នកសារព័ត៌មាននេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចមានភារកិច្ចថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ មិនចំពោះតែអ្នកសារព័ត៌មាននោះទេ។ លោក ខៀវ សុភ័គ បន្តទៀតថា អ្នកសារព័ត៌មានខ្លួនឯងក៏ត្រូវប្រយ័ត្នខ្លួនឯងដែរ ដោយមិនត្រូវទៅឈរនៅខាងបាតុករឡើយ ពេលផ្ទុះបាតុកម្មហិង្សាណាមួយ៖ «»។
ជុំវិញរឿងនេះដែរ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់ថា ការការពារសុវត្ថិភាពជូនអ្នកសារព័ត៌មាន គឺជាកិច្ចការដែលត្រូវធ្វើរួមគ្នារវាងអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។
លោក អ៊ុក គឹមសេង បន្តថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលសាធារណជនកំពុងទន្ទឹងរង់ចាំនោះ មិនមានចែងអំពីការការពារសុវត្ថិភាពអ្នកសារព័ត៌មាននោះទេ គឺផ្ដោតតែទៅលើការធ្វើយ៉ាងណាឱ្យស្ថាប័នសាធារណៈផ្ដល់ព័ត៌មានជូនអ្នកកាសែត និងនីតិវិធីស្នើសុំព័ត៌មានតែប៉ុណ្ណោះ៖ «»។
សន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០១៦ (2016 World Press Freedom Index) របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជា នៅលេខរៀង ១២៨ ក្នុងចំណោមប្រទេស ១៨០។ តួលេខនេះបង្ហាញថា កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរឡើង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥។
ទោះជាយ៉ាងណា សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា នៅតែបន្តរងការគំរាមកំហែង ពិសេសលើអ្នកសារព័ត៌មានដែលរាយការណ៍បញ្ហារសើប។ សន្ទស្សន៍សេរីភាពសារព័ត៌មានសកល ឆ្នាំ២០១៦ នេះ វិភាគថា រដ្ឋាភិបាលកម្ពុជា បន្តឈ្លបមើលដោយប្រយោល និងត្រួតពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកសារព័ត៌មានបន្តប្រឈមនឹងគ្រោះថ្នាក់ពេលចុះយកព័ត៌មាន ពិសេសព័ត៌មានរសើបទាក់ទងនឹងការកាប់បំផ្លាញ និងជួញដូរព្រៃឈើ ការនេសាទខុសច្បាប់ ការជួញដូរមនុស្ស និងការរុករកធនធានរ៉ែ។
ចាប់តាំងពីឆ្នាំ១៩៩៣ មក មានអ្នកសារព័ត៌មានកម្ពុជា ចំនួន ១៣នាក់ហើយ ដែលត្រូវបានគេសម្លាប់ ដោយក្នុងនោះមានករណីខ្លះ អាជ្ញាធរមិនទាន់វែកមុខចាប់ជនដៃដល់បាននៅឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment