ដោយ ថា កិត្យា
2016-09-28

ប្រធានអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤។
RFA
ពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ផ្ដើមពីថ្ងៃទី៣០ ខែកញ្ញា។ ប្រជាពលរដ្ឋខ្មែរ ពិសេសកម្មករ កម្មការិនីចាប់ផ្ដើមនាំគ្នាសម្រុកចាកចេញពីទីក្រុងភ្នំពេញ ជាមួយនឹងអីវ៉ាន់សំពីងសំពោងទៅជួបជុំក្រុមគ្រួសារនៅតាមបណ្ដាខេត្តនានាយ៉ាងណែនណាន់តាន់តាប់នៅតាមដងផ្លូវ។ សង្គមស៊ីវិលចាត់ទុកថា ការសម្រុកទៅស្រុកកំណើតក្នុងឱកាសបុណ្យទាននេះ បង្ហាញពីចលនាចំណាកស្រុកដ៏សន្ធឹកសន្ធាប់ពីជនបទចូលទីក្រុងភ្នំពេញ និងទៅបរទេស។
«សំឡេង»៖ សំឡេងម៉ូតូ រថយន្តគ្រប់ប្រភេទដែលកំពុងដឹកប្រជាពលរដ្ឋខ្មែរ ជាពិសេសបុគ្គលិក ពលករ កម្មករ កម្មការិនីឆ្ពោះស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលមានសភាពកកកុញនៅតាមដងវិថីនានា។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា រូបភាពនៃការចាកចេញទៅស្រុកកំណើតពពាក់ពពូននេះ គឺជាភស្តុតាងមួយនៃការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសគឺការធ្វើចំណាកស្រុកពីខេត្តនានាមករាជធានីភ្នំពេញ និងពីខេត្តនានាដែលមិនសូវមានសេដ្ឋកិច្ចរីកចម្រើន មិនសូវមានការងារធ្វើ ទៅខេត្តនានាដែលមានសេដ្ឋកិច្ចរីកចម្រើន និងសម្បូរការងារធ្វើជាង។ លើសពីនេះទៀត ពលករខ្មែរមួយចំនួនក៏បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅបរទេសដែរ ជាពិសេសនៅប្រទេសថៃ។
ប្រធានអង្គការខារ៉ាមកម្ពុជា លោក យ៉ាង ណាវុធ មានប្រសាសន៍ថា តាំងពីដើមឡើយគឺមិនដែលឃើញប្រជាពលរដ្ឋចំណាកស្រុកជាច្រើនដូចក្នុងពេលបច្ចុប្បន្ននេះឡើយ។ ចំណាកស្រុកនេះ នឹងធ្វើឲ្យបាត់បង់កម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងប៉ះពាល់ទៅលើវិស័យសិប្បកម្មខ្នាតតូច និងខ្នាតមធ្យមដែលគ្របដណ្ដប់នៅទូទាំងប្រទេស៖ «ដោយសារការអភិវឌ្ឍមិនស្មើភាពគ្នារវាងទីក្រុង និងជនបទ អ៊ីចឹងប្រជាពលរដ្ឋនៅជនបទ គាត់បង្ខំចិត្តមកទីក្រុងភ្នំពេញ ហើយ ហើយអ្នកខ្លះទៅបន្តទៅក្រៅប្រទេសទៀត។ ចំណាកស្រុកមកផ្តុំនៅទីក្រុងភ្នំពេញ នេះ ធ្វើអោយកកស្ទះចរាចរណ៍ បញ្ហាសេវាការទទួលបានសេវា សុខភាព និងមានបញ្ហាផ្សេងៗទៀតដូចជាបញ្ហាចោរលួច ចោរប្លន់ជាដើម»។
ថ្វីបើយើងសង្កេតឃើញ អ្នកចំណាកស្រុកកំពុងដណ្ដើមផ្លូវគ្នាធ្វើដំណើរទៅលេងស្រុកកំណើតពពាក់ពពូនក្ដី តែក៏មានអ្នកធ្វើចំណាកស្រុកខ្លះទៀតដែលទទួលបានប្រាក់ខែទាប ខកខានមិនបានទៅលេងស្រុកកំណើតនៅពេលភ្ជុំបិណ្ឌនេះឡើយ។
កំពុងអង្គុយចុចទូរស័ព្ទលើឡានឈ្នួល ដើម្បីស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង យុវជន សេង លី បានបង្ហាញក្ដីរីករាយ ខណៈពេលបានទៅជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ យុវជនរូបនេះ បានចាកចោលភូមិកំណើតឃ្លាតពីគ្រួសារមកទីក្រុងភ្នំពេញនេះ ដើម្បីស្វែងរកការងារធ្វើក្នុងបំណងជួយសម្រាលសេដ្ឋកិច្ចគ្រួសារ ព្រោះនៅជនបទមិនមានធ្វើឡើយ៖ «នៅស្រុកស្រែអត់ការងារធ្វើ ដូច្នេះមកភ្នំពេញ ចំពោះស្រីៗភាគច្រើនធ្វើការរោងចក្រ ហើយប្រុសធ្វើសំណង ឬជាងអីផ្សេងអ៊ីចឹងទៅ»។
មិនខុសគ្នាប៉ុន្មានឡើយយុវជនម្នាក់ទៀតឲ្យដឹងថា ទោះបីជាធ្វើការនៅក្នុងទីក្រុងភ្នំពេញក្ដី តែប្រាក់ខែនៅមិនទាន់សមរម្យដើម្បីទ្រទ្រង់ជីវភាពឲ្យបានធូរធារឡើយ ពោលគ្រាន់តែចិញ្ចឹមក្រពះ និងដើម្បីដោះបំណុលធនាគារប៉ុណ្ណោះ៖ «នៅស្រុកឥឡូវមិនដឹងរកអី។ មកធ្វើការនៅភ្នំពេញ បានត្រឹមតែមួយរស់ៗ ហើយជំពាក់ធនាគារ»។
កន្លងមក រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងបានពលករស្របច្បាប់ចំនួន ៦២ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេស។ រីឯពលករខុសច្បាប់មានចំនួន ៤០ម៉ឺននាក់ កំពុងធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី និងមួយចំនួនទៀតនៅក្នុងប្រទេសកូរ៉េ។
រីឯកម្មការិនីរោងម្នាក់ទៀត ឈ្មោះ យ៉ានី មានស្រុកកំណើតនៅស្រុករមាសហែក អោយដឹងថា នាងរួមទាំងបងប្អូន និងក្មួយសរុបប្រមាណ ១០នាក់ បានធ្វើនាំគ្នាមកភ្នំពេញ ដើម្បីធ្វើការរោងចក្រ និងសំណង់ជាង ៥ឆ្នាំហើយ ព្រោះនៅស្រុកធ្វើស្រែចម្ការមិនផលសម្រាប់ផ្គត់ផ្គង់ជីវភាពឡើយ។
សព្វថ្ងៃនេះ នៅតាមស្រុកភូមិមួយចំនួនគេតែងតែនិយាយលេងថា នេះគឺជាភូមិ «មនុស្សចាស់មានកូនខ្ចី»។ នេះបញ្ជាក់ថា មនុស្សពេញវ័យ ឬឪពុកម្ដាយបានចេញឆ្ងាយពីផ្ទះទុកឲ្យមនុស្សចាស់ដែលមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការនោះ នៅចាំផ្ទះ ឬមើលថែក្មេងៗ។
ប្រធានអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ មានប្រសាសន៍ថា ដើម្បីកាត់បន្ថយកុំឲ្យយុវជនចាកចោលស្រុកកំណើត ទាល់តែរដ្ឋាភិបាលជួយបង្កើតការងារឱ្យបានកាន់តែច្រើននៅជនបទតាមរយៈនៃការរៀបចំឱ្យមានប្រព័ន្ធប្រឡាយទឹកគ្រប់គ្រាន់ ដើម្បីឱ្យប្រជាកសិករធ្វើកសិកម្ម។ ម្យ៉ាងទៀតបើសិនជារដ្ឋាភិបាល បង្កើតឱ្យមានឧស្សាហកម្ម ឬសិប្បកម្មនានា ពិសេសឧស្សាហកម្មខ្នាតតូចនៅតាមភូមិស្រុកនោះ ក្រុមយុវជននឹងមិនចាំបាច់រត់ទៅរកការងារនៅភ្នំពេញ ឬក៏ឆ្លងដែន ទៅក្រៅប្រទេសទៀតឡើយ៖ «សូមធ្វើយ៉ាងណាកុំអោយការអភិវឌ្ឍមានគម្លាតខ្លាំងពេករវាងទីក្រុង និងជនបទ។ ទន្ទឹមនេះយើងត្រូវបង្កើតគោលនយោបាយទប់ស្កាត់ការប្រកួតប្រជែងដោយមិនយុត្តិធម៌។ ចងក្រងពលករដែលត្រឡប់មកវិញ ហើយត្រូវពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍»។
ចំណែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) លោក មឿន តុលា សន្និដ្ឋានថា ប្រជាពលរដ្ឋខ្មែរដែលនាំគ្នាចាកចោលភូមិស្រុកទៅធ្វើការងារទាំង ក្នុង និងក្រៅប្រទេសនេះ ប្រហែល ៨០ភាគរយ ដូច្នេះហើយទើបពេលបុណ្យទានម្ដងៗពួកគេត្រឡប់ ទៅស្រុកកំណើត ទុកអោយទីក្រុងស្ងប់ស្ងាត់មួយរយៈពេលខ្លី។
លោក មឿន តុលា បន្ថែមថា ចលនាចំណាកស្រុកចេញពីទឹកដីភូមិកំណើតនេះ គឺបង្ហាញអំពីការអភិវឌ្ឍន៍នៅជនបទយឺតយ៉ាវ ឬមិនទូលំទូលាយ ជាពិសេសនៅតាមព្រំដែន លោកព្រួយបារម្ភថា នឹងធ្វើឲ្យប្រទេសជិតខាងងាយស្រួលក្នុងការរំកិល ឬរំលោភយកដីកម្ពុជា។
លោក មឿន តុលា ជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលជួយជំរុញវិស័យកសិកម្មដូចនៅនៅប្រទេសជិតខាងតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ប្រឡាយទឹក ភ្លើង ទីផ្សារនោះប្រជាពលរដ្ឋខ្មែរមិនខ្ជិលដូចមនុស្សមួយចំនួនចោទឡើយ ពោលគឺពួកគាត់នឹងត្រឡប់ទៅអភិវឌ្ឍន៍នឹងកន្លែងជាមិនខាន៕
No comments:
Post a Comment