Sunday 24 April 2016

ភរិយា​លោក អ៊ុំ សំអាន ត្រៀម​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ

ភរិយា​លោក អ៊ុំ សំអាន ត្រៀម​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ
ដោយ ម៉ៅ សុធានី
2016-04-22


អ៊ុំ សំអាន និង ភរិយា ៨៥៥
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ៊ុំ សំអាន និង​ភរិយា។
 Photo provided


ភរិយា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ថា ការ​បដិសេធ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ឲ្យ​ស្វាមី​ខ្លួន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​ជា​រឿង​អយុត្តិធម៌។

លោកស្រី  ណារ៉ា សុភ័ក្ត្រា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​រដ្ឋ​អារីហ្សូណា (Arizona) ថា លោកស្រី​កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី៖ «ខ្ញុំ​បាន​ទទួល​ដំណឹង​នេះ ខ្ញុំ​ខក​ចិត្ត និង​សោកស្ដាយ​ជា​ខ្លាំង ពីព្រោះ​គាត់​នៅ​កំពុង​ចោទ​ប្រកាន់ ហើយ​គាត់​មាន​អភ័យឯកសិទ្ធិ។ នាង​ខ្ញុំ​ពិត​ជា​មាន​គម្រោង​ទៅ​ស្រុក​ខ្មែរ ដើម្បី​ជួប​សួរសុខទុក្ខ​គាត់​នៅ​ពេល​ឆាប់ៗ​នេះ។ កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នេះ នាង​ខ្ញុំ​ត្រៀម​សរសេរ​ញត្តិ​មួយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​និង​សម្រួល។ ការងារ​នេះ​គឺ​ទាក់ទង​នឹង​ព្រំដែន ដែល​ជា​កិច្ចការ​ព្រះ​បរម​រតនកោដ្ឋ ដែល​គាត់​បន្ត​ធ្វើ​ពី​ព្រះអង្គ...»។

លោកស្រី  ណារ៉ា សុភ័ក្ត្រា បន្ត​ថា អ្នកស្រី​ក៏​កំពុង​រង់ចាំ​ចម្លើយ​ពី​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​អារីហ្សូណា និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៃ​គណបក្ស​សាធារណរដ្ឋ លោក ហ្យន ម៉ាក់ខេន (John McCain) ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ការ​ដោះលែង៖ «កិច្ចការ​ទី​២ ដែល​នាង​ខ្ញុំ​កំពុង​បន្ត គឺ​នាង​ខ្ញុំ​បាន​រៀបចំ​សំណុំរឿង​ផ្ញើ​ទៅ​លោក ហ្យន ម៉ាក់ខេន។ យើង​កំពុង​រង់ចាំ​ដែរ។ យើង​បាន​ផ្ញើ​ទៅ​ហើយ ហើយ​ជំនួយ​ការ​គាត់​ប្រាប់​យើង​ឲ្យ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​គាត់...»។



​មេធាវី​ការពារ​ក្ដី​របស់​លោក អ៊ុំ សំអាន គឺ​លោក ជូង ជូងី មាន​ប្រសាសន៍​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុប ឈុនហេង បដិសេធ​កូន​ក្តី​លោក​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​មិន​សមស្រប​ឡើយ។

លោក ជូង ជូងី យល់​ឃើញ​ថា សំណុំរឿង​លោក អ៊ុំ សំអាន ពុំ​មាន​អង្គហេតុ​នៃ​បទល្មើស​ដែល​ស៊ីចង្វាក់​ទៅ​នឹង​បទ​ចោទ​របស់​ព្រះរាជអាជ្ញា​នោះ​ឡើយ។ ការ​ឆ្លើយ​តប​របស់​តុលាការ​នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា នេះ ក្រោយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់៕

No comments: