Sunday 24 April 2016

លោក ម៉ម សូណង់ដូ គាំទ្រ​គោលនយោបាយ​បក្ស​សង្គ្រោះ​ជាតិ​តែ​រិះគន់​មេដឹកនាំ

លោក ម៉ម សូណង់ដូ គាំទ្រ​គោលនយោបាយ​បក្ស​សង្គ្រោះ​ជាតិ​តែ​រិះគន់​មេដឹកនាំ
ដោយ ជិន ជេដ្ឋា
2016-04-23

ម៉ម សូណង់ដូ ៨៥៥ ២០១៦
ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ថ្នាក់​ខេត្ត និង​ស្រុក នៅ​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Chin Chetha


ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បញ្ជាក់​ជំហរ​គាំទ្រ​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​រិះគន់​ខ្លាំងៗ​ចំពោះ​ជំហរ​មិន​រឹងមាំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ។ លោក ម៉ម សូណង់ដូ ថា គណបក្ស​លោក​នឹង​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ដោយ​គិត​ថា អ្នក​ស្នេហា​ជាតិ​នឹង​ក្រោក​ឡើង​ម្ដង​ទៀត​ដូច​កាល​ឆ្នាំ​២០១៣។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា នា​ទីស្នាក់ការ​គណបក្ស​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម សូណង់ដូរ ចំអក​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ថា កុំ​ថា​ឡើយ​ការពារ​ប្រជារាស្ត្រ សូម្បី​តែ​ខ្លួន​ឯង និង​តំណាងរាស្ត្រ​ការពារ​មិន​បាន​ផង។ គណបក្ស​មាន​គោលនយោបាយ​ល្អ ប៉ុន្តែ​ទង្វើ​របស់​មេដឹកនាំ​វិញ​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​អស់​សង្ឃឹម។

លោក ម៉ម សូណង់ដូ ថ្លែង​ទៀត​ថា ការ​រក​រឿង​ចោទ​ប្រកាន់​របស់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ឲ្យ​មេ​បក្ស​នេះ​មាន​ជំហរ​ទន់ជ្រាយ។ ប៉ុន្តែ​លោក​ជឿ​ថា បើ​លោក​វិញ​គេ​នឹង​មិន​អាច​រក​រឿង​បាន​ឡើយ ព្រោះ​លោក​មិន​កំសាក មាន​ឆន្ទៈ​ច្បាស់លាស់ និង​គិត​ប្រយោជន៍​ជាតិ​ជា​ធំ។



លោក​ថា ស្ថានការណ៍​នយោបាយ​អាច​ប្រែប្រួល​នៅ​ដំណាក់​កាល​ចុង​ក្រោយ នៃ​ការ​បោះ​ឆ្នោត​ជាតិ​ចូល​មក​ដល់ ហើយ​លោក​ស្វាគមន៍​ការ​បង្រួបបង្រួម​គណបក្ស​នយោបាយ​គ្រប់​ពេល៖ «គោលនយោបាយ​ពូ​នៅ​តែ​គាំទ្រ ប៉ុន្តែ​អ្វី​ដែល​ពូ​មិន​គាំទ្រ គឺ​អ្នក​ដឹកនាំ​គោលនយោបាយ​ដែល​ខ្មែរ​ទាំង​អស់​គ្នា​បាន​គាំទ្រ​តែ​ប៉ុណ្ណឹង​តើ! បើ​ប្រជាពលរដ្ឋ​រក​គណបក្ស​ណា​មួយ​ដែល​អត់​មាន​ច្រក​ចេញ គឺ​ងាក​ស្ដាំ​ងងឹតស្លុង ងាក​ឆ្វេង​ងងឹតស្លុង ដូច្នេះ​ពលរដ្ឋ​រក​ផ្លូវ​ភ្លឺ​ហើយ គឺ​មាន​តែ​ពូ​មួយ​ទេ ពូ​មិន​អួត​ទេ ប៉ុន្ដែ​ពូ​បាន​បញ្ចេញ​ស្នាដៃ​តាំង​មុន​មក ហើយ​មិន​ដែល​ភ​ប្រជា​ពលរដ្ឋ»។

ឆ្លើយ​តប​នឹង​ការ​ថ្លែង​របស់​លោក ម៉ម សូណង់ដូ នេះ មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា លោក​មិន​ចង់​តបត​អ្វី​ទៅ​នឹង​លោក ម៉ម សូណង់ដូ ឡើយ ព្រោះ​គូ​ប្រកួត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ សម្រាប់​ការ​​បោះឆ្នោត​ខាង​មុខ។ លោក​ថា ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​កំសាក ឬ​ទន់ជ្រាយ​នោះ​ទេ៖ «សំខាន់​បំផុត គឺ​ឲ្យ​មាន​សុវត្ថិភាព​ចំពោះ​មេដឹកនាំ មាន​ជីវិត​រស់​នៅ​ដើម្បី​បន្ដ​ការ​តស៊ូ​យក​ជ័យជំនះ​នៅ​ពេល​ខាង​មុខ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសនៈ​ស្ទើរ​តែ​ពាក់​កណ្ដាល​រដ្ឋសភា បើក​ទ្វារ​ចំហ​ចំពោះ​អ្នក​ប្រជាធិបតេយ្យ​សុទ្ធ​ចិត្ត​ទាំង​អស់​គ្នា»។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី សង្កេត​ឃើញ​ថា ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​នីមួយៗ នៅ​កម្ពុជា តែងតែ​វាយ​ប្រហារ​គ្នា ឬ​បញ្ចេញ​សារ​នយោបាយ​ថា ខ្លួន​ឯង​ល្អ គេ​អាក្រក់ ជា​ជាង​បញ្ចេញ​សារ​អប់រំ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​នយោបាយ ដែល​ទង្វើ​បែប​នេះ​ឲ្យ​ពលរដ្ឋ​បាត់​ជំនឿ​ទៅ​វិញ​ទេ។ លោក​ថា គណបក្ស​នយោបាយ​នីមួយៗ​គួរ​ដឹង​ថា គូ​ប្រកួត​របស់​ខ្លួន​ជា​គណបក្ស​មួយ​ណា៖ «ខ្ញុំ​មើល​ទៅ​បើ​ឲ្យ​គូ​ប្រកួត​មួយ​ទល់​នឹង​មួយ ហើយ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា វា​ទាល់តែ​គណបក្ស​មិន​ទាន់​បាន​កៅអី​ក្នុង​រដ្ឋាភិបាល គឺ​ត្រូវ​ផ្គុំ​គ្នា​រក​ចំណុច​រួម​ដើម្បី​ធ្វើ​ការងារ​ជាមួយ​គ្នា​ដោយ​ភាព​ទន់ភ្លន់​ច្រើន​ជាង​នេះ មាន​សីលធម៌ ហើយ​ស្វែង​រក​ចំណុច​រួម​តាម​រៀបចំ​គោល​នយោបាយ និង​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស»។

គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក ម៉ម សូណង់ដូ នៅ​តែ​ថ្លែង​គាំទ្រ​នោះ គឺ​ គោលនយោបាយ​មនុស្ស​ចាស់​ទទួល​បាន​ប្រាក់​ខែ ការ​ដំឡើង​ប្រាក់​ខែ​កម្មករ មន្ត្រី​រាជការ បង្កើន​តម្លៃ​ស្រូវ​អង្ករ ធានា​ព្យាបាល​ពលរដ្ឋ​ក្រីក្រ​ដោយ​ឥត​យក​ប្រាក់ យុវជន​មាន​ឱកាស​អប់រំ​ដូច​គ្នា​ និង​មាន​ការងារ​ត្រឹមត្រូវ និង​បញ្ចុះ​តម្លៃ​ប្រេង ជី​កសិកម្ម អគ្គិសនី និង​អត្រា​ការ​ប្រាក់៕

No comments: